សាច់ញាតិសកម្មជនសង្គម និងយុវជនបរិស្ថានរំពឹងថា រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងផ្ដល់យុត្តិធម៌ដោះលែងក្រុមគ្រួសាររបស់ពួកគាត់ឱ្យមកជួបជុំគ្នាឡើងវិញនៅឆ្នាំ២០២៥ ខាងមុខ ក្រោយអាជ្ញាធរក្រុងភ្នំពេញចាប់ពួកគាត់ដាក់ពន្ធនាគារដោយសារការការពារផលប្រយោជន៍ប្រទេសជាតិ។ ពួកគាត់អះអាងថា ឆ្នាំថ្មីនេះរដ្ឋាភិបាលគួរតែផ្លាស់ប្ដូរឥរិយាបថដោយងាកមកគោរពសិទ្ធិមនុស្ស និងដោះលែងអ្នកទោសមនសិការទាំងអស់ឱ្យមានសេរីភាពឡើងវិញ។
ក្រុមគ្រួសារ និងសាច់ញាតិអ្នកកំពុងជាប់ឃុំសង្ឃឹមថា ចូលឆ្នាំថ្មីឆ្នាំសកល២០២៥ខាងមុខនេះ រដ្ឋាភិបាលនឹងឈប់ចាប់ចងពង្រាត់ក្រុមគ្រួសាររបស់ពួកគាត់ដាក់ពន្ធនាគារ ហើយដោះលែងឱ្យពួកគាត់អាចជួបជុំក្រុមគ្រួសារប្រពន្ធកូនឡើងវិញ។
ម្ដាយសកម្មជនចលនាមាតាធម្មជាតិកញ្ញា ឡុង គន្ធា គឺលោកស្រី រ៉េន សារ៉ន ឱ្យវិទ្យុអាស៊ីសេរីដឹងថា លោកស្រីនឹករឭកកូនស្រីដែលកំពុងជាប់ពន្ធនាគារទាំងអយុត្តិធម៌ដោយសារការការពារបរិស្ថាន។ លោកស្រីបន្តថា កញ្ញា ឡុង គន្ធា មិនបានធ្វើខុសដូចការចោទប្រកាន់របស់តុលាការឡើយ ដូច្នេះតុលាការគួរតែទម្លាក់ចោលការចោទប្រកាន់ទាំងអស់លើកូនស្រីលោកស្រី។
លោកស្រី រ៉េន សារ៉ន៖ «សង្ឃឹមថា តុលាការនឹងដោះលែងកូនខ្ញុំឆាប់ៗហ្នឹងមកខ្ញុំនឹកកូនខ្ញុំណាស់។ អាជ្ញាធរ និងតុលាការដែលចាប់កូនខ្ញុំឱ្យគេដោះលែងកូនខ្ញុំត្រឡប់មកវិញមកកូនខ្ញុំគ្មានខុសអីទេគាត់គ្រាន់តែការពារបរិស្ថានតើ។ សូមឱ្យដោះលែងកូនខ្ញុំត្រឡប់មកវិញ»។
មិនខុសគ្នានេះដែរ ប្រពន្ធសកម្មជនចលនាមាតាធម្មជាតិលោក ថុន រដ្ឋា គឺលោកស្រី ប៉ាត់ រស្មី ថ្លែងថា លោកស្រីនៅតែឈឺចាប់ និងក្ដុកក្ដួលនៅរៀងរាល់ពេលនឹកគិតដល់ប្ដីដែលកំពុងជាប់ពន្ធនាគារទាំងគ្មានកំហុស។ លោកស្រីរំពឹងថា តុលាការនឹងបន្ធូរបន្ថយទោស និងដោះលែងប្ដីលោកស្រីឱ្យមករស់នៅជួបជុំគ្រួសារឡើងវិញ ពីព្រោះលោកស្រីកំពុងពពោះកូនទី៣ ដែលនឹងសម្រាលនៅដើមឆ្នាំ២០២៥ខាងមុខ។
លោកស្រី ប៉ាត់ រស្មី៖ «ការចាប់សកម្មជនបរិស្ថានទាំងអស់ហ្នឹងគឺជារឿងយុត្តិធម៌ខ្លាំងមែនទែនហើយយើងក៏ស្នើសុំឱ្យតុលាការ និងរដ្ឋាភិបាលគួរតែដោះលែងពួកគាត់ទៅ។ ពួកគាត់ការពារធនធានធម្មជាតិដើម្បីប្រទេសយើងទេគាត់មិនធ្វើរឿងដែលខុសច្បាប់អីទេអ៊ីចឹងគួរតែដោះលែងពួកគាត់ឱ្យមានសេរីភាពឡើងវិញដើម្បីឱ្យពួកគាត់អាចការពារធនធានដែលជាសម្បត្តិជាតិខ្មែរ»។
