អ្នកឃ្លាំមើល​ថា ភាព​លេចធ្លោ​របស់​បក្ស​កម្លាំង​ជាតិ​ក្លាយ​ជា​គោលដៅ​បក្ស​កាន់​អំណាច​តាម​ធ្វើ​ទុក្ខបុកម្នេញ

0:00 / 0:00

អ្នកឃ្លាំមើល​ថា សកម្មភាព​លេចធ្លោ​របស់​គណបក្សកម្លាំងជាតិ​ដែល​ជាបក្ស​ប្រឆាំង​នាំមុខគេ​កំពុង​ក្លាយ​ជាគោលដៅ​សម្រាប់​គណបក្សកាន់អំណាច​តាម​ធ្វើទុក្ខបុកម្នេញ។ មេដឹកនាំ​បក្ស​នេះ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បក្សកាន់អំណាចបញ្ឈប់​ការធ្វើទុក្ខបុកម្នេញ​សំឡេងប្រឆាំង ហើយ​ងាកទៅ​បើក​លំហលទ្ធិប្រជាធិបតេយ្យ និង​រៀបចំ​ការបោះឆ្នោត​ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

គណបក្សកម្លាំងជាតិ​កំពុង​ចុះរៀបចំ​រចនាសម្ព័ន្ធ និង​បង្កើន​សកម្មភាព​តស៊ូមតិយ៉ាងផុលផុស​ដែល​ធ្វើឱ្យ​មន្រ្តី​គណបក្ស​ប្រឆាំង​មួយ​នេះ​ក្លាយ​ជា​គោលដៅ​របស់​បក្ស​កាន់​អំណាច​តាម​កម្ចាត់​ឥតស្រាកស្រាន្ត។

ប្រធាន​អង្គការ​លទ្ធិប្រជាធិបតេយ្យ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​(Australia) លោក ស៊ឹង សែនករុណា មើលឃើញ​ថា សន្ទុះ​គណបក្ស​កម្លាំង​ជាតិ​ដែល​មាន​មន្រ្តី​ភាគ​ច្រើន​មក​ពី​បក្ស​ប្រឆាំង​ភ្លើង​ទៀន សង្គមស៊ីវិល និង​មេសហជី តែងតែ​ចេញមុខ​តតាំង ទាមទារ​យុត្តិធម៌​នៅក្នុង​សង្គម​រហូត​ពួកគេ​ទទួលបាន​សំឡេងគាំទ្រ​ពី​ពលរដ្ឋច្រើន ដែល​ធ្វើឱ្យ​គណបក្ស​កាន់អំណាច​ប្រើល្បិច​តាម​កម្ចាត់ និង​ធ្វើទុក្ខបុកម្នេញ​ជាបន្តបន្ទាប់។ យ៉ាងណា លោក ស៊ឹង សែនករុណា កោត​សរសើរ​ចំពោះ​ការការប្តេជ្ញាចិត្ត​របស់​មន្រ្តី​បក្សកម្លាំង​ជាតិ​ដែល​ក្លាហាន​នៅ​ប្រឈម​ឧបសគ្គ​ដូច​សព្វថ្ងៃ។ ម្យ៉ាងទៀត​​លោក​​ផ្តល់​យោបល់​ដល់​អ្នក​នយោបាយ​គួរ​រួមសាមគ្គីគ្នា​ដើម្បី​ពង្រឹង​កម្លាំង​អ្នកប្រជាធិបតេយ្យ​ឱ្យ​កាន់តែ​រឹងមាំ ឆ្ពោះ​សម្រេច​គោលដៅ​គឺ​ការ​ផ្លាស់ប្តូរ​ជាវិជ្ជមាន។

