ដំណើរ​លោក ហ៊ុន សែន ទៅ​ទាក់ទាញ​ការ​វិនិយោគ​​ពី​បរទេស​ «គ្មាន​លទ្ធផល​ជា​ដុំ​កំភួន​នោះ​ទេ»

0:00 / 0:00

អ្នក​ឃ្លាំមើល​ថា ដំណើរ​ទស្សន​កិច្ច​របស់​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​អ្នក​មាន​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា ដើម្បី​ទាក់ទាញ​វិនិយោគ​គ្រាន់​តែ​ជា​ការ​ដើរ​បង្ហាញ​មុខ​នៅ​បរទេស​ជួយ​សម្រាល​វិបត្តិ​ដឹក​នាំ​របស់​នាយករដ្ឋមន្ត្រី​កូន ប៉ុន្តែ​គ្មាន​លទ្ធផល​ជា​ដុំ​កំភួន​នោះ​ទេ។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ព្រឹទ្ធសភា​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន អួត​អាង​អំពី​លទ្ធផល​ជោគជ័យ​របស់​លោក ហ៊ុន សែន។

ដំណើរ​ទស្សន​កិច្ច​រយៈពេល ១សប្ដាហ៍​របស់​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​អារ៉ាប៊ីសាអូឌីត(Saudi Arabia) កាតា (Qatar) សាធារណរដ្ឋ​តួកគី (Turkey)និង​អេមីរ៉ាត អារ៉ាប់រួម (United Arab Emirates) មាន​លទ្ធផល​ តែ​ត្រឹម​ជា​សេចក្ដី​ស្នើ​របស់​លោក ហ៊ុន សែន ដល់​ក្រុម​អ្នក​ដឹក​នាំ នៃ​ប្រទេស​ទាំង​ នេះ ប៉ុន្តែ​គ្មាន​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​ជាក់​ស្ដែង​នោះ​ទេ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ព្រឹទ្ធសភា​កម្ពុជា​នៅ​ថ្ងៃទី១៤ ធ្នូ ឱ្យ​ដឹង​ថា ក្នុង​ដំណើរ​ទស្សន​កិច្ច​ទៅ​ប្រទេស​ទាំង ៤ ចាប់​ពី​ថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ លោក ហ៊ុន សែន បាន​ជួប​សម​ភាគី​ដែល​ជា​ប្រធាន​សភា និង​ក្រុម​អ្នក​ដឹក​នាំ​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត ដូចជា ប្រធានាធិបតី​តួកគី នាយករដ្ឋមន្ត្រី​កាតា រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កាតា​ជាដើម។

ក្នុង​ជំនួប​ទាំង​នោះ​លោក ហ៊ុន សែន បាន​ព្យាយាម​ស្នើ​ដល់​ប្រទេស​ម្ចាស់​ផ្ទះឱ្យ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​និង​ការ​ពិចារណា​ដាក់​ទុន​វិនិយោគ​នៅ​ប្រទេស​កម្ពុជា។

ទោះជា​យ៉ាង​ណាជា​លទ្ធផល​គេ​ពុំ​ឃើញ​មាន​ចម្លើយ​កិច្ច​សហប្រតិបត្តិការ​ពិត​ប្រាកដ​ពី​ប្រទេស​ម្ចាស់​ផ្ទះ​ទាំង​នោះ​ឡើយ។

អ្នក​តាម​ដាន​ភូមិ​សាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ និង​ជា​សហ​ស្ថាបនិក​ អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ (KDO) លោក សេង វណ្ណលី ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ ថ្ងៃទី១៦ ខែ​ធ្នូ​ថាដំណើរ​ទស្សន​កិច្ច​របស់​លោក ហ៊ុន សែន គ្មាន​លទ្ធផល​ជា​ដុំ​កំភួន​ក្នុង​ការ​ទាក់ទាញ​វិនិយោគ​ពី​ប្រទេស​ទាំង៤​ឡើយ។ លោក​ពន្យល់​ថា ទី​ផ្សារ​ធំ​របស់​ប្រទេស​ទាំង​នេះ គឺ​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ដែល​ត្រូវ​ផ្អែក​លើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស មាន​ប្រព័ន្ធ​នីតិរដ្ឋ​ខ្ពស់ ដូច្នេះ​លោក​ថា កម្ពុជា​ដែល​មាន​វិបត្តិ​រំលោភ​សិទ្ធិ​មនុស្ស និង​សម្បូរ​រឿង​អាស្រូវ​ក្នុង​ប្រព័ន្ធ​ដឹក​នាំ​នយោបាយ មិនមែន​ជា​ទីតាំង​វិនិយោគ​ជា​អាទិភាព​របស់​ពួកគេ​ទេ។

