អ្នកឃ្លាំមើលសង្គមលើកឡើងថា ការណែនាំរបស់ក្រសួងមហាផ្ទៃក្នុងការការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ នឹងមិនអាចអនុវត្តមានប្រសិទ្ធភាពបានឡើយ ប្រសិនបើរដ្ឋាភិបាលមិនលុបបំបាត់អំពើពុករលួយ និងទប់ស្កាត់បញ្ហាគ្រឿងញៀន។ ពួកគាត់អះអាងថា រដ្ឋាភិបាលបរាជ័យក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ខណៈបញ្ហាក្មេងទំនើង និងការជួញដូរគ្រឿងញៀននៅតែបន្តកើតមានព្រោងព្រាតនៅតាមបណ្ដាខេត្ត។
អ្នកឃ្លាំមើលសង្គមសង្កេតឃើញថា ក្រសួងមហាផ្ទៃតែងណែនាំឱ្យមន្ត្រីថ្នាក់ក្រោមពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ប៉ុន្តែបញ្ហាគ្រឿងញៀន ករណីក្មេងទំនើង ល្បែងស៊ីសង និងអំពើឆក់ប្លន់នៅតែកើតមានក្នុងសហគមន៍។
អ្នកសិក្សាបញ្ហាសង្គម និងនយោបាយ លោក ប៉ោ មករា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៨ ខែធ្នូ ថា ការណែនាំរបស់ក្រសួងមហាផ្ទៃពាក់ព័ន្ធនឹងការពង្រឹងសុខសុវត្ថិភាពជូនពលរដ្ឋគឺជារឿងល្អប្រសើរ ប៉ុន្តែលោកថា ក្រសួងមហាផ្ទៃបានបរាជ័យក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឱ្យមានប្រសិទ្ធភាព។ លោកបន្តថា បញ្ហានេះកើតមានឡើងគឺដោយសារបញ្ហាអំពើពុករលួយនៅក្នុងស្ថាប័នរដ្ឋដែលមិនអាចស្វែងរកមេក្លោងរកស៊ីជួញដូរគ្រឿងញៀន ឬអ្នកប្រព្រឹត្តខុសច្បាប់មកផ្ដន្ទាទោសតាមផ្លូវច្បាប់បាន។
លោក ប៉ោ មករា៖«យើងឃើញអ្វីដែលជាបញ្ហាប្រឈមនោះគឺ បញ្ហាគ្រឿងញៀន គ្រឿងស្រវឹងជាពិសេសបញ្ហាទាំងអស់ហ្នឹងកំពុងធ្លាក់ទៅយុវជន ។ ហើយយុវជននៅពេលធ្លាក់ទៅក្នុងបញ្ហាទាំងអស់ហ្នឹងអាចបង្កទៅជាអំពើហិង្សា ឬក៏បង្កើតបក្ខពួកទៅជាក្រុមក្មេងស្ទាវបញ្ហាទាំងអស់ហ្នឹងបង្ហាញថា មូលដ្ឋានខ្វះសន្តិសុខ ឬហៅថាសណ្ដាប់ធ្នាប់នៅថ្នាក់មូលដ្ឋានខ្វះសុវត្ថិភាព។ អ៊ីចឹងកត្តាទាំងអស់ហ្នឹងវាជាបញ្ហាច្រាន ឬក៏រុញយុវជនឱ្យឆ្ងាយពីការសិក្សារៀនសូត្រ»។
ការលើកឡើងរបស់អ្នកឃ្លាំមើលសង្គមរូបនេះ គឺបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក សុខា កាលពីថ្ងៃទី២៧ ខែធ្នូ បានចេញសេចក្ដីណែនាំ ១១ចំណុចស្ដីពី ការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្ដាប់ធ្នាប់សង្គមសម្រាប់មន្ត្រីក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃឱ្យពង្រឹងបន្ថែមនូវក្រមសីលធម៌វិជ្ជាជីវៈដើម្បីការពារសុវត្ថិភាពជូនពលរដ្ឋ។ ក្នុងចំនួន១១ចំណុចនោះគឺក្រសួងមហាផ្ទៃហាមឃាត់មិនឱ្យមន្ត្រីថ្នាក់ក្រោមផ្សព្វផ្សាយរបាយការណ៍ ឬផ្ដល់ព័ត៌មានពីករណីការចាប់ខ្លួន ការឃាត់ជនសង្ស័យទៅដល់អ្នកសារព័ត៌មានឡើយដែលនាំឱ្យប៉ះពាល់ដល់ដំណើរការការអនុវត្តច្បាប់។ ជាងនេះទៅទៀតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជាក់ថា មានតែប្រធានអង្គភាពអ្នកនាំពាក្យ ឬប្រធានក្រុមប្រតិបត្តិការទទួលសិទ្ធិពីប្រធានអង្គភាពតែប៉ុណ្ណោះទើបអាចមានសិទ្ធិផ្ដល់ព័ត៌មានដល់អ្នកសារព័ត៌មាន។
