អតីត​ឧកញ៉ា ហេង សិទ្ធី បន្ត​ចោទ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ

0:00 / 0:00

អតីត​អ្នក​ឧកញ៉ា និង​ជា​អ្នក​ជំនួញ​រក​ស៊ី​អចលនទ្រព្យ លោក ហេង សិទ្ធី បន្ត​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ស៊ើបអង្កេត​លើ​ករណី​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល និង​ក្មួយ​ប្រុស​បង្កើត​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ ដែល​លោក ហេង សិទ្ធី ចោទ​ប្រកាន់​ថា ជា​នៅ​ពី​ក្រោយ​អំពើ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ និង​ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ។ អ្នក​ជំនាញ​ច្បាប់ និង​អ្នក​ឃ្លាំ​មើល​យល់​ឃើញ​ថា រដ្ឋាភិបាល​ជាពិសេស​ក្រសួង​យុត្តិធម៌​គួរតែ​ស៊ើបអង្កេត​លើ​ករណី​នេះ ពីព្រោះ​នេះ​អាច​ជា​តម្រុយ​ដែល​នាំ​ឱ្យ​រដ្ឋាភិបាល​រក​ឃើញ​មេ​ខ្លោង​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ។

អតីត​អ្នក​ឧកញ៉ា លោក ហេង សិទ្ធី បាន​បន្ត​លើក​ឡើង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​ដោះស្រាយ​ករណី​នេះ ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​ប្រព័ន្ធ​អនឡាយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​លោក ហ៊ុន តូ និង​មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ទេ នោះ​កម្ពុជា​នឹង​គ្មាន​អ្នក​វិយោគ​មក​បណ្ដាក់​ទុន​រក​ស៊ី​នោះ​ឡើយ។

លោក ហេង សិទ្ធី បាន​បង្ហោះ​សារ​ជា​សំឡេង​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់ខ្លួននៅថ្ងៃទី១១ ខែ​មករា ដោយ​អះអាង​ថា ក្រុម​ឧក្រិដ្ឋជន​រក​ស៊ី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​មាន​អ្នក​មាន​អំណាច​នៅ​ចាំ​កាង​ការពារ​ក្នុង​នោះ​រួមមាន រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា និង​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​លោក សុខ ផល និង​លោក ហ៊ុន តូ ព្រម​ទាំង​បក្ខ​ពួក​មួយ​ចំនួន​គប់គិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​នៅ​តាម​ព្រំដែន និង​ការពារ​ក្រុម​ឧក្រិដ្ឋជន។

លោក ហេង សិទ្ធី៖«ខ្ញុំ​បកអាក្រាត​បុគ្គល​ណា​ដែល​តិរច្ឆាន​បំផុត ចង្រៃ​បំផុត​ដែល​នាំ​ឱ្យ​ប្រទេស​ជាតិ​យើង​លិចលង់​បាត់បង់​វប្បធម៌ បាត់បង់​នូវ​សិទ្ធិ​សេរីភាព បាត់បង់​ការ​គិត​នោះ​ខ្ញុំ​នឹង​បក​អាក្រាត ហើយ​ជាពិសេស​គឺ​ក្រសួង​មហាផ្ទៃ​ដែល​ជា​អ្នក​នៅ​ពី​ក្រោយ​ឧក្រិដ្ឋជន ហើយ​នេះ​ជា​ទង្វើ​ក្បត់ជាតិ ហើយ​ខ្ញុំ​មិន​អត់ឱន​ឱ្យ​អ្នក​ទាំងនោះ​ទេ»។

ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​របស់​លោក ហេង សិទ្ធី នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈ ដើម្បី​សុំ​ការ​ឆ្លើយតប ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ​នៅ​ថ្ងៃទី១១ ខែ​មករា។ ចំណែក​ក្មួយប្រុស​បង្កើត​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ ក៏​វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា កាល​ពី​ថ្ងៃ​ទី៨ ខែ​មករា លោក ហ៊ុន តូ បាន​ចេញ​លិខិត​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​លោក ហេង សិទ្ធី ពាក់ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ​នៅ​តាម​បណ្ដាញ​សង្គម​ដែល​ចោទ​ថា លោក​នៅ​ពី​ក្រោយ​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ និង​ជា​ជន​ឆបោក​លុយ​រាប់​លាន​ដុល្លារ​ពី​អ្នក​ជំនួញ​ជន​ជាតិចិន។ លោក ហ៊ុន តូ ក៏​ព្រមាន​ប្តឹង​មក​លើ​លោក ហេង សិទ្ធី វិញ​ផង​ដែរ ដោយ​លោក​អះអាង​ថា លោក ហេង សិទ្ធី បាន​គំរាម​សម្លាប់​លោក។

