បក្ស​ប្រឆាំង​ហៅ​លទ្ធផល​បោះឆ្នោត​ក្រុម​ប្រឹក្សា​អាណត្តិ​ទី៤ មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​សេរី​និង​យុត្តិធម៌​ឡើយ

គណបក្ស​ប្រឆាំង​ហៅ​លទ្ធផល​នៃ​ការ​បោះឆ្នោត​អសកល​អាណត្តិ​ទី៤ កាល​ពី​ថ្ងៃ​ទី២៦ ខែ​ឧសភា​ថា មិន​ទាន់​មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ឡើយ​ ពីព្រោះ​ថ្នាក់​ដឹក​នាំ​និង​សកម្មជន​មួយ​ចំនួន​របស់​បក្ស​ប្រឆាំង​ត្រូវ​បាន​ចាប់​ខ្លួន និង​ខ្លះ​រង​ការ​បំភិតបំភ័យ ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​យក​លទ្ធផល​បោះឆ្នោត​ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។

គណបក្ស​ប្រឆាំង​លើក​ឡើង​ថាការ​បោះឆ្នោត​ប្រកប​ដោយ​ភាព​ត្រឹម​ត្រូវ និង​យុត្តិធម៌ លុះត្រា​តែ​បរិយាកាស​នយោបាយទាំង​មុន​ដំណើរ​ការ​និង​អំឡុង​ពេល​បោះឆ្នោត​គ្មាន​ការ​ចាប់​ខ្លួន​ការ​គំរាមកំហែង​លើ​ថ្នាក់​ដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង។

ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ចេញ​សេចក្ដី​ថ្លែង​ការណ៍​គាំទ្រ​និង​ទទួល​យក​លទ្ធផល​បោះឆ្នោតដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។

គណបក្ស​ប្រជាជន​កម្ពុជា​លើក​ឡើង​នៅ​ក្នុង​សេចក្តី​​ថ្លែង​ការណ៍​នៅ​ថ្ងៃទី០៤ខែ​មិថុនា ថា​បរិយាកាស​នយោបាយគឺ​ល្អ​ទាំង​មុន​ពេល​បោះឆ្នោតពេល​បោះឆ្នោតនិង​ក្រោយ​ពេល​បោះឆ្នោតដោយសារ​តែការ​យក​ចិត្ត​ទុក​ដាក់​របស់​រាជរដ្ឋាភិបាល គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការ​បោះឆ្នោតនិង​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ដែល​បាន​ជួយ​គាំទ្រ​យ៉ាង​សកម្ម​ដល់​ដំណើរ​ការ​រៀបចំ​ការ​បោះឆ្នោត​ឱ្យ​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន​ប្រកប​ដោយ​ជោគជ័យ។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះអនុប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ​លោក សុន ឆ័យ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី៥ ខែមិថុនា ថា មុន​ការ​បោះឆ្នោត​មាន​ភាព​មិន​ប្រក្រតី​មួយ​ ចំនួន ដូចជា​ការ​មិន​អនុញ្ញាត​ឱ្យ​ផ្លាស់​ប្ដូរ​សមាជិកដែល​មិន​ស្មោះត្រង់​ជាមួយ​គណបក្ស​ហើយ​ទៅ​ទទួល​យក​លុយ​និង​បោះឆ្នោត​ឱ្យ​គណបក្ស​ដទៃ​ជា​ដើម។

លោក​ថា ទោះបី​លទ្ធផល​នេះ មិន​ទទួល​បាន​ដូច​ការ​រំពឹង​ទុក​ក៏ដោយ ប៉ុន្តែ​លោក​​យល់​ថា ការ​មាន​តំណាង​របស់​បក្ស​ប្រឆាំង​នៅ​តាម​រាជធានី ខេត្ត កុ្រង ស្រុក ខណ្ឌ បន្ថែម​លើ​តំណាង​នៅ​ឃុំ-សង្កាត់ គឺ​ជា​កត្កា​មួយ​ដែល​ជំរុញ​ឱ្យ​គណបក្ស​ប្រឆាំង​ មាន​លទ្ធភាព​បំពេញ​ការងារ ច្រើន​ជាង​មុន និង​អាច​ទាក់​ទាញ​អ្នក​គាំទ្រ​បាន​ច្រើន នៅ​ពេល​បោះឆ្នោត​សកល​នៅ​ពេល​ខាងមុខ។

