ទោះបីជាអាជ្ញាធរអះអាងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៤ ថយចុះជាង ១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ក៏ដោយ អ្នកឃ្លាំមើលថា គ្រោះថ្នាក់ចរាចរណ៍ដល់ជាង ១៥០០នាក់ក្នុងមួយឆ្នាំ នៅតែជាបញ្ហាធំក្នុងសង្គមកម្ពុជា និងចង់ឃើញរដ្ឋាភិបាល បង្ហាញវិធានការទប់ស្កាត់ ឱ្យមានប្រសិទ្ធភាព ជាជាងប្រឹងអួតពីតួលេខអ្នកស្លាប់ធ្លាក់ចុះ។
អ្នកឃ្លាំមើលសង្គម នៅតែព្រួយបារម្ភពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលនៅតែមាន ពលរដ្ឋស្លាប់ច្រើន។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតនិងការសិក្សាស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៦ ខែមករាថា ការបាត់បង់ជីវិតពលរដ្ឋជាង ១.៥០០នាក់ក្នុងឆ្នាំ២០២៤ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅតែជាចំនួនច្រើន ទោះបីជាមានការថយចុះខ្លះ ធៀបនឹងឆ្នាំ២០២៣ក៏ដោយ។ លោកថា នេះជាការខាតបង់ធំសម្រាប់ជាតិ ទាំងបាត់បង់ធនធានមនុស្ស និង ខូចខាតលុយសន្ធឹកសន្ធាប់ ក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធផ្សេងៗពីគ្រោះថ្នាក់ចរាចរណ៍ ដូចជាការបង់ខាតចំណាយថែទាំអ្នករបួស ការខូចខាតមធ្យោបាយធ្វើដំណើរ និង ការចំណាយលើប្រព័ន្ធពង្រឹងចរាចរណ៍របស់រដ្ឋជាដើម។
លោក សេក សុជាតិ កត់សម្គាល់ថា គ្រោះថ្នាក់ចរាចរណ៍ ដែលនៅតែជាបញ្ហាធំ បណ្ដាលមកពីកត្តាមួយចំនួន រួមមាន រចនាសម្ព័ន្ធផ្លូវថ្នល់ ដែលមិនសមស្របនឹង ស្តង់ដារចរាចរណ៍ បញ្ហាយានយន្ត ខ្វះការយល់ដឹងច្បាប់នៃអ្នកបើកបរ ការធ្វេស ប្រហែសរបស់អ្នកបើកបរ ការអាងបក្ខពួកអន្តរាគមន៍ និងកត្តាគ្រឿងស្រវឹង។
លោក សេក សុជាតិ ៖ «អ្នកដែលស្រវឹងគឺបើកបរមានលក្ខណៈមួយ ខ្លាំងក្លាដែលធ្វើឱ្យប៉ះពាល់ទៅដល់អ្នកដទៃ ហើយធ្វើឱ្យមានការស្លាប់ និងរបួសធ្ងន់។ កត្តាទាំងអស់ហ្នឹង ដើម្បីកាត់បន្ថយ គឺមានតែលុបបំបាត់ចោលនូវវប្បធម៌អន្តរាគមន៍ ហើយយើងអ្នកដែលមានលុយ អ្នកមានឥទ្ធិពលនិងអំណាចមួយចំនួន គឺគាត់អាងលុយ គាត់អាចប្រើប្រាស់លុយ ដើម្បីដោះបន្ទុក ទៅការបង្កគ្រោះថ្នាក់ទៅដងផ្លូវ»។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញផ្សាយក្នុងខែមករា ឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៤ កើតឡើងជាង ២៨០០លើក (២.៨៤៤លើក) ដែលបង្កឱ្យមានអ្នករងគ្រោះចំនួនជាង ៥.២០០ នាក់ (៥.២២៩នាក់) ដោយរាប់សរុបទាំងអ្នកស្លាប់ អ្នករបួសធ្ងន់ និងអ្នករបួសស្រាល។ របាយការណ៍នេះ ឱ្យដឹងថា អ្នកស្លាប់មានចំនួនជាង ១.៥០០នាក់ (១.៥០៩នាក់) ថយចុះ៨១នាក់ធៀបនឹងឆ្នាំ២០២៣ ខណៈអ្នករងរបួសធ្ងន់មាន ជាង ២.២០០នាក់ (២.២៧៣នាក់) និងអ្នករបួសស្រាល ជាង ១.៤០០នាក់ (១.៤៤៧ នាក់)។
ក្រសួងសាធារណការ និងដឹកជញ្ជូន បង្ហាញថា កត្តាដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺដោយសារការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការមិនប្រកាន់ស្រាំ ការប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ ការបើកបរក្នុងស្ថានភាព ស្រវឹង និងការមិនគោរពសញ្ញាចរាចរណ៍ជាដើម។
វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនលោក ផន រឹម អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន និងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានទេ នៅថ្ងៃទី២៦ ខែមករា ទាក់ទងនឹងផែនការបន្តដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៥។
យ៉ាងណា នៅលើគេហទំព័រក្រសួងមហាផ្ទៃ អ្នកនាំពាក្យរងក្រសួងនេះលោក ទូច សុឃៈ ហាក់បានបង្ហាញពីការកោតសរសើររបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ចំពោះលទ្ធផលថយគ្រោះថ្នាក់ចរាចរណ៍តិចតួចនេះ។ លោក ទូច សុឃៈ បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែង របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការយកចិត្តទុកដាក់អនុវត្តច្បាប់របស់មន្ត្រីនគរបាលចរាចរណ៍ និងការចូលរួមរបស់ប្រជាពលរដ្ឋ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៦ ខែមករាថា ការថយចុះគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៤ នៅមិនទាន់យកជាការបាននៅឡើយទេ ពីព្រោះចំនួនអ្នករងគ្រោះ នៅតែច្រើនទាំងក្នុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥។ លោកថា អត្រាថយចុះគ្រោះថ្នាក់នេះ គឺជាជោគជ័យកម្រិតតូចនៅឡើយ ហើយលោកបារម្ភអំពីផលប៉ះពាល់ដោយសារកត្តាមួយចំនួន ដូចជា ការមិនអនុវត្តច្បាប់តឹងរឹងនៅលើដងផ្លូវ និងការផ្ដល់ប័ណ្ណបើកបរដល់អ្នកបើកបរខ្លះ ដែលមិនបានឆ្លងកាត់សាលាបើកបរត្រឹមត្រូវជាដើម។
លោកបណ្ឌិត មាស នី៖ «ពិនិត្យមើលប័ណ្ណបើកបរ ជារឿងសំខាន់ ថាតើនឹងមានចូលសាលាត្រឹមត្រូវទេ មានប័ណ្ណបើកបរពេលដែលមកកាន់ចង្កូតឡាន ជូនកាលគ្រោះថ្នាក់មួយទៀត ក៏អាចបណ្ដាមកពីកត្តាយានយន្ត យានយន្តខ្លះមិនបានត្រួតពិនិត្យត្រឹមត្រូវ មកឡើងលើផ្លូវ ក៏អាចបង្កគ្រោះថ្នាក់មកលើអ្នកដទៃដែរ។ ល្បឿនក៏អ៊ីចឹងដែរ ពេលខ្លះខ្ញុំឃើញតាមផ្លូវ បើល្បឿនគេឱ្យបើក ៩០ ដូចជា ពាក្យមួយចំនួនយើងឃើញដូចមិន ៩០ ទេ បើក ១២០ ទៅ១៣០ បើមានបញ្ហាអីកើតគ្មានអ្នកណាជួយគាត់ទាន់ទេ»។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ប៉េង ពោធិ៍នា បានប៉ាន់ ប្រមាណថា គ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យប្រទេសកម្ពុជា ខាតបង់ថវិកាក្នុងមួយឆ្នាំៗ ជិត ៥០០លានដុល្លារ ដោយមិនគិតពីផលលំបាកសង្គមផ្សេងទៀត ដូចជា ការបន្សល់ទុកនូវពិការភាព កុមារកំព្រា និងស្ត្រីមេម៉ាយ រួមទាំងធ្វើឱ្យសេដ្ឋកិច្ចគ្រួសារមួយចំនួន ធ្លាក់ទៅក្នុងស្ថានភាពក្រីក្រ។ រីឯការសិក្សារបស់អង្គការ UNDP កាលពីឆ្នាំ២០២៣ បានឱ្យដឹងថា ការខូចខាតសរុបពីគ្រោះថ្នាក់ចរាចរណ៍ នៅកម្ពុជា បានធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ និងខូចខាតទ្រព្យសម្បត្តិ ដែលធ្វើឱ្យខាតបង់ថវិកាជាតិប្រមាណ ៥០០លានដុល្លារ ក្នុងមួយឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
