ប្រពន្ធប្រធានគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី បានសម្រាលកូនប្រុសម្នាក់ឯង ខណៈប្តីត្រូវរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ឃុំខ្លួននៅពន្ធនាគារដោយសារហេតុផលនយោបាយ។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស និងមន្រ្តីបក្សប្រឆាំងខ្លោចចិត្តនៅពេលឃើញគ្រួសារអ្នកតស៊ូការពារប្រយោជន៍ជាតិបែរជាត្រូវរស់នៅឃ្លាតគ្នានៅក្នុងគ្រាសំខាន់នេះ។ ពួកគាត់ទទូចឱ្យរដ្ឋាភិបាលដោះលែងមេបក្សជំទាស់រូបនេះ និងអ្នកទោសនយោបាយទាំងអស់ឱ្យមានសេរីភាពឡើងវិញ ។
ប្រពន្ធប្រធានគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី គឺលោកស្រី យាន ស្រីយ៉ាន សម្រាលបានកូនប្រុសម្នាក់ឈ្មោះ ស៊ុន យ៉ានធាន នៅវេលាម៉ោង១ទៀបភ្លឺ ថ្ងៃទី២៨ ខែធ្នូ ស្របពេលតុលាការទើបផ្តន្ទាទោសប្តីដាក់ជាប់ពន្ធនាគារពីរឆ្នាំ និងដកសិទ្ធិមិនឱ្យធ្វើនយោបាយអស់មួយជីវិត។
ប្អូនស្រីរបស់លោកស្រី យាន ស្រីយ៉ាន ប្រាប់វិទ្យុអាស៊ីសេរីថាបងស្រីរបស់កញ្ញា សម្រាលបានកូនប្រុសដោយការវះកាត់ នៅមន្ទីរពេទ្យឯកជនមួយកន្លែងនៅរាជធានីភ្នំពេញ ហើយមកទល់ពេលនេះ ស្ថានភាពជាទូទៅទាំងម្តាយ និងកូនមានសុខភាពល្អ និងសុវត្ថិភាពក្រោយពេលសម្រាលកូនហើយ។ កញ្ញាឱ្យដឹងថាដំណឹងនេះគ្រួសារបានប្រាប់ទៅលោក ស៊ុន ចន្ធី ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារខេត្តពោធិ៍សាត់រួចហើយដែរ។
ចំណែកមន្រ្តី និងសកម្មជនបក្សប្រឆាំងវិញបានបង្ហោះសារនៅលើហ្វេសប៊ុកកោតសរសើរចំពោះលោកស្រី យាន ស្រីយ៉ាន ដែលពុះពារឧបសគ្គសម្រាលកូនម្នាក់ឯងដោយគ្មានវត្តមានប្តីនៅចាំមើលថែ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន ថ្លែងថា ជារឿងគួរឱ្យសង្វេគនៅពេលដែលស្រ្តីសម្រាលកូនម្នាក់ឯង ហើយកូនបើកភ្នែកមិនបានឃើញមុខឪពុក ជាលើកដំបូង ដោយសារតែអាជ្ញាធររដ្ឋាភិបាលចាប់ឃុំខ្លួនមេគ្រួសារដាក់ពន្ធនាគារទាំងអយុត្តិធម៌។ លោកយល់ថា ការចាប់អ្នកនយោបាយដែលគ្មានកំហុសទុកឱ្យរស់នៅព្រាត់ប្រាសពីប្រពន្ធកូនបែបនេះជារឿងមិនត្រឹមត្រូវ និងមិនគួរកើតមាននៅក្នុងសង្គមកម្ពុជាដែលជាប្រទេសប្រកាន់នូវរបបប្រជាធិបតេយ្យនោះទេ។
លោក រ៉ុង ឈុន អំពាវនាវឱ្យរដ្ឋាភិបាលអន្តរាគមន៍ដោះលែងលោក ស៊ុន ចន្ធី រួមជាមួយសកម្មជនទាំងអស់ឱ្យមានសេរីភាពដើម្បីពួកគាត់អាចរស់នៅជួបជុំគ្រួសារ និងមានសិទ្ធិធ្វើនយោបាយឡើងវិញ។
