លោក ហ៊ុន សែន ថា សមាជិក​បក្ស​កាន់អំណាច ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ពលរដ្ឋ

0:00 / 0:00

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ដាក់​ទិសដៅ​ការងារ​ឆ្នាំ២០២៥ ខាង​មុខ​នេះ ដោយ​ត្រូវ​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ពលរដ្ឋ ដោយ​លោក​បញ្ជាក់​ថា អ្វី​កាន់តែ​ពិសេស​នោះ​គ្រប់គ្រង​សមរភូមិ​សតិអារម្មណ៍​ពលរដ្ឋ។ ទោះ​យ៉ាង​ណា​ក្ដី អ្នកវិភាគ​ថា សារ​របស់​លោក ហ៊ុន សែន នឹង​គ្មាន​ប្រសិទ្ធភាព​ឡើយ ព្រោះ​បញ្ហា​អសមត្ថភាព​របស់​មន្ត្រី​ថ្នាក់​ក្រោម និង​ពុករលួយ។

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ឪ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែ​លើក​ឡើង​ដដែលៗ ថា បក្ស​កាន់​អំណាច​ត្រូវ​ការពារ​សន្តិភាព ត្រូវ​រក្សា​ឱ្យ​បាន​ដាច់​ខាត ទោះ​លះបង់​ក្នុង​តម្លៃ​ណា​ក៏​ដោយ។ លោក ហ៊ុន សែន ក៏​ណែនាំ​សមាជិក​បក្ស​របស់​លោក​ឱ្យ​តាមដាន​​សភាពការណ៍​​ជាតិ និង​អន្តរជាតិ ដែល​មាន​ការវិវត្ត​កាន់តែ​ស្មុគស្មាញ។ លោក​ក៏​ជំរុញ បក្ស​កាន់អំណាច​របស់​លោក​ឱ្យ​វាយតម្លៃ​ជាប់​លើ​មតិ ការ​យល់​ឃើញ​របស់​មហាជន ទាំង​លើ​ប្រព័ន្ធ​បណ្ដាញ​សង្គម និង​នៅ​តាម​មូលដ្ឋាន​ផ្ទាល់​ លើ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល និង​គណបក្ស។

លោក ហ៊ុន សែន លើក​ឡើង​ដូច្នេះ នៅ​ក្នុង​ពិធីបិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​របស់​គណៈ​ចលនា​មហាជន​គណបក្ស​ប្រជាជន​កម្ពុជា ថ្ងៃ​ទី១៨ ខែធ្នូ។

Hun_Sen_in_CPP_Annual_Congress_121824_FB_HS_4a.jpg
លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា (កណ្ដាល) នៅ​ក្នុងពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​របស់​គណៈ​ចលនា​មហាជន​គណបក្ស​ប្រជាជន​កម្ពុជា ថ្ងៃ​ទី១៨ ខែធ្នូ ឆ្នាំ២០២៤។ រូបពីហ្វេសប៊ុកលោក ហ៊ុន សែន

ទាក់ទង​នឹង​ការ​លើក​ឡើង​នេះ អ្នក​ជំនាញ​ផ្នែក​ច្បាប់ និង​អភិបាល​កិច្ច​បែប​ប្រជាធិបតេយ្យ លោក វ៉ន ចាន់ឡូត យល់​ថា បក្ស​កាន់​អំណាច កំពុង​ខ្វល់​នឹង​ពាក្យ​ការពារ​សន្តិភាព ដោយ​មិន​អើពើ​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ និង​ការពារ​ដែន​អធិបតេយ្យ​ភាព​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​ឡើយ។ ចំពោះ​សារ​របស់​លោក ហ៊ុន សែន ដែល​ទាមទារ​គណបក្ស​នេះ​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ពលរដ្ឋ លោក វន ចាន់ឡូត សង្កេត​ឃើញ​ថា វត្តមាន​របស់​មន្ត្រី​បក្ស​កាន់អំណាច​នៅ​មូលដ្ឋាន​ភាគ​ច្រើន គឺ​ធ្វើ​ឱ្យ​ពលរដ្ឋ​រងគ្រោះ និង​ភិតភ័យ​ទៅ​វិញ​ទេ។

