នាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវ ៣នាក់ ដែលត្រូវបានចាប់ខ្លួននៅខេត្តកណ្តាល កាលពីពេលថ្មីៗនេះ ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ២នាក់ត្រូវបានបញ្ជូនទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីបន្តនីតិវិធីជុំវិញករណីស៊ីសំណូក ខណៈម្នាក់ទៀតបញ្ជូនទៅខេត្តតាកែវវិញ ដើម្បីទទួលទណ្ឌកម្មរដ្ឋបាលដោយសារមិនទទួលខុសត្រូវការងារ។ ទោះជាយ៉ាងណា មន្ត្រីគណបក្សប្រឆាំងថា ការចាប់ខ្លួននេះគឺជាការអនុវត្តទ្រង់ទ្រាយតូច និងមិនមានប្រសិទ្ធភាពពិតប្រាកដនោះទេ។
ការលើកឡើងរបស់មន្ត្រីបក្សប្រឆាំងជុំវិញអំពើពុករលួយនេះ គឺក្រោយពេលដែលកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី០៦ ខែធ្នូ ថាមាន មន្ត្រីកងរាជអាវុធហត្ថ២នាក់ ឈ្មោះ ង៉ែត ចាន់ធី និងឈ្មោះ ស៊ិន សុវណ្ណារិទ្ធ ត្រូវបានចោទប្រកាន់ពីបទល្មើសស៊ីសំណូកទទួលប្រាក់ជាថ្នូរនឹងការមិនបង្ក្រាប បទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងធ្វើឱ្យបែកការសម្ងាត់ក្នុងការស៊ើបអង្កេត ត្រូវបានបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយ។ ចំណែកមន្ត្រីកងរាជអាវុធហត្ថ ១នាក់ទៀត ឈ្មោះ លុយ សារ៉ុម ហៅ លុយ សារុំ មិនមានពាក់ព័ន្ធនឹងបទល្មើសស៊ីសំណូក ប៉ុន្តែបុគ្គលនេះគ្មានការខុសត្រូវចំពោះតួនាទី ភារកិច្ច បាន បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវវិញ ដើម្បីអនុវត្តវិន័យទណ្ឌកម្ម។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ប្រាប់វិទ្យុអាស៊ីសេរីបន្ថែមថា មន្ត្រីកងរាជអាវុធហត្ថ ១នាក់ទៀតឈ្មោះ លុយ សារ៉ុម នឹងចូលបម្រើការងារធម្មតាវិញនៅក្រោយទទួលអនុវត្តវិន័យទណ្ឌកម្មតាមរយៈការចុះកិច្ចសន្យា។ លោក អេង ហ៊ី បន្តថា កងរាជអាវុធហត្ថលើផ្ទៃប្រទេសនឹងបន្តបង្ក្រាបទៅមន្ត្រីកងរាជអាវុធហត្ថណាដែលប្រព្រឹត្តបទល្មើសជាពិសេសរួមដៃជាមួយជនល្មើស។
លោក អេង ហ៊ី៖ «កងរាជអាវុធហត្ថមានតួនាទីក្នុងការបង្ក្រាប និងសង្គ្រោះ អ៊ីចឹងយើងអនុវត្តទៅតាមតួនាទីតាមយើងទៅ កន្លែងណាដែលមានភូមិសាស្ត្រស្មុគស្មាញយើងបង្ការទប់ស្កាត់ទៅ ហើយបើមានឃើញបទល្មើសយើងបង្ក្រាប កម្លាំងមានបង្ក្រាបតាមគោលដៅ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្រ បានទេ នៅថ្ងៃទី៦ ខែមករា។
អតីតតំណាងរាស្ត្រមកពីខេត្តកំពង់ធំរបស់គណបក្សសង្គ្រោះជាតិ គឺ លោក ម៉ែន សុថាវរិន្ទ្រ លើកឡើងថា លោកគាំទ្រដែលរដ្ឋាភិបាលបានចាត់វិធានការទៅលើមន្ត្រី ឬអាជ្ញាធរដែលប្រព្រឹត្តអំពើពុករលួយ ស៊ីសំណូក ដែលជាវិបត្តិរបស់សង្គមជាយូរមកហើយ។ ទោះជាយ៉ាងណា លោកថា ចំណាត់ការរបស់រដ្ឋាភិបាលនេះធ្វើឡើងតែទៅលើមន្ត្រីតូចតាច។