លោក រ៉ុង ឈុន៖«គាត់ឆ្លងទន្លេ(សម្រាលកូន)ហើយប្តីមិនបាននៅក្បែរ បែរជាប្តីនៅក្នុងគុក ដោយមិនមានកំហុសអ្វីបន្តិចសោះ អាហ្នឹងវាជារឿងក្តុកក្តួរសង្វេគ និងតូចចិត្តថាវាមិនគួរកើតឡើងទេនៅក្នុងសង្គមកម្ពុជា។ ខ្ញុំកោតសរសើរស្រីយ៉ាន ចំពោះការលះបង់ក្នុងនាមជាស្រ្តីគម្រូដែលមានសេចក្តីក្លាហាន»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ដើម្បីសុំការឆ្លើយតបជុំវិញរឿងនេះបានទេនៅថ្ងៃទី២៨ ខែធ្នូ។
ទាក់ទងរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មើលឃើញថាអំឡុងពេលស្រ្តីសម្រាលកូនគឺ ជាពេលវេលាសំខាន់គាត់ត្រូវការប្តីនៅជិតផ្តល់កម្លាំងចិត្ត និងមើលថែជាចាំបាច់។ ដូច្នេះលោកថាជាការណ៍ដែលលោក ស៊ុន ចន្ធី ក៏ដូចជាសកម្មជនផ្សេងទៀតត្រូវជាប់ពន្ធនាគារដោយគ្មានកំហុស នៅចំពេលប្រពន្ធសម្រាលកូនទៀតនោះ គឺជារឿងខ្លាចផ្សាបំផុត។
លោក អំ សំអាត៖«អាហ្នឹងវាជាទុក្ខសង្វេគមួយនៅពេលដែលអ្នកនយោបាយគិតថាខ្លួនគ្រាន់តែចូលរួមនៅក្នុងសកម្មភាពជីវភាពនយោបាយត្រូវបានជាប់ពន្ធនាគារ ហើយហ្នឹងធ្វើឱ្យប្រពន្ធមានការគិតមានបញ្ហាផ្លូវអារម្មណ៍ច្រើនទៀតនៅពេលឆ្លងទន្លេ(សម្រាលកូន)ជាដើម»។
ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅដើមខែឧសភា ហើយបច្ចុប្បន្នលោកកំពុងជាប់ឃុំនៅពន្ធនាគារម៤ ក្នុងខេត្តពោធិ៍សាត់។ លោក ស៊ុន ចន្ធី ត្រូវបានតុលាការចោទប្រកាន់ពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ទាក់ទងការបញ្ចេញមតិរិះគន់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចែកប័ណ្ណក្រីក្រជូនពលរដ្ឋមានភាពលម្អៀង និងរើសអើង។
សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៦ ខែធ្នូ បានសម្រេចផ្ដន្ទាទោសឱ្យលោក ស៊ុន ចន្ធី ជាប់ពន្ធនាគារចំនួន២ឆ្នាំ និងពិន័យលុយ៤លានរៀល ឬស្មើប្រមាណ ១ពាន់ដុល្លារអាមេរិក ព្រមទាំងដកសិទ្ធិមិនឱ្យចូលរួម ឬឈរបោះឆ្នោតអស់មួយជីវិត។ ប៉ុន្តែមន្រ្តីសិទ្ធិមនុស្ស និងមជ្ឈដ្ឋានទូទៅចាត់ទុកការសម្រេចក្តីនេះធ្វើឡើងក្រោមហេតុផលនយោបាយ ដើម្បីបង្ក្រាបលើសំឡេងប្រឆាំងដែលនៅសេសសល់ចុងក្រោយនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។