លោក ស៊ឹង សែនករុណា៖«គណបក្សកាន់អំណាច​ទៀតសោត​ត្រូវតែ​បញ្ឈប់​ការ​ប្រើប្រាស់​នយោបាយ​ទុច្ចរិតធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​គណបក្ស​ជា​គូប្រជែង​ទាំងអស់​ហ្នឹង ត្រូវ​ក្លាហាន​ប្រកួតប្រជែង​ត្រឹមត្រូវ ដោយ​ស្មោះត្រង់ ចំពោះ​ប្រជាពលរដ្ឋ ចំពោះមុខ​អន្តរជាតិ ដោយ​បើកលំហ​នយោបាយ ដោយ​រៀបចំ​ការបោះឆ្នោត​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ឡើងវិញ»។

ការ​លើកឡើង​នេះបន្ទាប់​ពី​មន្រ្តី​គណបក្ស​កម្លាំង​រង​ការ​ធ្វើទុក្ខបុកម្នេញ​ពីសំណាក់​អាជ្ញាធរ និង​ប្រព័ន្ធ​តុលាការ​របស់​គណបក្ស​កាន់អំណាច​កាន់​តែ​ខ្លាំង។ ជាឧទាហរណ៍ ប្រធាន​គណបក្ស​លោក ស៊ុន ចន្ធី ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​២ឆ្នាំ និង​បិទ​សិទ្ធិ​ធ្វើ​នយោបាយ​អស់​មួយជីវិត។ ចំណែក​មន្រ្តី​មួយចំនួន​ទៀត​ត្រូវ​រង​បណ្តឹង​នៅ​តុលាការ ខណៈ​ខុទ្ទកាល័យ និង​ជា​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​កម្លាំងជាតិស្ថិត​ក្នុង​ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ ត្រូវបង្ខំ​ចិត្ត​រើចេញ បន្ទាប់ពី​ម្ចាស់ផ្ទះ​រង​នូវ​ការគំរាមកំហែង​ពី​អាជ្ញាធរ​មូលដ្ឋាន។

គណបក្ស​កម្លាំងជាតិ​បាន​បង្កើតឡើង​ដោយ​អតីតមន្ត្រីជាន់ខ្ពស់​គណបក្សភ្លើងទៀន កាល​ពី​ខែ​វិច្ឆិកាឆ្នាំ​២០២៣ បន្ទាប់ពី​អតីត​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ឲ្យ​បក្សភ្លើងទៀន​ចូលរួម​ការ​បោះឆ្នោត។

កន្លង​មក​មន្រ្តី និង​សកម្មជនគណបក្សកម្លាំងជាតិ​នៅតែ​ជំនេះ​ប្រមូលផ្តុំ​សកម្មជន អ្នកគាំទ្រ​ចេញ​ធ្វើ​បាតុកម្ម និង​តស៊ូមតិ​ទៅ​តាមរូបភាព​ផ្សេងៗ ដើម្បី​ទាមទារឱ្យ​រដ្ឋាភិបាល​បើកលំហសេរីភាព​ពលរដ្ឋ ស្តារប្រជាធិបតេយ្យ និង​ដោះលែង​អ្នកទោស​នយោបាយ​ជាដើម។

ទោះយ៉ាងបី​ជួបបញ្ហា​បែបនេះ​ក្តី មេដឹកនាំ​បក្សកម្លាំងជាតិ​នៅតែ​បន្ត​សកម្មភាពមោះមុត​សំដៅ​ឆ្ពោះទៅ​រក​ការបោះឆ្នោត​នៅ​ឆ្នាំ២០២៧ និង​២០២៨ ខាងមុខ។ ជាក់ស្តែង​ថ្នាក់ដឹកនាំ និង​សកម្មជន​គណបក្សកម្លាំងជាតិ​ជាង​៧០០នាក់ បាន​ជួបជុំគ្នា​រៀបចំពិធី​សំណេះសំណាល និង​សម្ពាធ​ទីស្នាក់ការ​គណបក្ស​ប្រចាំ​ខេត្ត​បាត់ដំបង ស្ថិត​នៅ​សង្កាត់​អូរចារ នៅ​ថ្ងៃ​ទី២៩ ខែធ្នូ។

