អាជីវករលក់ដូរនៅទីតាំងសំខាន់ៗនៃតំបន់ដែលមានភ្ញៀវទេសចរណ៍ច្រើនតាមមាត់ព្រែកកំពតដូចជា ទីតាំងរូបសំណាកសេះសមុទ្រ គឺពួកគាត់លក់ដូរទាំងក្ដីព្រួយបារម្ភដោយសារតែក្រុមអាជ្ញាធរ និងប្រជាការពារបណ្ដាញចេញមិនឱ្យលក់ដូរក្នុងថ្ងៃពិធីបុណ្យសមុទ្រ។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិដើរលេងកម្សាន្តច្រើនកុះករក្នុងពិធីបុណ្យសមុទ្រលើកទី១១ ស្ថិតក្នុងខេត្តកំពតនារយៈពេល ៣ថ្ងៃកន្លងមកនេះ។ ទោះជាយ៉ាងណា ក្រុមអាជីវករលក់ដូរអះអាងថា ពិធីបុណ្យសមុទ្រលើកនេះ ហាក់មានមនុស្សដើរលេងតិចជាងលើកមុន។
តាមដងផ្លូវនៃចំណុចព្រែកកំពតមានការតាំងស្តង់របស់ក្រុមហ៊ុនថៃសម្រាប់ជួលឱ្យអាជីវករ និងមានអាជ្ញាធរ និងប្រជាការពារឈរសម្រួលចរាចរណ៍ច្បោលៗ។ ជាមួយគ្នានេះ អាជ្ញាធរខេត្តកំពតក៏បានរៀបចំស្តង់ ឬគ្លីនិកសង្គ្រោះបឋមចល័តតាមដងព្រែកនៅពេលមានប្រជាពលរដ្ឋមានគ្រោះថ្នាក់ផ្សេងៗដោយយថាហេតុណាមួយ។
ទោះជាយ៉ាងណា ក្រុមអាជីវករមួយចំនួនឱ្យដឹងថា ក្រុមកម្លាំងសមត្ថកិច្ចទាំងនោះមិនត្រឹមតែការពារសណ្ដាប់ធ្នាប់ប៉ុណ្ណោះទេ ពួកគេក៏បណ្ដេញអាជីវករមិនឱ្យលក់ដូរតាមមាត់ព្រែកនោះទេ។ អ្នកលក់ដូរនៅតាមទីតាំងដែលមានភ្ញៀវទេសចរដើរលេងកម្សាន្តច្រើនដូចជាតាមមាត់ព្រែក និងរូបសំណាកសេះសមុទ្រជាដើម ត្អូញត្អែរពីការបណ្ដេញទាំងបង្ខំពីសំណាក់អាជ្ញាធរ និងប្រជាការពារ ក្រោមហេតុផលថា ប៉ះពាល់សណ្ដាប់ធ្នាប់ និងភ្ញៀវទេសចរ។
អ្នកលក់ទឹកអំពៅលោក កែវ ធី ឱ្យដឹងថា ៣ថ្ងៃនៃពិធីបុណ្យសមុទ្រលោករកចំណូលមិនសូវបាននោះទេ។ លោកបញ្ជាក់ថា ពេលលោកចតរទេះនៅតាមមាត់ព្រែកភ័យខ្លាចតែអាជ្ញាធរចុះមករុះរើរបស់របរលោក និងសម្លុតគំរាមកំហែងបណ្ដេញចេញមិនឱ្យលោកលក់ដូរ។
លោក កែវ ធី៖«ប៉ូលិសដេញ គេណែនាំយើងកុំឱ្យយើងលក់កន្លែងទាំងអស់ហ្នឹង ខ្ញុំសុំស្នើឱ្យបានលក់នៅកន្លែង[តាមដងព្រែក]ហ្នឹងដែរមក។ បានមួយជួរៗមាត់ព្រែក ទើបលក់បានគ្រាន់បើ បើឱ្យទៅម្ដុំស្រះឈូកលក់អត់បានទេ»។
ចំណែក អ្នកលក់ចំណីអាហារម្នាក់ទៀត លោកស្រី យ៉ាន់ ចន្នី វ័យ ៧០ឆ្នាំឱ្យដឹងថា ពិធីបុណ្យសមុទ្រលើកនេះ លោកស្រីអាចរកចំណូលច្រើនគួរសម តែលោកស្រីបញ្ជាក់ថា ហត់នឿយតែនៅពេលអាជ្ញាធរចុះបណ្ដេញអ្នកលក់ដូរម្ដងៗ លោកស្រីត្រូវប្រមូលឥវ៉ាន់ ដើម្បីដាក់លក់ដូរនៅកន្លែងផ្សេងៗដែលមិនសូវមានភ្ញៀវទេសចរដើរកាត់ច្រើន។
លោកស្រី យ៉ាន់ ចន្នី៖«លក់ដាច់ៗ គេអត់ដេញទើបបុណ្យហ្នឹងលើកមុនគេដេញចង់ងាប់»។
