ប្រវត្តិ​លោក លិម គិមយ៉ា អតីត​តំណាង​រាស្ត្រ​សង្គ្រោះ​ជាតិ ដែល​គេ​ធ្វើ​ឃាត​នៅ​ប្រទេសថៃ

0:00 / 0:00

លោក លិម គិមយ៉ា ជា​អ្នក​នយោបាយ​ខ្មែរ​ដំបូង​ហើយ ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​ក្នុង​ប្រទេស​ថៃ។ លោក​បាន​ក្លាយ​ជា​ជន​រងគ្រោះ​ទីពីរ នៃ​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​អ្នក​នយោបាយ​ប្រឆាំង និង​អ្នក​រិះគន់​រដ្ឋាភិបាល​ក្នុង​រយៈពេល ៨ឆ្នាំ​ចុងក្រោយ​នេះ បន្ទាប់​ពី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី កាល​ពី​ឆ្នាំ ២០១៦។

តើ​លោក លិម គិមយ៉ា មាន​ប្រវត្តិ​យ៉ាង​ណា?

លោក លិម គិមយ៉ា ជា​អតីត​តំណាងរាស្ត្រ​មួយ​រូប ដែល​តែង​និយាយ​រិះគន់​ឥត​សំចៃ​មាត់​ទៅលើ​ការ​ដឹកនាំ​បែប​អវិជ្ជមាន​របស់​រដ្ឋាភិបាល មាន​ជាអាទិ៍ អំពើ​ពុករលួយ ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ ការ​រំលោភ​សិទ្ធិមនុស្ស បញ្ហា​បូរណភាព​ទឹកដី និង​ភាព​អសកម្ម​ក្នុង​ការងារ​របស់​ស្ថាប័ន​រដ្ឋ​ជា​ដើម។ មតិ​រិះគន់​ទាំងនេះ លោក​លើក​ឡើង​ទាំង​នៅ​ក្នុង​រដ្ឋសភា និង​នៅ​ពេល​ចុះ​ជួប​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន។

លោក លិម គិមយ៉ា៖«សព្វ​ថ្ងៃ​នេះ យើង​រស់នៅ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ អត់​មាន​ក្ដី​សង្ឃឹម​ទេ។ យើង​ចាស់ ៥០-៦០ឆ្នាំ ដូច​ខ្ញុំ​អ៊ីចឹង មិន​ជា​បញ្ហា​ប៉ុន្មាន​ទេ។ ក្មេងៗ ឱ្យ​គ្នា​ធ្វើ​អ្វី?កូន​ចៅ​ឱ្យ​គ្នា​ធ្វើ​អ្វី?ដូច​ក្មេងៗ​គ្នា​កំពុង​ដើរ​ទៅ​សាលា​នោះ អនាគត​មាន​អ្វី​ទេ?អត់​ទេ!ឬមួយ​ទៅ​ធ្វើ​កម្មករ​ចម្ការ​កៅស៊ូ​ឱ្យ​គេ ឬ​មួយ​ចំណាកស្រុក។ ហេតុដូច្នេះ ខ្ញុំ​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​កាន់​អំណាច​តាំង​ពី​ឆ្នាំ១៩៧៩ តាំង​ពី ១៩៩៣ មក អត់​នាំ​ប្រទេស​យើង​ជឿនលឿន​ទេ គឺ​បាន​តែ​ប៉ុណ្ណឹង។ ទៅ​ខ្ចី​លុយ​គេ​មក​សង់​ថ្នល់ សង់​អាគារ និង​ចែក​គ្នា​ចាយ​តែ​ប៉ុណ្ណឹង»។

