អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត ប្ដេជ្ញា​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​សង្គម

0:00 / 0:00

អគ្គស្នងការ​នគរបាល​ជាតិ​លោក ស ថេត ប្រកាស​ថា នឹង​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឧក្រិដ្ឋកម្ម​ទាំង​អស់​ជាពិសេស​បទល្មើស​ជួញដូរ​មនុស្ស និង​អំពើ​ឆបោក​តាម​អនឡាញ ដើម្បី​រក្សា​ស្ថិរភាព​សង្គម។ ទោះ​ជា​យ៉ាងណា អ្នកឃ្លាំមើល​ចាត់​ទុក​ការ​ប្រកាស​របស់​លោក ស ថេត នេះ​ថា គឺ​ជា​ការ​សន្យា​ខ្យល់​ដោយសារ​តែ​លោក​គ្មាន​ឥទ្ធិពល ដើម្បី​បង្ក្រាប​មេខ្លោង​ធំៗ​ដែល​កំពុង​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​មាន​អំណាច​ប្រតិបត្តិការ​អំពើ​ឆបោក​នៅ​កម្ពុជា​នោះ​ទេ។

បញ្ហា​ជួញដូរ​មនុស្ស និង​អំពើ​ឆបោក​តាម​អនឡាញ​គឺ​ជា​ប្រធានបទ​ស្នូល ដែល​អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត បាន​លើកឡើង​ជជែក​ជាមួយ​ស្នងការ​នគរបាល​រាជធានី​ខេត្ត​ទាំង​អស់​ក្នុង​អង្គ​សន្និបាត​ចុង​ឆ្នាំ២០២៤ នេះ។

គេហទំព័រ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ឱ្យ​ដឹង​ទៀត​ថា អគ្គ​ស្នងការ​នគរបាល​ជាតិ លោក ស ថេត បាន​លើកឡើង​អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ជាពិសេស​បទល្មើស​ឆបោក​តាម​អនឡាញ (Scammed Online) ល្បែង​អនឡាញ (Game Online) អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម អាជីវកម្ម​ផ្លូវ​ភេទ អំពើ​ឆបោក​គ្រប់​ទម្រង់ ការ​ដោះស្រាយ​បញ្ហា​សណ្ដាប់ធ្នាប់​សង្គម និង​ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​សម្រាប់​ឆ្នាំ២០២៥ ខាង​មុខ។ លោក ស ថេត ក៏​លើកឡើង​អំពី​ការងារ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​នៅ​ចំពោះ​មុខ​ស្នងការ​នគរបាល​រាជធានី​ខេត្ត​ទាំង​អស់ ដើម្បី​ស្វែងរក​ចំណុច​ខ្លាំង ខ្សោយ បញ្ហា​ប្រឈម និង​វិធាន​ការ​ដោះស្រាយ​សម្រាប់​ឆ្នាំ២០២៥ លើ​ការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឧក្រិដ្ឋកម្ម​នានា។

អគ្គ​ស្នងការ​នគរបាល​ជាតិ​លោក ស ថេត បាន​ជជែក​ពាក់ព័ន្ធ​នឹង​ប្រធានបទ​ទាំង​នេះ​ក្នុង​អង្គ​សន្និបាត​បូក​សរុប​សភាពការណ៍ និង​លទ្ធផល​កិច្ច​ប្រតិបត្តិការ​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ប្រចាំ​ឆ្នាំ២០២៤ និង​ដាក់​ចេញ​ទិសដៅ​ការងារ​ឆ្នាំ២០២៥ របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​នៅ​ព្រឹក​ថ្ងៃ​ទី៣០ ខែធ្នូ។ លោក ស ថេត បាន​អះអាង​ថា ការ​ជជែក​លើ​ប្រធាន​បែប​នេះ គឺ​ដើម្បី​ប្រមូល​នូវ​បទពិសោធន៍​ល្អៗ​តាមរយៈ​ការ​ចែករំលែក​របស់​កម្លាំង​ជំនាញ​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត ដើម្បី​ជា​វិធាន​ការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ បទល្មើស​គ្រឿងញៀន ល្បែង​ស៊ីសង​ខុសច្បាប់ និង​សកម្មភាព​ក្មេង​ទំនើង។

