១ . លោក ហ៊ុន សែន ប្រតិកម្មនឹងមតិរិះគន់គ្រួសាររបស់លោកថា ដឹងនាំប្រទេសតពូជដូចកូរ៉េខាងជើង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មខ្លាំងៗចំពោះមតិរិះគន់ក្រុមគ្រួសាររបស់លោកទាក់ទងការស្នងដំណែងនាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន ម៉ាណែត និងការនាំចៅស្រីទៅចូលរួមមហាសន្និបាទរបស់អង្គការសហប្រជាជាតិកាលពីពេលថ្មីៗនេះ។ លោកអះអាងថា រឿងទាំងនេះមិនបង្ហាញថាគ្រួសាររបស់លោកដឹកនាំប្រទេសផ្ដាច់ការតវង្សត្រកូលដូចប្រទេសកូរ៉េខាងជើងនោះទេ។ ប៉ុន្តែមន្ត្រីគណបក្សប្រឆាំង និងអ្នកតាមដានស្ថានការណ៍នយោបាយមើលឃើញថា លោក ហ៊ុន សែន កំពុងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសផ្ដាច់ការ និងជាកម្មសិទ្ធិផ្ដាច់មុខគ្រប់គ្រងដោយគ្រួសារត្រកូលហ៊ុន។
២ . បទសម្ភាសន៍ជាមួយអ្នកវិភាគនយោបាយ លោក គឹម សុខ ជុំវិញប្រតិកម្មរបស់លោក ហ៊ុន សែន នឹងមតិរិះគន់គ្រួសាររបស់លោកថា ដឹងនាំប្រទេសតពូជដូចកូរ៉េខាងជើង
ទស្សនាលម្អិត
៣ . " ការដោះស្រាយវិបត្តិនៅភូមារបស់លោក ហ៊ុន សែន មិនបាន មកពីគ្មានឆន្ទៈពិតប្រាកដ "

ដោយឡែកពាក់ព័ន្ធនឹងវិបត្តិនយោបាយនៅឯប្រទេសមីយ៉ាន់ម៉ា ឬភូមា របបសឹកដឹកនាំប្រទេស នៅតែបន្តប្រើអំពើហិង្សាសម្លាប់ពលរដ្ឋឥតឈប់ឈរ ទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន ព្យាយាមដោះស្រាយវិបត្តិនៅភូមានេះយ៉ាងណាក្ដី។
តើមូលហេតុអ្វី បានជាលោក ហ៊ុន សែន ឬអាស៊ាន មិនអាចដោះស្រាយវិបត្តិនយោបាយនៅភូមានេះបាន?
[ អានព័ត៌មានពិស្ដារ...Opens in new window ]
៤ . លោក ហ៊ុន សែន ថាកម្ពុជាកំពុងស្នើដាក់ប្រាសាទកោះកេរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនថា កម្ពុជាកំពុងស្នើដាក់ប្រាសាទកោះកេរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក និងអំពាវនាវរួមគ្នាឲ្យថែរក្សាប្រាសាទបុរាណនៅទូទាំងប្រទេស ឲ្យបានគង់វង្ស។