លោក សេង វណ្ណលី ថា អ្នក​វិនិយោគ​ពី​អារ៉ាប៊ីសាអូឌីត រដ្ឋ​កាតា សាធារណរដ្ឋ​តួកគី និង​អេមីរ៉ាតអារ៉ាប់រួម ច្រើន​តែ​ផ្ដោត​លើ​វិស័យ​ហិរញ្ញវត្ថុ និង​សេវាកម្ម ដែល​ទាមទារ​ឱ្យ​មាន​ការ​គ្រប់គ្រង​ដោយ​តម្លាភាព។ លោក​លើក​ឡើង​ថា បើ​ពួកគេ​សម្លឹង​មើល​ឱកាស​វិនិយោគ​នៅ​ក្នុង​តំបន់​អាស៊ាន នោះ​ពួកគេ​អាច​ចាប់​អារម្មណ៍​លើ​ប្រទេស​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី វៀតណាម​និង​ថៃ ជាង​ប្រទេស​កម្ពុជា ដែល​ផុង​ក្នុង​វិបត្តិ​រឿង​អាស្រូវ​ចម្រុះ ទាំង​វិបត្តិ​នយោបាយ ការ​រំលោភ​សិទ្ធិ​មនុស្ស បក្ខពួក​និយម អំពើ​ពុករលួយ ការ​លាង​លុយ​កខ្វក់ ការ​ជួញ​ដូរ​មនុស្ស និង​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ជា​ដើម។

លោក សេង វណ្ណលីថា ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន បាន​ត្រឹម​តែ​ជា​ការ​បង្ហាញ​មុខ​លោក ហ៊ុន សែន វិល​ទៅ​កាន់​នយោបាយ​ការ​បរទេស​វិញ ដើម្បី​ព្យាយាម​ជួយ​សង្គ្រោះ​នាយករដ្ឋមន្ត្រី​កូន ដែល​កំពុង​ប្រឈម​វិបត្តិ​សេដ្ឋកិច្ច។

លោក សេង វណ្ណលីថា៖ «សារ​មួយ​បង្ហាញ​ឱ្យ​ឃើញ​ថា លោក​អតីត​នាយករដ្ឋមន្ត្រី​ហាក់​មាន​ការ​ព្រួយ​បារម្ភ ទៅ​ការ​គ្រប់គ្រង​ទៅ​លើ​រដ្ឋាភិបាល​នីតិ​កាល​ទី៧ ហើយ​ព្យាយាម​ធ្វើ​យ៉ាង​ម៉េច ជួយ​រដ្ឋាភិបាល​នីតិកាល​ទី៧ ដើម្បី​ធ្វើ​ម៉េច ឱ្យ​ពុះពារ​ឆ្លង​កាត់​ឧបសគ្គ​ ជា​ពិសេស​អឺរ៉ុប​ព្រមាន​ដកEBA៨០ភាគរយ​ទៀត ឬ​ក៏​អាច​ធ្វើ​ម៉េច​ព្យាយាម​ជួយ​រដ្ឋាភិបាល​នីតិកាល​ទី៧ ឱ្យ​ឆ្លង​ផុត​អំពី​វិបត្តិ​ទាំង​វិបត្តិ​សេដ្ឋកិច្ច ហើយ​នឹង​ពាក់ព័ន្ធ​នឹង​បំណុល ហើយ​នឹង​ការ​ប្រើប្រាស់​កញ្ចប់​ថវិកា​សម្រាប់​ឆ្នាំ២០២៥»។

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​ស្នើ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​រវាង​សភា និង​សភា ឱ្យ​កាន់​តែ​ស៊ីជម្រៅ និង​គាំទ្រ​គំនិត​ផ្ដួច​ផ្ដើម​របស់​ប្រធាន​សភា​កាតា ក្នុង​ការ​បង្កើត​ឱ្យ​មាន​កិច្ច​ប្រជុំ​កំពូល​សភា​អាស៊ី។ លោក ហ៊ុន សែន ក៏​បាន​ស្នើ​ឱ្យ​ មាន​យន្តការ​កិច្ច​ពិគ្រោះ​យោបល់​ទ្វេ​ភាគី រវាង​ក្រសួង​ការ​បរទេស និង​ក្រសួង​ការ បរទេស ព្រម​ទាំង​ជំរុញ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ធុរកិច្ច ពាណិជ្ជកម្ម​ សេរី និង​វិនិយោគ​ជាមួយ​កម្ពុជា ក្នុង​វិស័យ​កសិកម្ម កសិ-ឧស្សាហកម្ម រួម​ទាំង​ ឧស្សាហកម្ម​កែច្នៃ ដូចជា ស្រូវអង្ករ និង​គ្រាប់​ស្វាយចន្ទីរហូត​ដល់​វិស័យ​អប់រំ​ទេសចរណ៍និង​ការ​បង្កើត​ការ​ហោះ​ហើរ​ត្រង់​មក​កាន់​កម្ពុជា។

