មន្ត្រី​បក្ស​ប្រឆាំង​​ស្នើ​ឱ្យ​រដ្ឋាភិបាល​លុប​ចោល​​អនុស្សរណៈ​យោគយល់​គ្នា​កាល​ពី​ឆ្នាំ​២០០១

មន្ត្រី​បក្ស​ប្រឆាំង​​​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ដោយ​សារ​​ការ​តស៊ូ​មតិ​ពី​បញ្ហា​ព្រំដែន​ លោក អ៊ុំ សំអាន ចោទ ស្នើ​ដល់​រដ្ឋាភិបាល​លុប​ចោល​​អនុស្សរណៈ​យោគយល់​គ្នា កាល​ពី​ឆ្នាំ​២០០១​ និង​ងាក​ទៅ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)​​ វិញ។ អ្នក​វិភាគ​ទទូច​ឱ្យ​អ្នក​នយោបាយ​រួម​គ្នា​​ស្វែង​រក​ដំណោះ​​​ស្រាយ​​ដើម្បី​ទាមទារ​រក​ចំណែក​​កោះ​គជ់។

អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មណ្ឌល​ខេត្ត​សៀមរាប លោក អ៊ុំ សំអាន ទទូច​​ទៅ​នាយករដ្ឋមន្ត្រី​ លោក ហ៊ុន ម៉ាណែត ឱ្យ​ប្ដឹង​ករណី​កោះ​គជ់​ទៅ​​តុលាការ​យុត្តិធម៌​​អន្តរជាតិ​​ដើម្បី​ទាមទារ​យក​​ចំណែក​កោះ​គជ់​មក​វិញ​​​ ព្រោះ​លោក​ថា​ពលរដ្ឋ​ខ្មែរ​នឹង​​បន្ត​ធ្វើ​បាតុកម្ម​រហូត​ដល់​កម្ពុជា​ទទួល​បាន​​ចំណែក​​ទឹក​ដី​ពី​កោះ​គជ់​​យ៉ាង​តិច​ណាស់​ពាក់​កណ្ដាល។

លោក អ៊ុំ សំអាន៖«អនុស្សរណៈ​យោគយល់​គ្នា​​គឺ​គ្រាន់​តែ​ជា​ការ​​មូលដ្ឋាន​​គ្រឹះ​ក្នុង​ការ​ចរាចរ​​ប៉ុណ្ណោះ​ឯងដូច​ច្នេះ​​កម្ពុជា​មាន​សិទ្ធិ​លុប​ចោល​​​អនុស្សរណៈ​យោគយល់​គ្នា​​​​​គ្រប់​ពេល​ ហើយ​បន្ទាប់​ពី​លុប​ចោល​​​អនុស្សរណៈ​យោគយល់​គ្នា​​ហើយ​​កម្ពុជា​អាច​ទាមទារ​យក​កោះ​គជ់​មក​ហើយ​​​​ៗ​ប្ដឹង​ថៃ​ទៅ​កាន់​តុលាការ​អន្តរជាតិ​ហើយ​​មិន​ត្រូវ​ចរចា​ទ្វេ​ភាគី​ទេ​ ព្រោះ​ចារ​ចារ​ទ្វេ​ភាគ​គី​​មិន​បាន​កោះ​គជ់​មក​វិញ​ទេ​ ព្រោះ​ថៃ​គ្រប់គ្រង​កោះ​គជ់​១រយ​ភាគរយ​រឿង​អី​ថៃ​ឱ្យ​មក​យើង​ដូច​រឿង​ប្រាសាទ​ព្រះវិហារ​អ៊ីចឹង​​កាល​ឆ្នាំ​១៩៦២​ បើ​សម្ដេច​តា​​មិន​ប្ដឹង​​ថៃ​ទៅ​តុលាការ​អន្តរជាតិ​ យើង​មិន​បាន​​ប្រាសាទ​ព្រះវិហារ​មក​វិញ​នោះ​ទេ»។

ចំណែក​អតីត​តំណាង​រាស្រ្ត​​​​គណបក្ស​ប្រឆាំង​ និង​បច្ចុប្បន្ន​ជា​ អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ លើក​ឡើង​ថា​​​​កោះ​គជ់​គឺ​ជា​​​ទឹក​ដី​មួយ​​សម្បូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិ​ដែល​ផ្ដល់​ផល​ប្រយោជន៍​មហាសាល​ដល់​ជាតិ​ ដូច្នេះ​លោក​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​​​ដឹក​នាំ​អ្នក​បច្ចេកទេស​ដើម្បី​ចរចា​​ ឬ​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ​ដើម្បី​ទាមទារ​ចំណែក​កោះ​គជ់​មក​វិញ។

លោក សុនឆ័យ៖«ខ្ញុំ​ធម្មតា​ទេ​ យើង​ជា​ជាតិសាសន៍​មួយ​​ យើង​ចេះ​តែ​ចង់​ការពារ​ទឹក​ដី​របស់​យើង​ដែល​នៅ​សល់​​ យើង​មិន​ត្រូវ​បណ្ដោយ​ឱ្យ​​មាន​ការ​បាត់​បង់​ទៅ​ទៀត​ទេ​ ហើយ​ត្រង់​បញ្ហា​បច្ចេកទេស​​​យ៉ាង​ណា​ ដូច​ខ្ញុំ​បាន​ជម្រាប​គឺ​ត្រូវ​តែ​ខិត​ខំ​​រក​អ្នក​ឯក​ទេស​ឱ្យ​បាន​ច្រើន​នាក់​​ដែល​យល់​ដឹង​ពី​លក្ខណៈ​ច្បាប់​កិច្ច​ព្រមព្រៀង​​ផ្សេងៗ»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់​ទង​អ្នកនាំពាក្យ​​​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន លោក អាន សុវឌ្ឍនា និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក ជុំ សុន្ទរី ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ​ នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ។