ក្រោយ​មាន​រឿង​ចម្រូងចម្រាស​រវាង​លោក ហេង សិទ្ធី និង​លោក ហ៊ុន តូ ពាក់ព័ន្ធ​នឹង​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​រឿង​រក​ស៊ី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ សម្រាប់​តែ​កាល​ពី​ថ្ងៃទី១០ ខែមករា លេច​ចេញ​នូវ​វត្តមាន​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​ជាប់​ឈ្មោះ​ជា​អ្នកឧកញ៉ា លក់​ផ្ទះ​ខ្យល់​ឱ្យ​អតិថិជន​នោះ បាន​ដឹក​នាំ​បក្ខពួក​ប្រមាណ ២០នាក់​ទៅ​ប្រទេស​សិង្ហបុរី ដើម្បី​សុំ​ជួប​ជាមួយ លោក ហេង សិទ្ធី រក​ភាព​ស្អាត​ស្នំ​ជូន​លោក ហ៊ុន តូ វិញ។ ប៉ុន្តែ លោក ឡេង ណាវ៉ាត្រា មិន​ជួប​ជាមួយ​លោក ហេង សិទ្ធី ប៉ុន្តែ​បែរជា​រង​ការ​រិះគន់​ថា មិន​ព្រម​ដោះស្រាយ​បញ្ហា​រឿង​អតិថិជន​ទិញ​ផ្ទះ​មិន​បាន​ផ្ទះ តែ​បែរ​ជា​ចំណាយ​លុយ​ខ្ជះខ្ជាយ​ឥត​ប្រយោជន៍។

លោក ហេង សិទ្ធី បាន​បង្ហោះ​សារ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា លោក​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​ក្រសួង​យុត្តិធម៌ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ក្រសួង​មហាផ្ទៃ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ជាដើម ដើម្បី​ឱ្យ​អាជ្ញាធរ​ស៊ើបអង្កេត​លើ​ករណី​រឿង លោក ហ៊ុន តូ ជា​អ្នក​នៅ​ពី​ក្រោយ​អំពើ​ឆបោក​តាម​អនឡាយ ប៉ុន្តែ​មក​ទល់​ពេល​នេះ​ក្រសួង​ទាំងនោះ ពុំ​មាន​ចំណាត់​ការ​ច្បាប់​ទៅ​បុគ្គល​ទាំង​នោះ​ឡើយ។

លោក មេធាវី សឺន ជុំជួន យល់​ឃើញ​ថា លោក ហេង សិទ្ធី គួរតែ​រក​មេធាវី​ដើម្បី​ការពារ​ក្តី និង​រៀបចំ​ពាក្យ​បណ្តឹង​ដើម្បី​ដាក់​ទៅ​ក្រសួង​ពាក់ព័ន្ធ ជាពិសេស​ស្ថាប័ន​តុលាការ។ លោក​មេធាវី បន្ថែម​ថា សំណុំ​រឿង​នេះ​គឺជា​តម្រុយ​ដែល​អាជ្ញាធរ​គួរតែ​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់​ប្រសិនបើ ប៉ះពាល់​ដល់​ប្រយោជន៍​សាធារណៈ។

លោក​មេធាវី សឺន ជុំជួន៖ «ប្រសិន​ណា​គាត់​ត្រូវ​ការ​មេធាវី​អា​ហ្នឹង​គឺជា​រឿង​សំខាន់​សម្រាប់​គាត់។ ការ​រៀបចំ​ឯកសារ​ផ្សេងៗ​វា​ពិបាក​ដែល​អ៊ីចឹង​ក្នុង​នាម​ជា​ជន​រងគ្រោះ ឬ​ក្នុង​នាម​ជា​បុគ្គល​ដែល​ត្រូវ​បាន​គេ​ឆបោក​ជាដើម។ យល់​ល្អ​គួរតែ​ស្វែង​រក​មេធាវី​ប្រសើរ​ជាង​ដើរ​ក្តី​ដោយ​ខ្លួនឯង»។

លោក ហេង សិទ្ធី គឺជា​ប្រធាន​ក្រុមហ៊ុន ម៉ារី ថាមគ្រុប (Maritime Group) និង​ធ្លាប់​មាន​ងារ​ជា​អ្នកឧកញ៉ា ហើយ​លោក​ក៏​ធ្លាប់​បរិច្ចាគ​លុយ​ចំនួន ១​លាន​ដុល្លារ​ជូន​រដ្ឋាភិបាល​ដល់​លោក ហ៊ុន សែន កាល​ពី​ផ្ទុះ​ជំងឺ​កូវីដ-១៩ (Covid-19) និង​បាន​បរិច្ចាគ​លុយ​ចំនួន ១០ម៉ឺនដុល្លារ ជូន​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​របស់​អ្នកស្រី ប៊ុនរ៉ានី កាល​ពី​ឆ្នាំ២០២២ ផង​ដែរ។ បច្ចុប្បន្ន​នេះ លោក ហេង សិទ្ធី កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​អូស្ត្រាលី។ លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​ដក​គោរមងារ​អ្នក​ឧកញ៉ា កាលពី​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ តាម​សំណើ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្រោយ​ពេល​លោក​បាន​ទម្លាយ​រឿង​អ្នក​ជំនួញ​ជនជាតិ​សិង្ហបុរី (Singapore) មាន​សញ្ជាតិ​ខ្មែរ​ម្នាក់​ឈ្មោះ ភួ ហ្គេច សេង (Phua Gek Seng) ហៅ​តាក់ (Tak) បាន​ប្រើប្រាស់​ទឹក​ដី​កម្ពុជា ដើម្បី​ប្រតិបត្តិការ​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ។

