ពលរដ្ឋ​គាំទ្រ​ការ​ផ្ដន្ទាទោស​ធ្ងន់ធ្ងរ​លើ​អតីត​ឧកញ៉ា ស្រី ស៊ីណា ដែល​បាញ់​សម្លាប់​គូ​ស្នេហ៍​វ័យ​ក្មេង

ពលរដ្ឋ​មួយ​ចំនួន​គាំទ្រ​ការ​សម្រេច​របស់​តុលាការ​ចំពោះ​ការ​ផ្ដន្ទាទោស​អតីត​ឧកញ៉ា ស្រី ស៊ីណា ដែល​បាន​បាញ់​សម្លាប់​គូស្នេហ៍​វ័យ​ក្មេង​មួយ​គូ ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ៣១ឆ្នាំ និង​សង​សំណង​ជំងឺ​ចិត្ត ដល់​សាច់ញាតិ​ជនរងគ្រោះ​បាត់បង់ជីវិត រួម​ទាំង​អ្នក​រង​របួស​សរុប​ជាង ២លាន​ដុល្លារ។ ពួកគាត់ ក៏​ស្នើ​ដល់​តុលាការ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឲ្យ​ស្រាវជ្រាវ​រក​ម្ចាស់​ប្រភព នៃ​អាវុធ​របស់​ជន​ល្មើស​ផង​ដែរ។

ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស គាំទ្រ​តុលាការ ក្នុង​ការ​សម្រេច​ផ្ដន្ទាទោស​ធ្ងន់ធ្ងរ​លើ​អតីត​ឧកញ៉ា ស្រី ស៊ីណា ដែល​បាន​ប្រើប្រាស់​អាវុធ​បាញ់ បណ្ដាល​ឲ្យ​គូ​ស្នេហ៍​វ័យ​ក្មេង​ជិត​ដល់​ថ្ងៃ​រៀបការ​មួយគូ​បាត់បង់​ជីវិត និង​មនុស្ស​២​នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់។

ពលរដ្ឋ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ លោក សុះ សល់ ប្រាប់​អាស៊ីសេរី​ថា ការ​ផ្ដន្ទាទោស​ធ្ងន់ធ្ងរ​លើ​ករណី​ឃាតកម្ម​ឃោរឃៅ​ប្រព្រឹត្ត​ដោយ​អតីត​ឧកញ៉ា ស្រី ស៊ីណា ជា​ការ​សម្រេច ដែល​អាច​ទទួល​យក​បាន។ លោក​ស្នើ​ដល់​តុលាការ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​បន្ត​ស្រាវជ្រាវ​រក​ឲ្យ​ឃើញ​ប្រភព​នៃ​អាវុធ ដែល​ជនល្មើស ស្រី ស៊ីណា បាន​ប្រើប្រាស់​ប្រព្រឹត្ត​បទល្មើស។

លោក សុះ សល់៖«តុលាការ​ត្រូវ​ស្រាវជ្រាវ​បន្ត​ទៅ​រក​ប្រភព​ដើម​នៃ​ការ​យក​អាវុធ​ហ្នឹង​មក​ប្រើប្រាស់ នេះ​ជា​គំនិត​របស់​ខ្ញុំ​ផ្ទាល់ ហើយ​ស្នើ​ដល់​តុលាការ​ដែរ វា​មិន​អាច​ត្រឹមតែ​ពួកគាត់​ហ្នឹង​ទេ វា​អាច​មាន​អ្នក​នៅ​ពី​ខាងលើ​ហ្នឹង​ទៀត ដែល​អាច​មាន​ការ​ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​នេះ»។

ស្រដៀង​គ្នា យុវជន​តាម​ដាន​កិច្ចការ​នយោបាយ លោក ធូ វ៉ាឃីម ថ្លែង​ថា លោក​គាំទ្រ​ការ​សម្រេច​របស់​តុលាការ ដែល​ផ្ដន្ទាទោស​ធ្ងន់ធ្ងរ ចំពោះ​ការ​ប្រព្រឹត្តិ​បទល្មើស​របស់​អតីត​ឧកញ៉ា ស្រី ស៊ីណា។

លោក ធូ វ៉ាឃីម៖«ដូច​ថ្មីៗ​នេះ មាន​ការ​កែច្នៃ​កាំភ្លើង​ទៅ​បាញ់​សម្លាប់​អ្នក​សារព័ត៌មាន​ម្នាក់ ដែល​គាត់​ជា​អ្នក​ផ្សព្វផ្សាយ​លើ​ព្រៃឈើ​ផង​ដែរ ហើយ​នេះ​ជា​បញ្ហា​មួយ​ធំ​ដែរ សម្រាប់​ប្រទេស​កម្ពុជា​យើង បើ​យើង​មិន​មាន​ការ​បង្ក្រាប ការ​ត្រួតពិនិត្យ​អ្វី​ផ្សេងៗ​ទេ ថ្ងៃ​ខាង​មុន​នឹង​មាន​រឿង​ច្រើន​បន្ត​ទៅទៀត»។

ក្រៅ​ពី​នេះ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​ទៀត ក៏​បាន​បញ្ចេញ​មតិ​ចង់​ឲ្យ​អាជ្ញាធរ​អនុវត្ត​នូវ​ការ​សម្រេច​របស់​តុលាការ​ឲ្យ​មាន​ប្រសិទ្ធភាព។