ទោះ​ជា​យ៉ាង​ណា​​ នាយករដ្ឋមន្ត្រី​ លោក ហ៊ុន ម៉ាណែត កាល​ពី​​ថ្ងៃ​ទី២១ ខែ​ធ្នូ ​​បញ្ជាក់​ថា ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​នៅ​បន្ត​ចរចា​ជាមួយ​ភាគី​ថៃ​ទៅ​តាម​ផ្លូវច្បាប់ និង​សន្តិវិធី ហើយ​លោក​ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ជឿ​ទុកចិត្ត​លើ​រដ្ឋាភិបាល​បក្ស​ប្រជាជន​កម្ពុជា​ចំពោះ​ការ​ការពារ​បូរណភាព​ទឹកដី។ ​លោក​អះអាង​ថា មិន​ធ្វើ​ឱ្យ​បាត់បង់​ទឹកដី​កម្ពុជា​មួយ​មីលីម៉ែត្រ​ឡើយ។

ដោយ​ឡែក​ អ្នកវិភាគ និង​ជា​អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា បញ្ហា​ទឹក​ដី​​នេះ​គឺ​ជា​​​​​រឿង​សំខាន់​ និង​ទាមទារ​ឱ្យ​​អ្នក​នយោបាយ​​​ទុក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ចោល​ និង​ងាក​មក​រួម​គ្នា​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​​ប្រទេស​ជិត​ខាង​​វិញ។ បណ្ឌិត មាស នី យល់​ថា ការ​ប្រើប្រាស់​គោលនយោបាយ​អន្តរជាតិ​ជា​ពិសេស​ការ​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ​គឺ​ជា​ជម្រើស​ដ៏​ល្អ​មួយ។

បណ្ឌិត មាស នី៖«អ៊ីចឹង​ជម្រើស​មាន​តែ​ពីរ​ទេ​ ប្រសិន​​គឺ​ថា វា​យឺត​ពេល​ដោយ​សារ​កោះ​ហ្នឹង​​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​គេ ហើយ​យើង​ពិបាក​ក្នុង​ការ​ប្ដឹង​ តែ​បើ​ថា​​បច្ចេកទេស​នៅ​មាន​ការ​សង្ស័យ​​អាហ្នឹង​ការ​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ​គឺ​ជា​ជម្រើស​ដែល​ល្អ​ដូច​យើង​ធ្វើ​នៅ​ព្រះវិហារ»។

ជុំវិញ​រឿង​កោះ​គជ់​នេះ ក្រុម​អ្នក​ជាតិ​និយម​អាវ​លឿង​ថៃ ទាមទារ​ឱ្យ​រដ្ឋាភិបាល​អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) លុប​ចោល​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ២០០១ ឬ MOU44 ស្ដី​ពី​ការ​អភិវឌ្ឍន៍​រួមគ្នា​នៃ​ធនធាន​ប្រេង និង​ឧស្ម័ន លើ​តំបន់​នេះ ដែល​ត្រូវ​ចែក​ផល​ប្រយោជន៍​ជាមួយ​កម្ពុជា។ ទោះ​ជា​យ៉ាង​ណា​ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ បាន​ប្រាប់​កាសែត​បាងកកប៉ុស្តិ៍ (Bangkok Post) ​កាលពី​ខែ​វិច្ឆិកា​ថា ប្រទេស​ថៃ​ត្រូវ​ការ​សហការ​ពី​កម្ពុជា​ក្នុង​កិច្ច​ព្រមព្រៀង​អនុស្សរណៈ​យោគយល់​គ្នា (MOU) ហើយ​គណៈកម្មាធិការ​បច្ចេកទេស (JTC) រួមគ្នា​នឹង​ត្រូវ​បង្កើត​ដើម្បី​ចាប់​ផ្ដើម​ការ​ចរចា។ នាយករដ្ឋមន្ត្រី​ថៃ​រូប​នេះ​បាន​ប្រាប់​ទៅ​ក្រុម​ប្រឆាំង​ថៃ ថា​អនុស្សរណៈ​យោគយល់​គ្នា​ ឆ្នាំ២០០១ ជា​មួយ​កម្ពុជា​នោះ​មិន​ជាប់​ពាក់ព័ន្ធ​ជា​មួយ​កោះគជ់​ទេ ដោយ​អ្នកស្រី​បញ្ជាក់​ថា កោះ​គជ់​ជា​របស់​ថៃ​រួច​ទៅ​ហើយ។

​​បច្ចុប្បន្ន​កោះ​គជ់​ ត្រូវ​បាន​រដ្ឋាភិបាល​ថៃ​អភិវឌ្ឍ ដោយ​បង្កើត​ទៅ​ជា​តំបន់​ទេសចរណ៍ ដោយ​មាន​ភ្ញៀវ​ទៅ​កម្សាន្ត​ប្រហែល ៣០ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ ហើយ​កោះ​នេះ ក៏​ជា​កន្លែង​ទាហាន​ជើង​ទឹក​របស់​ថៃ យក​ធ្វើ​ជា​កន្លែង​សមយុទ្ធ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។