ក្រោយ​លោក ហ៊ុន ម៉ាណែត បាន​ដក​គោរមងារ​អ្នក​ឧកញ៉ា​ពី​លោក ហេង សិទ្ធី មក​លោក ហេង សិទ្ធី បាន​បន្ត​ទម្លាយ​រឿង​អាស្រូវ​ពាក់ព័ន្ធ​អំពើពុករលួយ​របស់​មន្ត្រី​គ្រាក់ៗ​ក្នុង​ស្ថាប័ន​រដ្ឋ​ជា​បន្តបន្ទាប់។

ករណី​ចុង​ក្រោយ​គឺ លោក ហេង សិទ្ធី បាន​ប្ដឹង​លោក ហ៊ុន តូ ថា បាន​បោក​លុយ និង​យក​ដី​របស់​លោក​សរុប​ជា​លុយ​ប្រមាណ ២៥០លាន​ដុល្លារ ដែល​លុយ​ទាំងនោះ​គឺ​មាន​ភាគហ៊ុន​ជា​ដៃ​គូ​រកស៊ី​របស់​លោក​ផ្សេង​ទៀត​បាន​បណ្ដាក់​ទុន។ លើស​ពី​នេះ​ក៏​មាន​ជនជាតិ​ម្នាក់​ឈ្មោះ ស៊ុន រ៉ួយហ្វឹង (Sun ruifeng) ក៏​បាន​ដាក់​ពាក្យ​ប្តឹង​លោក ហ៊ុន តូ ទៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ថា លោក ហ៊ុន តូ បាន​បោក​លុយ​លោក​អស់​ចំនួន ៩លាន​ដុល្លារ (៩.០០០.០០០) ផង​ដែរ។

ជុំវិញ​ការ​ចោទ​ប្រកាន់​មក​លើ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ទាំង​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក ហេង សិទ្ធី ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ​គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

ពាក់ព័ន្ធ​នឹង​ក្មួយ​ប្រុស​បង្កើត​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ នេះ​គឺ​លោក ធ្លាប់​ត្រូវ​បាន​នគរបាល​អូស្ត្រាលី​ស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ ហេរ៉ូអ៊ីន និង​សួរ​នាំ​អំពី​រឿង​រ៉ាវ​គំរាម​សម្លាប់​ក្រុម​គ្រួសារ​បណ្ឌិត កែម ឡី និង​តំណាង​សហគមន៍​ខ្មែរ​នៅ​ទីនោះ។ លោក​ក៏​ត្រូវ​បាន​សារព័ត៌មាន អាល់ ហ្សាហ្ស៊ីរ៉ា (AlJazeera) និង​កាសែត ឌឹ អូស្ត្រាលៀន (The Australian) ភ្ជាប់​ទៅ​នឹង​អំពើ​ជួញដូរ​មនុស្ស​អំពើ​ឆបោក​តាម​អន​ឡាញ និង​រត់​ពន្ធ​គ្រឿងញៀន។

ចុង​ក្រោយ​កាលពី​ថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុន​វិភាគ​ទិន្នន័យ​ប្រតិបត្តិការ​កុំព្យូទ័រ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា Blockchainឈ្មោះ «អេលីបទីក» (Elliptic) បាន​រក​ឃើញថា លោក ហ៊ុន តូ គឺជា​ម្ចាស់​ភាគ​ហ៊ុន​មួយ​របស់​ក្រុមហ៊ុន​ប្រតិបត្តិការ​អាជីវកម្ម​ទូទាត់ និង​ប្តូរ​ប្រាក់​ឈ្មោះ«ហួយ​វ័ន ផេ» (Huione Pay) ដែល​ជា​ផ្នែក​មួយ​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន «ហួយវ័ន គ្រុប»។ កម្មវិធី​ទីផ្សារ​អន​ឡាញ​ងងឹត​ឈ្មោះ «ហួយវ័ន ហ្គារេនធី» (Huione Guarantee) របស់​ក្រុម​ហ៊ុន​នេះ ត្រូវ​បាន​ប្រើប្រាស់​យ៉ាង ទូលំទូលាយ​ក្នុង​ចំណោម​ក្រុម​អ្នក​រក​ស៊ី​ឆបោក​តាម​អនឡាញ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ យ៉ាង​ហោច​ណាស់ ទឹក​ប្រាក់​ជាង ១១​ពាន់​លាន​ដុល្លារ ត្រូវ​គេ​សង្ស័យ​ថា ត្រូវ​បាន​គេ​លាង​លុយ​តាមរយៈ​កម្មវិធី​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។