ថ្លែងក្នុងពិធីផ្តល់ដីជូនពលរដ្ឋ ជាថ្នូរការរុះរើសំណង់ចេញពីតំបន់អង្គរ កាលពីព្រឹកថ្ងៃទី១ ខែតុលាម្សិលមិញ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប លោក ហ៊ុន សែនថា ប្រាសាទបុរាណជាច្រើន ត្រូវបានដូនតាខ្មែរសាងសង់ឡើង ក្នុងនោះប្រាសាទមួយចំនួន ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចហើយ រួមមាន ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក។
លោក ហ៊ុន សែន បន្តថា រដ្ឋាភិបាលកំពុងស្នើសុំចុះបញ្ជីប្រាសាទកោះកេរ ដែលសាងសង់ក្នុងសតវត្សទី១០ ស្ថិតក្នុងខេត្តព្រះវិហារ ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកថែមទៀត ហើយប្រាសាទផ្សេងៗ ក៏កំពុងគិតគូរចុះបញ្ជីជាបន្តបន្ទាប់។ លោកថា អង្គការយូណេស្កូ ត្រូវការវាយតម្លៃយ៉ាងល្អិតល្អន់ណាស់ មុននឹងយល់ព្រមចុះបញ្ជីប្រាសាទរបស់កម្ពុជា ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
តំបន់ប្រាសាទកោះកេរ បច្ចុប្បន្នស្ថិតក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ គឺជាអតីតរាជធានីបុរាណនាសតវត្សទី១០ ក្នុងនោះមានព្រះមហាក្សត្រខ្មែរចំនួន២អង្គ ដែលបានសោយរាជ្យនៅទីនោះ គឺព្រះបាទជ័យវរ្ម័នទី៤ (៩២១-៩៤១) និងព្រះបាទហស៌វរ្ម័នទី២ (៩៤១-៩៤៤)។ លុះដល់រជ្ជកាលព្រះបាទ រាជេន្ទ្រវរ្ម័នទី២ (៩៤៤-៩៦៨) ព្រះអង្គក៏បានផ្លាស់រាជធានី មកក្រុងអង្គរវិញ៕
៥ . អាជ្ញាធរអប្សរា និងមន្ត្រីរដ្ឋបាលព្រៃឈើ រងការចោទថា ខ្វះចន្លោះ អភិរក្សព្រៃឈើ ក្នុងតំបន់ឧទ្យានអង្គរ
នៅខេត្តសៀមរាបនេះដែរ អាជ្ញាធរអប្សរា និងមន្ត្រីរដ្ឋបាលព្រៃឈើ រងការចោទថា ខ្វះចន្លោះក្នុងការអភិរក្សព្រៃឈើ ក្នុងតំបន់ឧទ្យានអង្គរ បណ្តាលឱ្យដើមឈើធ្នង់មួយដើម មុខកាត់ជាង ១ ម៉ែត្រ ២ តឹក ប្រវែងជាង ៦ ម៉ែត្រ ត្រូវបានក្រុមជនល្មើស លួចកាប់ កាលពីថ្ងៃទី ២៧ កញ្ញា កន្លងទៅ។
ពលរដ្ឋរស់តំបន់ឧទ្យានអង្គរ ដែលចុះពិនិត្យបទល្មើសព្រៃឈើនេះ គឺ លោក លី ម៉ាលី ប្រាប់វិទ្យុអាស៊ីសេរី ថា សកម្មភាពលួចកាប់ឈើប្រណិតមានតម្លៃនេះ មានការឃុបឃិតគ្នារវាង ក្រុមជនល្មើស និងមន្ត្រីពាក់ព័ន្ធ ដែលឈរជើងយាមព្រៃនៅទីនោះ។ លោកឆ្ងល់ថា ដើមឈើមួយដើមនេះ មានមុខកាត់ជាង ១ម៉ែត្រ ដែលមានអាយុកាលរាប់រយឆ្នាំត្រូវក្រុមជនល្មើស ប្រើរណាយន្តលួចអាររំលំ មានសំឡេងលាន់រំពង ហេតុអ្វីបានសមត្ថកិច្ចជំនាញមិនចុះហាមឃាត់ភ្លាមៗ?
