អតិថិជនបង់រំលស់បុរីពិភពថ្មីស្នើម្ចាស់បុរីទូទាត់លុយឱ្យលោកស្រីវិញ ក្រោយអស់លទ្ធភាព

អតិថិជនដែលបង់រំលស់នៅបុរីពិភពថ្មី ស្នើឱ្យម្ចាស់បុរីទូទាត់លុយឱ្យលោកស្រីវិញ ពីព្រោះអស់លទ្ធភាព បន្ទាប់ពីបានបង់រំលស់ជិត៣ឆ្នាំ។ ក្រៅពី លុយដែលបានបង់រំលស់អស់រាប់ម៉ឺនដុល្លារហើយនោះ លោកស្រីថា តាំងពីចូលនៅក្នុងបុរីនេះ លោកស្រី បានខ្ចីបុលគេច្រើនណាស់ ដើម្បីយកលុយទៅជួសជុលផ្ទះ ដែលគ្មានគុណភាព។ បុរីពិភពថ្មីនេះ មានទីតាំងនៅខណ្ឌកំបូល រាជធានីភ្នំពេញ។ កន្លងទៅ ក្រុមអតិថិជនរងគ្រោះពីការបង់រំលស់ផ្ទះនៅក្រុមហ៊ុនបុរីពិភពថ្មីរបស់ អ្នកឧកញ៉ា ហុង ពីវ ធ្លាប់ចេញតវ៉ាជាបន្តបន្ទាប់ និងដាក់ញត្តិទៅគ្រប់ស្ថាប័ន ពាក់ព័ន្ធឱ្យជួយរកដំណោះស្រាយ បន្ទាប់ពីក្រុមហ៊ុននេះ ដោះស្រាយសំណង មិនសមរម្យឱ្យអតិថិជន។ ក្រៅពីដាក់ញត្តិហើយ ពួកគាត់ ក៏ស្នើទៅលោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឱ្យជួយអន្តរាគមន៍ចំពោះរឿងនេះ ខណៈអតិថិជន មួយចំនួនបាត់បង់ផ្ទះសម្បែង ដោយសារក្រុមហ៊ុនរឹបអូស ធ្លាក់ខ្លួនក្រីក្រ និងជំពាក់បំណុលធនាគារវ័ណ្ឌក៕