សហជីព​កម្មករ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ជំរុញ​​ឱ្យ​ឯកជន​ទទួល​ជន​ពិការ​ចូល​ធ្វើការ​​ឱ្យ​បាន​ច្រើន

0:00 / 0:00

សហជីព​កម្មករ​មួយ​ចំនួន​ រក​ឃើញ​ថា ថ្វីត្បិត​តែ​កម្ពុជា​មាន​ច្បាប់​ស្ដីពី​កិច្ច​ការ​ពារ ​និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ​ ដែល​តម្រូវ​ឱ្យ​ក្រុមហ៊ុន និង​សហគ្រាស​នានា​ទទួល​យក​ជន​ពិការ​ចូល​ធ្វើការ​ក្តី ​ក៏​បច្ចុប្បន្ន​នៅ​តាម​រោងចក្រ និង​សហគ្រាស​ជា​ច្រើន​គឺ​មាន​ជន​ពិការ​ធ្វើការ​ចំនួន​តិចតួច​នៅ​ឡើយ។

បញ្ហា​នេះ​ធ្វើ​ឱ្យ​ជន​ពិការ​ជា​ច្រើន ​នៅ​តែ​គ្មាន​ការងារ​ធ្វើ ​ហើយ​ខ្លះ​បាន​ដើរ​សុំ​ទាន ខ្លះ​ច្រៀង​នៅ​តាម​ចិញ្ចឹម​ផ្លូវ និង​ខ្លះ​ទៀត​ត្រូវ​រស់​នៅ​គ្មាន​ទី ​ជម្រក​សមរម្យ ​គ្មាន​ប្រាក់​កម្រៃ​ប្រចាំ​ថ្ងៃ​និង​គ្មាន​អាហារ​ទទួល​ទាន​គ្រប់​គ្រាន់​ជា​ដើម។

ក្រុម​សហជីព​កម្មករ​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​ទៅ​លើ​ជនពិការ ដោយ​ជំរុញ​ឱ្យ​ក្រុមហ៊ុន និង​សហគ្រាស​នានា ត្រូវ​ទទួល​យក​ជន​ពិការ​ចូល​ធ្វើការ​ដើម្បី​បាន​ប្រាក់​កម្រៃ​សមរម្យ​ជួយ​ដល់​ជីវភាព​ផង​និង​លើក​កម្ពស់​ដល់​សិទ្ធិ​ជន​ពិការ​ផង។

​ពិការ​ជា​ច្រើនរស់​នៅ​ក្នុង​ស្ថានភាព​លំបាក ​ខ្លះ​ដើរ​សុំ​ទាន​ ខ្លះ​ទៀត​ដើរ​ច្រៀង​តាម​ចិញ្ចើម​ផ្លូវ

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​លោក វន់ ពៅ មាន​ប្រសាសន៍​ថា​បច្ចុប្បន្ន​នេះ​លោក​ឃើញ​ជន​ពិការ​ជា​ច្រើន​កំពុង​រស់​នៅ​ក្នុង​ស្ថានភាព​លំបាក គឺ​ខ្លះ​ដើរ​សុំ​ទាន​ ខ្លះ​ទៀត​ដើរ​ច្រៀង​តាម​ចិញ្ចើម​ផ្លូវ​ក្នុង​ទីក្រុង ដើម្បី​រក​ប្រាក់​កម្រៃ​យក​ទៅ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។ លោក​ថា បញ្ហា​ទាំង​នេះ​បណ្ដាល​មក​ពី​ជន​ពិការ​ជា​ច្រើន​គ្មាន​ការងារ​ធ្វើ។ លោក វន់ ពៅ ឱ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​ក្នុង​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ របស់​លោក ដែល​មាន​សមាជិក​ចំនួន​ជាង ២​ម៉ឺន ២​ពាន់​នាក់​ គឺ​មាន​ជន​ពិការ​ប្រមាណ ៣០​ភាគរយ ​ដែល​រក​កម្រៃ​ពី​ការ​ធាក់​ស៊ីក្លូ ​រត់​ម៉ូតូ​ឌុប​និង​រត់​រ៉ឺម៉ក​ជា​ដើម។