ទីប្រឹក្សា​គណបក្សកម្លាំងជាតិ​លោក រ៉ុង ឈុន ថ្លែង​ទៅកាន់​អ្នកគាំទ្រ​ថា​ គណបក្សកម្លាំងជាតិ​បាន​រង​ការធ្វើទុក្ខបុកម្នេញ​ឥតឈប់​ គឺ​បង្ហាញ​ឱ្យ​ឃើញ​គណបក្ស​នេះ​កំពុង​ដើរ​លើ​បន្ទត់​នយោបាយ​ត្រូវ និង​ជា​ក្តីសង្ឃឹម​របស់​ពលរដ្ឋខ្មែរ​សម្រាប់​ការបោះឆ្នោត​នៅពេល​ខាងមុខ។ លោក​បញ្ជាក់​ថា លោក និង​ថ្នាក់ដឹកនាំ​នៅ​ជាមួយ​ពលរដ្ឋ​ស្លូតត្រង់ ហើយ​បន្ត​និយាយ​ការពិត​ក្នុង​ការ​ធ្វើ​សកម្មភាព​ទាមទារ​យុត្តិធម៌ និង​ប្រជាធិបតេយ្យ​ពិតប្រាកដ។

លោក រ៉ុង ឈុន៖«គណបក្សកម្លាំងជាតិ​អត់​មាន​ទឹកលុយ​ទេ តែ​មាន​ទឹកចិត្ត មាន​ឧត្តមគិត មាន​មនសិការ នេះ​ជា​មូលដ្ឋាន​ឆ្ពោះ​ទៅ​ភាពជោគជ័យ​នៅ​ឆ្នាំ២០២៧ និង​២០២៨ ខាងមុខ ជយោគណបក្ស​កម្លាំងជាតិ!»។

ចំណែក​ចៅសង្កាត់​រងទី២​នៅ​សង្កត់អូរចារ ក្រុងបាត់ដំបង គឺ​អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សេត លើកឡើង​ថា មូលហេតុ​ដែល​អ្នកស្រី និង​ប្រជាពលរដ្ឋ​នាំគ្នា​ចេញ​មុខ​គាំទ្រ​គណបក្សកម្លាំងជាតិ​ចំណាយ​កម្លាំង​កាយ​ចិត្ត និង​ការប្តេជ្ញាចិត្ត​ខ្ពស់ គឺ​កើត​ចេញ​ពី​ទឹកចិត្ត​ស្មោះត្រង់ និង​ចង់​ឱ្យ​សង្គម​មាន​យុត្តិធម៌។ អ្នកស្រី​បញ្ជាក់​ថា ទោះបីជា​ កន្លងទៅ​អ្នកប្រជាធិបតេយ្យ​រងគ្រោះ​យ៉ាងណា​ក្តី ក៏​អ្នកប្រជាធិបតេយ្យ​​ដែល​គោរពឆន្ទៈ​​ពលរដ្ឋ​​មិន​សាបសូន្យ​ពី​ឆាក​នយោបាយ​កម្ពុជា​នោះឡើយ។ អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សេត អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងក្នុង និង​ក្រៅប្រទេស ចូលរួម​គាំទ្រ​គណបក្សកម្លាំងជាតិ​ឱ្យ​បាន​កាន់តែ​ច្រើន​ថែមទៀត។

អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សេត៖«ទៅ​កន្លែងណា​ក៏​ដោយ​ឱ្យតែ​ជា​ពន្លឺ​យុត្តិធម៌ យើង​គាំទ្រ​ជានិច្ច មែនទេ​បងប្អូន អ៊ីចឹង​កុំ​ឆ្ងល់​ឱ្យតែ​រ៉ូហ្សេត​នៅ​ស្មោះត្រង់​​នឹង​​ពលរដ្ឋ​នៅ​សង្កាត់​អូរចារ ឱ្យតែ​គណបក្សកម្លាំងជាតិ​នៅ​ស្មោះត្រង់​នឹង​ជាតិ ស្មោះត្រង់​នឹង​ប្រជាពលរដ្ឋខ្មែរគាំទ្រទៅ​គឺ​អត់​ខុស​បំណង​ទេ​ពូមីង ទោះបី​ដំណើរ​តស៊ូ​យើង​យឺតយូរ​យ៉ាងណាក្តី កុំ​អស់​សង្ឃឹម ចាប់ដៃ​គ្នា សាមគ្គីគ្នា​ឆ្ពោះ​ទៅមុខ​ ដើម្បី​ក្មេង​ជំនាន់ក្រោយ និង​ដើម្បី​ជាតិ​មាតុភូមិ​របស់​យើង»។

