អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក្រើនរំលឹកដល់យុវជន ឲ្យជៀសឆ្ងាយពីសកម្មភាពទំនើង ដែលប្រឈមនឹងការចាត់វិធានការច្បាប់។ មន្ត្រីសង្គមស៊ីវិល ចង់ឃើញអាជ្ញាធរមានសមត្ថកិច្ច អនុវត្តនូវវិធានការទប់ស្កាត់បទល្មើសពាក់ព័ន្ធនឹងក្មេងទំនើងឲ្យដូចជាភ្លៀងរលឹម។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន អំពាវនាវដល់យុវជនជៀសឲ្យឆ្ងាយអំពីសកម្មភាពក្មេងទំនើង ព្រោះថាលទ្ធផលនៃសកម្មភាពនេះ គ្មានអ្វីក្រៅពីប៉ះពាល់ដល់អាយុជីវិត និងរងវិធានការច្បាប់ឡើយ ។ លោកថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីក្មេងទំនើង នៅទីស្ដីការក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី ២៥ ខែធ្នូ។
លោក ជិន ម៉ាលីន៖«សូមអំពាវនាវដល់អាណាព្យាបាល លោកគ្រូ អ្នកគ្រូ យកចិត្តទុកដាក់តាមដាននូវសកម្មភាពរបស់កូន សកម្មភាពរបស់សិស្ស យកចិត្តទុកដាក់អប់រំទូន្មានប្រៀនប្រដៅ គាត់ឲ្យក្លាយទៅជាកូនល្អ សិស្សល្អជៀសផុតពីអំពើអបាយមុខគ្រប់បែបយ៉ាងជាពិសេស ផ្ដាំផ្ញើទៅដល់ប្អូនៗជាយុវជន អ្នកជាក្មេងទំនើង ប្រឈមមុខនឹងផ្លូវច្បាប់ថា ខិតខំកែប្រែខ្លួនដើម្បី ក្លាយជាពលរដ្ឋល្អក្នុងសង្គម ហើយចំពោះក្មេងដទៃទៀត ធ្វើម៉េចកុំយកគំរូតាម ព្រោះកាលណាពាក់ព័ន្ធនឹងក្មេងទំនើងហើយ គឺថា លទ្ធផលមានតែពីរ ឬបីហ្នឹងទេ គឺបើមិនបាត់បង់ជីវិត ក៏របួសស្នាមដែរ ហើយមួយទៀត គឺអត់រួចផុតពីសំណាញ់ច្បាប់នោះទេ»។
ការរៀបចំធ្វើសន្និសីទស្ដីពី ក្មេងទំនើង ធ្វើឡើងបន្ទាប់ពីមានករណីក្មេងទំនើង មួយចំនួន បានកើតឡើងក្នុងរូបភាពឃោរឃៅ និងកាចសាហាវនៅតាមបណ្ដារាជធានីខេត្តមួយចំនួន។ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក កេង សុម៉ារិទ្ធ បានថ្លែងក្នុងសន្និសីទនេះថា បញ្ហាក្មេងទំនើង ស្ថិតក្នុងចំណោមសំណុំរឿងអាទិភាពចំនួន៤ នៅក្នុងយុទ្ធនាការជំរុញ និងដោះស្រាយរឿងក្ដីនៅតាមតុលាការ ។ លោក ឲ្យដឹងថា ក្នុងរយៈពេលជាង៧ខែ (២១២ថ្ងៃ) នៃការអនុវត្តយុទ្ធនាការនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត បានទទួលសំណុំរឿងសរុប ជាង២ពាន់ (២១១៥) សំណុំរឿង ហើយចាត់ការបានជាង១ពាន់៥រយសំណុំរឿង (១៥៧៩) និងនៅសល់ជាង ៥រយសំណុំរឿង (៥៣៦)។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏ពន្យល់អំពីការចាត់វិធានការរដ្ឋបាលដូចជាការសុំទោស ការធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពពាក់ព័ន្ធនឹងក្មេងទំនើង ការធ្វើពលកម្ម ចំពោះករណីអ្នកប្រព្រឹត្តទង្វើពុំបង្កព្យសនកម្ម ឬខូចខាតធ្ងន់ធ្ងរដល់បុគ្គល និងសង្គម ។ ចំណែកឯ សកម្មភាពក្មេងទំនើង ដូចជាការប្រើប្រាស់អំពើហិង្សា បណ្ដាលឲ្យមានរបួសស្នាម ឬបង្កឡើងជាក្រុម និងមានព្យសនកម្ម ឬប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ នឹងប្រឈមវិធានការច្បាប់ ស្របតាមទង្វើដែលបានប្រព្រឹត្ត ។
