មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ លោក ជុំ សែនសន្ទា បានកោះហៅមេធាវីនៃសមាគមអាដហុក ដែលការពារក្ដីឱ្យ លោក សុខ ស៊ុនណារ៉េត គឺ អ៊ឹម ផាន់ណា ឱ្យចូលខ្លួន នៅសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីជំនុំជម្រះក្ដី ករណីស្នើឱ្យកូនក្ដី លោក សុខ ស៊ុនណារ៉េត ឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន នៅថ្ងៃទី១៦ មករា វេលាម៉ោង ២រសៀល នៅបន្ទប់សវនាការទី២ ជាកំណត់។
ដីកាកោះចុះថ្ងៃទី១០មករា ដែលវិទ្យុអាស៊ីសេរីទទួលបាន កាលពីថ្ងៃទី១៥ មករា ឱ្យដឹងថា សភាស៊ើបសួរសាលាឧទ្ធរណ៍នឹងធ្វើការពិភាក្សាដេញដោលលើបណ្ដឹងឧទ្ធរណ៍របស់មេធាវី ការពារសិទ្ធិត្រូវចោទ ឈ្មោះ សុខ ស៊ុនណារ៉េត ដែលបានប្ដឹងឧទ្ធរណ៍នឹងដីកាសម្រេចមិនព្រមដោះលែងឱ្យនៅក្រៅឃុំ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ របស់ចៅក្រមស៊ើបសួរសាលាដំបូងខែត្រកំពង់ស្ពឺ ពីបទ "រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន" ប្រព្រឹត្តិនៅភូមិដក់ពរ សង្កាត់ ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខែត្រកំពង់ស្ពឺ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងលោក អ៊ឹម ផាន់ណា ជាមេធាវីការពារក្ដីឱ្យលោក សុខ ស៊ុនណារ៉េត ដើម្បីសុំសួរអំពីបញ្ហានេះបន្ថែមបានទេ កាលពីយប់ថ្ងៃទី១៥ មករា។
ចៅក្រមស៊ើបសួរ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ បានសម្រេចបន្តឃុំឪពុករបស់លោក ស៊ន តារា គឺលោក សុខ ស៊ុនណារ៉េត នៅក្នុងពន្ធនាគារ ដើម្បីរក្សាជនត្រូវចោទបន្តនីតិវិធីតុលាការ។
ការសម្រេចឃុំខ្លួននេះ បន្ទាប់ពី កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាប់ខ្លួនលោក សុខ ស៊ុនណារ៉េត កាលពីថ្ងៃទី១៣ ខែវិច្ឆិកា អំឡុងពេលមេបញ្ជាការភូមិភាគ៣ បានហៅលោកឱ្យទៅជួប។
តុលាការខេត្តកំពង់ស្ពឺបានចោទប្រកាន់លោក ពាក់ព័ន្ធការរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងបញ្ជូនទៅឃុំបណ្ដោះអាសន្ននៅពន្ធនាគារខេត្តនេះ។ ប៉ុន្តែ លោក សុខ ស៊ុណារ៉េត បដិសេធការចោទប្រកាន់ ដោយអះអាងថា លោកមិនបានដឹងរឿងនេះ តាំងពីដំបូងរហូតដល់ចាប់ខ្លួន និងមិនពាក់ព័ន្ធអង្គហេតុចោទប្រកាន់នោះទេ។
លោក សុខ ស៊ុនណារ៉េត បានប្រាប់តុលាការថា លោកជាមនុស្សស្អាតស្អំ ដោយមិនបានរក្សាទុកសារធាតុញៀន ដែលត្រូវបានចោទប្រកាន់នោះទេ ស្របពេលលោកជាអតីតយោធិន ចូលបម្រើការងារជូនជាតិដោយភក្ដីភាព ស្ទើរពេញមួយជីវិត ដោយបន្សល់ទុកនូវស្នាមរបួស និងជំងឺរ៉ាំរ៉ៃមកទល់សព្វថ្ងៃ។
ក្រោយពីចាប់ខ្លួន លោក ស៊ន តារា ដែលកំពុងរស់នៅប្រទេសបារាំង បានបង្ហោះសារនៅលើហ្វេកបុករំលឹកថា អាជ្ញាធរចាប់ខ្លួនឪពុករបស់លោក យកទៅធ្វើជាចំណាប់ខ្មាំងនយោបាយ នៅពេលរបបត្រកូល ហ៊ុន មិនអាចធ្វើអ្វីលើរូបលោក ដែលកំពុងរស់នៅប្រទេសបារាំង។
លោក ស៊ន តារា ធ្លាប់អះអាងថា លោកនឹងធ្វើយុទ្ធនាការស្វែងរកយុត្តិធម៌តាមបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីដាក់សម្ពាធឱ្យរដ្ឋាភិបាលត្រកូល ហ៊ុន ដោះលែងឪពុករបស់លោកឱ្យមានសេរីភាពក្នុងពេលឆាប់ខាងមុខនេះ៕
