ប្រជាពលរដ្ឋនៅឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារព្រួយបារម្ភចំពោះការបាត់បង់ព្រៃឈើនៅក្នុងសហគមន៍របស់ពួកគេ។ ពួកគាត់ថា ប្រសិនបើអាជ្ញាធរមូលដ្ឋាននិងមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើទីនោះ មិនបង្ក្រាបនិងទប់ស្កាត់ការលួចកាប់ឈើខុសច្បាប់ ទៅលក់នៅឯប្រទេសឡាវទេ គឺព្រៃឈើក្នុងដែនសហគមន៍និងរងការវិនាស។
អ្នកឃ្លាំមើលបរិស្ថានអំពាវនាវឱ្យអាជ្ញាធរខេត្តព្រះវិហារ និងក្រសួងមហាផ្ទៃបើកការស៊ើបអង្កេតទៅលើការចោទប្រកាន់ថា មនុស្សមួយក្រុម ដែលជាសាច់ញាតិរបស់មេឃុំកំពង់ស្រឡៅ២ នៅស្រុកឆែប កំពុងតែលួចកាប់ឈើក្នុងព្រៃសហគមន៍ហើយដឹកជញ្ជូនតាមទូកយកទៅលក់នៅឯប្រទេសឡាវ។
ជាការបំពានច្បាប់ធ្ងន់ធ្ងរបើបណ្ដែតបណ្ដោយឱ្យសាច់ញាតិនិងកូនចៅ ទៅកាប់ឈើ
អ្នកការពារបរិស្ថាន និងសិទ្ធិមនុស្ស លោក ម៉ា ចិត្រា មានប្រសាសន៍ថា ប្រសិនបើមេឃុំកំពង់ស្រឡៅ២ និងមេភូមិកំពង់ព្រះឥន្ទ បណ្ដែតបណ្ដោយឱ្យសាច់ញាតិនិងកូនចៅ ទៅកាប់ឈើ យកទៅលក់ដូរមែន គឺជារឿងរំលោភបំពានច្បាប់ធ្ងន់ធ្ងរ។
លោក ម៉ា ចិត្រា៖ «មេឃុំហើយនិងមេភូមិទាំងអស់នោះគួរតែដកខ្លួនចេញ ហើយសង្ឃឹមថា នឹងមានការស៊ើបអង្កេតពីក្រសួងមហាផ្ទៃ។ ប្រសិនបើមានករណីនោះកើតឡើងមែន ត្រូវតែចាត់វិធានការជាបន្ទាន់ មានន័យថា អាចដាក់ទោសទណ្ឌទៅតាមនីតិវិធីច្បាប់ឱ្យបានតឹងរ៉ឹង។ កាលណាបណ្ដែតបណ្ដោយឱ្យកូនចៅ របស់អាជ្ញាធរមូលដ្ឋានកាប់បំផ្លាញព្រៃឈើ ចង់មិនចង់ធ្វើឱ្យប្រជាពលរដ្ឋមិនសប្បាយចិត្តទេ»។
ការអំពាវនាវរបស់អ្នកការពារបរិស្ថាននេះ បន្ទាប់ពីប្រជាពលរដ្ឋមួយចំនួននៅឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ ជាប់ព្រំដែនកម្ពុជា-ឡាវ អះអាងថាសាច់ញាតិនិងកូនចៅ របស់មេឃុំកំពង់ស្រឡៅ២ កំពុងកាប់ឈើនៅក្នុងព្រៃសហគមន៍របស់ពួកគេ ហើយដឹកជញ្ជូនយកទៅលក់នៅប្រទេសឡាវ។
មនុស្សមួយក្រុមតែងកាប់ឈើយកទៅលក់ឱ្យឡាវ
សមាជិកសហគមន៍ការពារព្រៃឈើព្រះឥន្ទផ្កាយរះម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ ដោយបារម្ភពីសុវត្ថិភាព បានអះអាងថាបច្ចុប្បន្ននេះ មនុស្សមួយក្រុមដែលជាសាច់ញាតិ របស់លោកមេឃុំកំពង់ស្រឡៅ២ តែងទៅកាប់ឈើនៅក្នុងព្រៃសហគមន៍ហើយដឹកឆ្លងទន្លេមេគង្គយកទៅលក់ឱ្យឡាវ។
សមាជិកសហគមន៍ព្រះឥន្ទផ្កាយរះ៖ «មានទាំងក្មួយ កូនប្រសារ កូនបង្កើតរបស់មេឃុំ ទៅអារឈើខុសច្បាប់ដឹកឆ្លងទៅឡាវ មួយយប់១ទូក។ សុទ្ធតែជាកូនក្មួយរបស់អាជ្ញាធរ ខ្ញុំពិបាកនិយាយណាស់។ ខ្ញុំឃើញកាត់ឈើនៅសហគមន៍ការពារព្រៃឈើត្រពាំងក្បាលដំរី»។
ជុំវិញរឿងនេះមេឃុំកំពង់ស្រឡៅ២ លោក ផិង ថុង បានច្រានចោលការចោទប្រកាន់នេះ។ លោកថា កូននិងក្មួយរបស់លោកពិតជាបានទៅកាប់ឈើនៅក្នុងព្រៃសហគមន៍មែន ក៏ប៉ុន្តែមិនបានយកទៅលក់នៅប្រទេសឡាវទេ។ លោកមេឃុំអះអាងថា កូននិងក្មួយរបស់លោក ដែលទៅកាប់ឈើក្នុងព្រៃសហគមន៍នោះ គឺបានសុំច្បាប់អនុញ្ញាតពីសហគមន៍ត្រឹមត្រូវ ហើយឈើដែលកាប់បានទាំងនោះគឺយកទៅសាងសង់សាលារៀននៅភូមិកំពង់ព្រះឥន្ទប៉ុណ្ណោះ។
