ពលរដ្ឋ​ជាង ២០០នាក់ ប្រមូលផ្ដុំគ្នានៅមុខតុលាការខែត្រកំពង់ស្ពឺ ក្នុងពេលតុលាការ​

ពលរដ្ឋ​ជាង ២០០នាក់ មក​ពី​ស្រុក​ឱរ៉ាល់ ខែត្រកំពង់ស្ពឺ បាន​នាំគ្នា​ឡើង​មក​ប្រមូល​ផ្ដុំ គ្នា​នៅ​ខាងមុខ​សាលាដំបូង​ខែត្រកំពង់ស្ពឺ នៅ​ថ្ងៃ​ទី១៨ មីនា។ ពលរដ្ឋ​អះអាង​ថា ពួក​គាត់​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​មុខ​តុលាការ​នេះ ដើម្បី​ឱ្យ​តុលាការ​ផ្ដល់​យុត្តិធម៌​ជូន​តំណាង​ព្រៃ​សហគមន៍​ឧត្ដម​ស្រែពស់ ដែល​ត្រូវ​បាន​តុលាការ​បើក​សវនាការ​ជំនុំជម្រះ​ក្ដី អំពី​ការ​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា និង​ជេរប្រមាថ​ជា​សាធារណៈ។

ពលរដ្ឋ​អះអាង​ថា ជារឿង​អយុត្តិធម៌ ដែល​សហគមន៍​ឧត្ដម​ស្រែ​ពស់ ជា​អ្នក​ការពារ​ដី​ព្រៃ​សមូហភាព ហើយ​ត្រូវ​បាន​ក្រុម​យោធិន​បញ្ជា​ការដ្ឋាន​រថក្រោះ​ជើងគោក​ រំលោភ​យក​ និង​ឈូស​ឆាយ​ដី​ព្រៃ បែរ​ជា​តំណាង​សហគមន៍​របស់​ពួក​គាត់ ចំនួន ៦នាក់​រង​បណ្ដឹង​ពី​តុលាការ​ទៅ​វិញ។

ការ​លើក​ឡើង​របស់​ពលរដ្ឋ​តំណាង​នេះ ធ្វើឡើង​នៅ​ក្នុង​ពេល​សាលាដំបូង​ខែត្រ​កំពង់ស្ពឺ បើក​សវនាការ​តំណាង​ព្រៃ​សហគមន៍​ឧត្ដម​ស្រែ​ពស់ ឬ​ហៅថា ព្រៃ​មេត្តា​ធម្មជាតិ ចំនួន ៦នាក់ អំពី​បទ ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា និង​ជេរ​ប្រមាថ​សាធារណៈ តាម​បណ្ដឹង​របស់​លោក ប៉ែន សារិន តំណាងក្រុម​យោធិន​បញ្ជា​ការដ្ឋាន​រថក្រោះ​ជើងគោក នៅ​ថ្ងៃ​ទី១៨ មីនា​នេះ។

តំណាង​ព្រៃ​សហគមន៍​ឧត្ដម​ស្រែ​ពស់ លោក ឃន សារិទ្ធ ឱ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង ក្រោយ​ពេល​ចេញ​ពី​សវនាការ​នៅ​ល្ងាច​ថ្ងៃ​ទី១៨ មីនា​ថា លោក​គ្មាន​ប្រព្រឹត្តិ​អ្វី​ខុស​ច្បាប់​ដូច​តុលាការ​ចោទ​ប្រកាន់​ឡើយ។​ លោក​បាន​ឆ្លើយ​ប្រាប់​ចៅក្រម​ជំនុំជម្រះ​ថា លោក​គ្មាន​ធ្វើ​ឱ្យ​ខួច​ខាត​ទ្រព្យ​សម្បត្តិ ឬ​ជេរប្រមាថ​ប្រមាថ​អ្នកណា​ម្នាក់​ឡើយ។ ប៉ុន្តែ​សកម្មភាព​របស់​ប្រជា​សហគមន៍ គឺ​ការពារ​ដី​ព្រៃ ដែល​ក្រុម​គ្រួសារ​យោធិន​បញ្ជា​ការដ្ឋាន​រថក្រោះ​កង​ទ័ព​ជើង​គោក បាន​រំលោភ​យក។ លោក​បន្ថែម​ថា ក្រុម​យោធិន​បាន​ឈូស​កម្ទេច​អាស្រម​របស់​ព្រះសង្ឃ និង​រួប​សំណាក​របស់​ព្រះពុទ្ធ​ជា​ដើម។

ការ​តតាំង​របស់​ខ្ញុំ​គឺ ខាង​ក្រសួង ខាង​មន្ទីរ​បរិស្ថាន​បាន​កាត់​ឱ្យ​សហគមន៍​ការពារ​អ៊ីចឹង​ហើយ ទើប​កើត​ឱ្យ​មាន​ការ​ការពារ​ហ្នឹង។ តែ​ខាង​តុលាការ​ហ្នឹង​ថា តុលាការ​បាន​កាត់​ឱ្យ​គេ​ហើយ ពលរដ្ឋ​មិន​អាច​តវ៉ា​បានទេ

