ពលរដ្ឋរស់នៅខេត្តព្រៃវែងអះអាងថា ការបកស្រាយរបស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ ថា គ្មានអាជីវកម្មកាយភ្នំប្រវត្តិសាស្ត្រឈើកាច់ គឺផ្ទុយពីការពិត ដើម្បីលាក់បាំងរដ្ឋាភិបាល និងសាធារណជន។
ពួកគាត់ថា ដើម្បីបង្ហាញពីភាពស្អាតស្អំរបស់អាជ្ញាធរថា មិនស៊ុមគ្រលុំជាមួយក្រុមហ៊ុន រដ្ឋាភិបាលត្រូវតែផ្ទៀងផ្ទាត់ ពីអាជីវកម្មកាយភ្នំឈើកាច់ឱ្យបានត្រឹមត្រូវ និងបញ្ឈប់សកម្មភាពកាយកម្ទេចភ្នំប្រវត្តិសាស្ត្រនៅតំបន់នោះ។
ពលរដ្ឋ និងយុវជនរស់នៅខេត្តព្រៃវែងខកចិត្តនឹងរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ មិនទទួលស្គាល់ការពិត ពីអាជីវកម្មកាយភ្នំទេសចរណ៍ធ្វើអាជីវកម្មទ្រង់ទ្រាយធំ មានជាប់ពាក់ព័ន្ធនឹងមេទាហានពាក់ផ្កាយមួយម្នាក់។
ពលរដ្ឋថា ការបកស្រាយរបស់រដ្ឋមន្ត្រីក្រសួងរ៉ែ ផ្ទុយពីការពិត
ពលរដ្ឋរស់នៅខេត្តព្រៃវែងថ្លែងសុំលាក់ឈ្មោះ ព្រោះបារម្ភពីសុវត្ថិភាព ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី ១៣ មីនា ថា ការបកស្រាយរបស់រដ្ឋមន្ត្រីក្រសួងរ៉ែ ផ្ទុយពីការពិត ដើម្បីលាក់បាំងពីភាពមិនប្រក្រតី បំផ្លាញសម្បត្តិជាតិ ក្នុងតំបន់ប្រវត្តិសាស្ត្រ។
លោកថា ប្រសិនបើរដ្ឋាភិបាលជឿតែរបាយការណ៍របស់មន្ត្រីថ្នាក់ក្រោម ដោយមិនចុះផ្ទៀងផ្ទាត់បញ្ហាជាក់ស្តែងទេ ភ្នំប្រវត្តិសាស្ត្រនៅតំបន់នោះនឹងរលាយហិនហោចអស់។
<b>ពលរដ្ឋថ្លែងលាក់ឈ្មោះ</b>៖ <i>«យល់ឃើញថា ប្រសិនបើជាប្រព័ន្ធច្បាប់ ទាំងតុលាការ ទាំងក្រសួងយុត្តិធម៌ ពិសេសអង្គភាពប្រឆាំងអំពើពុករលួយប្រសិនបើចុះធ្វើអធិការកិច្ចឱ្យបានត្រឹមត្រូវទាំងពួកមន្ត្រីដែលឃុបឃិតកេងប្រវ័ញ្ចសម្បត្តិជាតិធ្វើឱ្យពលរដ្ឋក្ដៅក្រហាយទេ។ វាខាតបង់ទ្រព្យសម្បត្តិធនធានធម្មជាតិរបស់យើងខ្ទេចខ្ទីអស់ហើយភ្នំកម្ពស់ណាណី មើលពីភ្នំពេញមុខឃើញ ឥឡូវរាបដល់ដីហើយ នៅតែគាត់បកស្រាយបានល្អទៀត»។</i>
យុវជនរស់នៅខេត្តព្រៃវែង លោក រំចង់ សំណាង សង្កេតឃើញថា អាជីវកម្មកាយភ្នំប្រវត្តិសាស្ត្រក្នុងតំបន់នោះ មិនបានផ្តល់ប្រយោជន៍ឱ្យពលរដ្ឋមូលដ្ឋាននោះទេ ហើយបុគ្គលដែលទទួលប្រយោជន៍ គឺក្រុមហ៊ុនឯកជន អ្នកមានលុយមានអំណាច និងមន្ត្រីខិលខូច។
លោកថា តំបន់ចង្កេះភ្នំទេសចរណ៍សំបូរធនធានធម្មជាតិមានតម្លៃមហាសាលរួមមាន ថ្មមានតម្លៃ ខ្សាច់ និងរ៉ែធម្មជាតិ គួរតែអភិរក្សឱ្យគង់វង្ស។
