ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ព្រមបង់ប្រាក់ឱ្យទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា តាមលទ្ធភាព ក្រោយពីសាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ឱ្យលោក និងសកម្មជនពីរនាក់ទៀត ត្រូវសងការខូចខាត ចំនួន ១០ម៉ឺនដុល្លារក្នុងរយៈពេលត្រឹម១ខែ។ អ្នកជំនាញផ្នែកច្បាប់ថា ការដែលលោក រ៉ុង ឈុន ព្រមបង់ប្រាក់ឱ្យទៅតុលាការនេះ ពុំមែនជារបៀបធ្វើនយោបាយយូរអង្វែងនោះទេ ផ្ទុយទៅវិញ លោកនឹងត្រូវជួបបញ្ហាជាច្រើនទៀត ព្រោះករណីនេះ ពុំមែនជាការអនុវត្តច្បាប់នោះទេ គឺជារឿងនយោបាយ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន យល់ព្រមបង់ប្រាក់ឱ្យគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា ដែលមានទឹកប្រាក់សរុប ១០ម៉ឺនដុល្លារ ឬស្មើ ៤០០លានរៀល។ លោក រ៉ុង ឈុន ការសម្រេចចិត្តនេះ គឺធ្វើឡើងតាមមតិភាគច្រើនពីសមាជិកគណបក្សកម្លាំងជាតិ និងប្រជាពលរដ្ឋមួយចំនួន ដែលចង់ឱ្យលោក បន្តការងារនយោបាយ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១២ ខែមីនា ថា ជារឿងដែលហួសចិត្ត និងឈឺចាប់បំផុត ដែលលោកត្រូវរងការធ្វើទុក្ខបុកម្នេញម្ដងហើយម្ដងទៀត ហើយត្រូវបង់លុយទៅឱ្យសាលាដំបូងរាជធានីភ្នំពេញ រាប់ម៉ឺនដុល្លារ ទាំងដែលលោកគ្មានទ្រព្យសម្បត្តិ និងគ្មានកំហុសអ្វីសោះ។ លោកថា ដល់ដំណាក់កាលនេះហើយ លោកនឹងបង់លុយឱ្យទៅសាលាដំបូងរាជធានីភ្នំពេញ ទៅតាមលទ្ធភាពដែលលោកមាន ហើយប្រសិនបើតុលាការនៅតែដាក់កំហិតឱ្យលោកត្រូវតែសងទាំង ១០ម៉ឺនដុល្លារនោះ លោកគ្មានលុយនោះទេ។
លោក រ៉ុង ឈុន៖«យើងដឹងថា លុយ ១០ម៉ឺនដុល្លារ សម្រាប់មនុស្សបីនាក់ វាច្រើនណាស់ សម្រាប់ពួកខ្ញុំ ១០ម៉ឺនដុល្លារ។ យើងគ្មានចំណូលគ្មានមុខរបរ យើងគ្រាន់តែធ្វើកិច្ចការងារសង្គមរហូតមកដូច្នេះយើងអត់មានលទ្ធភាពបង់ទេ។ អ៊ីចឹង សូមបញ្ជាក់ម្ដងទៀតថា ជំហររបស់ខ្ញុំ យើងបង់តាមលទ្ធភាពដែលយើងមាន។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ និងជាអតីតប្រធានសហជីពរូបនេះ នៅតែបញ្ជាក់ជំហរថា លោកបន្តប្ដេជ្ញាចិត្តធ្វើកិច្ចការងារសង្គម ដើម្បីប្រយោជន៍ពលរដ្ឋ និងប្រទេសជាតិ បើទោះជាពេលនេះ លោកធ្វើតាមបង្គាប់បញ្ជាររបស់តុលាការក្ដី។ លោកថា ជាច្រើនឆ្នាំមកនេះ លោកបានចំណាយពេលវេលា និងលះបង់ សិទ្ធិសេរីភាពផ្ទាល់ខ្លួន គឺព្រោះតែមិនចង់ឱ្យបាត់បង់ទឹកដី។