កាលពីថ្ងៃទី០២ ខែកក្កដា តុលាការក្រុងភ្នំពេញបានកាត់ទោសសកម្មជនបរិស្ថាន ១០នាក់ឱ្យជាប់ពន្ធនាគារចន្លោះពី៦ឆ្នាំ ដល់ ៨ឆ្នាំក្រោមបទចោទ «រួមគំនិតក្បត់» និង «ប្រមាថព្រះមហាក្សត្រ»។ ប៉ុន្តែក្នុងនោះមានសកម្មជន៥នាក់ រួមមាន លោក ថុន រដ្ឋា លោក យីម លាងហ៊ី លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា ត្រូវបានសមត្ថកិច្ចចាប់ដាក់ពន្ធនាគារក្នុងខេត្តផ្សេងៗគ្នាដែលគ្រួសារពិបាកទៅសួរសុខទុក្ខ។ រីឯ សកម្មជនបរិស្ថាន៥នាក់ទៀត ត្រូវបានតុលាការកាត់ទោសកំបាំងមុខ។
ងាកមកសាច់ញាតិយុវជនសង្គមស៊ីវិល និងប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរលោក កើត សារ៉ាយ វិញ។ បងស្រីរបស់លោក កើត សារ៉ាយ គឺលោកស្រី កើត យី រៀបរាប់ថា ម្ដាយលោកស្រីធ្លាក់ខ្លួនឈឺខ្លាំងក្រោយដឹងថា តុលាការកាត់ទោសឱ្យប្អូនលោកស្រីជាប់ពន្ធនាគារ៤ឆ្នាំ ហើយជីវភាពគ្រួសារលោកស្រីពុំសូវធូរធារនោះទេ ដោយសារត្រូវរ៉ាប់រងប្អូនប្រុសនៅក្នុងពន្ធនាគារ។ លោកស្រីបន្តថា សកម្មភាពរបស់ប្អូនប្រុសលោកស្រីមិនមែនជាសកម្មភាពញុះញង់នោះឡើយ ប៉ុន្តែជាសកម្មភាពឈឺឆ្អាលបញ្ហាសង្គម។ ដូច្នេះលោកស្រីស្នើថា តុលាការគួរតែដោះលែងប្អូនប្រុសលោកស្រីដើម្បីអាចមកមើលថែទាំម្ដាយដែលកំពុងមានជំងឺធ្ងន់។
លោកស្រី កើត យី៖ «គាត់នៅតែតាំងចិត្តថា គាត់ចេញមកវិញគាត់ហ្នឹងធ្វើការជួយសង្គមបន្តទៀតគាត់អត់មានបាក់ស្មារតីអីទេគោលជំហរគាត់គឺនៅដដែល។ រំពឹងថា ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីនេះរំពឹងថា តុលាការគិតសាឡើងវិញឱ្យទម្លាក់ចោលការចោទប្រកាន់លើប្អូនខ្ញុំឱ្យគាត់មានសេរីភាពវិញ។ សង្ឃឹមថា តុលាការនឹងពិចារណាម្ដងទៀត»។
លោក កើត សារ៉ាយ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី០៥ ខែមេសា នៅទីស្នាក់ការសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ ក្រោយពេលលោកចុះជួបពលរដ្ឋនៅឃុំស្រយង់ ខេត្តព្រះវិហារ ដែលកំពុងរត់គេចខ្លួនទៅនៅក្នុងព្រៃដោយសារអាជ្ញាធរបានដុតផ្ទះ និងប្រើហិង្សាទៅលើពួកគាត់ ដើម្បីអំពាវនាវឱ្យអាជ្ញាធរដោះស្រាយវិវាទដីធ្លីរវាងក្រុមហ៊ុនសីលាដាម៉ិច និងពលរដ្ឋដោយសន្តិវិធី។ ក្រោយមកសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី០៦ ខែវិច្ឆិកា បានកាត់ទោសឱ្យលោក កើត សារ៉ាយ ជាប់ពន្ធនាគារ ៤ឆ្នាំ និងពិន័យជាប្រាក់ ២លានរៀល លើសំណុំរឿង «មិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម និងបទញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម»។
