ហ្វីលីពីន​បន្ត​ព្រមាន​ដល់​ពលរដ្ឋ​របស់​ខ្លួន​ឱ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់​មុន​ចូល​មក​បម្រើ​ការងារ​នៅ​កម្ពុជា

0:00 / 0:00

មន្ត្រី​ប៉ូលិស​ជាន់​ខ្ពស់​ហ្វីលីពីន (Philippines) បន្ត​ព្រមាន​ដល់​ពលរដ្ឋ​របស់​ខ្លួន​បង្កើន​ការ​ប្រុងប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​មុន​ចូល​មក​ស្វែងរក​ការងារ​នៅ​កម្ពុជា​ដោយ​សារ​តែ​អាច​ក្លាយ​ជា​ជនរងគ្រោះ​ក្នុង​ការងារ​ជា​អ្នក​ឆបោក​តាម​អនឡាញ (Online)។ អាជ្ញាធរ​កម្ពុជា​ចាត់​ទុក​ការ​អំពាវនាវ​របស់​ភាគី​ហ្វីលីពីន​នេះ​ថា ជា​វិធានការ​មួយ​ដើម្បី​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន។

អាជ្ញាធរ​ហ្វីលីពីន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន​ប្រយ័ត្នប្រយែង​រឿង​ចូល​មក​បម្រើ​ការងារ​នៅ​កម្ពុជា គឺ​បន្ទាប់​ពី​ក្រុម​សមត្ថកិច្ច​ហ្វីលីពីន​បាន​អន្តរាគមន៍​ជួយ​សង្គ្រោះ​ជនជាតិ​របស់​ខ្លួន​ម្នាក់ អាយុជា​ង ៣០ឆ្នាំ ដែល​អះអាង​ថា បាន​បម្រើ​ការងារ​ក្នុង​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា ក្នុង​ពេល​បុរស​រូប​នេះ​កំពុង​ត្រៀម​ធ្វើ​ដំណើរ​ចាកចេញ​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្នុង​ទីក្រុង​ម៉ានីល (Manila) មក​កាន់​ប្រទេស​កម្ពុជា។

ស្នងការ​ការិយាល័យ​អន្តោប្រវេសន៍​ហ្វីលីពីន (BI) លោក ចូអែល អេនតូនី វីយ៉ាដូ (Joel Anthony Viado) ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហ្វីលីពីន​ឈ្មោះ អាបូហ្គាដូ (Abogado) ស្រង់​សម្ដី​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី១២ មករា ដោយ​លោក​ព្រមាន​ថា ក្រុម​ឆបោក​តាម​អនឡាញ​កំពុង​វាយលុក​លើ​ប្រជាជន​ហ្វីលីពីន​ដោយ​គ្មាន​ការ​សង្ស័យ និង​ទាក់ទាញ​ពួកគេ​ឱ្យ​បំពេញ​ការងារ​ខុស​ច្បាប់​ជាមួយ​នឹង​ការ​សន្យា​ផ្ដល់​ប្រាក់​ខែ​ខ្ពស់។ លោក​អំពាវនាវ​ឱ្យ​ជនជាតិ​ហ្វីលីពីន ផ្ទៀងផ្ទាត់​ភាព​ស្របច្បាប់​ការងារ​តាមរយៈ​នាយកដ្ឋាន​ពលករ​ចំណាក​ស្រុក។

ឆ្លើយតប​នឹង​រឿង​នេះ អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃ​ទី១២ ខែមករា​ថា អាជ្ញាធរ​ហ្វីលីពីន​ព្រមាន​ពលរដ្ឋ​របស់​ខ្លួន​បែប​នេះ​គឺ​ជា​វិធានការ​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន។ អ្នកស្រី​បញ្ជាក់​ថា កម្ពុជា​ក៏​គ្មាន​ការ​ព្រួយបារម្ភ​ចំពោះ​រដ្ឋាភិបាល​អន្តរជាតិ​មួយ​ចំនួន​ដែល​តែងតែ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ពួកគេ​ប្រុងប្រយ័ត្ន​ខ្ពស់​មុន​ចូល​មក​បម្រើ​ការងារ​នៅ​កម្ពុជា​ថា ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ និង​ការ​វិនិយោគ​នៅ​កម្ពុជា​នោះ​ទេ។

ទោះ​ជា​យ៉ាងណា អ្នកស្រី ជូ ប៊ុនអេង ហាក់​ខឹង​សម្បា​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​រដ្ឋាភិបាល​អន្តរជាតិ​មួយ​ចំនួន​ដែល​និយាយ​ពី​កម្ពុជា​ទាក់ទង​នឹង​បញ្ហា​ជួញដូរ​មនុស្ស និង​អំពើ​ឆបោក​តាម​អនឡាញ ហើយ​ក៏​ទទួល​ស្គាល់​ថា បញ្ហា​ឧក្រិដ្ឋកម្ម​ទាំង​នេះ​ពិត​ជា​កើត​មាន​នៅ​កម្ពុជា។