លោក រ៉ុង ឈុន៖ «បានជាខ្ញុំពោលថា ទឹកដីសំខាន់ជាងអាយុជីវិតរបស់យើងទៀត។ អាយុជីវិតពេលស្លាប់ទៅ មានមនុស្សជំនាន់បន្តបន្ទាប់នឹងបង្កើតកូនខ្មែរបន្តបន្ទាប់។ ប៉ុន្តែទឹកដី បើបាត់ហើយ គឺបាត់ហើយ ដូចជាប្រទេសចម្ប៉ាអ៊ីចឹង។ បាត់ហើយ គឺបាត់ហើយ ប៉ុន្តែ ពូជចម្ប៉ា អត់បាត់បង់ទេ។ អ៊ីចឹងបានខ្ញុំតែងតែយកចិត្តទុកដាក់ទៅលើបញ្ហាព្រំដែន ទោះជាប់ពន្ធនាគារម្ដងហើយ ម្ដងទៀត។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកុម្ភៈ បានបង្គាប់ឱ្យលោក រ៉ុង ឈុន កញ្ញា ស កណិការ និង លោក តុន និមល រួមគ្នាសង សំណងការខូចខាតចំនួន ១០ម៉ឺនដុល្លារ ទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន។ រីឯប្រាក់ទាំងនោះ ត្រូវបង់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញជាមុន ក្នុងរយៈពេល ១ខែ។ បើគិតត្រឹមថ្ងៃទី១២ ខែមីនា មានរយៈពេល៣១ថ្ងៃហើយ។ រីឯ លោក រ៉ុង ឈុន បានបញ្ជាក់ថា លោកទើបតែទទួលបានថវិកា ពីសប្បុរសជន ដែលបានបរិច្ចាគឱ្យមានចំនួន ជាង ២ម៉ឺនដុល្លារ និងប្រាក់រៀលប្រមាណជាង ៧លានរៀលប៉ុណ្ណោះ។
លោក រ៉ុង ឈុន ថា នឹងយកលុយទាំងនោះទៅបង់ឱ្យតុលាការ ក្នុងពេលឆាប់ៗ បើទោះជាថ្មីៗ នេះ មេធាវីការពារក្ដីឱ្យលោកបានឱ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញ បដិសេធមិនព្រមទទួលយកប្រាក់ ដែលលោកនឹងបង់តាមលទ្ធភាព និងតាមដំណាក់កាលនីមួយៗ ក្ដី។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ដើម្បីឆ្លើយតប ជុំវិញរឿងនេះបានទេនៅថ្ងៃទី១២ខែមីនា ដោយហៅទូរស័ព្ទចូល តែគ្មានអ្នកទទួល។
ទាក់ទិនរឿងនេះ អ្នកជំនាញផ្នែកច្បាប់ និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ លោក វន់ ចាន់ឡូត យល់ឃើញថា ការដែលលោក រ៉ុង ឈុន ព្រមបង់ប្រាក់ឱ្យសាលាដំបូងរាជធានីភ្នំពេញ ទៅតាមលទ្ធភាពនេះ លោកថាមិនអាចធ្វើទៅបាននោះទេ ព្រោះតុលាការបាន ចេញសាលដីការួចហើយ គឺត្រូវតែបង់ចំនួន ១០ម៉ឺន ដុល្លារ។ ជាមួយគ្នានោះ លោកថា បើទោះជា លោក រ៉ុង ឈុន មានប្រាក់បង់គ្រប់ ឬមិនគ្រប់ក្ដី ក៏លោក រ៉ុង ឈុន នៅតែមិនអាចមានឱកាសធ្វើនយោបាយ ដោយរលូននោះដែរ។ លោកបន្តថា លោក រ៉ុង ឈុន នឹងជួបឧបសគ្គ ជាច្រើនទៀត ដែលបក្សកាន់អំណាចនឹងប្រឌិតឡើង ដើម្បីធ្វើយ៉ាងណាឱ្យ លោក រ៉ុង ឈុនទាល់ច្រកលែងមានឱកាសធ្វើនយោបាយ ព្រោះលោកថា ករណីនេះ គឺជារឿងនយោបាយ ពុំមែនជាការអនុវត្តច្បាប់នោះឡើយ។
ទន្ទឹមគ្នានោះ លោក វ៉ន ចាន់ឡូត លើកឡើងថា គណបក្សកម្លាំងជាតិ ក្នុងគ្រាដែលលោក រ៉ុង ឈុន កំពុងជួបឧបសគ្គបែបនេះ គួរតែពង្រឹងសមាជិកខ្លួន ហើយរៀបចំសកម្មភាពនយោបាយឱ្យបានរឹងមាំ មិនគួរចូលល្បែងនយោបាយ តាមខ្សែ ញាក់របស់បក្សកាន់អំណាចនោះទេ ព្រោះថាករណីនេះ គណបក្សកម្លាំងជាតិ មានតែផលខាតបង់ពេលវេលា និង ថវិកា។
