ជនភៀសខ្លួន​ខ្មែរ​៦​នាក់​ដែល​បញ្ជូន​ពី​ថៃ​ថា ពួកគាត់​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ទេ

0:00 / 0:00

ជនភៀសខ្លួន​ខ្មែរ​ដែល​សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូន​ឱ្យ​អាជ្ញាធរ​កម្ពុជា​ស្នើ​ឱ្យ​តុលាការ​ដោះលែង​ពួកគាត់​ឱ្យ​មាន​សេរីភាព​វិញ ដោយ​ឥតលក្ខខ័ណ្ឌ ព្រោះ​ពួកគាត់​មិន​បាន​ប្រព្រឹត្ត​ខុសច្បាប់​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។ មន្ត្រី​សិទ្ធិមនុស្ស​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​នយោបាយ​និង​សង្គម​ទាំងអស់ ដើម្បី​បើក​លំហ​សេរីភាព​ពលរដ្ឋ និង​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ។

មេធាវី​ឱ្យ​ដឹង​ថា ជនភៀសខ្លួន​នយោបាយ ៦នាក់​ដែល​សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូន​ឱ្យ​អាជ្ញាធរ​កម្ពុជា​ យក​ទៅ​ដាក់​ពន្ធនាគារ​កន្លងមក​នោះ គឺ​ពួកគាត់​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ចោទ​ប្រកាន់​ពី​បទ​«រួមគំនិតក្បត់» ពាក់ព័ន្ធ​សកម្មភាព​ប្រឆាំង​កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម​(CLV-DTA) កាល​ពី​ថ្ងៃ​ទី១៨ ខែ​សីហា។

មេធាវី​ការពារក្ដី​ឱ្យ​សកម្មជន ៣នាក់​ក្នុង​ចំណោម​សកម្មជន​៦នាក់ លោក សឺន ជុំជួន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី៦ ខែ​មករា​ថា ជន​ជាប់​ឃុំ​ទាំងនោះ តែងតែ​បញ្ជាក់​ជំហរ​ថា ពួកគាត់​គ្មាន​កំហុស ដោយ​មិន​បាន​ធ្វើ​សកម្មភាព​ខុសច្បាប់​ដូច​ការចោទប្រកាន់​របស់​តុលាការ​ឡើយ។ លោក​ឱ្យ​ដឹង​ថា សំណុំរឿង​ព្រហ្មទណ្ឌ​នេះ​កំពុង​ស្ថិត​នៅក្នុង​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ​នៅឡើយ ចំណែក​មេធាវី​កំពុង​សិក្សា​បញ្ហា​ពាក់ព័ន្ធ​ក្តីក្តាំ​នេះ ដើម្បី​ដាក់​ឯកសារ​ប្តឹង​ទៅ​តុលាការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ឬ​ស្នើ​ឱ្យ​ដោះលែង​ពួកគាត់​នៅ​ពេល​ឆាប់ៗ​នេះ។

លោក សឺន ជុំជួន៖ «ជំហរ​របស់​គាត់​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ថា គាត់​មិន​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​ពី​តុលាការ​នោះ​ទេ។ អ៊ីចឹង​ខ្ញុំ​កំពុង​ពិនិត្យ​មើល​លើ​សំណុំ​រឿង ហើយ​សិក្សា​លទ្ធភាព​ទៅលើ​ផ្លូវ​ច្បាប់​ ដើម្បី​ស្នើសុំ​ឱ្យ​មាន​ការ​ដោះលែង​ពួកគាត់​ជាដើម​បាទ»។

ចំណែក កូនស្រី​របស់​សកម្មជន​បក្សប្រឆាំង​លោកស្រី ហុង អាន គឺ​លោកស្រី សៀន ស៊ីនួន ប្រាប់​វិទ្យុ​អាស៊ីសេរី ក្រោយ​ចូល​សួរសុខទុក្ខ​ម្តាយ​ នៅក្នុង​ពន្ធនាគារ​ម២​ថា ម្តាយ​លោកស្រី និង​សកម្មជន​ផ្សេងទៀត គឺ​ជា​អ្នក​ស្នេហាជាតិ និយាយ​ការពិត​ការពារ​ទឹកដី និង​យុត្តិធម៌​សង្គម ប៉ុន្តែ​បែរជា​តុលាការ​ចាប់​ឃុំខ្លួន​ទាំង​អយុត្តិធម៌។ លោកស្រី​បញ្ជាក់​ថា​ពួកគាត់​នៅតែ​ប្ដេជ្ញា​ការ​តស៊ូ​លះបង់​សេចក្តី​សុខ​ផ្ទាល់ខ្លួន​បន្ត​ទៀត បើ​ទោះបីជា​ តុលាការ​ចាប់​ដាក់​ពន្ធនាគារ​ក៏ដោយ។

កូនស្រី​សកម្មជន​បក្សជំទាស់​រូប​នេះ​ទាមទារ​ឱ្យ​តុលាការ និង​រដ្ឋាភិបាល​ដោះលែង​ម្តាយ និង​សកម្មជន​ជាប់ឃុំ​ដោយសារ​រឿង​នយោបាយ​ទាំងអស់​ឱ្យ​មាន​សេរីភាព​វិញ។

