អ្នក​ឃ្លាំមើល​ថា លោក សម រង្ស៊ី និង​លោក ហ៊ុន សែន គួរ​ចរចា​គ្នា​ដោះស្រាយ​វិបត្តិ​ជាតិ ជា​ជាង​ផ្លោង​វោហារ «ផ្កា​រីក» ដាក់​គ្នា

0:00 / 0:00

ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ មេ​ដឹក​នាំ​នយោបាយ​កំពូល ២រូប គឺ​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ លោក ហ៊ុន សែន បាន​ឆ្លើយ​ឆ្លង​គ្នា​ជា​បន្ត​បន្ទាប់ អំពី​វោហារ​សាស្ត្រ​នយោបាយ «ផ្ការីក»។ មន្ត្រី​គណបក្ស​ប្រឆាំង ចង់​ឱ្យ​មាន​ការ​ចរចា​ណា​មួយ ដោយ​បើក​ចំហ និង​ មាន​សហគមន៍​អន្តរជាតិ​ជា​សាក្សី ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ ប៉ុន្តែ​មន្ត្រី​គណបក្ស​ ប្រជាជន​កម្ពុជា​ថា គ្មាន​ការ​ចរចា​ទេ ពីព្រោះ​កម្ពុជា​កំពុង​តែ​រីក​ចម្រើន ក្រោម​ដំបូល​ សន្តិភាព និង​ស្ថិរ​ភាព​នយោបាយ។

ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បំផុស​យុទ្ធនាការ«ផ្កា​រីក» ក្នុង​គោល​ដៅ​ចង់​បាន​ការ​ផ្លាស់​ប្ដូរ​កម្ពុជា​ទៅ​កាន់​ប្រជាធិបតេយ្យ និង​យុត្តិធម៌​សង្គម​ រីឯ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន ផ្សព្វផ្សាយ​ពាក្យ «ផ្កា​រីក» បក​វិញ ដោយ​អួត​ពី​ការ​រីក​ចម្រើន ក្រោម​ការ​ដឹក​នាំ​របស់​លោក ជា​ពិសេស​ បង្ហាញ​ភាព​ហ៊ឺហា​នៃ​ក្រុម​គ្រួសារ​លោក​ផ្ទាល់​ខ្លួន។

អ្នក​ឃ្លាំមើល​លើក​ឡើង​ថា មេ​ដឹក​នាំ​នយោបាយ​ចាស់​វស្សា​ទាំង​ពីរ​រូប គួរ​បោះ​ដៃ​រក​​គ្នា ដើម្បី​ស្វែង​រក​ឱកាស​ចរចា​ដោះស្រាយ​បញ្ហា​ជាតិ​រួម​គ្នា ជា​ជាង​ផ្លោង​វោហារ​ សាស្ត្រ​នយោបាយ​ដាក់​គ្នា។

អ្នក​ជំនាញ​ច្បាប់ និង​អភិបាល​កិច្ច​បែប​ប្រជាធិបតេយ្យ​លោក វ៉ន ចាន់ឡូត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី២២ ខែ​ធ្នូ​ថា កូន​សោរ​នៃ​ដំណោះស្រាយ​បញ្ហា​ជាតិ នៅ​លើ​ដៃ​ លោក ហ៊ុន សែន ដែល​កំពុង​កាន់​កិច្ចការ​ប្រទេស​ជាតិ។ ដូច្នេះ លោក​ថា លោក ហ៊ុន សែន គួរ​ផ្ដល់​សញ្ញា​បើក​ឱ្យ​មាន​ការ​ផ្សះផ្សា​ជាតិ ដោយ​មិន​គួរ​ពង្រីក​យុទ្ធនាការ «ផ្ការីក» ទៅ​លែបខាយ របៀប​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​ ក្នុង​នាម​ជា​មេ​ដឹក​នាំ​កំពូល នៃ​ប្រទេស​ឡើយ។