លោក វ៉ន ចាន់ឡូត៖ «គណបក្សកម្លាំងជាតិមានតែត្រូវពង្រឹងខ្លួនឱ្យខ្លាំង ជាពិសេសនោះ ត្រូវតែពិនិត្យទៅមើលសមាសភាពនយោបាយ។ ក្នុងស្ថានភាពនេះ ការសម្រេចណាមួយនោះ វាអាស្រ័យទៅលើអ្នកកាន់អំណាចទាំងស្រុង។ បើអ្នកកាន់អំណាចចង់ឱ្យលោក រ៉ុង ឈុន ចូលពន្ធនាគារ គឺអាចចាប់ទៅដាក់ពន្ធនាគារពេលណាក៏បាន។ បើអ្នកកាន់អំណាចចង់ឱ្យ លោក រ៉ុង ឈុន បន្តមានសេរីភាព ធ្វើសកម្មភាពនយោបាយ រប៉េះរប៉ោះបែបនេះទៀតក៏លោក រ៉ុង ឈុន នៅបន្ត ធ្វើនយោបាយរប៉េះរប៉ោះ បែបហ្នឹងទៅ។
នៅក្នុងសំណុំរឿងនេះ កាលពីខែសីហា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមផ្ដន្ទាទោស លោក រ៉ុង ឈុន ឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ និង បង់ប្រាក់ពិន័យចូលរដ្ឋ ២លានរៀលពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធនឹងសេចក្ដីថ្លែងការណ៍អំពីបញ្ហាកសិករខ្មែរ ដែលបាត់បង់ដីធ្លី នៅក្បែរតំបន់ព្រំដែនក្នុងខេត្តត្បូងឃ្មុំ ទៅក្រោមការកាន់កាប់របស់ប្រទេសវៀតណាម។
រីឯសកម្មជនពីរនាក់ទៀត គឺកញ្ញា ស កណិការ និងលោក តុន និមល ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ២០ខែ និងពិន័យប្រាក់ចូលរដ្ឋក្នុងម្នាក់ៗ ចំនួន ២លានរៀល ពីបទញុះញង់ដូចលោក រ៉ុង ឈុន ដែរ។ ទន្ទឹមនឹងនោះ ក្រៅពីជាប់ពន្ធនាគារ និងបង់ប្រាក់ពិន័យចូលរដ្ឋហើយ ចៅក្រមជំនុំជម្រះលោក លិ សុខា ក៏បានបង្គាប់ឱ្យ លោក រ៉ុងឈុន កញ្ញា ស កណិកា និងលោក តុន និមល សង ការខូចខាតចំនួន ៤០០លានរៀល ទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនថែមទៀត។
ជាមួយគ្នានេះ នៅថ្ងៃទី១២ ខែមីនា គណបក្សកម្លាំងជាតិបង្ហោះលិខិត ដែលបានផ្ញើទៅកាន់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពី ភារៈធារីស្ថានទូតសហរដ្ឋអាមេរិកគឺអ្នកស្រី ប្រ៊ិដចិត អិល វ៉ក់ឃឺរ (Bridgette L. Walker) ឱ្យជួយអន្តរាគមន៍ទៅកាន់ រដ្ឋាភិបាលកម្ពុជា ឱ្យទម្លាក់រាល់ការចោទប្រកាន់ និងការទាមទារសំណងទាំងអស់ មកលើលោក រ៉ុង ឈុន ព្រោះនេះ គឺជាការធ្វើទុក្ខបុកម្នេញធ្ងន់ធ្ងរ ផ្នែកនយោបាយមកលើមន្ត្រីបក្សប្រឆាំង។
ក្នុងលិខិតដដែល គណបក្សកម្លាំងជាតិលើកឡើងថា ចំពោះទង្វើរបស់អាជ្ញាធរកម្ពុជា ដែលបានធ្វើមកលើ លោក រ៉ុង ឈុន តាមមតិជាតិ និងអន្តរជាតិ បង្ហាញថា មិនមែនជាការអនុវត្តច្បាប់ទេ ជារឿងនយោបាយសុទ្ធសាធ។ លើសពីនេះ ជាការបំបិទសំឡេងក្រុមសហជីព និង អ្នកប្រជាធិបតេយ្យ ស្របពេល រដ្ឋាភិបាលកម្ពុជាកំពុងតែដើរ ចាកឆ្ងាយពីគោលការណ៍ ប្រជាធិបតេយ្យ និង ស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩៣។ បក្សកម្លាំងជាតិបញ្ជាក់ថា លោក រ៉ុង ឈុន មិនបានប្រព្រឹត្តកំហុសដូចការចោទ ប្រកាន់របស់អាជ្ញាធរ និងតុលាការកម្ពុជានោះទេ៕