<b>លោក រំចង់ សំណាង៖</b> <i>«មិនយូរទេភ្នំនោះនឹងត្រូវបាត់បង់នៅសល់តែឈ្មោះ ហើយអ្វីបន្ថែមសំខាន់ពីលើនោះបន្ថែមទៀតគឺភ្នំនោះបាត់អស់ច្រើនហើយ ប៉ុន្តែយើងមើលឃើញថាផ្លូវដែលជាហេដ្ឋារចនាសម្ព័ន្ធគឺនៅតែមានភាពពិបាក។ អ៊ីចឹងការធ្វើហ្នឹងមិនបម្រើផលប្រយោជន៍ឱ្យប្រជាពលរដ្ឋទេ តែវាផ្ដល់ប្រយោជន៍ឱ្យក្រុមហ៊ុន»។</i>
ប្រតិកម្មរបស់ពលរដ្ឋ និងយុវជននេះធ្វើឡើង ក្រោយពីរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ ថ្មីៗនេះ បានផ្តល់បទសម្ភាសឱ្យវិទ្យុបារាំងអន្តរជាតិ(RFI)ថា រដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនចំនួន៧ វាយយកថ្មភ្នំ នៅតំបន់ភ្នំតូច មានចម្ងាយ ៣ គីឡូម៉ែត្រពីតំបន់អភិរក្សវប្បធម៌ប្រវត្តិសាស្ត្រភ្នំឈើកាច់។
រដ្ឋាភិបាលថា អាជីវកម្មកាយភ្នំនៅតំបន់នោះ គឺធ្វើឡើងដើម្បីបំពេញតម្រូវការសំណង់
លោកបញ្ជាក់ថា រដ្ឋាភិបាលមិនបានផ្តល់អាជ្ញាប័ណ្ណធ្វើអាជីវកម្មក្នុងតំបន់អភិរក្សបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រភ្នំឈើកាច់នោះទេ ហើយអាជីវកម្មកាយភ្នំនៅតំបន់នោះ គឺធ្វើឡើងដើម្បីបំពេញតម្រូវការសំណង់ ក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង។
<b>លោក កែវ រតនៈ៖ </b><i>«ការបង្ហោះព័ត៌មានថា ការវាយថ្ម ការដ្ឋានវាយយកថ្មចេញពីតំបន់អភិរក្សបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្ររបស់យើងគឺជាការលើករឿងមិនត្រឹមត្រូវ។ យើងខ្ញុំលើកទឹកចិត្តឱ្យបងប្អូនដែលចង់ដឹងព្រមទាំងអ្នកសារព័ត៌មានដែលចាប់អារម្មណ៍ទៅឈរលើភ្នំអភិរក្សនឹងតើមានការយកថ្មដែរឬទេ?បើមានខ្ញុំនឹងចាត់ការជូន។ ប៉ុន្តែបើអត់ទេ ខ្ញុំនឹងសូមឱ្យបងប្អូនរួមចំណែកផលិតព័ត៌មានទាំងឡាយណាដែលសមស្របទៅតាមស្ថានភាពជាក់ស្ដែងរបស់យើង»។</i>
ពលរដ្ឋអះអាងថា បេតិកភណ្ឌវប្បធម៌ដែលរដ្ឋាភិបាលកំណត់ជាតំបន់អភិរក្សមានទំហំ ២៥ ហិកតារ នៅចំណុចចង្កេះភ្នំទេសចរណ៍ (ភ្នំឈើកាច់) ប៉ែកខាងក្រោយ កំពុងប្រឈមការកាយយកខ្សាច់ធ្វើអាជីវកម្មទ្រង់ទ្រាយធំជាង ៥ ខែមកហើយ ពីសំណាក់ នាយកសាលាបើកបរយោធា នៃអគ្គបញ្ជាការដ្ឋាន ទីចាត់ការចលនូប្បត្ថម្ភ និងជាមេទាហានពាក់ផ្កាយ១ លោក ប៉ុល សុវណ្ណឌី។
ពលរដ្ឋអះអាងថា អាជីវកម្មកាយភ្នំទេសចរណ៍យកខ្សាច់បែបនេះ ធ្វើឱ្យបាត់បង់សម្រស់បរិស្ថាន និងធនធានធម្មជាតិមានតម្លៃជុំវិញចង្កេះភ្នំឈើកាច់។
អត្ថបទដែលទាក់ទង៖