ជុំវិញរឿងនេះ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ មានប្រសាសន៍ថា ការអនុវត្តគោលនយោបាយរបស់ក្រសួងមហាផ្ទៃក្នុងការការពារសុវត្ថិភាពជូនពលរដ្ឋរយៈពេលចុងក្រោយនេះ គឺមិនសូវមានប្រសិទ្ធភាព និងនៅមានចន្លោះខ្វះខាតដោយសារតែបញ្ហាអំពើពុករលួយ និងមានបក្ខពួកនិយម។ លោកបន្តថា ក្រសួងមហាផ្ទៃគួរតែពង្រឹងការអនុវត្តច្បាប់ និងធ្វើការវាយតម្លៃលើលទ្ធផលការងាររបស់មន្ត្រីថ្នាក់ក្រោម ហើយករណីរកឃើញមានមន្ត្រីណាប្រព្រឹត្តអំពើពុករលួយគឺត្រូវតែដកចេញដោយគ្មានយោគយល់។
លោក សេក សុជាតិ៖«វាមានករណីច្រើននៅក្នុងហ្នឹងទី១យើងឃើញ គឺអាជ្ញាធររកឃើញកន្លងមកគឺការជួញដូរគ្រឿងញៀនខ្លួនឯងពីខាងលើអ៊ីចឹងធ្វើឱ្យមន្ត្រីថ្នាក់ក្រោមមិនអាចដោះស្រាយបានយុត្តិធម៌ហើយមិនហ៊ានដោយខ្លាចអស់ដំណែង។ អ៊ីចឹងមានខ្លះកើតឡើងពីករណីហ្នឹង ហើយមានខ្លះករណីមួយចំនួនទៀតយើងឃើញហើយដោយសារតែអ្នកដែលនៅពីខាងក្រោយក្រុមឧក្រិដ្ឋជនគ្រឿងញៀនអីហ្នឹងសុទ្ធតែមានខ្នងបង្អែកធំៗ»។
ចាប់តាំងពីលោក ស សុខា ឡើងកាន់ដំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបន្តពីឪពុករបស់លោកគឺលោក ស ខេង មកបញ្ហាអសន្តិសុខសង្គម ករណីគ្រឿងញៀន ករណីឆបោកតាមប្រព័ន្ធអនឡាញ បញ្ហាក្មេងទំនើងនៅតែបន្តកើតមានឡើង ដែលធ្វើឱ្យពលរដ្ឋរស់នៅដោយភាពភ័យខ្លាច និងពលរដ្ឋខ្លះទៀតរងគ្រោះដោយបញ្ហាអសន្តិសុខសង្គម។
កាលពីថ្ងៃទី២៥ ខែធ្នូ ក្រសួងយុត្តិធម៌បង្ហាញថាក្នុងរយៈពេលជាង៧ខែ នៃការអនុវត្តយុទ្ធនាការជំរុញ និងដោះស្រាយរឿងក្ដីនៅតាមតុលាការ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត បានទទួលសំណុំរឿងសរុបជាង២ពាន់សំណុំរឿង (២.១១៥) ពាក់ព័ន្ធនឹងបញ្ហាក្មេងទំនើង។
អ្នកឃ្លាំមើលយល់ឃើញថា ការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលជាពិសេសក្រសួងមហាផ្ទៃដើម្បីអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពដែលមានដូចជា ការផ្ដល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងជឿទុកចិត្ត គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសង និងមានសណ្ដាប់ធ្នាប់ល្អ ពិសេសគ្មានការជួញដូរមនុស្ស និងក្មេងទំនើងនៅតែមិនអាចអនុវត្តបានឱ្យមានប្រសិទ្ធភាពនៅឡើយ ដោយសារតែរដ្ឋាភិបាលគ្មានទំនួលខុសត្រូវក្នុងការលុបបំបាត់អំពើពុករលួយ បក្ខពួកនិយម និងក្រុមឧក្រិដ្ឋជនដែលជាមេក្លោងរកស៊ីជួញដូរគ្រឿងញៀនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។