​លោកស្រី សៀន ស៊ីនួន៖ «គាត់​ធ្វើ​​(សកម្មភាព​តស៊ូ)​កន្លងមក​ គឺ​ដើម្បី​សង្គម ប្រទេស​ជាតិ ខ្មែរ​ទាំងអស់​គ្នា​ហ្នឹង គាត់​មិន​ដែល​គិត​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​​ទេ។ អ៊ីចឹង​គ្រានតែ​គាត់​បញ្ចេញមតិ​តវ៉ា​នៅ​តាម​បណ្ដាញ​សង្គម​សោះ ក៏​ចាប់​គាត់​ដាក់គុក​ដែរ។ ខ្ញុំ​ស្នើសុំ​ដល់​រដ្ឋាភិបាល និង​តុលាការ​សូម​ដោះលែង​អ្នក​ទោស​មនសិការ​ទាំងអស់​ទៅ ពីព្រោះ​ពួកគាត់​អត់​មាន​ទោស​កំហុស​អ្វី​ទេ»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ី រិន្ទ និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា ដើម្បី​សុំ​ការ​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី៦ ខែ​មករា។

អាជ្ញាធរ​ថៃ​បាន​ចាប់​បញ្ជូន​ជនភៀសខ្លួន​នយោបាយ​​ចំនួន ៦នាក់​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត កាល​ពី​នៅ​ថ្ងៃ​ទី២៥ ខែ​វិច្ឆិកា រួមមាន លោក ប៉ែន ច័ន្ទសង្គ្រាម លោកស្រី ហុង អាន លោក មាន ចាន់ថុន ព្រមទាំង​ពលរដ្ឋ​ខ្មែរ​ក្រោម គឺ​លោកស្រី ស៊ឹង គន្ធា លោកស្រី យ៉ិន ចន្ធូ និង​កញ្ញា វ៉ន ច័ន្ទរចនា។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc)លោក យិន ម៉េងលី មើលឃើញ​ថា សង្គម​ប្រជាធិបតេយ្យ​ចាត់ទុក​អ្នក​ដែល​បញ្ចេញមតិ​ឈឺ​ឆ្អាល​ពី​រឿង​សង្គម បញ្ហា​បូរណភាព​ទឹកដី គឺ​ជា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព ដោយ​មិនមែន​ជា​បទល្មើស​នោះ​ទេ។ លោក​យល់​ថា តុលាការ​គួរតែ​ដោះលែង​សកម្មជន និង​ពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ការ​អនុវត្ត​សិទ្ធិ​ឱ្យ​មាន​សេរីភាព​វិញ ដោយសារ​រដ្ឋាភិបាល​បាន​សម្រេច​លុប​កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​(CLV-DTA) តាម​ការ​ទាមទារ​របស់​ពលរដ្ឋ​រួចហើយ។

លោក យិន ម៉េងលី៖ «ដើម្បី​ឱ្យ​ខ្មែរ​ឈ្នះ​ទាំងអស់​គ្នា ខ្មែរ​រួបរួម​គ្នា ខ្មែរ​ខ្លាំង​ទល់​តែ​ដោះលែង​ពួកគាត់​ឱ្យ​មាន​សេរីភាព​មក ហើយ​បញ្ចប់​បញ្ហា​ថា​មាន​ការ​ជាប់​ពន្ធនាគារ ដោយសារតែ​ការ​បញ្ចេញមតិ ដោយសារ​រឿង​CLVនេះ យើង​ដោះលែង​ពួកគាត់​ទាំងអស់​ទៅ ដើម្បី​បើក​លំហ​សេរីភាព យើង​ឃើញ​ទេ​វា​មាន​សារៈសំខាន់​​ណាស់​ចំពោះ​សេរីភាព​បញ្ចេញ​មតិ​ហ្នឹង​ ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​បាន​ទទួល​ព័ត៌មាន​គ្រប់ទិសទី​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស»។

រដ្ឋាភិបាល​ឪពុក​កូន គឺ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត បាន​បើក​យុទ្ធនាការ​បង្ក្រាប​លើ​សំឡេង​ប្រឆាំង និង​ប្រជាពលរដ្ឋ​ដែល​ចេញមុខ​ប្រឆាំង​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​CLV-DTA ជា​បន្តបន្ទាប់។ ប៉ុន្តែ​រដ្ឋាភិបាល​បាន​សម្រេច​លុប​កិច្ចព្រមព្រៀង​មួយ​នេះ​វិញ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពី​ ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​គ្រប់​មជ្ឈដ្ឋាន​បាន​ផ្ទុះ​ការរិះគន់ និង​ចេញ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ ប្រឆាំង​គម្រោង CLV ដែល​ពួកគាត់​បារម្ភ​ថា​ប៉ះពាល់​ដល់​បូរណភាព​ទឹកដី​កម្ពុជា។ ថ្វី​បើ​កម្ពុជា​លុបចោល​គម្រោង​នេះ តែ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​មិនព្រម​ដោះលែង​អ្នកជាប់ឃុំ ដែល​ត្រូវ​បាន​ចាប់ខ្លួន​ដោយសារ​ការ​បញ្ចេញ​មតិ​រឿង​ CLV ឡើយ។

មន្ត្រី​សិទ្ធិមនុស្ស និង​គណបក្សប្រឆាំង ព្រមទាំង​គ្រួសារ​ជន​ជាប់​ឃុំ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បើក​លំហ​សេរីភាព​ពលរដ្ឋ ដោះលែង​អ្នក​ជាប់​ឃុំ​ក្រោម​ហេតុផល​នយោបាយ​ទាំងអស់ ព្រមទាំង​កែទម្រង់​ប្រព័ន្ធ​តុលាការ​ឱ្យ​ប្រសើរ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។