គ្រួសារមន្ត្រីបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារនៅខេត្តពោធិ៍សាត់លើកឡើងថា ស្ថានភាពជំងឺភ្នែករបស់លោក តូច ថឹង រើឡើងវិញបន្ទាប់ពីទទួលបានការវះកាត់បាតភ្នែករយៈពេលជិត ២ឆ្នាំ តែដោយសារកង្វះការយកចិត្តទុកដាក់ និងថែទាំពីមន្ត្រីពន្ធនាគារធ្វើឱ្យភ្នែកលោក តូច ថឹង ម្ខាងមើលមិនឃើញ។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា មន្ត្រីពន្ធនាគារខេត្តពោធិ៍សាត់ និងអាជ្ញាធរពាក់ព័ន្ធមិនបញ្ជូនលោក តូច ថឹង មកព្យាបាលភ្នែកឱ្យបានត្រឹមត្រូវ គឺជាការរំលោភសិទ្ធិលើជនជាប់ឃុំ។
ប្រពន្ធមន្ត្រីបក្សភ្លើងទៀនព្រួយបារម្ភពីស្ថានភាពភ្នែកប្ដីលោកស្រីអាចប្រឈមនឹងខ្វាក់មើលមិនឃើញដោយសារតែមិនទទួលបានការព្យាបាលដិតដល់ពីមន្ត្រីពន្ធនាគារនៅខេត្តពោធិ៍សាត់។
ប្រពន្ធលោក តូច ថឹង គឺលោកស្រី ហាញ់ សុវណ្ណា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២១ ខែធ្នូ ថា ជំងឺភ្នែកប្ដីលោកស្រីកាន់តែធ្ងន់ធ្ងរ និងប្រឈមមើលលែងឃើញដោយសារមន្ត្រីពន្ធនាគារមិនអនុញ្ញាតឱ្យប្ដីលោកស្រីមកព្យាបាលនៅមន្ទីរពេទ្យខាងក្រៅតាមការណែនាំរបស់គ្រូពេទ្យ។ លោកស្រីនៅតែលើកឡើងថា ការចាប់ប្ដីលោកស្រីដាក់ពន្ធនាគារ គឺជារឿងនយោបាយមិនមែនជាការអនុវត្តច្បាប់នោះទេ ពីព្រោះប្ដីលោកស្រីមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់របស់តុលាការនោះឡើយ។
លោកស្រី ហាញ់ សុវណ្ណា៖«ខ្ញុំថា ខ្ញុំទទួលអត់បានទេពីព្រោះគ្រួសារខ្ញុំអត់មានកំហុសទោសនយោបាយហ្នឹងគាត់មានអីខុសមុននឹងធ្វើគាត់គិតហើយបានគាត់ធ្វើគាត់គិតថា ផ្លូវហ្នឹងអាចទៅរួចបានគាត់ធ្វើមិនអាចថា គាត់ធ្វើខុសច្បាប់ទេ។ តុលាការគិតថា គាត់ធ្វើខុសគិតថា គាត់បន្លំមេដៃស្នាមមេដៃរឿងហ្នឹងខ្ញុំអត់ទទួលទេហើយគ្រួសារខ្ញុំក៏គាត់អត់ទទួលដែលពីព្រោះគាត់ថា គាត់អត់បានធ្វើគាត់អត់បានធ្វើទេតុលាការចោទគាត់ទៅនយោបាយទេ»។
មន្ត្រីបក្សភ្លើងទៀន លោក តូច ថឹង ត្រូវបានអាជ្ញាធរចាប់ខ្លួនរួមជាមួយមន្ត្រីបក្សភ្លើងទៀនពីររូបផ្សេងទៀត គឺ លោក ខឿន វីរ៉ាត់ និងអ្នកស្រី នូ សុទ្ធារី កាលពីថ្ងៃទី២៤ ខែមីនា ក្រោយតុលាការក្រុងភ្នំពេញកាត់ទោសពួកគេឱ្យជាប់ពន្ធនាគារ ២ឆ្នាំពីបទក្លែងបន្លំឯកសារក្នុងការបង្កើតគណបក្សបេះដូងជាតិ កាលពីឆ្នាំ២០២១។