លោក វ៉ន ចាន់ឡូត ថា ប្រទេស​កម្ពុជា​ពិត​ជា​កំពុង​តែ​រីក​វិសមភាព​សង្គម​រវាង​កូន​អ្នក​មាន​អំណាច និង​ប្រជាពលរដ្ឋ​ក្រី​ក្រ បក្ខពួក​និយម អំពើ​ពុករលួយ​ជា​ប្រព័ន្ធ និង​បញ្ហា​បូរណភាព​ទឹក​ដី ដូច​ការ​អះអាង​របស់​លោក សម រង្ស៊ី មែន។ លោក​ថា លោក ហ៊ុន សែន គួរ​តែ​រៀប​ក្បួន​ឱ្យ​ខ្មែរ​គ្រប់​ភាគី​អាច​ចរចា​គ្នា ដើម្បី​បញ្ចៀស​ការ​បន្ត​បែក​បាក់​ខ្មែរ​ឱ្យ​សម​នឹង​ពាក្យ «សន្តិភាព» និង​កុំ​ឱ្យ​ខ្មែរ​ចាញ់​កល​បរទេស មិន​ហ៊ាន​ការពារ​ទឹក​ដី​ជាតិ តាម​ផ្លូវ​ច្បាប់​អន្តរជាតិ ដូចជា ករណី​កោះ​គជ់​ជា​ដើម។

លោក វ៉ន ចាន់ឡូត៖ «គាត់​បើក​ចំហ​ដោយ​ពិត​ប្រាកដ​ទៅ យើង​រៀបចំ​យន្តការ​ច្បាប់ ឬ​យន្តការ​អ្វី​ផ្សេងៗ ដើម្បី​ការពារ​នូវ​អ្នក​កាន់​អំណាច​ដែល​អស់​ពី​តំណែង​យើង​ត្រូវ​ការ​សុវត្ថិភាព​។ ទី២ អ្វី​ដែល​គាត់​ប្រមូល​បាន​ពី​អំពើ​ពុករលួយ កិបកេង​ទាំង​ប៉ុន្មាន​ខ្ញុំ​ជឿ​ថា គាត់​មាន​ព័ត៌មាន​ហ្នឹង​ទាំងអស់ ដូច្នេះ ហើយ​គាត់​យក​អ្វី​ទាំងអស់​ហ្នឹង យក​មក​ប្រមូល​ចូល​ថវិកា​ជាតិ​វិញ​ទាំងអស់ ដើម្បី​ជា​ការ​លាង​អ្វី​ដែល​គាត់​ប្រព្រឹត្ត​នៅ​ក្នុង​ទម្រង់​អំពើ​ពុករលួយ ក៏​ដូច​ជា​ការ​កេង​ប្រវ័ញ្ច​ថវិកា​ជាតិ​ជាដើម។ ដូច្នេះ ខ្ញុំ​ជឿ​ថា រឿង​ទាំងអស់​នឹង​ត្រូវ​បញ្ចប់​នៅ​ពេល​គាត់​កំពុង​កាន់​អំណាច»។

លោក សម រង្ស៊ី បំផុស​ជា​រៀង​រាល់​ថ្ងៃ នូវ​យុទ្ធនាការ «ផ្កា​រីក» ក្រោយ​ពី​មាន​ការ​ដួល​រលំ នៃ​មេ​ដឹក​នាំ​ផ្ដាច់ការ​ត​ត្រកូល ២រូប គឺ​លោក អាសាដ (Assad )នៅ​ប្រទេស​ស៊ីរី (Syria) និង​អ្នកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) នៅ​ប្រទេស​បង់ក្លាដេស្ហ(Bangladesh) ។ លោក សម រង្ស៊ី លើក​ឡើង​ពាក្យ «ផ្កា​រីក» ដោយ​ភ្ជាប់​ជាមួយ​ការ​រីក​កាន់​តែ​រាលដាល នៃ​អំពើ​អយុត្តិធម៌​ក្នុង​សង្គម បំណុល​វ័ណ្ឌក​របស់​ពលរដ្ឋ ការ​រីក​ដុះដាល​នៃ​ល្បែង​អនឡាញ រួម​ទាំង​ចលនា​ពលរដ្ឋ​ ដែល​កាន់​តែ​រីក​ធំ ទាមទារ​ឱ្យ​រដ្ឋាភិបាល​ភ្នំពេញ យក​សំណុំ​រឿង​កោះគជ់ ទៅ​ប្ដឹង​នៅ​តុលាការ​អន្តរជាតិ។

អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​កំពង់ធំ លោក ម៉ែន សុថាវរិន្ទ្រ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី២២ ខែ​ធ្នូ ថា យុទ្ធនាការ​ផ្កា​រីក​របស់​លោក សម រង្ស៊ី មាន​គោល​ដៅ​បង្ហាញ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស មើល​ឃើញ​ឱ្យ​ច្បាស់​ពី​វិបត្តិ​ជាតិ ក្រោម​ការ​ដឹក​នាំ​នៃ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន ហើយ​លោក ក៏​មិន​បដិសេធ​ទេ​ថា យុទ្ធនាការ​នេះ ក៏​នឹង​ជំរុញ​ឱ្យ​មាន​ការ​ចរចា និង​វប្បធម៌​សន្ទនា ដែល​ខ្មែរ​មិន​ចាត់​ទុក​គ្នា​ជា​សត្រូវ ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ។ យ៉ាង​ណា លោក​បញ្ជាក់​ថា ការ​ចរចា​ណា​មួយ ត្រូវ​បើក​ចំហ និង​មាន​សហគមន៍​អន្តរជាតិ​ជា​សាក្សី ដូច​រូប​មន្ត​ផ្សះផ្សា​គ្រប់​ភាគី​ជម្លោះ​ខ្មែរ ក្រោម​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស៍ កាល​ពី​ឆ្នាំ១៩៩១។

លោក ម៉ែន សុថាវរិន្ទ្រ៖ «អាច​ថា​ការ​ចរចា​លើក​នេះ មាន​តែ​ពី​ភាគី​ទេ គឺ​ភាគី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី និង​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន ហើយ​ជជែក​គ្នា​ទៅ​ពី​ភាគី​ហ្នឹង ហើយ​រៀបចំ​ការ​បោះឆ្នោត​ដោយ​សេរី យុត្តិធម៌ ដូរ​គ.ជ.ប ដោះលែង​លោក កឹម សុខា ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់ អ្នក​សារព័ត៌មាន​ឯករាជ្យ​ឱ្យ​ចូល​ទៅ​កម្ពុជា​វិញ ហើយ​នឹង​សង្គម​ស៊ីវិល។ យើង​នឹង​មាន​ការ​ពិភាក្សា និង​ចរចា​គ្នា​ ហើយ​មាន​អន្តរជាតិ​ជា​សាក្សី»។

យ៉ាងណា អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី២២ ខែ​ធ្នូ ថា ពុំ​មាន​ការ​ចរចា​ជាមួយ​គណបក្ស​ប្រឆាំង​នោះ​ទេ ដោយ​លោក​ប្រៀបធៀប​លោក សម រង្ស៊ី ជា​មេដឹកនាំ​នយោបាយ «សន្លប់​ហើយ» ហើយ​ថា ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ កំពុង​តែ​មាន​ការ​អភិវឌ្ឍ ក្រោម​ដំបូល​សន្តិភាព និង​ស្ថិរភាព​នយោបាយ។ លោក​ថា យុទ្ធនាការ​ផ្កា​រីក​របស់​លោក ហ៊ុន សែន មាន​បំណង​បង្ហាញ​ពី​ការ​រីក​ចម្រើន​នៅ​ក្នុង​សង្គម​លើ​គ្រប់​វិស័យ ដើម្បី​ពញ្ញាក់​ស្មារតី​ប្រជាពលរដ្ឋ​ទូទៅ ឱ្យ​មើល​ឃើញ​ពី​ការ​អភិវឌ្ឍ។

លោក សុខ ឥសាន៖ «អត់​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ប៉ារីស៍​ទី២ ទេ កិច្ច​ព្រមព្រៀង​ប៉ារីស៍​មាន ៣០ ឆ្នាំ​ប្លាយ​ហើយ អ៊ីចឹង​យើង​កំពុង​ទទួល​បាន​មនុញ្ញផល​ដែល​កើត​ឡើង​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស។ ដូច្នេះ ហើយ​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់ ជ្រុល​និយម​ដែល​កំពុង​រត់​គេច​ខ្លួន​នៅ​ក្រៅ​ប្រទេស​ហ្នឹង កុំ​សង្ឃឹម​ថា មានការ​ចរចា​អត់​មាន​ទេ សម្ងាត់​ក៏ដោយ ចំហ​ក៏​ដោយ វា​អត់​មាន​ដាច់​ខាត​ហើយ គឺ​រហូត​ដល់​ពួក​ហ្នឹង​ស្លាប់​អស់»។

ក្រោយ​ពី​យុទ្ធការ​ផ្ការីក​របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ លោក ហ៊ុន សែន បាន​ប្លោង​ពាក្យ «ផ្ការីក» ចំ​អក​ទៅ​វិញ ថា ផ្ការីក​រៀង​រាល់​ថ្ងៃ ព្រោះ​កិច្ចការ​របស់​បក្ស​កាន់​អំណាច។ លោក ហ៊ុន សែន ថា សមិទ្ធផល​លើ​គ្រប់​វិស័យ តែង​ចេញ​ពី​យុទ្ធសាស្ត្រ​ផ្កា​រីក​ទាំងអស់ ដោយ​ការ​ធ្វើ​ពី​តូច​ទៅ​ធំ ពី​ទាប​ទៅ​ខ្ពស់ ពី​តិច​ទៅ​ច្រើន។