លោក លិម គិមយ៉ា មាន​អាយុ ៧៣ ឈាន​ចូល ៧៤ឆ្នាំ និង​មាន​សញ្ជាតិ​ពីរ គឺ​ខ្មែរ និង​បារាំង។ តាម​អ្វី​ដែល​លោក​បាន​សរសេរ​លើ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន លោក​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង។ លោក​បាន​សិក្សា​នៅ​វិទ្យាល័យ​ព្រះមុនីវង្ស​នៅ​ទី​រួម​ខេត្ត​បាត់ដំបង និង​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​គណិតវិទ្យា​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP)។ លោក​បាន​ទៅ​បន្ត​ការ​សិក្សា និង​រស់នៅ​ក្នុង​ប្រទេស​បារាំង តាំង​ពី​ដើម​ទសវត្សរ៍ ១៩៧០ មក​ម៉្លេះ។ លោក លិម គិមយ៉ា ធ្លាប់​ជា​មន្ត្រី​មួយ​រូប​បម្រើ​ការ​នៅ​ក្នុង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​បារាំង។ ភរិយា​របស់​លោក គឺ​ជា​ជន​ជាតិ​បារាំង និង​ជា​គិលានុបដ្ឋាយិកា។ លោក និង​ក្រុម​គ្រួសារ​រស់នៅ​គេហដ្ឋាន​មួយ​កន្លែង​ជិត​រដ្ឋធានី​ប៉ារីស (Paris)។

លោក លិម គិមយ៉ា បាន​រស់នៅ​ស្រុក​បារាំង​អស់​រយៈ​ពេល ៤២ឆ្នាំ មុន​ពេល​ត្រឡប់​មក​កម្ពុជា​វិញ ក្នុង​នាម​ជា​អ្នក​នយោបាយ​បក្ស​ប្រឆាំង។ លោក​ជា​សមាជិក​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ពី​កូតា​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក កឹម សុខា។ លោក​ជា​សមាជិក​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ធំ ដែល​មាន​លោក ម៉ែន សុថាវរិន្ទ្រ ជា​ប្រធាន។ លោក លិម គិមយ៉ា បាន​ជាប់​ឆ្នោត​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៣ ដែល​នេះ​គឺជា​លើក​ទី​មួយ និង​ជា​លើក​ចុងក្រោយ​នៃ​ជីវិត​របស់​លោក ដែល​បាន​ធ្វើ​ជា​តំណាងរាស្ត្រ។ លោក​បាន​បំពេញ​តួនាទី​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ធំ​រហូត​ដល់​ចុង​ឆ្នាំ២០១៧ ពេល​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ែន សុថាវរិន្ទ្រ រៀបរាប់​ថា ថ្វីបើ​មក​ពី​កូតា​ផ្សេង​គ្នា​ពិតមែន តែ​លោក លិម គិមយ៉ា ជា​សហការី​ដ៏​ល្អ​មួយ​រូប និង​ជា​អ្នក​​ប្រជាធិបតេយ្យ។

លោក ម៉ែន សុថាវរិន្ទ្រ៖«គាត់​ធ្វើការ​ច្បាស់លាស់​របស់​គាត់។ គាត់​ជួយ​ប្រជាពលរដ្ឋ។ គាត់​ចុះ​ទៅ​ជួប​ប្រជាពលរដ្ឋ​ផ្ទាល់។ ប៉ុន្តែ​គ្រាន់តែ​ថា គាត់​មាន​អត្តចរិត​មួយ​បែប​ជា​អ្នក​សេរី គាត់​ឃើញ​អ្វី គាត់​ថា​ហ្នឹង»។

លោក លិម គិមយ៉ា ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​លើ​ដង​វិថី​ដ៏​មមាញឹក​មួយ ក្បែរ​វត្ត​បវ័ន្ដ​និវេដ (Wat Bowonniwet Vihara) ស្ថិត​នៅ​ចម្ងាយ​ជាង ១ គីឡូម៉ែត្រ​ពី​ព្រះ​បរមរាជវាំង​របស់​ថៃ។ ឃាតកម្ម​នេះ​ទំនងជា​ត្រូវ​បាន​គេ​រៀបចំ​យ៉ាង​ល្អិតល្អន់ ពីព្រោះ​លោក លិម គិមយ៉ា បាន​ធ្វើ​ដំណើរ​ជាមួយ​ភរិយា​របស់​លោក​ជា​ជនជាតិ​បារាំង​ពី​ខេត្តសៀមរាប​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​បាងកក ហើយ​ពេល​ទៅ​ដល់​ទីតាំង​កើត​ហេតុ ឃាតក​ក៏​ចេញ​មក​ឆក់​យក​ជីវិត​របស់​លោក​ភ្លាម។