ក្រោយមកគ្រួសារ និងមេធាវីការពារក្ដីលោក តូច ថឹង បានដាក់ពាក្យស្នើសុំឱ្យតុលាការដោះលែងរូបលោកឱ្យនៅក្រៅឃុំបណ្ដោះអាសន្នដើម្បីព្យាបាលភ្នែក។ កាលពីខែសីហា ឆ្នាំ២០២៣ មន្ត្រីពន្ធនាគារព្រៃសបានបញ្ជូនលោក តូច ថឹង ទៅពិនិត្យជំងឺភ្នែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បន្ទាប់ពីលោក និងគ្រួសារស្នើសុំអស់រយៈពេលជាច្រើនខែ។ ក្រោយពេលវះកាត់ភ្នែករួចគ្រូពេទ្យឯកទេសភ្នែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តម្រូវឱ្យលោក តូច ថឹង សម្រាកព្យាបាលរយៈពេល៣ទៅ ៤សប្តាហ៍ និងតម្រូវឱ្យទៅពិនិត្យភ្នែកតាមការណាត់ជួបរបស់គ្រូពេទ្យ។ ប៉ុន្តែអាជ្ញាធរមិនអនុញ្ញាតឱ្យលោកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយបញ្ជូនលោកទៅឃុំនៅពន្ធនាគារព្រៃសវិញ។
លុះដល់កាលខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយពីតុលាការកំពូលបដិសេធបណ្ដឹងស្នើសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់លោក តូច ថឹង លោកត្រូវបានមន្ត្រីពន្ធនាគារបញ្ជូនទៅឃុំនៅមណ្ឌលអប់រំកែប្រែម៤ ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់រហូតដល់ពេលបច្ចុប្បន្ន។ ។
ទាក់ទងរឿងនេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក ឃៀង សុណាឌីន ឆ្លើយប្រាប់វិទ្យុអាស៊ីសេរីតាមបណ្ដាញសង្គមតេឡេក្រាមយ៉ាងខ្លីថា ឱ្យក្រុមគ្រួសារជនជាប់ឃុំទាក់ទងទៅអង្គភាព ប៉ុន្តែលោកមិនបានបញ្ជាក់ថា អង្គភាពមួយណានោះទេ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ជនជាប់ឃុំទាំងអស់មានសិទ្ធិទទួលបានការព្យាបាលជំងឺដូចមនុស្សទូទៅដែរ។ លោកបន្តថា ប្រសិនបើជនជាប់ឃុំណាម្នាក់មានជំងឺហើយមន្ត្រីពន្ធនាគារ ឬពេទ្យនៅក្នុងពន្ធនាគារមិនបញ្ជូនមកព្យាបាលតាមការស្នើសុំរបស់សាច់ញាតិទេនោះ វាគឺជាការរំលោភសិទ្ធិលើជនជាប់ឃុំ។
លោក អំ សំអាត៖«តុលាការគួរតែពិនិត្យ និងពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយទៅលើការសម្រេចណាមួយក៏ដូចជា ការឃុំខ្លួនទៅសកម្មជនណាមួយដើម្បីចៀសវាងដើម្បីកុំមានការរិះគន់។ កន្លងមកយើងឃើញហើយថា ការរិះគន់ពាក់ព័ន្ធនឹងប្រព័ន្ធយុត្តិធម៌នៅកម្ពុជាយើងក៏មានការរិះគន់ច្រើនដែរ។ អ៊ីចឹងឃើញចង់ការឃុំខ្លួន ការចោទប្រកាន់ គឺឈរទៅលើភស្តុតាងបានន័យថា ប្រព្រឹត្តពិតប្រាកដដើម្បីចៀសវាងការរំលោភបំពានទៅលើសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ»។
រយៈពេលនៃការឃុំខ្លួនលោក តូច ថឹង នឹងត្រូវផុតកំណត់នៅខែមីនា ឆ្នាំ២០២៥ ខាងមុខ។ ទោះជាយ៉ាងណាគ្រួសារ ស្នើឱ្យរដ្ឋាភិបាលបញ្ឈប់ធ្វើទុក្ខបុកម្នេញ និងដោះលែងលោក តូច ថឹង ជាបន្ទាន់ដើម្បីអាចឱ្យពួកគាត់យកលោក តូច ថឹង ទៅព្យាបាលភ្នែកពីព្រោះស្ថានភាពភ្នែកលោក តូច ថឹង ដែលបានវះកាត់កាន់តែធ្ងន់ធ្ងរ ហើយអាចឆ្លងទៅភ្នែកម្ខាងទៀតដែលអាចបណ្ដាលឱ្យលោកពិការភ្នែកទាំងសងខាង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