លោក សុន ឆ័យ៖«ខ្ញុំ​គ្រាន់​តែ​ចង់​បាន​ការ​ប្រកួត​ប្រជែង​ដោយ​ស្មើភាព​គ្នា ទោះបី​ជា​ការ​បោះឆ្នោត​សកល​ក្ដី អសកល​ក្ដី ហើយ​សង្ឃឹម​ថា នឹង​មិន​មាន​ជា​ឧបសគ្គ​អី​ទៀត ទេ សម្រាប់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ក្នុង​ការ​ចូលរួម​យ៉ាង​សកម្ម ដើម្បី​បោះឆ្នោត​ទៅ​ថ្ងៃ​អនាគត​ទៀត កុំ​ឱ្យ​មាន​ព្រឹត្តិការណ៍​ដូច​គណបក្ស​ភ្លើង​ទៀន មិនអាច​រដ្ឋសភា​កន្លង​ទៅ​នេះ នៅ​ក្នុង​ប្រទេស​កម្ពុជា​តទៅ​ទៀត»។

រីឯ​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី៥ ខែ​មិថុនាថា ការ​បោះឆ្នោត​កាល​ពី​ថ្ងៃទី២៦ខែ​ឧសភាកន្លង​ទៅមិន​ទាន់​សេរី​និង​យុត្តិធម៌​នោះ​ទេដោយសារ​តែមុន​ការ​បោះឆ្នោត​ថ្នាក់​ដឹក​នាំ​គណបក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី និង​សកម្មជន​គណបក្ស​នេះព្រម​ទាំង​អង្គ​បោះឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួននិង​មាន​ការ​ទិញ​ដូរ​សន្លឹក​ផង​ដែរ។

ជាង​នេះ​ទៅ​ទៀត លោកថា នៅ​មុន​ការ​បោះឆ្នោត​នេះសកម្មជន​សង្គម​និង​​សហជីព ដែល​ចូលរួម​ចំណែក​លើក​កម្ពស់​ប្រជាធិបតេយ្យ​ក៏​ត្រូវ​បាន​ចាប់​ខ្លួន។

លោក រ៉ុង ឈុន ថា ការ​បោះឆ្នោត​អាច​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​បាន លុះត្រា​តែ​មាន​ការ​បើក​លំហ​សេរីភាព​ផ្នែក​នយោបាយ ដោយ​ឱ្យ​គណបក្ស​ប្រឆាំង​មាន​ សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​ចូលរួម​ធ្វើ​សកម្មភាព​នយោបាយ​ហើយ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ បំភិតបំភ័យ ព្រម​ទាំង​ការ​គំរាមកំហែង​គ្រប់​រូបភាព។

លោក រ៉ុង ឈុ៖«អ៊ីចឹង​បើ​យើង​សរុប​អំពី​លទ្ធផល​ចំពោះ​គណបក្ស​កម្លាំង​ជាតិ វា​ពិបាក​ទទួល​យក​ចំពោះ​លទ្ធផល​ហ្នឹង។ បាទ!មាន​ការ​ចាប់​ខ្លួន​លោក ស៊ុន ចន្ធី និង​ថ្នាក់​ដឹក​នាំ​បន្ត​បន្ទាប់»។

ឆ្លើយ​តប​នឹង​រឿង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន កម្ពុជា​លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី៥ ខែ​មិថុនា ថា វិធានការ​របស់​សមត្ថកិច្ច គឺ​ពង្រឹង​ សន្តិសុខ សណ្ដាប់​ធ្នាប់​សង្គម ដើម្បី​ធានា​ស្ថិរភាព​ដំណើរ​ការ​បោះឆ្នោត​ ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​សេរី និង​ត្រឹមត្រូវ។

