តុលាការកំពូលគ្រោងប្រកាសសាលដីកាលើសំណុំរឿងអតីតប្រធានគណបក្សភ្លើងទៀនក្រុងប៉ោយប៉ែត លោក ចៅ វាសនា នៅថ្ងៃទី២៤ ខែមករា។ គ្រួសារ និងមន្ត្រីអង្គការសង្គមស៊ីវិលស្នើឱ្យតុលាការកំពូលផ្ដល់ភាពស្អាតស្អំដល់លោក ចៅ វាសនា ជាជាងសម្រេចសេចក្ដីដោយលំអៀងផ្នែកនយោបាយ។
តុលាការកំពូលបើកសវនាការ នៅរសៀលថ្ងៃទី២១ ខែមករា លើបណ្ដឹងសាទុក្ខ ដែលលោក ចៅ វាសនា បានប្ដឹងជំទាស់ទៅនឹងសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍បាត់ដំបងបានផ្ដន្ទាទោសលោក ចៅ វាសនា ឱ្យជាប់ពន្ធនាគារចំនួន ៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៦លានរៀល ហើយត្រូវសងសំណងដើមបណ្ដឹងរដ្ឋប្បវេណីចំនួន ៨០លានរៀល ឬប្រមាណ ២ម៉ឺនដុល្លារ ព្រមទាំងដកសិទ្ធិនយោបាយរយៈពេល ៥ឆ្នាំ។
សហមេធាវីការពារក្ដីឱ្យលោក ចៅ វាសនា គឺលោក អែម ចន្ថា ថ្លែងក្នុងសវនាការថា មូលហេតុ ដែលកូនក្ដីរបស់លោកប្ដឹងមកតុលាការកំពូលនេះ គឺដោយសារសាលាដំបូងខេត្តបន្ទាយមានជ័យ និងសាលាឧទ្ធរណ៍បាត់ដំបង មិនបានសម្រេចសេចក្ដីទៅតាមអង្គហេតុពិត។ លោក អែម ចន្ថា លើកឡើងថា បើតាមអង្គហេតុកូនក្ដីរបស់លោកត្រូវបានបុគ្គលឈ្មោះ សយ ឧត្តម បង្កើតតេឡេក្រាមដោយប្រើឈ្មោះ ចៅ វាសនា ហើយបុគ្គលម្នាក់នេះ គឺជាអ្នក ដែលប្រើប្រាស់រូបភាពពីក្នុងតេឡេក្រាម ដើម្បីប្ដឹងកូនក្ដីរបស់លោក។
លោក អែម ចន្ថា ឱ្យដឹងថាក្នុងរឿងនេះមានវិមតិសង្ស័យ និងមិនមានភស្តុតាងគ្រប់គ្រាន់ជាច្រើនសម្រាប់ចោទប្រកាន់ទៅលើកូនក្ដីរបស់លោកនោះទេ ព្រោះថា តុលាការមិនបានឱ្យបុគ្គលឈ្មោះ សយ ឧត្តម នោះមកជជែកដេញដោលនៅក្នុងសវនាការនោះទេ ហើយភស្តុតាងផ្សេងៗ តុលាការយកតែតាមមន្ត្រីនគរបាលយុត្តិធម៌ផ្ដល់ឱ្យប៉ុណ្ណោះ។
ដោយឡែក លោក ចៅ វាសនា បានបញ្ជាក់ទៅកាន់ចៅក្រមជំនុំជម្រះថា អង្គហេតុ ដែលបានចោទប្រកាន់លើរូបលោក គឺជាការប្រឌិតឡើងប៉ុណ្ណោះ។ ទោះជាយ៉ាងណាក្ដី ចៅក្រមជំនុំជម្រះមិនបានឱ្យលោក ចៅ វាសនា លើកឡើងសំណូមពរចុងក្រោយនោះទេ។
ប្រធានចៅក្រមជំនុំជម្រះ លោក សាលី ធារ៉ា បិទបញ្ចប់សវនាការ និងសម្រេចប្រកាសសាលដីកានៅរសៀលថ្ងៃទី២៤ ខែមករា។ ក្នុងសវនាការនេះ ក៏មានមន្ត្រីឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា និងមន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ ចូលរួមឃ្លាំមើលដែរ។
នៅខាងក្រៅសវនាការឯណេះវិញ មានពលរដ្ឋ និងអ្នកនយោបាយប្រមាណ ៣០នាក់ បានមកគាំទ្រលោក ចៅ វាសនា ក្នុងនោះ មានរួមទាំងទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ប្រធានស្ដីទីគណបក្សកម្លាំងជាតិ លោក ជា មុនី និងប្រពន្ធលោក ថាច់ សេដ្ឋា គឺលោកស្រី ថាច់ សុខបូរ៉ានី ជាដើម។