លោក វន់ ពៅ៖«តាម​ការ​អង្កេត​របស់​ខ្ញុំ ​ឃើញ​ថា ស្ថានភាព​របស់​ជន​ពិការ​មិន​ទាន់​ប្រសើរ​នៅ​ឡើយ​ទេ ដោយសារ​តែ​ឃើញ​មាន​ជន​ពិការ​ជា​ច្រើន​នៅ​តែ​ច្រៀង​​​សុំ​ទាន​នៅ​តាម​ចិញ្ចឹម​ផ្លូវ​នៅ​ឡើយ ហើយ​អ្នក​ខ្លះ​ទៀត​រស់​នៅ​លំបាក​វេទនា​គ្មាន​ទីពឹង។ វា​លំបាក​ខ្លាំង​មែន​ទែន​តាម​ការ​មើល​ឃើញ​របស់​ខ្ញុំ ហើយ​អ្នក​ពិការ​ដែល​មាន​ប្រាក់​ខែ​ភាគ​ច្រើន​គឺ​ជា​ក្រុម​យោធិន​ពិការ ​ដែល​គាត់​ធ្លាប់​ធ្វើ​ទាហាន ​ប៉ូលិស​ជា​ដើម​ ដែល​ធ្លាប់​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ក្របខណ្ឌ​របស់​រដ្ឋ»។

ស្រដៀង​គ្នា​នេះ ប្រធាន​សហភាព​ការងារ​កម្ពុជា ​លោក គង់ អាទិត្យ យល់​ថា ថ្វីត្បិត​តែ​បច្ចុប្បន្ន​មាន​រោងចក្រ​ធំៗ​មួយ​ចំនួន​បាន​ទទួល​យក​ជន​ពិការ​ចូល​ធ្វើការ ​ទៅ​តាម​​ច្បាប់​ស្ដីពី​កិច្ច​ការពារ​និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ​ក្តី​ ក៏​ចំនួន​ជន​ពិការ​នៅ​តាម​កន្លែង​ការងារ​ផ្សេងៗ ​គឺ​តិច​តួច​នៅ​ឡើយ។ ​លោក​ថា សហជីព​របស់​លោក​ដែល​មាន​កម្មករ​រាប់​ពាន់​នាក់ ​កំពុង​ធ្វើការ​ក្នុង​រោងចក្រ​ចំនួន​៥០​ គឺ​ឃើញ​មាន​ជន​ពិការ​តិច​តួច​នៅ​ឡើយ ​ក្នុង​ចន្លោះ​ពី ៣​ទៅ ៥​ភាគ​រយ​ប៉ុណ្ណោះ។

លោក​ គង់ អាទិត្យ​ ស្នើ​ឱ្យ​ក្រសួង​សង្គម​កិច្ច​អតីត​យុទ្ធជន និង យុវនីតិសម្បទា និង​ក្រសួង​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជាដើម គួរ​ជំរុញ​ក្រុមហ៊ុន​ឱ្យ​ទទួល​យក​ជនពិការ​ចូល​ធ្វើការ​បាន​ច្រើន​ថែម​ទៀត។

លោក គង់ អាទិត្យ៖«ការ​ផ្ដល់​ការងារ​ជូន​ជន​ពិការ​គឺ​ជា​ការ​ផ្ដល់​នូវ​ជីវភាព​ជូន​ពួក​គាត់​ឱ្យ​រស់​នៅ​ប្រសើរ ​ក៏​ប៉ុន្តែ​ក្រសួង​ពាក់ព័ន្ធ​របស់​រដ្ឋ​ក៏​ដូច​ជា​ដៃគូ​សហការ​ គួរ​តែ​ផ្ដល់​ជំនាញ​ជូន​ជន​ពិការ​ទាំង​ឡាយ​ជា​មុន​សិន​ ពីព្រោះ​នៅ​តាម​រោងចក្រ ​គេ​មិន​អាច​​មិន​អាច​ទទួល​យក​អ្នក​ដែល​មិន​ចេះ​អ្វី​សោះ​ទៅ​ធ្វើការ​បាន​ទេ។ ​ដូច្នេះ​ជំហាន​ទី​១​គឺ​ត្រូវ​ផ្ដល់​ជំនាញ​ដល់​ជន​ពិការ​ជា​មុន​ ហើយ​ទី​២​គឺ​ជំរុញ​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​ដោយ​មាន​​កម្មវិធី​ផ្សេងៗ​ ដើម្បី​លើក​ទឹក​ចិត្ត​ឱ្យ​ខាង​ក្រុមហ៊ុន​ ដែល​សុខ​ចិត្ត​ទទួល​យក​ជន​ពិការ ​ឱ្យ​​ធ្វើការ​នោះ​ជា​ដើម»។