លោក វ៉ន ចាន់ឡូត៖«នៅ​ពេល​ចុះ​ទៅ​ពង្រឹង​ចុះ​ទៅ​អភិវឌ្ឍន៍​តំបន់​ណា យើង​ឃើញ​ថា តំបន់​នោះ​តែងតែ​ជួប​ទុក្ខ ដោយសារ​តែ​មាន​ផ្នត់​គំនិត​ពុករលួយ ហើយ​កើត​ចេញ​នូវ​សកម្មភាព​នៃ​ការ​កេងប្រវ័ញ្ច​អំពី​ភាព​រងគ្រោះ​របស់​ប្រជាពលរដ្ឋ​ទៅ​វិញ»។

ស្រដៀង​គ្នា​នេះ​ដែរ អ្នក​តាមដាន​ភូមិសាស្ត្រនយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សង្កេត​ឃើញ​ថា សំដី​លោក ហ៊ុន សែន ពីរោះ​ស្ដាប់ ដែល​លោក បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ពលរដ្ឋ។ ទោះ​យ៉ាង​ណា​ក្ដី លោក​ថា ដោយសារ​អំពើ​ពុករលួយ ការ​ប្រកាន់​បក្ខពួក និង​ការ​រំលោភ​អំណាច​ជា​ដើម​នោះ មិន​បាន​ធ្វើ​មន្ត្រី​បក្ស​​កាន់អំណាច​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ទទួល​បាន​លទ្ធផល​ជា​ដុំ​កំភួន​ឡើយ។

លោក សេង វណ្ណលី៖«សារ​លើកឡើង​ជា​រឿង​ល្អ ប៉ុន្តែ​ជាក់ស្ដែង​ការ​អនុវត្ត​វា​អត់​ចឹង​ ដោយសារ​កង្វះ​តុល្យភាព​អំណាច​ ប្រព័ន្ធ​នីតិប្រតិបត្តិ ប្រព័ន្ធ​នីតិប្បញ្ញត្តិ ហើយ​នឹង​ស្ថាប័ន​តុលាការ​ក្លាយ​ជា​ស្ថាប័ន​តែមួយ ការអនុវត្ត​របស់​មន្ត្រី​រាជការ ឬ​ក៏​ថ្នាក់​ជាតិ ថ្នាក់​ក្រោម​ជាតិ ឬ​ក៏​អំពើ​ទុច្ចរិត​ផ្សេងៗ បក្ខពួក​និយម​ផ្សេង​ទៀត ដែល​គេ​រក​ឃើញ ស្ថាប័ន​ឯករាជ្យ ដូច​ជា ប្រព័ន្ធ​តុលាការ​ចាត់​វិធានការ​បាន​តែ​បុគ្គល ដែល​អត់​មាន​ឥទ្ធិពល​នៅ​ក្នុង​សង្គម​ទេ ឬ​ក៏​មាន​ឥទ្ធិពល​តិចតួច»។

ទាក់ទង​ការ​លើកឡើង​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​ការ​ឆ្លើយតប​ពី​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ទេ​នៅ​ថ្ងៃ​ទី១៨ ខែធ្នូ។

បក្ស​កាន់អំណាច ដឹកនាំ​ប្រទេស​ដោយ​អវត្តមាន​គណបក្ស​ប្រឆាំង​នៅ​រដ្ឋសភា ជិត ១០ឆ្នាំ​មក​នេះ​ ពលរដ្ឋ​កំពុង​ប្រឈម​បញ្ហា​ជំពាក់​បំណុល គ្មាន​ការងារ ចំណាក​ស្រុក និង​រង​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ជាដើម។ ចំណែក​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​វិញ ក៏​កំពុង​រួម​តូច ដែល​ក្រុម​ប្រទេស​លោក សេរី ទាមទារ​រដ្ឋាភិបាល​ត្រកូល ហ៊ុន ឱ្យ​ដោះស្រាយ​បញ្ហា​នេះ​ជា​បន្ទាន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។