លោក ផិង ថុង៖ «ទេអត់មានទេ កូនខ្ញុំឯណាទៅកាប់ឈើលក់? បញ្ហានេះគឺខាងអាជ្ញាធរបានសុំច្បាប់ដើម្បីអារឈើធ្វើសាលារៀននៅភូមិកំពង់ព្រះឥន្ទ គឺសាលាកំពុងធ្វើថ្មីចំនួន២បន្ទប់។ ឥឡូវធ្វើជិតចប់ហើយឈប់អារឈើហើយ»។
បើទោះបីជាយ៉ាងណាពលរដ្ឋនៅតែអះអាងថា សកម្មភាពកាប់ឈើរបស់កូននិងក្មួយមេឃុំកំពង់ស្រឡៅ២ មិនមែនដើម្បីយកមកកសាងសាលារៀនឡើយ គឺពិតជានាំយកទៅលក់នៅប្រទេសឡាវ។
អត្ថបទដែលទាក់ទង៖
ប្រជាសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ រកឃើញបទល្មើសអារឈើថ្មី៧៣ករណីដោយគ្មានអាជ្ញាធរទប់ស្កាត់
សមាជិកសហគមន៍ការពារព្រៃឈើត្រពាំងក្បាលដំរីម្នាក់ អះអាងថា កូនក្មួយរបស់លោកមេឃុំនេះ គឺជាក្រុមសកម្មក្នុងការកាប់បំផ្លាញនិងជួញដូរឈើខុសច្បាប់។
សមាជិកសហគមន៍ត្រពាំងក្បាលដំរី៖ «មានតែកូនមេឃុំ ក្មួយមេឃុំ ហើយនិងកូនរបស់មេភូមិកំពង់ព្រះឥន្ទសកម្មខ្លាំងជាងគេ។ ចូលទៅកាប់ឈើក្នុងព្រៃសហគមន៍ គ្រប់សហគមន៍ទាំងអស់។ខាងខ្ញុំជិតអស់ឈើធំៗហើយគឺគេលួចអារ។ កូនចៅរបស់មេឃុំនេះ អារឈើធ្វើជាអាជីពតែម្ដង១ឆ្នាំទល់១ឆ្នាំអារតែឈើ។ ប្រហែលជាគាត់អាងអំណាច ឪពុក ម្តាយ បងប្អូន ពូ មីង របស់គាត់ដែលធ្វើការងារធំ?»។
វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះ ពីនាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកឆែប លោក សេង លាង បាននៅឡើយនៅថ្ងៃទី១៥ ខែមីនា។ ក៏ប៉ុន្តែក្នុងរបាយការណ៍នៃកិច្ចប្រជុំប្រចាំខែ កាលពីថ្ងៃទី២១ ខែកុម្ភៈ អភិបាលស្ដីទីស្រុកឆែបលោក អ៊ុំ សុភឿន បានបង្ហាញកង្វល់ចំពោះការកាប់បំផ្លាញព្រៃឈើ ដោយលោកបានណែនាំដល់អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការនិងកម្លាំងប្រដាប់អាវុធឱ្យបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ លើការទប់ស្កាត់បទល្មើសធនធានធម្មជាតិ មានការកាប់បំផ្លាញព្រៃឈើជាដើម។
នៅឃុំកំពង់ស្រឡៅ២ មានសហគមន៍ការពារព្រៃឈើចំនួន៤ គឺសហគមន៍ព្រះលាន សហគមន៍ព្រះឥន្ទផ្កាយរះ សហគមន៍ត្រពាំងក្បាលដំរីនិងសហគមន៍ចង្ហាធំ ដែលមានផ្ទៃដីសរុបប្រមាណជិត ៨ពាន់ (៧.៨៤០)ហិកតារ។ បច្ចុប្បន្នព្រៃសហគមន៍ទាំងនោះ កំពុងទទួលរងការគំរាមកំហែងយ៉ាងខ្លាំងពីក្រុមអ្នកមានអំណាចកាប់ឈើខុសច្បាប់ និងឈូសឆាយព្រៃដើម្បីរុករានយកដីធ្វើជាកម្មសិទ្ធិឯកជន។
ជាមួយគ្នានេះដែនជម្រកសត្វព្រៃ ព្រៃព្រះរការ ដែលមានទំហំផ្ទៃដីជាង ៩ម៉ឺនហិកតារ ដែលមានព្រំដែនជាប់គ្នានោះ ក៏កំពុងទទួលរងការគំរាមកំហែងពីសកម្មភាពកាប់បំផ្លាញព្រៃឈើខុសច្បាប់យ៉ាងខ្លាំងនិងការកាប់រានព្រៃដើម្បីយកដីដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។