ក្រោយការចាប់ខ្លួនលោក កើត សារ៉ាយ រយៈពេល៥ខែ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានបន្តចាប់ខ្លួនក្រុមយុវជនសមាគម និងបុគ្គលិកសង្គមស៊ីវិលចំនួន ៨នាក់ដែលរដ្ឋាភិបាលអះអាងទាំងគ្មានភស្តុតាងថា ពាក់ព័ន្ធនឹងការផ្ដួលរំលំរដ្ឋាភិបាលរឿងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) យកទៅឃុំនៅពន្ធនាគារដាច់ឡែកពីគ្នា។ តុលាការបានចោទប្រកាន់យុវជន ៧នាក់រួមមាន លោក ធី ថន លោក ឈាង រិទ្ធី កញ្ញា ចៀន សុណា កញ្ញា កាត់ ស៊ីណាត កញ្ញានឿន ស្រីណែត កញ្ញា រៀម ស្រីពេជ្ររតនា និងអ្នកស្រី សាក់ កន្និការ ពីបទ«រួមគំនិតក្បត់»។ ចំណែកឯ កញ្ញា សើន ស្រម៉ៃ ត្រូវបានតុលាការចោទប្រកាន់ពីបទ«ញុះញង់»។ ប៉ុន្តែរយៈពេលចុងក្រោយនេះរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានដាក់សម្ពាធឱ្យក្រុមយុវជនធ្វើវីដេអូសុំទោសលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ជាថ្នូរនឹងការទទួលបានសេរីភាពមកវិញ។ គិតមកទល់ពេលនេះ មានយុវជនសមាគមចំនួន៣នាក់ហើយគឺកញ្ញា កាត់ ស៊ីណាត កញ្ញា ចៀន ស៊ីណា និងកញ្ញានឿន ស្រីណែត បានសុំទោស និងចុះចូលជាមួយរដ្ឋាភិបាល ដោយទម្លាក់កំហុសដាក់អ្នកដទៃ។
ឪពុកលោកធី ថន គឺលោក មឿន ធី ថ្លែងថា លោកមិនសូវបានទៅជួបសួរសុខទុក្ខកូនប្រុសរបស់លោកនោះទេ ដោយសារតែជីវភាពគ្រួសារខ្វះខាត ហើយលោកត្រូវធ្វើដំណើរពីខេត្តកណ្ដាលឆ្ពោះមកពន្ធនាគារព្រៃសនៅក្រុងភ្នំពេញ។ លោកស្នើឱ្យតុលាការផ្ដល់យុត្តិធម៌ដល់គ្រួសាររបស់លោក ពីព្រោះកូនប្រុសលោកជាមនុស្សស្លូតត្រង់ និងគិតគូរពីបញ្ហាសង្គមជាតិ មិនអាចប្រព្រឹត្តអំពើរួមគំនិតក្បត់នោះទេ។
លោក មឿន ធី៖ «ខ្ញុំមិនដឹងគិតយ៉ាងម៉េចទេប្រសិនជាកូនខ្ញុំជានិស្សិតអ៊ីចឹងដើរចោទប្រកាន់ថា ក្បត់ជាតិអីនោះខ្ញុំមិនទទួលយកទេ។ ស្នើសុំឱ្យតុលាការដោះលែងទៅឱ្យកូនខ្ញុំមានសេរីភាពបានរៀនបន្តទៀតរឿងពាក់ព័ន្ធញុះញង់ហ្នឹងវាអត់ទេកូនខ្ញុំមានតួនាទីអីទៅញុះញង់វាអត់មាន»។
ក្នុងសំណុំរឿងរបស់ក្រុមយុវជនទាំងនេះ សាលាឧទ្ធរណ៍កាលពីថ្ងៃទី០៥ ខែធ្នូ បានច្រានចោលសំណើសុំនៅក្រៅឃុំរបស់យុវជនសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ និងបុគ្គលិកកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនចំនួន៥នាក់ពីបទ«រួមគំនិតក្បត់»។ ថ្វីត្បិតកម្ពុជាលុបចោលកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ហើយក៏ដោយ ក្រោយពីផ្ទុះការតវ៉ា និងខឹងសម្បារពីសំណាក់ក្រុមប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសរួចមក ក៏រដ្ឋាភិបាលឪពុកកូនត្រកូលហ៊ុនមិនព្រមដោះលែងក្រុមយុវជនទាំងអស់នោះដែរ។
វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បាននៅឡើយទេនៅថ្ងៃទី២៤ ខែធ្នូ។