ទោះ​ជា​យ៉ាង​ណា ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា តួនាទី​លោក ស ថេត ជា​អគ្គ​ស្នងការ​នគរបាល​ជាតិ​នោះ​គ្មាន​ឥទ្ធិពល​បង្ក្រាប​មេខ្លោង និង​មន្ត្រី​ឧកញ៉ា​ឈ្មួញ​គ្រាក់ៗ​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​ជួញដូរ​មនុស្ស និង​អំពើ​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​ទេ ព្រោះ​អ្នកស្រី​ថា ឈ្មួញ​ដែល​រក​ស៊ី​លើ​របរ​បែប​ឧក្រិដ្ឋ​ទាំង​នេះ​ពួកគេ​ទទួល​បាន​ការ​កាង​ការពារ​ពី​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន។ អ្នកស្រី​បន្ថែម​ទៀត​ថា ទោះ​មាន​ការ​ដាក់​ទណ្ឌកម្ម​ដោយ​សហរដ្ឋអាមេរិក​លើ​ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា​គឺ​លោក លី យ៉ុងផាត់ កន្លងមក​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស​នេះ ក៏​គ្មាន​ស្ថាប័ន​ពាក់ព័ន្ធ​ហ៊ាន​បើក​ស៊ើប​អង្កេត​ឡើយ។

អ្នកស្រី​ថា ករណី​នេះ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា ប្រទេស​ជាតិ​កំពុង​ជួប​គ្រោះ​ថ្នាក់ ដោយសារ​តែ​មនុស្ស​ជំនិតៗ​លោក ហ៊ុន សែន ដែល​រក​ស៊ី​លើ​មុខរបរ​ពាក់ព័ន្ធ​នឹង​បទល្មើស​ឧក្រិដ្ឋ​នេះ នៅ​តែ​មាន​នៅ​ក្រៅ​ប្រព័ន្ធ​ច្បាប់ និង​អាច​ដំណើរ​ការ​អាជីវកម្ម​ពួកគេ ដើម្បី​ប្រមូល​ផ្ដល់​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា។

អ្នកស្រី មូរ សុខហួរ៖«ទោះ​បី​ជា​លោក ស ថេត ឬ​អ្នកណា​ក៏​ដោយ​ធ្វើ​បទបញ្ជា​អ្វី​ក៏​ដោយ ប្ដេជ្ញា​អ្វី​ក៏​ដោយ​ក៏​មិន​មាន​ប្រសិទ្ធភាព​ទេ លុះត្រាតែ លោក ហ៊ុន ម៉ាណែត គាត់​មាន​ភាព​ក្លាហាន​ទៅ​និយាយ​ជាមួយ​ឪពុក​គាត់​ឱ្យ​ឈប់​យក​ម៉ាហ្វីយ៉ា(Mafia)ចិន​ធ្វើ​ជា​ប្រឹក្សា​ពិសេស។ ក្រុម​ម៉ាហ្វីយ៉ា​ចិន​ហ្នឹង​គឺ​ពាក់ព័ន្ធ​ច្បាស់​ណាស់​ជាមួយ​ការ​ឆបោក​តាម​អនឡាញ»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​លោក ឆាយ គឹម ខឿន និង​អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​លោក ទូច សុឃៈ ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី៣០ ខែធ្នូ។

ទោះ​បី​ជា​រដ្ឋាភិបាល​តាំង​ពី​ជំនាន់​លោក ហ៊ុន សែន រហូត​ដល់​កូន​គឺ​លោក ហ៊ុន ម៉ាណែត តែងតែ​ប្រកាស​អំពី​ការ​ប្ដេជ្ញា និង​យុទ្ធសាស្ត្រ​តាមរយៈ​ការ​ពង្រឹង​សមត្ថភាព​កម្លាំង​ជំនាញ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ឆបោក​តាម​អនឡាញ​ក៏​បទល្មើស​ឧក្រិដ្ឋ​ទាំង​នេះ​ហាក់​កាន់​តែ​រីក​រាលដាល​នៅ​កម្ពុជា និង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ក្នុង​តំបន់​មួយ​ចំនួន​ដូចជា ថៃ (Thailand) វៀតណាម (Vietnam) ហ្វីលីពីន (Philippines) និង​ឥណ្ឌា (India) ជាដើម​តែងតែ​លើកឡើង​ក្ដី​កង្វល់ និង​ព្រមាន​ពលរដ្ឋ​ពួកគេ​ឱ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់​មុន​នឹង​សម្រេច​ចិត្ត​ចូល​មក​ស្វែងរក​ការងារ​នៅ​កម្ពុជា។