ករណី​ឃាតកម្ម​នេះ​ត្រូវ​បាន​អ្នក​នយោបាយ​គណ​បក្ស​ប្រឆាំង និង​អ្នក​សង្កេតការណ៍​មួយចំនួន​ចាត់​ទុក​ថា ជា​ឃាតកម្ម​នយោបាយ។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ចោទ​ប្រកាន់​ត្រង់ៗ​ថា លោក ហ៊ុន សែន ជា​អ្នក​នៅ​ពី​ក្រោយ​ការ​សម្លាប់​លោក លិម គិមយ៉ា ដោយសារ​គាត់​មិន​បាន​បោះបង់​ការ​តស៊ូ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ។

ស្រដៀង​គ្នា​នេះ នាយក​អង្គការ​ក្រុម​អ្នក​តស៊ូ​មតិ​ដើម្បី​សិទ្ធិមនុស្ស និង​ការងារ​នៅ​តំបន់​អាស៊ី (AHRLA) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) លើក​ឡើង​ថា នេះ​ជា​ឃាតកម្ម​នយោបាយ។ លោក​ទាមទារ​ឱ្យ​អាជ្ញាធរ​ថៃ​ស៊ើបអង្កេត​រឿង​នេះ​ឱ្យ​ហ្មត់ចត់ និង​មាន​ប្រសិទ្ធភាព ខណៈ​រដ្ឋាភិបាល​បារាំង​ក៏​ត្រូវតែ​ដុត​ដៃ​ដុត​ជើង​ក្នុង​ការ​រក​យុត្តិធម៌​ជូន​លោក លិម គិមយ៉ា ដែល​ជា​ពលរដ្ឋ​របស់​ខ្លួន​ដែរ​។

លោក ហ្វីល រ៉ូបឺតសុន៖«ការ​បាញ់​សម្លាប់​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​គ្មាន​ខ្លាច​រអា​លើ​ដង​ផ្លូវ​នៃ​ទីក្រុង​បាងកក​នេះ សុទ្ធតែ​ជា​តឹកតាង​នៃ​អំពើ​ឃាតកម្ម​នយោបាយ ហើយ​មើល​ទៅ​ជា​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​ការ​ប្រើប្រាស់​វិធានការ​បង្ក្រាប​ឆ្លងដែន​ក្នុង​ទីក្រុង​បាងកក។ ផល​ប៉ះពាល់​ដោយ​ផ្ទាល់​នោះ គឺ​នេះ​ជា​ការ​បំភិតបំភ័យ​យ៉ាង​ធ្ងន់ធ្ងរ​លើ​ក្រុម​អ្នក​នយោបាយ​ប្រឆាំង សកម្មជន​សង្គម​ស៊ីវិល និង​អ្នក​ការពារ​សិទ្ធិមនុស្ស​រាប់​រយ​នាក់ ដែល​បាន​ភៀសខ្លួន​មក​កាន់​ប្រទេស​ថៃ ដើម្បី​គេច​ចេញ​ពី​យុទ្ធនាការ​បង្ក្រាប​ផ្នែក​នយោបាយ​របស់​លោក ហ៊ុន ម៉ាណែត នៅ​ក្នុង​ប្រទេស​កម្ពុជា»។