ប៉ុន្តែអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក ឃៀង សុណាឌីន ប្រាប់វិទ្យុអាស៊ីសេរីតាមបណ្ដាញសង្គមតេឡេក្រាម (Telegram) ថា ការបន្ធូរបន្ថយទោស ឬលើកលែងទោសគឺអនុវត្តចំពោះតែលើទណ្ឌិតណាដែលមានសាលក្រម ឬសាលដីកាចូលជាស្ថាពរ និងទណ្ឌិតដែលបានទទួលស្គាល់ទោសកំហុសរបស់ខ្លួន។
ជុំវិញរៀងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា កិច្ចការពារធនធានធម្មជាតិ និងការងារលើកកម្ពស់សិទ្ធិមនុស្សមិនមែនជាបទល្មើសនោះទេ។ លោកបន្តថា តុលាការគួរតែដោះលែងអ្នកទោសមនសិការទាំងអស់ឱ្យមានសេរីភាពឡើងវិញ ដើម្បីកែលម្អប្រព័ន្ធយុត្តិធម៌ និងឆ្ពោះទៅរកការផ្សះផ្សាជាតិ។
លោក នី សុខា៖«ប្រព័ន្ធយុត្តិធម៌យើង ទាក់ទងនឹងការកាត់ក្ដីទៅលើសកម្មជនមួយចំនួន ជាពិសេសសកម្មជនដែលខ្ញុំបានរៀបរាប់ហ្នឹងរួមមានសកម្មជនបរិស្ថាន សកម្មជនសង្គម សហជីព ក៏ដូចជាសកម្មជននយោបាយមួយចំនួនដែលគេយល់ថា គ្រាន់ជាអ្នកប្រើប្រាស់សិទ្ធិសេរីភាពចូលរួមចំណែកជាអំពើមិនខុសច្បាប់នោះ។ គេមើលឃើញអំពីបញ្ហាប្រព័ន្ធយុត្តិធម៌របស់យើងទាំងអស់ហ្នឹងវា នៅខ្វះឯករាជ្យភាពឱ្យបានត្រឹមត្រូវ»។
ការបង្កើនការចាប់ខ្លួនសកម្មជនបរិស្ថាន សកម្មជនសង្គម និងមន្ត្រីបក្សប្រឆាំងក្រោយពេលលោក ហ៊ុន ម៉ាណែត ឡើងកាន់អំណាចបន្តពូជពីឪនេះ ធ្វើឱ្យមជ្ឈដ្ឋានជាតិ អន្តរជាតិ និងក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ថ្កោលទោសប្រព័ន្ធយុត្តិធម៌ និងប្រព័ន្ធដឹកនាំនៅកម្ពុជាថា ជាប្រទេសផ្ដាច់ការ និងប្រើប្រាស់តុលាការជាអាវុធដើម្បីបំបិទមាត់ក្រុមអ្នករិះគន់។ ជាក់ស្ដែងកាលពីពេលថ្មីនេះៗ សភាអឺរ៉ុបបានព្រមានកម្ពុជាសាជាថ្មី ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធ និងជំរុញឱ្យអាជ្ញាធរកម្ពុជាដោះលែងអ្នកទោសនយោបាយ និងអ្នកទោសមនសិការទាំងអស់ ក្នុងនោះក៏រួមមានទាំងសកម្មជនយុវជនចលនាមាតាធម្មជាតិផងដែរ។ សភាអឺរ៉ុបបានអនុម័ត សេចក្ដីសម្រេចថ្មីមួយជំរុញឱ្យគណៈកម្មការអឺរ៉ុប និងសហភាពអឺរ៉ុប ពិនិត្យសើរើឡើងវិញពីការផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធដែលនៅសល់ចំនួន៨០% ជាមួយកម្ពុជា និងពិចារណាដាក់ទណ្ឌកម្មជាក់លាក់លើក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលពាក់ព័ន្ធនឹងការរឹតត្បិតផ្នែកនយោបាយ។
ក្រុមគ្រួសារសាច់ញាតិសកម្មជនសង្គម និងយុវជនបរិស្ថាន រំពឹងថា ប្រសិនបើរដ្ឋាភិបាលត្រកូល«ហ៊ុន»យល់ព្រមសម្របសម្រួលនយោបាយក្នុងប្រទេស និងចង់កែលម្អស្ថានភាពសិទ្ធិមនុស្សឡើងវិញនោះ រដ្ឋាភិបាលគួរតែផ្ដល់យុត្តិធម៌ដោយដោះលែងអ្នកជាប់ឃុំមនសិការទាំងអស់ឱ្យមានសេរីភាពឡើងវិញនៅឆ្នាំ២០២៥ខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