ប្រធានស្ដីទីគណបក្សកម្លាំងជាតិ លោក ជា មុនី លើកឡើងថា លោកមិនមានក្ដីរំពឹងថា តុលាការកំពូលនឹងផ្ដល់យុត្តិធម៌ឱ្យនោះទេ លោក ចៅ វាសនា ព្រោះថា ប្រព័ន្ធតុលាការនៅកម្ពុជាកម្រផ្ដល់ភាពស្អាតស្អំដល់ពលរដ្ឋខ្មែរក្រីក្រ សកម្មជននយោបាយប្រឆាំង និងសកម្មជនសង្គមនោះឡើយ។
លោក ជា មុនី៖«អត់មានសង្ឃឹមៗ ទេ ជឿខ្ញុំទៅរឿងអ្នកប្រជាធិបតេយ្យ រឿងបក្សប្រឆាំង កម្រនឹងសង្ឃឹមបានយុត្តិធម៌ណាស់ កម្រណាស់»។
កូនស្រីរបស់លោក ចៅ វាសនា គឺអ្នកស្រី ចៅ រតនៈ លើកឡើងថា ឪពុករបស់អ្នកស្រីតែងតែបង្ហាញពីភាពស្អាតស្អំនៅក្នុងតុលាការ បើទោះជាកន្លងមក តុលាការមិនដែលផ្ដល់យុត្តិធម៌ដល់ឪពុកអ្នកស្រីក៏ដោយ។ អ្នកស្រីថា តុលាការគួរបើកចិត្តក្នុងនាមជាខ្មែរដូចគ្នា និងសម្រេចសេចក្ដីដោយផ្អែកលើការពិតជាជាងការកាត់ក្ដីតាមអ្នកនយោបាយ។
អ្នកស្រី ចៅ រតនៈ៖«តុលាការយើងនៅប្រកាន់ ដោយសារគាត់នៅក្នុងគណបក្សប្រឆាំង។ គាត់តែងតែលើកឡើងនៅក្នុងសវនាការសួរថា ការមិនរកយុត្តិធម៌ជូនគាត់ ដោយសារគាត់នៅក្នុងបក្សប្រឆាំង ឬបែបមិញនេះ គឺជាសំណួរ ដែលឪពុករបស់ខ្ញុំចង់សួរទៅតុលាការទាំងអស់ ទាំងសាលាដំបូង សាលាឧទ្ធរណ៍ និងតុលាការកំពូលគាត់រំពឹងថា សាលាទាំងអស់គ្នានេះ គឺជាខ្មែរទាំងអស់គ្នា»។
ជុំវិញករណីនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាតមានប្រសាសន៍ថា ការចោទប្រកាន់ទៅលើលោក ចៅ វាសនា ដោយផ្អែកតែទៅលើបណ្ដាញសង្គមតេឡេក្រាម គឺបង្ហាញថា មិនមានភស្តុតាងរឹងមាំនោះទេ ខណៈដែលកន្លងមកអង្គការជាតិ និងអន្តរជាតិកត់សម្គាល់ថា ការចោទប្រកាន់ និងការកាត់ទោសលើលោក ចៅ វាសនា គឺជារឿងនយោបាយ។
លោក អំ សំអាត៖«អ៊ីចឹងករណីយើងឃើញថា ម្ដងជាពីរដងហើយ ដែលលោក ចៅ វាសនា ត្រូវបានចោទប្រកាន់ ត្រូវបានឃុំខ្លួន ហើយដែលគេលើកឡើងថា ការចោទប្រកាន់លើលោក ចៅ វសនា នេះ គឺជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់ជាដើម»។
អាជ្ញាធរខេត្តបន្ទាយមានជ័យ បានចាប់ខ្លួនប្រធានគណបក្សភ្លើងទៀនក្រុងប៉ោយប៉ែត លោក ចៅ វាសនា ដែលមានដើមកំណើតខ្មែរក្រោមជាលើកទីពីរ កាលពី ខែកក្កដា ឆ្នាំ២០២៣ ក្រោមការចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឱ្យមានការរើសអើង ពាក់ព័ន្ធនឹងរឿងរ៉ាវនៃការធ្វើយុទ្ធនាការឱ្យពលរដ្ឋគូសខ្វែង សន្លឹកឆ្នោត។ទោះជាយ៉ាងណាក្ដី សាច់ញាតិ សកម្មជនបក្សប្រឆាំង និងមន្ត្រីអង្គការសង្គមស៊ីវិល ចាត់ទុកការចាប់ឃុំខ្លួន និងការផ្ដន្ទាទោសលោក ចៅ វាសនា ថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយលើសកម្មជនបក្សប្រឆាំង៕