ករណីវាចង់បាន ដើមណាមួយត្រូវធ្វើអ៊ីចឹង កលល្បិច ឆ្លើយថា អត់ដឹង យើងចោទម៉េចទៀត? ដូចករណី ដើមគ្រញូងនៅមុខអង្គរ ដើមឡើយនៅល្អ ខ្វៀលឫស ធ្វើម៉េចបើវាងាប់ហើយ ចុះបើកាប់ឫសគ្នាអស់ហើយ ធ្វើម៉េចឱ្យគ្នារស់កើត។
វិទ្យុអាស៊ីសេរីមិនទាន់អាច ទាក់ទង អ្នកនាំពាក្យអាជ្ញាធរអប្សរា លោក ឡុង កុសល បាននៅឡើយទេ កាលពីថ្ងៃទី ៣០ កញ្ញា។
ពលរដ្ឋសង្កេតឃើញថា បទល្មើលព្រៃឈើទាំងនេះ ពុំមែនជារឿងថ្មីឡើយ ដែលអាជ្ញាធរអប្សរា និង មន្ត្រីរដ្ឋបាលព្រៃឈើ បានប្រព្រឹត្តកំហុសដដែលៗ ធ្វើឱ្យដើមឈើជាច្រើនប្រភេទ ដុះក្នុងតំបន់ឧទ្យានអង្គរ ទាក់ទាញភ្ញៀវទេសចរ បន្តបាត់បង់រួមមាន ដើមគ្រញូង ឈើទាល និង ធ្នង់ ជាដើម។
បន្ថែមពីនេះទៀត ដើមឈើធ្នង់ដែលគេលួចកាប់ ដុះក្នុងតំបន់ឧទ្យានអង្គរ នៅមិនឆ្ងាយ ពីអង្គរវត្ត ដោយមានរបងលួស ហ៊ុមព័ទ្ធ ហើយមានតម្លៃរាប់ម៉ឺនដុល្លារ៕
៦ . ក្រុមពលរដ្ឋសកម្ម ដាក់លិខិតស្នើសុំជួបជុំនៅទីលានប្រជាធិបតេយ្យ ពីសាលាក្រុងភ្នំពេញ
តំណាងក្រុមពលរដ្ឋសកម្មចំនួន៩នាក់ បានដាក់លិខិតស្នើសុំពីសាលាក្រុងភ្នំពេញ ជួបជុំនៅទីលានប្រជាធិបតេយ្យរយៈពេល៩ថ្ងៃ ដើម្បីប្រមូលការគាំទ្រពីសាធារណជន ឱ្យបញ្ឈប់ការផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេស។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា ការស្នើសុំប្រមូលផ្ដុំសាធារណជនដើម្បីបញ្ចេញមតិនេះ គឺជារឿងត្រឹមត្រូវ ហើយរដ្ឋាភិបាលគួរពិចារណាអនុញ្ញាតឲ្យមានការជួបជុំនេះ។
អានព័ត៌មានពិស្ដារ...
៧ . សង្គមស៊ីវិលរំពឹងថា សង្គមនឹងឈប់រើសអើងអ្នកការពារសិទ្ធិមនុស្សពិសេសអ្នកស្រឡាញ់ភេទដូចគ្នា
ក្រុមស្ត្រីអ្នកការពារសិទ្ធិមនុស្ស និងអ្នកស្រឡាញ់ភេទដូចគ្នា រំពឹងថា ការដាក់បង្ហាញការតស៊ូរបស់ពួកគេនៅប្រព័ន្ធអនឡាញ ឬអ៊ីនធឺណិត (Internet) នឹងជួយឱ្យសង្គមបានដឹងឮ និងឈឺឆ្អាលបញ្ហាទាំងនោះ។
អានព័ត៌មានពិស្ដារ...
៨ . ពលរដ្ឋបោះបង់របរនេសាទក្នុងរដូវបើកឡូ ដោយសារទិន្នផលធ្លាក់ចុះ
ពាក់ព័ន្ធនឹងរបរនេសាទវិញ ពលរដ្ឋមួយចំនួនបានបោះបង់របរនេសាទនេះ ព្រោះទិន្នផលត្រីធ្លាក់ចុះ ដោយសារការប្រើឧបករណ៍ខុសច្បាប់ និងនេសាទនៅរដូវត្រីពង។
មន្ត្រីសង្គមស៊ីវិលស្នើឲ្យ រដ្ឋបាលជលផលគួរពិនិត្យ និងបែកចែកឡូត៍នេសាទឱ្យបានច្បាស់លាស់ និងបង្ក្រាបបទល្មើសនេសាទឱ្យខ្លាំងក្លាជាងមុខ ដើម្បីធានាបាននូវជីវភាពរបស់ប្រជានេសាទ និងទិន្នផលត្រី។
អានព័ត៌មានពិស្ដារ...