ជនពិការ​ខ្លះ​អស់​សង្ឃឹម​ហើយ​បាក់​ទឹក​ចិត្ត​ផឹក​ស្រា​និង​ឈឺ​ស្លាប់​ក៏​មាន

ការ​ស្នើ​ឱ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ផ្ដល់​ការងារ​ជូន​ជន​ពិការ​ឱ្យ​បាន​ច្រើន​នេះ គឺ​បន្ទាប់​ពី​ជន​ពិការ​មួយ​ចំនួន​ត្អូញត្អែរ​ពី​ការ​លំបាក​ចំពោះ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ ​រហូត​ដល់​អ្នក​ខ្លះ​អស់​សង្ឃឹម​ហើយ​បាក់​ទឹក​ចិត្ត​ផឹក​ស្រា​និង​ឈឺ​ស្លាប់​ក៏​មាន។

ជន​ពិការ​ដៃ​ឆ្វេង​ម្ខាង​និង​ភ្នែក​ខាង​ស្ដាំ​​​ដោយសារ​គ្រាប់​មីន​​ម្នាក់ នៅ​ស្រុក​ស្វាយលើ​ ខេត្តសៀមរាប លោក ចាន់ បូរ បាន​ត្អូញត្អែរ​ថា បច្ចុប្បន្ន​លោក​និង​ក្រុម​គ្រួសារ​ កំពុង​រស់​នៅ​ក្នុង​ស្ថានភាព​ពិបាក​ខ្លាំង​​ដោយ​ធ្វើ​ចំការ​ដាំ​ដំឡូង​មី ​ក៏​ប៉ុន្តែ​ពេល​ដំឡូង​បាន​ផល​ បែរ​ជា​លក់​បាន​១​គីឡូក្រាម​តម្លៃ ១០០​រៀល​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ទៀត​ថា ថ្វី​ត្បិត​តែ​រូប​លោក​ជា​ជន​ពិការ​ដោយសារ​​សង្គ្រាម ​ក៏​ប៉ុន្តែ​មិន​ធ្លាប់​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ដូច​ជន​ពិការ​ដទៃ​ទៀត​ឡើយ។ បច្ចុប្បន្ន​​លោក ចាន់ បូរ និង​គ្រួសារ​កំពុង​រស់​នៅ​ក្នុង​ស្ថានភាព​ក្រីក្រ​ខ្លាំង​ ។

លោក ចាន់ បូរ៖«កាល​ណា​ខ្លួន​ជា​មាន​សុខភាព​ល្អ​ក៏​ដើរ​រក​ស៊ីឈ្នួល​គេ ​ក៏​ប៉ុន្តែ​នៅ​ពេល​ឈឺ​ក៏​ដេក​នៅ​តែ​ផ្ទះ ​អត់​មាន​រក​អ្វី​បាន​ទាំង​អស់។ រាល់​ថ្ងៃ​ពេល​យប់​ឡើង​នាំ​គ្នា​ដើរ​ឆ្លុះ​កូន​កង្កែប​ព្រៃ​តូចៗ​ ដាក់​អង្គប់​​កណ្ដុរ។ បើ​មិន​បាន​ដើរ​រក​ទេ ​គឺ​មិន​មាន​ម្ហូប​សម្រាប់​ហូប​ជាមួយ​បាយ​ទេ»។