ជុំវិញ​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា បញ្ហា​ឆបោក​តាម​អនឡាញ​ក្នុង​ប្រទេស​កម្ពុជា នៅ​តែ​ជា​រឿង​ចម្រូងចម្រាស​ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បង្ហាញ​ឆន្ទៈ​ខ្ពស់​ដើម្បី​បង្ក្រាប។ ម្យ៉ាង​វិញ​ទៀត​លោក​ព្រមាន​ថា ការណ៍​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ក្នុង​តំបន់​មួយ​ចំនួន​នៅ​តែ​បន្ត​លើកឡើង​ជា​កង្វល់​ចំពោះ​ស្ថានភាព​នៅ​កម្ពុជា​ថា ជា​កន្លែង​សម្បុក​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​នេះ​គឺ​បាន​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​វិស័យ​សេដ្ឋកិច្ច ការ​វិនិយោគ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​កាន់​តែ​ខ្លាំង។

លោក អំ សំអាត៖«ទន្ទឹម​នឹង​មាន​ការ​ប្ដេជ្ញា​ចិត្ត​ទាំង​ក្រសួង​ស្ថាប័ន ទាំង​អគ្គ​ស្នងការ​នគរបាល​ជាតិ​ទល់​តែ​ទី១ ត្រូវតែ​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​បង្ក្រាប និង​ការ​ទប់ស្កាត់ បើសិនជា​ការ​បង្ក្រាប​ទៅ​ប៉ះ​ចំ​សាច់​ស្អុយ​ត្រូវតែ​ចៀរ​ចោល ទី២ សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ការ​បង្ក្រាប​ទប់ស្កាត់​ក៏​ត្រូវតែ​មាន​ការ​ហ្វឹកហ្វឺន​ជំនាញ​វិជ្ជាជីវៈ​បន្ថែម​ព្រោះ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នេះ​ជា​បទល្មើស​ទំនើប​កម្ម។ លុប​បំបាត់​រាល់​អំពើ​ពុករលួយ​ទាក់ទង​នឹង​បញ្ហា​ឆបោក​តាម​អនឡាញ ត្រូវ​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​អាជ្ញាធរ​ប្រទេស​ជិត​ខាង និង​ប្រទេស​ក្នុង​តំបន់ និង​សហគមន៍​អន្តរជាតិ»។

ក្នុង​រយៈពេល ៦ខែ ដើម​ឆ្នាំ២០២៤ សមត្ថកិច្ច​បង្ក្រាប​បាន​អំពើ​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវ​ភេទ​ជាង ១រយ​ករណី (១០៤ករណី) និង​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​ជាង ១រយ​នាក់ (១៣៤នាក់)។ ជាមួយ​គ្នា​នេះ សមត្ថកិច្ច​បាន​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ជិត ៣រយ​នាក់ (២៩០នាក់)។ ក្នុង​ចំណោម​ជនរងគ្រោះ​ទាំង​នោះ មាន​មនុស្ស​ជាង ១រយ​នាក់ (១៣៤នាក់) រង​ការ​ជួញដូរ​មនុស្ស និង​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​គឺ​ជា​អនីតិជន​អាយុ​ក្រោម ១៨ឆ្នាំ។

រយៈពេល ៣ឆ្នាំ​ចុង​ក្រោយ​នេះ​កម្ពុជា​បន្ត​ជាប់​ក្នុង​ចំណាត់​ថ្នាក់​លេខ ៣ដែល​មាន​ន័យ​ថា ស្ថានភាព​នៃ​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​នៅ​តែ​មាន​ស្ថានភាព​អាក្រក់ ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្ដីពី​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​របស់​ក្រសួង​ការបរទេស​អាមេរិក។ អាមេរិក​រក​ឃើញ​ថា អំពើពុករលួយ កង្វះ​នៃ​ការ​អនុវត្ត​ច្បាប់ និង​ការ​ឃុបឃិត​រវាង​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន​ជាមួយ​ក្រុម​ជនល្មើស គឺ​ជា​ហេតុ​ធ្វើ​ឱ្យ​អំពើ​ជួញដូរ​មនុស្ស​នៅ​តែ​កើត​មាន និង​រីក​រាលដាល​ក្នុង​សង្គម​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។