ពិធីបុណ្យសមុទ្រលើកទី១១ នេះ អាជ្ញាធរខេត្តកំពតក៏បានសហការជាមួយក្រុមហ៊ុនថៃ ដើម្បីបោះស្តង់រាប់រយនៅតាមមាត់ព្រែកសម្រាប់ជួលឱ្យអាជីវករដែលមានតម្លៃ ៣រយដុល្លារក្នុងមួយស្តង់សម្រាប់លក់ដូរឥវ៉ាន់ សម្ភារៈប្រើប្រាស់ និងអាហារហូបចុកជាដើមក្នុងពិធីបុណ្យសមុទ្រចំនួន ៣ថ្ងៃ។ រីឯ ក្រុមអាជីវករលក់ដូរចំណីតូចតាចទូលដោយថាស និងកញ្ច្រែងថា ចំណាត់ការរបស់អាជ្ញាធរបង្កការរំខានមិនឱ្យពួកគាត់លក់ដូរនោះអាចជាវិធានការមួយ ដើម្បីជំរុញឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិទិញអាហារ និងសម្ភារៈនៅតាមស្តង់វិញ។ អាជីវករលក់ដូរចំណីអាហារ និងភេសជ្ជៈតាមដងផ្លូវភាគច្រើនមិនមែនជាពលរដ្ឋនៅខេត្តកំពតនោះទេ ពោលពួកគាត់ភាគច្រើនជាពលរដ្ឋមកខេត្តកែប កំពង់ស្ពឺ កណ្ដាល និងខេត្តពោធិ៍សាត់ជាដើម។
អ្នកលក់ទឹកអំពៅម្នាក់មកពីខេត្តកែបលោក សេង សិរី បានចតរទេះទឹកអំពៅគាត់ឆ្ងាយពីមាត់ព្រែកដែលជាតំបន់មានភ្ញៀវទេសចរដើរកម្សាន្តច្រើន។ លោកបញ្ជាក់ថា មូលហេតុដែលមិនចតរទេះលក់នៅតាមមាត់ព្រែក ដោយសារតែលោកចង់មិនឃើញ ការរំខានរបស់អាជ្ញាធរដែលតែងបណ្ដេញពលរដ្ឋ។ ទោះជាយ៉ាងណា លោកក៏ខកចិត្តដែលពិធីបុណ្យមានភ្ញៀវទេសចរដើរលេងកម្សាន្តច្រើន បែរជាអាជ្ញាធរបណ្ដេញពលរដ្ឋមិនឱ្យលក់ដូរតាមតំបន់ទីតាំងសំខាន់ៗនៃគោលដៅភ្ញៀវទេសចរទៅវិញ។
លោក សេង សិរី៖«រៀងស្ងាត់មួយអត់សូវដាច់ទេ យប់មិញបានគេលក់ដាច់ខ្លាំងថ្ងៃនេះអត់សូវទេមួយៗថ្ងៃ យប់បានដាច់។ មាត់ព្រែកគេបិទហើយ គេចាប់ផ្ដើមបិទបណ្ដើរៗហើយគេទុកឱ្យអ្នកដើរ។ អ្នកលក់នៅខាងក្រៅ។ បើលក់ដាច់បាន ២០ម៉ឺនរៀលអីហ្នឹងដែរ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអភិបាលខេត្តកំពតលោក ម៉ៅ ធនិន ដើម្បីសួរបញ្ជាក់ជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៥ ខែធ្នូ។
អាជ្ញាធរខេត្តកំពតបានរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ និងអះអាងថា ការរៀបចំព្រឹត្តិការណ៍នេះក៏ផ្នែកមួយសំខាន់ក្នុងការចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរ និងជំរុញការវិនិយោគក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។ ពិធីបុណ្យសមុទ្រលើកទី១១ ធ្វើឡើងក្រោមប្រធានបទ អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ។ នាពេលរាត្រីនៅតាមដងព្រែក និងរង្វង់មូលទុរេនក៏មានការប្រគំតន្ត្រី និងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ។ នាពេលរាត្រីនៃថ្ងៃចុងក្រោយពិធីបុណ្យសមុទ្រនេះអាជ្ញាធរខេត្តកំពតក៏បានបាញ់កាំជ្រួចអបអរសាទរ ដោយមានមនុស្សម្នាជាច្រើនស្រែកហូរកញ្ឆៀវ។
អ្នកលក់ដូរចំណីអាហារតាមដងផ្លូវស្នើដល់អាជ្ញាធរខេត្តកំពតបញ្ឈប់ការបណ្ដេញពួកគាត់លក់ដូរនៅកន្លែងមានភ្ញៀវទេសចរដើរលេងកម្សាន្តច្រើន ព្រោះអាជីវករថា ព្រឹត្តិការណ៍ពិធីបុណ្យបែបនេះ គឺជាក្ដីសង្ឃឹមដែលពួកគាត់អាចរកចំណូលបានច្រើន ដើម្បីដោះស្រាយបញ្ហាជីវភាពគ្រួសារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
