មេធាវី​ការពារ​ក្ដី​លោក រ៉ុង ឈុន ស្នើសុំ​ពន្យារ​ពេល​បើក​សវនាការ​លើ​សំណុំរឿង «មិន​រាងចាល» របស់ លោក រ៉ុង ឈុន ដោយសារ​មេធាវី​មាន​បញ្ហា​សុខភាព

គណបក្ស​កម្លាំង​ជាតិ​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃ​ទី១៦ ខែមករា ឱ្យ​ដឹង​ថា សំណុំរឿង​មិន​រាងចាល​ក្នុង​បទមជ្ឈិម​បន្ទាប់​ពី​ការ​ផ្ដន្ទាទោស​បទមជ្ឈិម លើ​បទ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម លើ​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ដែល​តុលាការ​គ្រោង​នឹង​បើក​សវនាការ នៅ​ថ្ងៃ​ទី១៧ ខែមករា ត្រូវ​បាន​ស្នើសុំ​ពន្យារ​ពេល​ដោយសារ​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក រ៉ុង ឈុន មាន​បញ្ហា​សុខភាព។

ជុំវិញ​ករណី​នេះ ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ប្រាប់​វិទ្យុ​អាស៊ី​សេរី​បន្ថែម​ថា មេធាវី​ការពារក្ដី​របស់​លោក គឺ​លោក ជួង ជូងី មាន​បញ្ហា​សុខភាព និង​បាន​ដាក់​ពាក្យ​ស្នើសុំ​ពន្យារ​ពេល​សវនាការ​រួចរាល់​ហើយ។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​ថា តុលាការ​នៅ​មិន​ទាន់​ឆ្លើយតប ចំពោះ​ការ​ស្នើសុំ​នេះ​នៅ​ឡើយ​ទេ។

លោក រ៉ុង ឈុន ក៏​បាន​ថ្លែង​អំណរគុណ​ដល់​អ្នក​គាំទ្រ​លោក ដែល​បាន​ជួយ​តាមដាន​បទ​ចោទ​ប្រកាន់​នេះ។ លោក រ៉ុង ឈុន ថា លោក​នឹង​ចូល​សវនាការ ដើម្បី​បង្ហាញ​ភាពស្អាតស្អំ នៅ​ពេល​ដែល​មេធាវី​របស់​លោក​មាន​សុខភាព​ល្អ​ប្រសើរ​វិញ។

លោក រ៉ុង ឈុន៖ «ជា​ចុង​ក្រោយ ខ្ញុំ​សូម​អធ្យាស្រ័យ​អ្នកគាំទ្រ អ្នក​ខ្លះ ក៏​បាន​កក់​សំបុត្រ​ឡាន អ្នក​ខ្លះ​ក៏​បាន​រៀបចំ ហើយ​អ្នក​ខ្លះ ក៏​បាន​មក​ដល់​ភ្នំពេញ ខ្ញុំ​សូម​ការ​អធ្យាស្រ័យ​ផង ដោយសារ​មាន​ការ​ប្រែប្រួល ហើយ​ក៏​សូម​អរគុណ​ដល់​ក្ដី​បារម្ភ​របស់​អ្នក​គាំទ្រ ដែល​បាន​សម្ដែង​មតិ​នៅ​លើ​បណ្ដាញ​សង្គម ក៏​ដូច​ជា ផ្ញើ​សារ​មក​កាន់​ខ្ញុំ»។

វិទ្យុ​អាស៊ី​សេរី​ព្យាយាម​សុំ​ការ​ឆ្លើយតប​ពី​អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ ជាច្រើន​ដង ប៉ុន្តែ លោក​ចុច​បិទ​ទូរស័ព្ទ។

លោក រ៉ុង ឈុន បញ្ជាក់​ថា លោក​គ្មាន​ធ្វើ​អ្វី​ខុស​ច្បាប់​នោះ​ទេ គឺ​មាន​តែ​ធ្វើ ប៉ុ​ការងារ​សង្គម នយោបាយ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ។ លោក​បន្ថែម​ថា ឪពុក​ម្ដាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​របស់​លោក​បង្កើត​លោក​មក គឺ​លោក​គ្មាន​ទ្រព្យសម្បត្តិ លុយ កាក់ ដើម្បី​យក​ទៅ​​កសាង​ជាតិ​ឡើយ។ អ្វី ដែល​លោក​មាន​គឺ ខ្លួនប្រាណ និង​ឆន្ទៈ ភាព​ស្មោះត្រង់​របស់​លោក ធ្វើការ ដើម្បី​ជួយ​ប្រជាពលរដ្ឋ និង សង្គមជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។