សហគមន៍នៅឃុំរយ៉លើ ខេត្តមណ្ឌលគិរី ចោទអាជ្ញាធរមូលដ្ឋានថា បើកដៃឲ្យក្រុមជនល្មើសលួចឆក់ត្រី និងដាក់ថ្នាំបំពុលក្នុងស្រះទឹក មួយកន្លែងដែលពលរដ្ឋអាស្រ័យផលប្រចាំថ្ងៃ។ អ្នកភូមិទាមទារឲ្យអាជ្ញាធរជួយទប់ស្កាត់ និងស្វែងរកជនល្មើសទាំងនោះយកមកផ្ដន្ទាទោសតាមច្បាប់។
អ្នកភូមិអះអាងថា កាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ មានក្រុមជនល្មើសជិត ១០នាក់ បាននាំគ្នាលួចឆកត្រី និងដាក់ថ្នាំបំពុលក្នុងទឹកស្រះមួយកន្លែង ដែលប្រជាពលរដ្ឋអាស្រ័យផល និងទុកទឹកសម្រាប់ឲ្យសត្វគោក្របីផឹក ស្ថិតនៅឃុំរយ៉លើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ អ្នកភូមិបន្ថែមថា បច្ចុប្បន្នប្រជាពលរដ្ឋ ដេកយាមស្រះទឹកនោះទាំងយប់ទាំងថ្ងៃ ដើម្បីកុំឲ្យមានក្រុមជនល្មើសលួចឆក់ទៀត។
ប្រធានសហគមន៍នៅឃុំរយ៉លើ លោក លីន ម៉ៅ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៤ ខែមករាថា ទឹកស្រះមួយកន្លែងនៅក្នុងឃុំរយ៉លើ ដែលពលរដ្ឋតែងតែអាស្រ័យផលដាក់មង និងបង់សំណាញ់ សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ត្រូវបានជនល្មើសមិនស្គាល់មុខមួយក្រុម បាននាំគ្នាលួចឆក់ និងដាក់ថ្នាំបំពុលក្នុងស្រះ ដើម្បីយកត្រី ដោយមិនមានការទប់ស្កាត់ពីអាជ្ញាធរមូលដ្ឋាននៅតំបន់នោះឡើយ។ លោកថា អាជ្ញាធរមូលដ្ឋាននៅតំបន់នោះ មិនបានអើពើជួយទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទទាំងអស់នោះទេ។ ផ្ទុយទៅវិញ អាជ្ញាធរបានចោទប្រជាពលរដ្ឋថា បានបង្កើតសហគមន៍ការពារធនធានធម្មជាតិដោយខុសច្បាប់។
លោក លីន ម៉ៅ៖ «សុំឲ្យគាត់ជួយដោះស្រាយកុំឲ្យគេឆក និងឲ្យគាត់ជួយធ្វើទំនប់រួមសម្រាប់ប្រជាពលរដ្ឋអាស្រ័យផល ដាក់មង ដាក់សន្ទូច សុំឲ្យពួកគាត់ជួយមើលផង ពួកខ្ញុំសហគមន៍ជនល្មើសគេមិនខ្លាចពួកខ្ញុំទេ»។
ប្រធានសហគមន៍រូបនេះបន្ថែមទៀតថា បន្ទាប់ពីមានត្រីពុលងាប់ពេញស្រះ ប្រជាពលរដ្ឋបាននាំគ្នាចង់ផ្លាស់ប្ដូរទឹកស្រះ ដែលមានជាតិពុលចេញ ដើម្បីជួយសង្គ្រោះត្រីដែលនៅរស់បានខ្លះ គ្រាន់ទុកបន្តពូជទៅថ្ងៃខាងមុខទៀត។ ប៉ុន្តែភ្លាមៗ នោះ ត្រូវបានអាជ្ញាធរមកហាមឃាត់ និងចោទពួកគាត់ថា កំពុងបំផ្លាញត្រីក្នុងស្រះ និងបង្កើតសហគមន៍ដោយខុសច្បាប់។ សហគមន៍ថា បច្ចុប្បន្នសហគមន៍រយ៉លើ កំពុងស្នើសុំចុះបញ្ជីដីធ្លី និងស្រះទឹកទាំងនោះ ទៅជាដីសមូហភាព និងជាសម្បត្តិរួមក្នុងសហគមន៍។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលស្រុកកោះញែក លោក សឹ ទូច និងអ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី លោក ស៊ុន សារុន ដើម្បីសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី៤ ខែមករា។