លោក ម៉ែន សុថាវរិន្ទ្រ ថា ដើម្បីឱ្យប្រទេសកម្ពុជាអាចមាននីតិរដ្ឋទៅបានគឺទាមទារចាំបាច់ឱ្យមានតួអង្គសំខាន់ៗចូលរួមជាមួយរដ្ឋាភិបាលរួមមានគណបក្សប្រឆាំង សង្គមស៊ីវិល និងអ្នកសារព័ត៌មានឯករាជ្យ។
លោក ម៉ែន សុថាវរិន្ទ្រ៖ «អត់មានការរៀនសូត្រពិតប្រាកដទេ គឺថាប្រឡងប្រជែងពិតប្រាកដ គឺការសូកបាន់ ប្រទេសកម្ពុជាយើងនៅក្នុងជួររដ្ឋាភិបាលក្ដី នៅក្នុងមន្ត្រីរាជការក្ដីគឺគ្រប់ដំណែងគឺការសូកបាន់មួយចំនួន ហើយអ្នកដែលគេរៀនសូត្រពិតប្រាកដបាននិទ្ទេស A អីហ្នឹងអត់បានឡើងធំទេ គឺធ្វើតែក្រោមបញ្ជាគេទាំងអស់ អ៊ីចឹងខ្ញុំមើលទៅឃើញថា ទាំងអស់ហ្នឹងមានអំពើពុករលួយ ដើម្បីកម្ចាត់បានត្រូវតែកម្ចាត់ពីលើ»។
អង្គការតម្លាភាពអន្តរជាតិ (Transparency International) កាលពីខែមករា ឆ្នាំមុន បានចេញផ្សាយរបាយការណ៍រកឃើញថា ស្ថានភាពអំពើពុករលួយនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០២៣ ស្ថិតក្នុងស្ថានភាពគួរឱ្យបារម្ភ និងអាក្រក់ជាងឆ្នាំមុន ដោយទទួលបានពិន្ទុ២២ ដែលធ្វើឱ្យកម្ពុជាធ្លាក់មកស្ថិតក្នុងចំណាត់ថ្នាក់ទី១៥៨ ក្នុងចំណោមប្រទេស និងដែនដីចំនួន ១៨០។
ដោយឡែក នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា ដើម្បីឱ្យការអនុវត្តរបស់រដ្ឋាភិបាលលុបបំបាត់មន្ត្រីពុករលួយមានប្រសិទ្ធភាព រដ្ឋាភិបាលគួរបើកការស៊ើបអង្កេតជាប្រព័ន្ធ និងជាបន្តបន្ទាប់។
លោក ប៉ិច ពិសី៖ «គួរត្រួតពិនិត្យមើល ហើយគួរបង្កើតនូវក្រុមអន្តរក្រសួង ឬអន្តស្ថាប័នដើម្បីឈានទៅដល់ការត្រួតពិនិត្យជាប្រព័ន្ធទៅលើបញ្ហាហ្នឹង អ្វីដែលយើងឃើញជាទូទៅហ្នឹងគឺ ប្រសិនបើមានការស៊ីសំណូកសូកប៉ាន់នៅក្នុងដំណាក់កាលស៊ើបអង្កេតបឋម បានន័យថាអាជ្ញាធរអនុវត្តច្បាប់គាត់ចាប់អ៊ីចឹងទៅ អ៊ីចឹងអ្នកពាក់ព័ន្ធគាត់អាចដូរសំណុំរឿងប្ដូររបាយការណ៍ ឬក៏ការប្ដូរសំណុំរឿងស្រាល ក្លែងក្លាយ»។
មុននឹងឈានដល់ការចាប់ខ្លួនមន្ត្រីទាំងពីរនាក់នេះ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងកម្លាំងជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីដើម ខែវិច្ឆិកា បានធ្វើការស៊ើបអង្កេតករណីឃាតកម្មនៅក្រុងអរិយក្សត្រ ខេត្តកណ្តាល ក៏បានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៤នាក់ ពាក់ព័ន្ធនឹងការធ្វើទារុណកម្មអំពើឃោរឃៅរហូតដល់ស្លាប់ និងពាក់ព័ន្ធនឹងអំពើចែកចាយជួញដូរគ្រឿងញៀនដោយខុសច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។