លោក ហ៊ុន សែន បាន​ទាំង​និពន្ធ​បទ​ចំ​រៀង «ផ្កា​រីក​គ្រប់​រដូវ​ក្រោម​ម្លប់​សន្តិភាព» ច្រៀង​សប្បាយ​កម្សាន្ត​លេង ផុស​លើ​ហ្វេសប៊ុក​ព្រោងព្រាត ដោយ​ភ្ជាប់​នឹង​កម្រង​រូបភាព​ផ្កា​ស្រស់ៗ ព្រម​ទាំង​វីដេអូ ដែល​លោក​វាយ​កូន​ហ្កូល និងរូប​ថត​ស្អាតៗ​នៃ​ប្រពន្ធ កូនចៅ ទាំង​គ្រួសារ​របស់​លោក ខណៈ​មេ​ដឹក​នាំ​ប្រឆាំង គឺ​លោក សម រង្ស៊ី បាន​ផុស​វីដេអូ «ផ្កា​រីក» របស់​លោក ដោយ​មាន​ជន​រងគ្រោះ​ច្រើន​នាក់ ដែល​ត្រូវ​បាន​គេ​សម្លាប់ កាន់​ផ្កា​ក្នុង​គោល​ដៅ​រក​មុខ​ឃាតករ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​លោក​បណ្ឌិត មាស នី កត់​សម្គាល់​ថា សព្វ​ថ្ងៃ​កម្ពុជា​មិន​ទាន់​រក​ឃើញ​ឯកភាព​ជាតិ តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​នៅ​ឡើយ​ទេ។ លោក​ថា គណបក្ស​ជា​គូ​ជម្លោះ​នានា គួរ​ស្វះ​ស្វែង​រក​ការ​ផ្សះផ្សា​ឯកភាព​​ជាតិ ពីព្រោះ​ ឯកភាព​ជាតិ គឺ​ជា​តម្រូវ​ការ​ចាំ​បាច់ ដើម្បី​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ ហើយ​ចៀស​វាង​បាន​នូវ​ការ​រើសអើង​ក្នុង​នាម​ខ្មែរ​ដូច​គ្នា។

លោក​បណ្ឌិត មាស នី៖ «យើង​ក៏​អាច​បង្ហាញ​ឱ្យ​ប្រទេស​ជិត​ខាង​មើល​ឃើញ អំពី​កម្លាំង​រួបរួម​គ្នា​របស់​ប្រទេស​កម្ពុជា​ផង​ដែរ។ យើង​ដឹង​ហើយ កាល​ណា​យើង​បែក​គ្នា គេ​អ្នក​ជិត​ខាង​គេ​មិន​ដែល​ឱ្យ​តម្លៃ​យើង​ទេ ក្រៅ​ពី​ទន្ទឹម​ហ្នឹង គេ​ច្រើន​តែ​ពុះ​ហែក​យើង​ឱ្យ​បែក​គ្នា​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត អា​នេះ ជា​រឿង​សំខាន់»។

អ្នក​ឃ្លាំមើល​លើក​ឡើង​ថា ទោះបី​ជា​លោក សុខ ឥសាន អះអាង​អំពី​ការ​មិន​ចរចា​ក៏​ដោយ តែ​លោក ហ៊ុន សែន តែងតែ​រំឭក​ថា ការ​បញ្ចប់​ជម្លោះ និង​សន្តិភាព បាន​មក​ពី​ការ​ចរចា មិនមែន​បាន​ដោយ​ការ​ប្រទូស្ត​គ្នា​ទេ រីឯ​គណបក្ស​ប្រឆាំង​វិញ ក៏​តែងតែ​បង្ហាញ​ចេតនា​ចង់​ឱ្យ​មាន​ការ​ចរចា​បើក​ចំហ ដើម្បី​គណបក្ស​គូ​ជម្លោះ​ទាំង​ពីរ អាច​រក​គន្លឹះ​ចរចា​គ្នា​បាន ដើម្បី​ផ្សះផ្សា​រក​ឯកភាព​ជាតិ និង​រួម​គ្នា​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ និង​វិបត្តិ​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។