ឆ្លើយតប​រឿង​នេះ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​ប្រាប់​កាសែត​កម្ពុជា​ថ្មី ដែល​ជា​របស់​អ្នកស្រី ហ៊ុន ម៉ាណា កូនស្រី​លោក ហ៊ុន សែន ថា ករណី​បាញ់​សម្លាប់​លោក លិម គិមយ៉ា នេះ សូម​ទុក​ឱ្យ​សមត្ថកិច្ច​ថៃ​ស៊ើបអង្កេត ហើយ​លោក​ស្នើ​កុំ​ឱ្យ​ទម្លាក់​កំហុស​លើ​រដ្ឋាភិបាល​កម្ពុជា។

លោក ប៉ែន បូណា៖«កម្ពុជា​គ្មាន​សមត្ថកិច្ច​ទទួលខុសត្រូវ​ចំពោះ​បញ្ហា​ណា​ដែល​កើត​ឡើង​នៅ​លើ​ដែន​អធិបតេយ្យ​នៃ​ប្រទេស​ដទៃ​ឡើយ។ ជា​អ្នក​នយោបាយ​ក្ដី ឬក៏​ជា​អ្នក​ធ្វើការ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ក្ដី គួរតែ​យល់​ឱ្យ​ច្បាស់​អំពី​បញ្ហា​នេះ ហើយ​បែងចែក កុំ​ចេះ​តែ​និយាយ»។

គេ​នៅ​ចាំ​បាន​ថា កាល​នៅ​ជា​តំណាងរាស្ត្រ លោក លិម គិមយ៉ា មិន​ដែល​ញញើត​នឹង​រិះគន់​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​នោះ​ទេ។ លោក​ធ្លាប់​និយាយ​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​កាល​ពី​ឆ្នាំ ២០១៥ ថា កាកបាទ​ក្រហម​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​អ្នកស្រី ប៊ុន រ៉ានី មាន​ការ​រើសអើង​និន្នាការ​នយោបាយ​ក្នុង​ការ​ផ្ដល់​ជំនួយ​មនុស្សធម៌​ដល់​ជនរងគ្រោះ។

លោក លិម គិមយ៉ា៖«អង្គការ​កាកបាទ​ក្រហម​ខ្មែរ មាន​ការ​រើសអើង​ក្នុង​ការ​ជួយ​ដល់​ប្រជាពលរដ្ឋ ដែល​គ្នា​ទទួល​រង​គ្រោះ​ដោយ​គ្រោះ​មហន្តរាយ។ បើ​អ្នក​រងគ្រោះ​ហ្នឹង​មិនមែន​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ អ្នក​ទទួល​រងគ្រោះ​នោះ​ច្បាស់​ជា​មិន​ទទួល​បាន​ជំនួយ​ពី​អង្គការ​កាកបាទ​ក្រហម​ខ្មែរ​ទេ»។

លោក ហ៊ុន សែន ដែល​កំពុង​ស្ថិត​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋសភា​នោះ​ដែរ បាន​ផ្ទុះ​កំហឹង ហើយ​បាន​បបួល​លោក លិម គិមយ៉ា ទៅ​ស្បថ​ឱ្យ​ស្លាប់​ទៀត​ផង។

លោក ហ៊ុន សែន៖«ឥឡូវ​រឿង​កាកបាទ​ក្រហម​ចែក​ជំនួយ​រើស​មុខមាត់​នេះ តើ​ហ៊ាន​ស្បថ​ឱ្យ​រន្ទះ​បាញ់​ទេ​?ឥឡូវ​ខ្ញុំ​និយាយ​ជា​សាធារណៈ​នៅ​ក្នុង​សភា​ តើ​គណបក្ស​នានា​ហ៊ាន​ស្បថ​ទេ​ជា​មួយ​នឹង​គណបក្ស​ប្រជាជន​មុខ​ព្រះអង្គ​ដងកើ?»។