អ្នកស្រី ជូ ប៊ុនអេង៖«មិនមែន​ទូទាំង​ប្រទេស​សុទ្ធតែ​ជា​កន្លែង​គួរ​ឱ្យ​ព្រួយបារម្ភ​ទេ អា​រឿង​ចោទ​ប្រកាន់​ជា​ទូទៅ​ហើយ ចំណែក​ការ​ផ្សព្វផ្សាយ​បាន​ត្រឹមតែ​បន្ទោស​បង្អាប់​គ្នា​ទៅ​វិញ​ទៅ​មក​ទេ តែ​សួរ​ថា ស្អី​ទៅ​ជា​ផល​ចំណេញ?អ្វី​ដែល​យើង​បាន​ធ្វើ​ជាមួយ​ប្រទេស​ជិត​ខាង​គឺ​យើង​បាន​គោរព​សិទ្ធិ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​យើង​ក៏​ចង់​ឱ្យ​មាន​កិច្ច​សហការ​ក្នុង​ការ​បង្ការ​ទប់ស្កាត់ ឬ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ជាមួយ​គ្នា។ ប្រទេស​ណា​ក៏​ដោយ​ឧទាហរណ៍​ថា ឥណ្ឌា​ក៏​ដោយ ថៃ​ក៏​ដោយ​ផ្សាយ​មិន​តិច​ទេ​ពី​កម្ពុជា​ប៉ុន្តែ​យើង​គ្រាន់​តែ​ចង់​ប្រាប់​ថា ការ​ពិត​នៅ​តែ​ជា​ការ​ពិត»។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា បញ្ហា​ជួញដូរ​មនុស្ស និង​អំពើ​ឆបោក​តាម​អនឡាញ​នៅ​តែ​ជា​បញ្ហា​ក្ដៅ​ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​គិតគូរ និង​ចាត់​វិធានការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ទាំង​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព។ លោក​យល់​ថា ការ​រិះគន់​របស់​បណ្ដា​ប្រទេស​ក្នុង​តំបន់​ស្ដីពី​បញ្ហា​ជួញដូរ​មនុស្ស​នៅ​កម្ពុជា និង​ការណែនាំ​ឱ្យ​ពលរដ្ឋ​ពួកគេ​ប្រុងប្រយ័ត្ន​មុន​ចូល​ទឹកដី​កម្ពុជា​នោះ​គឺ​បាន​ជះឥទ្ធិពល​មិន​ល្អ​សម្រាប់​វិស័យ​ទេសចរណ៍​អន្តរជាតិ និង​ការ​វិនិយោគ​នៅ​កម្ពុជា។

លោក អំ សំអាត៖«មាន​ប្រទេស​ឥណ្ឌា និង​ប្រទេស​ផ្សេង​ទៀត​ក៏​បាន​ប្រកាស​ព័ត៌មាន​សម្រាប់​ប្រជាពលរដ្ឋ​គេ​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​ក្នុង​ការ​ធ្វើ​ដំណើរ​មក​កម្ពុជា​កុំ​ឱ្យ​ធ្លាក់​ទៅ​ក្នុង​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ជាពិសេស​ការ​ស្វែងរក​ការងារ​ធ្វើ​វា​ជា​រឿង​មួយ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​មុខមាត់​កម្ពុជា​យើង​ផង​ដែរ​ទៅ​លើ​ការ​ប្រកាស​ព័ត៌មាន ឬ​ព័ត៌មាន​អន្តរជាតិ​ផ្សេងៗ​ដែល​ទាក់ទង​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នៅ​កម្ពុជា​យើង»។

មិនមែន​មាន​តែ​រដ្ឋាភិបាល​ហ្វីលីពីន​នោះ​ទេ ដែល​ណែនាំ​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​មុន​ចូល​មក​ធ្វើការ​នៅ​កម្ពុជា រដ្ឋាភិបាល​ឥណ្ឌា (India) ម៉ាឡេស៊ី (Malaysia) ថៃ (Thailand) ឥណ្ឌូណេស៊ី (Indonesia) និង​ប៉ាគីស្ថាន (Pakistan) ជាដើម តាមរយៈ​ស្ថានទូត​ប្រចាំ​នៅ​ទី​ក្រុងភ្នំពេញ​តែងតែ​ប្រកាស​ដោយ​ព្រមាន​ពលរដ្ឋ​ពួកគេ​ឱ្យ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​សិក្សា​ឱ្យ​ច្បាស់លាស់​មុន​ចូល​មក​ទឹកដី​កម្ពុជា​ស្វែងរក​ការងារ​ធ្វើ ព្រោះ​អាច​ក្លាយ​ជា​ជនរងគ្រោះ​បម្រើ​ការងារ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ប្រតិបត្តិការ​លើ​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។