កន្លង​មក​សមត្ថកិច្ច​រដ្ឋាភិបាល ​ក៏​ធ្លាប់​ចាប់​ខ្លួន​ជន​ពិការ​ម្នាក់​នៅ​ខេត្ត​តាកែវ ​លោក ភុន យុទ្ធ ​ដាក់​ពន្ធនាគារ​ដោយ​សារ​តែ​​ការ​បញ្ចេញ​មតិ​រិះគន់​​​រដ្ឋាភិបាល​នៅ​​តាម​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ដែរ។ ​បញ្ហា​នេះ​​ក្រៅ​ពី​ធ្វើ​ឱ្យ​ជន​ពិការ​​ព្រាត់​ប្រាស់​ពី​គ្រួសារ​ ​ក៏​កំពុង​ធ្វើ​ឱ្យ​​ប្រពន្ធ​និង​កូន​ស្រី​ម្នាក់​អាយុ​១០​ឆ្នាំ ​កំពុង​​ប្រឈម​និង​​​បញ្ហា​ជីវភាព​ខ្វះ​ខាត​យ៉ាង​​​ធ្ងន់ធ្ងរ​ដែរ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​ទាំង​នេះ​ ពី​អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន​និង​យុវនីតិ​សម្បទា ​លោក​ តូច ចាន់នី និង​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​លោក ​កត្តា អ៊ន បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​១២​ខែ​មីនា។

ក៏​ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​កុម្ភៈ ប្រតិភូ​របស់​ក្រសួង​សង្គមកិច្ច ​អតីត​យុទ្ធជន​និង​យុវនីតិ​សម្បទា​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CD​C)​ ក្នុង​បំណង​ឱ្យ​ជួយ​ជំរុញ​ដល់​អ្នក​វិនិយោគទុន​នានា​នៅ​កម្ពុជា ​ចូលរួម​អនុវត្ត​ច្បាប់​ស្ដីពី​កិច្ច​ការពារ​និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់។ ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន​និង​យុវនីតិ​សម្បទា​ ក៏​បាន​សំណូមពរ​ឱ្យ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​ជួយ​ជំរុញ​អ្នក​វិនិយោគទុន ​និយោជក ​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ រោង​ចក្រ ​សហគ្រាស ​គ្រឹះស្ថាន​និង​វិស័យ​ឯកជន​នានា​ ចូល​រួម​អនុវត្ត​ច្បាប់​និង​ជ្រើស​រើស​ជន​ពិការ ​ចូល​បម្រើ​ការងារ​យ៉ាង​ហោច​ណាស់​ក៏​ក្នុង​អត្រា​កំណត់​១ភាគរយ។

អត្ថបទដែលទាក់ទង៖

ជនពិការ ​ជួបបញ្ហា​លំបាកច្រើន​អំឡុង​វិបត្តិកូវីដ-១៩Opens in new window ]

យុវជន​ពិការ​ព្រួយ​បារម្ភ​រឿង​អត់​ការងារ​ធ្វើOpens in new window ]

ជន​ពិការ​ស្នើសុំ​បណ្ដាញ​ផ្សព្វផ្សាយ​បើក​ទូលាយ​សិទ្ធិ​ទទួល​បាន​ព័ត៌មានOpens in new window ]

ផ្អែក​តាម​ ច្បាប់​ស្ដី​ពី​កិច្ច​ការពារ​និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ ​ដែល​អនុម័ត​ឱ្យ​ប្រើ​ប្រាស់​កាល​ពី​ឆ្នាំ​២០០៩ ត្រង់​មាត្រា​ទី​៣៤ ​ចែង​ថា នីតិ​បុគ្គល​ដែល​ជ្រើស​រើស​កម្មករ និយោជិត​ធ្វើការ​ ត្រូវ​ទទួល​យក​ជន​ពិការ​ឱ្យ​ចូល​ធ្វើការ​ដូច​មាន​ចែង​នៅ​ក្នុង​ច្បាប់​តាម​អត្រា​កំណត់​ឱ្យ​បាន​សម​ស្រប ។