—  លោក ឃន សារិទ្ធ តំណាង​ព្រៃ​សហគមន៍​ឧត្ដម​ស្រែ​ពស់

លោក ឃន សារិទ្ធ​បន្ថែម​ថា តុលាការ​បាន​សួរ​ពួកគាត់​បាន​តែ ៣នាក់ ក្នុង​ចំណោម ៦នាក់ តុលាការ​ក៏​លើក​ពេល​សវនាការ​ទៅ​ថ្ងៃ​ក្រោយ ដោយ​គ្មាន​ការ​កំណត់។

វិទ្យុអាស៊ីសរី​មិន​អាច​ទាក់ទង​ចៅក្រម​ជំនុំជម្រះក្ដី លោក សេង រិទ្ធី ដើម្បី​សួរ​អំពី​រឿង​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៨ មីនា។

ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា CHRAC លោក រស់ សុដ្ឋា ដែល​តាម​ដាន​រឿង​នេះ ឱ្យ​ដឹង​ថា រឿង​ជម្លោះ​ដី​ព្រៃ​សហគមន៍​នេះ បាន​អូស​បន្លាយ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ លោក​បញ្ជាក់​ថា កន្លង​មក​សកម្មភាព​របស់​ពលរដ្ឋ​ទប់​ស្កាត់​គ្រឿង​ចក្រ​របស់​ក្រុម​យោធា​ អ្នក​ខ្លះ​ត្រូវ​ក្រុម​យោធា​ប្រើ​អំពើ​ហិង្សា​វាយ​ដំ តែ​ទីបំផុត​បែរជា​តំណាង​សហគមន៍​រង​បណ្ដឹង​ពី​តុលាការ​ទៅ​វិញ។

ខ្ញុំ​ចង់​ឱ្យ​មាន​យុត្តិធម៌​ទាំង​សងខាង ហើយ​ឱ្យ​មាន​ការ​សម្រប​សម្រួល ដោះស្រាយ​ដោយ​សន្តិវិធី កុំ​ឱ្យ​រំលោភ​គ្នា​ទៅ​វិញ​ទៅ​មក រវាង​អ្នក​ទន់ខ្សោយ និង​អ្នក​មាន​អំណាច។

—  លោក រស់ សុដ្ឋា ប្រធាន​អង្គការ​ CHRAC

ព្រៃ​សហគមន៍​ឧត្ដម​ស្រែ​ពស់ ឬ​ហៅ​ថា ព្រៃ​មេត្តា​ធម្មជាតិ គឺ​ជា​ផ្នែក​មួយ នៃ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់ ហើយ​ត្រូវ​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់​ជា​ព្រៃ​អភិរក្ស​ពី​ក្រសួង​បរិស្ថាន កាល​ពី​ឆ្នាំ២០០២ ប្រមាណ ៨០០ហិកតារ។ កាល​ពី​ខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ ឆ្វៀល​ដី​ព្រៃ​សហគមន៍​ឧត្ដម​ស្រែ​ខ្ពស់​មាន​ទំហំ​ជិត ៣រយ (២៦២,២៤) ហិកតារ ពី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ក្នុង​ភូមិ​ពោធិ៍​មាស ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បី​បែងចែក​ជូន​គ្រួសារ​យោធិន នៃ​កង​រថក្រោះ “ង-៧០” ចំនួន ៤១គ្រួសារ សម្រាប់​សង់​លំនៅឋាន និង​បង្កបង្កើនផល។

តំណាង​សហគមន៍​ព្រៃ​ឧត្តមស្រែពស់ លោក ឃន សារិទ្ធ ឲ្យ​ដឹង​ថា នៅ​មុន​ពេល​រដ្ឋាភិបាល កាត់​ដី​ព្រៃ​សហគមន៍​នេះ​ឲ្យ​ទៅ​គ្រួសារ​យោធិន កាល​ពី​ឆ្នាំ២០២១ គឺ​មិន​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​ច្រើន​នោះ​ទេ។ លោក​បញ្ជាក់​ថា ក្រោយ​ពី​រដ្ឋាភិបាល​ដី​ព្រៃ​សហគមន៍​ឲ្យ​ទៅ​គ្រួសារ​យោធិន​ ព្រៃ​សហគមន៍​នេះ​ស្ទើរតែ​ហិនហោច​ទាំង​ស្រុង​ចាប់​ពី​ឆ្នាំ២០២១ មក។

ព្រៃ​សហគមន៍​ឧត្តមស្រែពស់ ឬ​ព្រៃ​មេត្តា​ធម្មជាតិ ធ្លាប់​មាន​សត្វព្រៃ​ជាច្រើន​ប្រភេទ​រស់នៅ​ដូចជា ទោច ក្ងោក មាន់ព្រៃ ឈ្លូស​ជាដើម។ ប៉ុន្តែ​ព្រៃ​សហគមន៍​នេះ ក្រៅ​ពី​ក្រុម​យោធិន​កង​បញ្ជាការដ្ឋាន​រថក្រោះ​កងទ័ព​ជើងគោក ក៏​មាន​បាន​ជនល្មើស​ផ្សេង​ទៀត ដែល​មាន​លុយ មាន​អំណាច​កាប់​ទន្ទ្រាន និង​ឈូស​ឆាយ​អស់​ស្ទើរ​ទាំង​ស្រុង។ ថ្មីៗ នេះ ជនល្មើស​បាន​លួច​ដុត​ព្រៃ ដែល​នៅ​ក្បែរ​វត្ត​មេត្តា​ធម្មជាតិ បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សត្វព្រៃ​ជា​ច្រើន ជាពិសេស គឺ​សម្បុក​សត្វ​ក្ងោក​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។