អាជីវកម្មកាយភ្នំឈើកាច់ក្នុងខេត្តព្រៃវែងកក្រើកឡើងវិញ ក្រោយពីស្ងាត់មួយរយៈ
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង សុំការបំភ្លឺជុំវិញរឿងនេះពីមេទាហានពាក់ផ្កាយ១ និងជា នាយកសាលាបើកបរលោក ប៉ុល សុវណ្ណឌី បាននៅឡើយទេនៅថ្ងៃទី១៣ មីនា ។
តម្លាភាព និងភាពស្មោះត្រង់
ជុំវិញរឿងនេះមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រៃវែង អ្នកស្រី អ៊ាង គឹមលី យល់ថា ដើម្បីឱ្យមានតម្លាភាព និងបញ្ជាក់ពីភាពស្មោះត្រង់របស់អាជ្ញាធរ និងក្រុមហ៊ុន រដ្ឋាភិបាលគួរតែសិក្សា និងផ្ទៀងផ្ទាត់ឱ្យច្បាស់លាស់ពីអាជីវកម្មកាយភ្នំឈើកាច់នេះ៖។
<b>អ្នកស្រី អ៊ាង គឹមលី៖ </b><i>«គួរតែធ្វើការសិក្សាឱ្យច្បាស់លាស់ ហើយធ្វើការផ្ទៀងផ្ទាត់ទៅដើម្បីបង្ហាញទៅសាធារណជនក៏ដូចជាភាពស្អាតស្អំរបស់អាជ្ញាធរ ថាមិនបានស៊ុមគ្រលុំជាមួយឈ្មួញដែលប្រព្រឹត្តខុសផ្ទុយពីច្បាប់។ ការសិក្សា ការផ្ទៀងផ្ទាត់ឡើងវិញឱ្យមានតម្លាភាព គឺជារឿងដែលត្រឹមត្រូវបំផុត ជារឿងដែលល្អ ដែលអាចធ្វើឱ្យគ្មានមន្ទិលសង្ស័យតទៅទៀត»។</i>
តំបន់បាភ្នំ ឬហៅថា ភ្នំឈើកាច់ មានបណ្ដុំកូនភ្នំតូចធំជាង ១០ភ្នំឈរផ្តុំគ្នាបង្កើតសម្រស់ធម្មជាតិល្អឥតខ្ចោះ ដែលរដ្ឋាភិបាលបង្កើតតំបន់បេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រ«នគរភ្នំឈើកាច់បាភ្នំ» កាលពីឆ្នាំ ២០២៣ មានផ្ទៃដីទំហំជាង ១២៥ ហិកតារ (១២៥,២៧៧៥) ស្ថិតក្នុងឃុំចំនួន ៣ ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង។
ប៉ុន្តែតំបន់នោះបានក្លាយជាទីផ្សារកាយភ្នំធ្វើអាជីវកម្ម និងខ្សាច់ភ្នំមានតម្លៃជាច្រើនឆ្នាំមកហើយ ពីសំណាក់ក្រុមហ៊ុនចិន, និងបុគ្គលមានលុយមានអំណាច ធ្វើឱ្យភ្នំយ៉ាងហោចណាស់ ៣ខូចរូបរាង និងភ្នំខ្លះទៀតបាត់បង់ទាំងមូល។
រីឯពលរដ្ឋក្រីក្រជាច្រើនពាន់គ្រួសារ រស់នៅក្នុងស្រុកបាភ្នំទាំងមូលនៅតែរងគ្រោះដោយសារសំឡេងរថយន្តដឹកថ្មដង្ហែដូចស្រមោច និងការបំផ្ទុះថ្មខ្ទាតកម្ទេចកម្ទី ហុយសាចលើផ្ទះរបស់អ្នកភូមិព្រមទាំងធ្វើឱ្យខូចផ្លូវជាច្រើនខ្សែផង។
ពលរដ្ឋទទូចឱ្យរដ្ឋាភិបាលទទួលស្គាល់ការពិត ពីការបំផ្លាញតំបន់ប្រវត្តិសាស្ត្រនោះ និងត្រូវទទួលខុសត្រូវ ពីផលប៉ះពាល់សុខភាពពលរដ្ឋ បរិស្ថាន និងធនធានធម្មជាតិនៅតំបន់អតីតរាជធានីបុរាណ សម័យនគរភ្នំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។