ប្រធាន​សមាគម​ជន​ពិការ​អង្គរ ​លោក សេម សុវន្ថា យល់​ថា បើទោះបីជា​កម្ពុជា​មាន​ច្បាប់​ចែង​ដូច​នេះ​ក្តី ​ក៏​បច្ចុប្បន្ន​លោក​សង្កេត​ឃើញ​ថា​នៅ​តាម​ក្រុមហ៊ុន ​រោងចក្រ​ សហគ្រាស​ជា​ច្រើន​នៅ​តែ​មិន​ផ្ដល់​ឱកាស​ការងារ​ឱ្យ​បាន​ទូលំ​ទូលាយ​ដល់​ជន​ពិការ​ទេ។ ​លោក សេម សុវន្ថា បញ្ជាក់​ទៀត​ថា ថ្វីត្បិត​តែ​ជន​ពិការ​ជា​ច្រើន​ មិន​មាន​ជំនាញ​និង​សមត្ថភាព​គ្រប់​គ្រាន់​ធ្វើការ​ជា​អ្នក​គ្រប់គ្រង​ ហើយ​ធ្វើ​បាន​តែ​ការងារ​ប្រើ​កម្លាំង​ក៏​ដោយ ​ឱ្យ​តែ​ក្រុមហ៊ុន​នានា​ផ្ដល់​ការងារ​ នោះ​គឺ​ជា​ការ​ជួយ​ដ៏​វិសេស​វិសាល​សម្រាប់​ជន​ពិការ​ទៅ​ហើយ។

លោក សេម សុវន្ថា៖«ខ្ញុំ​សំណូមពរ​​ទៅ​រដ្ឋាភិបាល​ ឱ្យ​ជំរុញ​ធ្វើ​យ៉ាង​ណា​បង្កើត​ជា​​កន្លែង​ការងារ​សម្រាប់​ជន​ពិការ​តែ​ម្ដង​វា​ប្រសើរ​ជាង​ចាំ​ក្រុម​ហ៊ុន​ផ្ដល់​ការងារ។ ឬ​ក៏​រដ្ឋាភិបាល​រក​វិធី​ណា ​ដើម្បី​ជំរុញ​ឱ្យ​ក្រុមហ៊ុន ​រោងចក្រ​សហគ្រាស​មួយ​ចំនួន​​បាន​ផ្ដល់​ឱកាស​ការងារ​ដល់​ជន​ពិការ។ សំខាន់​បំផុត​គឺ​នៅ​ពេល​ដែល​រោងចក្រ​សហ​គ្រាស​បើក​ដំណើរការ គឺ​ត្រូវ​ទុក​ការងារ​មួយ​ចំនួន​​ដែល​អ្នក​ពិការ​អាច​ធ្វើ​បាន​ មក​ឱ្យ​ជន​ពិការ​នោះ​គឺ​ជា​ការ​ប្រសើរ​ណាស់។ ឱ្យ​តែ​ផ្ដល់​ការងារ​ប៉ុណ្ណឹង​ដល់​ជន​ពិការ ​គឺ​ជន​ពិការ​មិន​នៅ​ឯកោ​ទៀត​ទេ»។

របាយការណ៍​របស់​រដ្ឋាភិបាល​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​កម្ពុជា​មាន​ជនពិការ​អាយុ​ចាប់​ពី ៥​ឆ្នាំ​ឡើង​ចំនួន​ជិត ៧០​ម៉ឺន (៦៨៩,៤៥៧) នាក់ ស្មើ​និង​៤,៩% នៃ​ចំនួន​ពលរដ្ឋ​សរុប។ របាយការណ៍​ឱ្យ​ដឹង​ដែរ​ថា​ ពលរដ្ឋ​ដែល​​ធ្លាក់​ខ្លួន​​ជា​ជន​ពិការ ខ្លះ​​បណ្ដាល​មក​ពី​ជំងឺ​ខ្វះ​អាហារូបត្ថម្ភ ​ដំណ​ពូជ ​គ្រោះថ្នាក់​ចរាចរណ៍ ​គ្រោះថ្នាក់​ដោយ​សារ​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ​អំពើ​ហិង្សា ​គ្រោះ​មហន្តរាយ ​និង​ចាស់​ជរា​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។