ទាក់ទងរឿងនេះ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​លោក សុខ ឥសាន លើកឡើង​ថា​បក្ស​របស់​លោក​គ្មាន​អ្វី​ត្រូវ​បារម្ភ​ចំពោះ​សកម្មភាព​របស់​គណបក្សកម្លាំងជាតិ​ដែល​ជា​បក្ស​ទើប​បង្កើត​ថ្មី​នោះទេ។ ជាមួយគ្នានេះ លោក សុខ ឥសាន បាន​ច្រានចោល​ចំពោះ​ការចោទ​ថា ការចាប់ខ្លួន​មេបក្សកម្លាំងជាតិ​ដាក់​ពន្ធនាគារ​កន្លងមក​ជា​ការគំរាមកំហែង​លើ​​គូប្រជែង។

លោក សុខ ឥសាន៖«កុំនិយាយ​ថា​គេ​(បក្សកាន់អំណាច)​​គំរាមកំហែង គេ​ភ័យ​ខ្លាច​​នោះ អា​ភ័យខ្លាច​នេះ​ជា​រូបមន្ត ជា​ទ្រឹស្តី​របស់​បក្សប្រឆាំង​តើ មេបក្សប្រឆាំង​ដែល​ខ្លាំង​បំផុត​ គឺ​រត់​ទៅ​ដេក​នៅ​ស្រុក​បារាំង​ហើយ ហើយ​ថា​អ្នក​នៅ​ក្នុង​ស្រុក​ភ័យ ចុះខ្លួនឯង​រត់​ហ្នឹង​អត់​ថា​ភ័យខ្លាច​ទេ»។

អ្នកឃ្លាំមើល និង​មន្ត្រី​សិទ្ធិមនុស្ស​ថាការ​រឹតត្បិត​សិទ្ធិសេរីភាព​ផ្នែក​នយោបាយ ការចាប់​អ្នក​នយោបាយ​ដាក់​ពន្ធនាគារ​កន្លងមក​មិនមែន​ជា​ការអនុវត្តច្បាប់​នោះទេ ប៉ុន្តែ​អ្នកកាន់អំណាច​ប្រើ​ប្រព័ន្ធតុលាការ​ធ្វើទុក្ខបុកម្នេញ​លើ​សំឡេង​ប្រឆាំង និង​បំបិទមាត់​អ្នករិះគន់​រដ្ឋាភិបាល។

អ្នកឃ្លាំមើល​លើកឡើង​ថា ការណ៍​ដែល​រដ្ឋាភិបាល​ត្រកូលហ៊ុន តាម​ធ្វើទុក្ខបុកម្នេញ និង​បញ្ចប់​ជីវិត​នយោបាយ​របស់​មេដឹកនាំ​បក្សប្រឆាំង​ដែល​ជាដៃគូ​ប្រកួតប្រជែង​នោះ គឺ​ជា​យុទ្ធសាស្រ្ត​នយោបាយ​ស្មោគគ្រោក ដើម្បី​វែក​ផ្លូវ​ឱ្យ​លោក ហ៊ុន ម៉ាណែត បន្ត​កាន់អំណាច​ដោយ​គ្មាន​គូប្រជែង។ ពួកគាត់​ចង់ឃើញ​អ្នកនយោបាយ​បក្សប្រឆាំង​បង្កើត​ការប្តេជ្ញាចិត្ត និង​រួបរួមគ្នា​យក​ឈ្នះ​គណបក្សកាន់អំណាច ទើប​កម្ពុជា​ស្គាល់​នូវ​ប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍ​ប្រទេស​ពិត​ប្រាកដ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។