លោក សុខ ឥសាន៖«ការ​ចាប់​ខ្លួន​ល្មើស​ច្បាប់​អត់​មាន​ផ្អាក​ទេ ទោះបី​ជា​ក្នុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ក្នុង​ពេល​បោះឆ្នោត​ក៏​ដោយ​ពី​ព្រោះ​ប្រទេស​ណា​ដូច​ប្រទេស​ណា​អ៊ីចឹង។ ផ្ទុយ​ទៅ​វិញ​រដ្ឋអំណាច​គេ​កាន់​តែ​ពង្រឹង​ការ​ថែរក្សា​សន្តិសុខ សន្តិភាព សណ្ដាប់​ធ្នាប់​សង្គម ដើម្បី​ធានា​ដំណើរ​ការ​បោះឆ្នោត​ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន មិន​មែន​ឱ្យ​តែ​ការ​បោះឆ្នោត​ហើយ អ្នក​ប្រព្រឹត្ត​ល្មើស​ច្បាប់​ហើយ ច្បាប់​ផ្អាក​សិន​ទេ អត់​មាន​ទេ»។

យោង​តាម​លទ្ធផល​ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត​ចំនួន ៥០៤ អាសនៈ ក្នុង​ចំណោម​អាសនៈ​សរុប ៥៥៩ ខណៈ​គណបក្ស​ឆន្ទៈ​ខ្មែរ​ទទួល​បាន ៤៧ អាសនៈ និង​បក្ស​កម្លាំង​ជាតិ​ទទួល​បាន៨​អាសនៈ។

ដោយ​ឡែក​អាសនៈ​ក្រុម​ប្រឹក្សា​ក្រុង​ស្រុក ខណ្ឌ វិញ គណបក្ស​ប្រជាជន​កម្ពុជា​ ទទួល​បាន ៣.២៥៧ ក្នុង​ចំណោម​សរុប ៣.៦៤១ អាសនៈ ខណៈ​បក្ស​ឆន្ទៈ​ខ្មែរ​ ទទួល​បាន ៣១២ អាសនៈ បក្ស​កម្លាំង​ជាតិ​បាន ៦៩ អាសនៈ គណបក្សហ៊្វុនស៊ិនប៉ិច​ បាន ២ អាសនៈ និង​បក្ស​ខ្មែរ​រួបរួម​ជាតិ​បាន ១​អាសនៈ។

ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ឬ​ហៅ​ម្យ៉ាង​ទៀត​ថាការ​បោះឆ្នោត​ក្រុម​ប្រឹក្សាប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃទី២៦ ឧសភា ដោយ​មាន​គណបក្ស ៥ ចូលរួម ក្នុង​នោះ​មាន​គណបក្ស​ប្រជាជន​កម្ពុជាគណបក្ស​ឆន្ទៈខ្មែរតំណាង​ឱ្យ​គណបក្ស​ភ្លើង​ទៀនគណបក្ស​កម្លាំង​ជាតិគណបក្សហ៊្វុនស៊ិនប៉ិចនិង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ។

តែ​យ៉ាង​ណាការ​បោះឆ្នោត​អសកល​មួយ​នេះប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​មិន​សេរីនិង​យុត្តិធម៌​ឡើយដោយ​អង្គ​បោះឆ្នោត​មក​ពី​បក្ស​ប្រឆាំងអះអាង​ថាពួកគេ​បាន​រង​ការ​គាប​សង្កត់និង​ការ​បំភិត​បំភ័យ​គ្រប់​រូបភាពពី​សំណាក់​អាជ្ញាធរដែល​ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​ដោយ​បក្ស​កាន់​អំណាច ដើម្បី​ដាក់​សម្ពាធ​ពួកគេ​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។ ជាង​នេះ​ទៅ​ទៀត អង្គ​បោះឆ្នោត​មួយ​ចំនួន​ទៀត ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ហើយ​ខ្លះ​ទៀត​បាន​រត់​ភៀស​ខ្លួន នៅ​មុន​ពេល​ដំណើរ​ការ​បោះឆ្នោត កាល​ពី​ថ្ងៃទី​២៦ ខែ​ឧសភា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។