ការ​លើកឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី២៣ ខែ​ធ្នូ បាន​ប្រកាស​សាលក្រម​ចំនួន៣ របស់​អតីត​ឧកញ៉ា ស្រី ស៊ីណា គឺ​សំណុំ​រឿង​ឃាតកម្ម ប៉ុនប៉ង​ឃាតកម្ម និង​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់ និង​បទ​រំលោភ​លើ​លំនៅឋាន ដោយ​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទាទោស ​ជនជាប់ចោទ ឈ្មោះ ស្រី ស៊ីណា ឲ្យ​ជាប់​ពន្ធនាគារ​សរុប​ចំនួន ៣១​ឆ្នាំ និង​ផ្ដល់​សំណង​ជំងឺ​ចិត្ត​ដល់​សាច់ញាតិ​ជនរងគ្រោះ​បាត់បង់​ជីវិត និង​ជនរងគ្រោះ ដែល​រង​របួស​សរុប​ចំនួន​២លាន ៥សែន ៥ម៉ឺន​ដុល្លារ។ ប៉ុន្តែ​តុលាការ ពុំ​បាន​បង្ហាញ​អំពី​ប្រភព នៃ​កាំភ្លើង​ឡើយ។

ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អាវុធ គ្រឿងផ្ទុះ និង​គ្រាប់​រំសេវ ចែងថា ត្រូវ ហាមឃាត់ ការប្រើប្រាស់ ការទិញ និង​ការ​ឲ្យ​ខ្ចី​ជាដើម ចំពោះ​ជន​ស៊ីវិល​នៅ​កម្ពុជា។ ការ​ប្រើប្រាស់​អាវុធ ត្រូវ​បាន​អនុញ្ញាត​សម្រាប់ តែ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការពារ​ជាតិ​ប៉ុណ្ណោះ ហើយ​ក្រសួង​ទាំង​ពីរ​ជា​អ្នក​គ្រប់គ្រង​ការ​ត្រួត​ពិនិត្យ និង​ការ​ចុះ​បញ្ជី​អាវុធ គ្រឿងផ្ទុះ និង​រំសេវ ដើម្បី​ធានា​ការពារ​សន្តិសុខ និង​សុវត្ថិភាព​សាធារណៈ។

វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី២៤ ខែ​ធ្នូ។

ជុំវិញ​បញ្ហា​នេះ ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​ហៅ​កាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា មាន​ប្រសាសន៍​ថា ការ​ផ្ដន្ទាទោស​លើ​អតីត​ឧកញ៉ា ស្រី ស៊ីណា បាន​ផ្ដន្ទាទោស​ក្នុង​កម្រិត​អតិបរមា និង​ផ្ដល់​សំណង​ជំងឺ​ចិត្ត​ដល់​ជនរងគ្រោះ និង​សាច់ញាតិ​ជនរងគ្រោះ។ លោក ចង់​ឃើញ​អាជ្ញាធរ​អនុវត្ត​សាលក្រម​នេះ ប្រកប​ដោយ​ប្រសិទ្ធភាព។

លោក រស់ សុដ្ឋា៖«យើង​ខ្ញុំ​គ្មាន​យោបល់​អ្វី​ចំពោះ​ការ​ចាត់​វិធានការ​ច្បាប់​ចំពោះ​អតីត​ឧកញ៉ា ស្រី ស៊ីណា ទេ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ចាប់​អារម្មណ៍ គឺ​ការ​អនុវត្ត​នូវ​ទោស​នេះ ឲ្យ​មាន​ប្រសិទ្ធភាព និង​ស្មើភាព​ចំពោះ​មុខ​ច្បាប់ នៅ​ពេល​ដែល​ធ្វើការ​ដាក់​ពន្ធនាគារ​នៅ​កន្លែង​អប់រំ ឃុំឃាំង»។

កាលពី​រសៀល​ថ្ងៃ​ទី១៧ ខែ​មិថុនា អតីត​ឧកញ៉ា ស្រី ស៊ីណា បាន​ប្រើ​កាំភ្លើង​ខ្លី​បាញ់​ជា​ច្រើន​គ្រាប់​បណ្ដាល​ឲ្យ​គូស្នេហ៍​វ័យ​ក្មេង ២នាក់​បាត់បង់​ជីវិត និង​មនុស្ស​ពីរ​នាក់​ទៀត​រង​របួស​នៅ​ក្នុង​ផ្ទះ​របស់​ជនរងគ្រោះ ស្ថិត​នៅ​បុរី​ប៉េងហួត​បឹងស្នោរ ក្នុង​ខណ្ឌ​ច្បារអំពៅ ដែល​ផ្ដើម​ចេញពី​ទំនាស់​បន្តិចបន្តួច​រឿង​ស្នួ​ហាល​ខោអាវ​ឆ្លង​ចូល​ព្រំ​ដី​គ្នា ។ បន្ទាប់​មក​សមត្ថកិច្ច បាន​ឃាត់​ខ្លួន​ជន​ល្មើស ក្នុង​ពេល​ព្យាយាម​រត់​គេច​ខ្លួន​ទៅ​ដល់​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល។ ក្នុង​ពេល​ចាប់​នោះ​ជន​ដៃ​ដល់​រូប​នេះ ហាក់​គ្មាន​ញញើត​សមត្ថកិច្ច និង​បាន​សារភាព​ថា គាត់​ពិត​ជា​បាន​បាញ់​សម្លាប់​ជនរងគ្រោះ​ពិត​មែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។