ទោះជាយ៉ាងណាថា នៅថ្ងៃទី១០ ខែមករា ខាងមុននេះ សហគមន៍ឃុំរយ៉លើ និងអាជ្ញាធរស្រុក នឹងជួបជជែកពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយ និងស្វែងរកជនល្មើសយកមកអនុវត្តច្បាប់។
ទាក់ទិននឹងបញ្ហានេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តមណ្ឌលគីរី លោក ប៊ី វ៉ាន់នី យល់ឃើញថា ក្នុងនាមជាអាជ្ញាធរមូលដ្ឋានគួរតែសហការជាមួយប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់កុំឲ្យមានបទល្មើសនានា កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន និងមិនត្រូវធ្វើទុក្ខបុកម្នេញ និងគំរាមកំហែងទៅលើប្រជាពលរដ្ឋនោះទេ។
លោក ប៊ី វ៉ាន់នី៖ «អាជ្ញាធរត្រូវតែចូលរួមការពារ ចូលរួមលើកកម្ពស់ជីវភាព និងដោះស្រាយបញ្ហាប្រជាពលរដ្ឋឲ្យបានល្អប្រសើរ តាមអនុសាសន៍ និងគោលនយោបាយរបស់រដ្ឋាភិបាល ហើយបើយើងជាមន្ត្រីប្រើប្រាស់ភាសាមនុស្សជនពាល វាមិនអាចក្លាយជាមន្ត្រីបម្រើប្រជាពលរដ្ឋទេ យើងត្រូវតែមានក្រមសីលធម៌ ឬការអត់ធ្មត់ច្រើនជាងប្រជាពលរដ្ឋ យើងទៅច្រឡោតដាក់គាត់នឹងយើងមិនអាចក្លាយជាមន្ត្រីបម្រើរាស្ត្រទេ»។
សហគមន៍ថា ស្រះទឹកមួយនេះមានទំហំជាង ៥ហិកតារ ដែលប្រជាពលរដ្ឋ នៅក្នុងឃុំរយ៉លើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី បាននាំគ្នាប្រមូលថវិកាជួលគ្រឿងចក្រស្ដារ និងកាយធ្វើជាទំនប់ ដើម្បីទប់ទឹកទុកសម្រាប់ឲ្យសត្វស្រុក និងសត្វព្រៃផឹក និងជាជម្រកត្រីជាច្រើនប្រភេទទៀតរស់នៅ និងបន្តពូជទៅថ្ងៃខាងមុខ។
សហគមន៍លើកឡើងទៀតថា នេះមិនមែនជាលើកទីមួយនោះទេ ដែលអាជ្ញាធរបានធ្វើទុក្ខបុកម្នេញប្រជាសហគមន៍ ក្រោយពីសហគមន៍ឃុំរយ៉លើ នាំគ្នាតវ៉ាមិនឲ្យអាជ្ញាធរមូលដ្ឋានយកដីព្រៃកប់សព ដីចម្ការវិលជុំ និងដីព្រៃបម្រុងទុករបស់ពួកគាត់ យកទៅលក់ឲ្យទៅក្រុមឈ្មួញមានលុយមានអំណាចមិនបានសម្រេច ព្រមទាំងបាញ់កាំភ្លើងគំរាមពលរដ្ឋ និងដេញចាប់ពលរដ្ឋដាក់ពន្ធនាគារទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