៩ . ពលករខ្មែរមួយចំនួនធ្វើការនៅថៃខំប្រឹងធ្វើការ នៅតែរកប្រាក់មិនបានផ្ដល់ទៅគ្រួសារនៅកម្ពុជា
នៅប្រទេសថៃឯណោះវិញ ពលករខ្មែរមួយចំនួន អះអាងថា ពួកគេ ខិតខំតស៊ូធ្វើការដោយមិនខ្លាចនឿយហត់ ប៉ុន្តែ នៅតែគ្មានប្រាក់ចំណូលគ្រប់គ្រាន់។ ពួកគាត់ថា មូលហេតុដែលពួកគាត់រកប្រាក់ មិនសល់ ព្រោះតែទំនិញនិងបន្ទប់ជួលឡើងថ្លៃខ្ពស់។
អានព័ត៌មានពិស្ដារ...
១០ . សមត្ថកិច្ចរកឃើញជនបរទេស១៥នាក់ ដែលប្តឹងតាមហ្វេសប៊ុកលោក ស ខេង ប៉ុន្តែពុំមែនជាករណីបង្ខាំងទេ
សមត្ថកិច្ច បានចុះត្រួតពិនិត្យទីតាំង២កន្លែងនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី ៣០ ខែកញ្ញា បន្ទាប់ពីមានបណ្តឹងចំនួន២ តាមរយៈទំព័រហ្វេសប៊ុក (Facebook) របស់លោក ស ខេង ក៏ប៉ុន្តែសមត្ថកិច្ចរកឃើញថា ពុំមែនជាករណីចាប់បង្ខាំងនោះទេ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានប្រាប់កាសែតក្នុងស្រុកថា សមត្ថកិច្ចរកឃើញ និងនាំខ្លួនជនរងគ្រោះ ម្នាក់ជាជនជាតិចិន និងជនបរទេស៩នាក់ផ្សេងទៀតមក ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធី តាមបណ្តឹងទី១ នៅកាស៊ីណូ ស៊ីង ធាន ឌី ស្ថិតនៅក្រុមទី៨ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ចំណែកបណ្តឹងទី២ វិញ គឺស្ថិតនៅអគារស្នាក់នៅបុគ្គលិក របស់ក្រុមហ៊ុន ហ័ង ឡឺ នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយសមត្ថកិច្ច រកឃើញជនរងគ្រោះសរុបចំនួន ៥នាក់ ក្នុងនោះស្រី ៤នាក់ ជាជនជាតិម៉ាឡេស៊ី ដែល៣នាក់ មានឈ្មោះក្នុងបណ្តឹង និងម្នាក់ទៀត ស្នើសុំចេញដោយខ្លួនឯង។
ពាក់ព័ន្ធនឹងជនអន្តោប្រវេសន៍ខុសច្បាប់នៅកម្ពុជានេះដែរ កាលពីថ្ងៃទី៣០ ខែកញ្ញា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្តេញជនបរទេសចំនួន៣៧នាក់ ក្នុងនោះមានស្រី៦នាក់ ចេញពីកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន អន្តរជាតិត្រពាំងផ្លុង។
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី ១ ខែតុលា ឲ្យដឹងថា ជនបរទេសទាំង៣៧នាក់នោះ មាន៣សញ្ជាតិ ក្នុងនោះជនជាតិម៉ាឡេស៊ីចំនួន១៣នាក់ ជនជាតិវៀតណាមចំនួន២៣នាក់ និងជនជាតិតង់ហ្សានីម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងបទល្មើសលួចឆ្លងដែនខុសច្បាប់ លួចស្នាក់នៅនិងធ្វើការខុសច្បាប់ ដែលល្មើសនឹងច្បាប់អន្តោប្រវេសន៍កម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