ប៉ុន្តែ​លោក លិម គិមយ៉ា ហាក់​មិន​បាន​ភិតភ័យ​ចំពោះ​កំហឹង​របស់​លោក ហ៊ុន សែន នៅពេល​នោះ​ទេ ហើយ​ក្រោយ​មក លោក​ថែម​ទាំង​និយាយ​តប​ទៅវិញ​ទៀត​ថា ការ​បបួល​ស្បថ​នេះ​គ្រាន់​តែ​ជា​ការ​ទ័ល​ច្រក និង​ជា​ការ​សម្ដែង​ភាព​មិន​ស្មោះត្រង់​ដល់​ពលរដ្ឋ​កម្ពុជា។

នៅ​អំឡុង​ដើម​ឆ្នាំ ២០១៧ លោក លិម គិមយ៉ា ក៏​បាន​ក្លាយ​ជា​ជន​រងគ្រោះ​មួយ​រូប​នៃ​ការ​លួច​ថត​សំឡេង​សន្ទនា​ឯកជន​ដោយ​បំពាន​ច្បាប់។ ទំព័រ​ហ្វេសប៊ុក «សីហា» ដែល​លោក ហ៊ុន សែន សរសើរ​ពេញ​ៗមាត់​ថា ពូកែ​ដឹង​រឿង​គេ​នោះ បាន​ផ្សព្វផ្សាយ​សំឡេង​សន្ទនា​ឯកជន​រវាង​លោក លិម គិមយ៉ា និង​អតីត​អគ្គលេខាធិការ​រង​ព្រឹទ្ធសភា លោក ហ៊ី យឿន ដែល​និយាយ​គ្នា​អំពី​ដំណឹង​មរណភាព​របស់​លោក សុខ អាន។ កាលនោះ ក្រុម​មន្ត្រី​បក្ស​កាន់អំណាច និង​យុវជន​មួយ​ចំនួន​ដែល​គាំទ្រ​គណបក្ស​នេះ​បាន​នាំ​គ្នា​ថ្កោលទោស​មន្ត្រី​បក្ស​ប្រឆាំង​ទាំងពីរ​រូប ហើយ​ព្រមាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ពួកគេ​ថែម​ទៀត​ផង ដោយ​ក្រុម​ទាំងនោះ​ចោទ​ថា កិច្ច​សន្ទនា​របស់​មន្ត្រី​បក្ស​ប្រឆាំង​ទាំង​ពីរ​រូប​បាន​ប្រមាថ​ដល់​សព​របស់​លោក សុខ អាន។ ទាំង​លោក លិម គិមយ៉ា និង​លោក ហ៊ី យឿន បាន​បង្ខំ​ចិត្ត​ផ្ញើ​លិខិត​សុំ​ការ​អធ្យាស្រ័យ​ពី​ក្រុម​គ្រួសារ​សព​លោក សុខ អាន។

ងាក​មក​ស្ថានភាព​បច្ចុប្បន្ន​វិញ នៅ​មុន​ពេល​គេ​បាញ់​សម្លាប់ លោក លិម គិមយ៉ា បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​ស្ទើរ​ជា​រៀងរាល់​ថ្ងៃ ដោយ​រិះគន់​ចំៗ អំពី​បញ្ហា​បូរណភាព​ទឹកដី អយុត្តិធម៌​សង្គម វិបត្តិ​សេដ្ឋកិច្ច អំពើ​ពុករលួយ និង​អភិបាលកិច្ច​អន់ខ្សោយ​នៃ​រដ្ឋាភិបាល​របស់​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន។ សារ​ចុងក្រោយ​របស់​លោក គឺ​នៅ​ថ្ងៃ​ទី ០៣ មករា ដែល​លោក​បាន​បង្ហោះ​​សារ​រិះគន់​កូនប្រុស​ពៅ​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​មុខងារ​សាធារណៈ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ថា រៀបចំ​ព្រឹត្តិការណ៍​ជាច្រើន​ដែល​គ្មាន​ប្រយោជន៍​ដល់​ពលរដ្ឋ ក្នុង​នោះ​រួម​ទាំង​ព្រឹត្តិការណ៍​សាទរ​កម្ពុជា ដែល​មាន​អគ្គិភ័យ​ឆាបឆេះ​ព្រះ​ឆាយាល័ក្ខណ៍​របស់​ព្រះមហាក្សត្រ​ផង​ដែរ។