ទាក់ទិននឹងរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា បញ្ហាក្មេងទំនើងមិនមែនជាបញ្ហាថ្មីឡើយសម្រាប់កម្ពុជា ។ លោក ថា ដើម្បីដោះស្រាយបញ្ហានេះ មានប្រសិទ្ធភាព អាជ្ញាធរគួរតែអនុវត្តច្បាប់ដោយតម្លាភាព និងមិនរើសមុខចំពោះអ្នកប្រព្រឹត្តបើទោះបីជា ពួកគេមានសែស្រឡាយធំកម្រិតណាក៏ដោយ។
លោក អំ សំអាត៖«បញ្ហាក្មេងទំនើងកើតចេញពីឫសគល់ច្រើន ទី១ គឺការអប់រំ តាមគ្រួសារ សហគមន៍របស់ពួកគាត់ធ្វើម៉េចឲ្យក្មេងៗ មានសីលធម៌ មានការគោរពគ្មាន ការខិតខំរៀនសូត្រជាដើម គឺផ្ដើមចេញពីគ្រួសារ និងសហគមន៍ ។ គ្រួសារខ្លះ ក្មេងខ្លះអាងតែឪពុកម្ដាយមានលុយកាក់ ឬមានអំណាច មិនខ្លាចអ្វី ហើយធ្វើអ្វីតាមទំនើងចិត្ត ហៅថា ក្មេងទំនើង បង្កឲ្យមានបញ្ហាដល់សង្គម»។
អ្នកឃ្លាំមើលមួយចំនួន លើកឡើងថា ក្មេងទំនើង អាចជាជនរងគ្រោះ នៃឥទ្ធិពលអវិជ្ជមាននៃសង្គម ក្រោមហេតុថា ពួកគេកើតមកក្នុងគ្រួសារបែកបាក់ ឬគ្រួសារដែលមានអំពើហិង្សា ខ្វះភាពកក់ក្ដៅ និងខ្វះការអប់រំទូន្មានពីអាណាព្យាបាលជាដើម។ ក្មេងទំនើងខ្លះទៀត កើតមកពីបរិស្ថានសង្គម ឬកន្លែងរស់នៅជុំវិញខ្លួនរបស់ពួកគេ ដូចជាពួកគេរស់នៅក្នុងតំបន់ ដែលសម្បូរដោយ អ្នកប្រើប្រាស់គ្រឿងស្រវឹង និងអ្នកនិយមប្រើប្រាស់ហិង្សាមកដោះស្រាយបញ្ហាជាដើម។ ចំណែកក្មេងទំនើងខ្លះ កើតឡើងពីការសេពគប់មិត្តភក្ដិ នាំទៅរកផ្លូវខុស ហើយខ្លះទៀត ក៏អាចកើតឡើងពីការផ្សព្វផ្សាយព័ត៌មាន តាមបណ្ដាញទំនាក់ទំនងសង្គម ដែលមានចរិតហិង្សានិយម អូសទាញឲ្យប្រើប្រាស់អំពើហិង្សាជាដើម។
កន្លងទៅក្នុងយុទ្ធនាការបង្ក្រាបក្មេងទំនើងរបស់អាជ្ញាធរក៏រងការរិះគន់ពីមហាជនខ្លះដែរ ដោយសារករណីបង្ក្រាបបទល្មើសក្មេងទំនើងខ្លះ ដែលមើលទៅពួកគេគួរទទួលបានត្រឹមការអប់រំ ប៉ុន្តែអាជ្ញាធរ ហាក់ពុំបានស៊ើបអង្កេត និងស្រាវជ្រាវឲ្យបានហ្មត់ចត់ ហើយបានកសាងសំណុំរឿងទៅតុលាការ និងឃាត់ខ្លួនដាក់ពន្ធនាគារជាដើម ខណៈភាគច្រើន នៃជនសង្ស័យទាំងនោះជាអនីតិជន និងយុវជន កំពុងសិក្សានៅថ្នាក់អនុវិទ្យាល័យ វិទ្យាល័យ និងសាកលវិទ្យាល័យជាដើម ជាដើម ដែលពលរដ្ឋបារម្ភថា អាចធ្វើឱ្យពួកគេបាត់បង់ឱកាសសិក្សា និងក្លាយជាបន្ទុកធ្ងន់ធ្ងររបស់សង្គមទៅថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