ការ​ស្នើ​ទាំង​នេះ​របស់​លោក ហ៊ុន សែន ពុំ​មាន​លទ្ធផល​អ្វី​ធំ​ដុំ​ទេ ក្រៅ​តែ​ពី​ការ​ឆ្លើយ​ តប​បែប​ការ​ទូត​របស់​សម​ភាគី​ម្ចាស់​ផ្ទះ អំពី​ការ​ជំរុញ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ ជា​មិត្តភាព​សភា​ដែល​មាន​ស្រាប់​របស់​ប្រទេស​ទាំង៤ជាមួយ​កម្ពុជា ទាំង​ ក្នុង​ក្រប​ខណ្ឌ​តំបន់ និង​អន្តរជាតិ។ អ្វី​ដែល​ថ្មី គឺ​បាន​ត្រឹម​តែ នាយករដ្ឋមន្ត្រីកាតា ផ្ដាំ​ផ្ញើ​តាម​រយៈ​លោក ហ៊ុន សែន អញ្ជើញ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅ​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​រដ្ឋ​កាតាក្នុង​ពេល​វេលា​សមស្រប។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បាន​អត្ថាធិប្បាយ​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី​ថ្មី​ៗ​នេះ​ថារដ្ឋាភិបាល​ត្រកូល​ហ៊ុន កំពុង​ប្រឈម​នឹង​សម្ពាធ​នៃ​ការ​ធ្លាក់​ចូល​វិបត្តិ​សេដ្ឋកិច្ចដែល​ទទួល​រង​ឥទ្ធិពល​ពី​ការ​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស​ល្អៗ​មិន​បាននិង​ការ​ដក​ការ​គាំទ្រ​ហិរញ្ញវត្ថុ​របស់​ប្រទេស​ចិន។ លោក​លើក​ឡើង​ថាបរាជ័យ​នៃ​នយោបាយ​ដឹក​នាំ​នេះគឺ​ដោយសារ​តែ​មហារីក​នៃ​អំពើ​អយុត្តិធម៌ បក្ខពួកនិយម និង​ឧក្រិដ្ឋកម្ម​បំផ្លាញ​ជាតិ និង​ប្រជាពលរដ្ឋ។

លោក សម រង្ស៊ី៖ «[លោក]ហ៊ុន សែន និង[លោក]ហ៊ុន ម៉ាណែត ៤០ ឆ្នាំ​ជិត ៥០ ឆ្នាំ​ហើយ ដូច​នៅ​ស៊ីរី ហើយ​ប្រទេស​ពីរ ដែល​គាំទ្រ​របប​ផ្ដាច់​ការ​នៅ​ស្រុក​ខ្មែរ គឺ​យួន និង​ចិន ប៉ុន្តែ​ទាំង​យួន និង​ចិន មិន​គាំទ្រ ហ៊ុន សែន ហើយ​ត្រកូល​ហ៊ុន សែន ជា​រៀង​រហូត​ទេ វា​មាន​ព្រឹត្តិការណ៍​អី​នៅ​ស្រុក​ចិន​ក៏​មាន នៅ​ស្រុក​យួន​ក៏​មាន អាច​ធ្វើ​ឱ្យ​បើ​មិន​ចិន ឬ​យួន ឬ​ទាំង​ចិន​និង​យួន​ដក​ការ​គាំទ្រ»។

អ្នក​ឃ្លាំមើលលើក​ឡើង​ថាដំណើរ​ទស្សន​កិច្ច​របស់​លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​អារ៉ាប៊ីសាអូឌីតរដ្ឋ​កាតា សាធារណរដ្ឋ​តួកគីនិង​អេមីរ៉ាត អារ៉ាប់រួម គឺ​ជា​ការ​ព្យាយាម​បង្ហាញ​មុខ​ជា​អន្តរជាតិដើម្បី​បិទ​បាំង​ភាព​អាម៉ាស់​របស់​លោក បន្ទាប់​ពី​ប្រធាន​ព្រឹទ្ធសភា​រូប​នេះ ជួប​បរាជ័យ​ក្នុង​ដំណើរ​ទស្សន​កិច្ច​ទៅ​ប្រទេស​ចិន។ ស្រប​ពេល​លោក ហ៊ុន សែន មិន​បាន​ការ​សន្យា​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​ភាគី​ចិន​ហើយ រដ្ឋាភិបាល​កូនប្រុស​របស់​លោក ក៏​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ពី​សហភាព​អឺរ៉ុប៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។