អ្វី​ដែល​លោក លិម គិមយ៉ា បាន​ធ្វើ​នៅ​ដំណាក់កាល​ចុងក្រោយ​នេះ បង្ហាញ​ពី​ការ​ហ៊ាន​និយាយ​ការពិត ជា​អ្វី​មួយ​ដែល​លោក​ធ្លាប់​បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បន្ត​ធ្វើ ក្នុង​ពេល​លោក​ចូល​រួម​ពិធី​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​ប្រទេស​បារាំង កាល​ពី​ឆ្នាំ ២០១៦។

លោក លិម គិមយ៉ា៖«របប​ផ្ដាច់ការ​ខ្លាច​ការ​ពិត។ លោក កែម ឡី បាន​និយាយ​ការពិត​ ជូន​សង្គម​យើង ហេតុដូច្នេះ​ហើយ​បានជា​គេ​បំបិទ​មាត់​គាត់។ ការ​ដែល​បំបិទ​មាត់​មាន​ច្រើន​តាំង​​ពី​ដើម​មក តាំង​ពី​អ្នក​ការពារ​បរិស្ថាន សមាគម​ផ្សេងៗ​ដែល​ការពារ​សិទ្ធិមនុស្ស គេ​តែងតែ​បំបិទ​មាត់​តាម​ការ​សម្លាប់។ ហេតុដូច្នេះ ដើម្បី​ប្រឆាំង​តទល់​នឹង​អ្នក​ផ្ដាច់ការ របប​ផ្ដាច់ការ ទាល់តែ​យើង​ហ៊ាន ក្លាហាន​ប្រឆាំង​តទល់​នឹង​គេ។ មិនមែន​ហ៊ាន​នឹង​អាវុធ​ទេ ហ៊ាន​នឹង​សម្ដី ហ៊ាន​នឹង​និយាយ​ការពិត»។

លោក លិម គិមយ៉ា ធ្លាប់​មាន​អនុស្សាវរីយ៍​ចុងក្រោយ​មួយ​ជាមួយ​នឹង​បណ្ឌិត កែម ឡី គឺ​លោក​ធ្លាប់​បាន​អង្គុយ​តុ​ជាមួយ​គ្នា​ក្នុង​នាម​ជា​វាគ្មិន ក្នុង​វេទិកា​មួយ​ដែល​និយាយ​អំពី​ការ​រួម​គ្នា​ប្រឆាំង​អំពើ​ពុករលួយ និង​វប្បធម៌​និទណ្ឌភាព។ ប៉ុន្តែ​ប៉ុន្មាន​ខែ​ក្រោយ​មក ឃាតក​បាន​ឆក់​យក​ជីវិត​បណ្ឌិត កែម ឡី ហើយ​រំលង​បាន ៨ ឆ្នាំ ក៏​ដល់​វេន​លោក លិម គិមយ៉ា វិញ​ម្ដង ដែល​ត្រូវ​បាន​គេ​សម្លាប់​ក្នុង​ហេតុការណ៍​ដែល​មាន​ចរិត​ស្រដៀង​គ្នា​នេះ។

ថ្វីបើ​រូបកាយ​របស់​លោក​បាន​ឃ្លាត​ឆ្ងាយ​ទៅ​ក្ដី សកម្មភាព និង​ការ​តស៊ូ​នយោបាយ​របស់​លោក លិម គិមយ៉ា អាច​នឹង​ស្ថិត​នៅ​ក្នុង​ការ​ចងចាំ​របស់​អ្នក​និយម​ប្រជាធិបតេយ្យ ខណៈ​ដំណើរ​ឆ្ពោះ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​កម្ពុជា​ហាក់​នៅ​វែង​ឆ្ងាយ​តទៅ​មុខ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។