ក្រុមស្ត្រីរត់ម៉ូតូកង់បីនៅតំបន់អង្គរ ខេត្តសៀមរាប ចង់ជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយផ្ទាល់ ដើម្បីផ្តល់មតិយោបល់ដែលអាចស្រូបទាញភ្ញៀវទេសចរបានច្រើន។
ពួកគាត់ក៏ស្នើឱ្យរដ្ឋាភិបាលទទួលស្គាល់ការពិតពីការធ្លាក់ចុះភ្ញៀវទេសចរ និង កុំជឿតែរបាយការណ៍របស់មន្ត្រីថ្នាក់ក្រោម។
ក្រុមស្ត្រីរត់ម៉ូតូកង់បីនៅខេត្តសៀមរាប ទទូចឱ្យរដ្ឋាភិបាល ទទួលយកមតិយោបល់របស់ពួកគាត់ទៅដោះស្រាយឱ្យចំគោលដៅ ធ្វើយ៉ាងណាឱ្យពលរដ្ឋមានការងារធ្វើ ដែលអាចទទួលបានប្រាក់កម្រៃសមរម្យពីវិស័យទេសចរណ៍ឡើងវិញ។
តំណាងក្រុមស្ត្រីម៉ូតូកង់បី និងជាប្រធានសមាគមអ្នកបើកបររ៉ឺម៉កទេសចរណ៍នៅខេត្តសៀមរាប លោកស្រី គីម សុខលៀង ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៤ មករា ថា ក្រុមស្ត្រី ៣០នាក់ ដែលប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅតំបន់អង្គរ កំពុងជួបការលំបាកខ្លាំងដោយសារខ្សត់ភ្ញៀវទេសចរដឹក ដោយពុំទទួលបានប្រាក់កម្រៃសមរម្យនៅឡើយទេ ស្របពេលដែលភ្ញៀវទេសចរបរទេសភាគច្រើន បានទទួលកញ្ចប់សេវាកម្មរបស់ក្រុមហ៊ុនឯកជនប៉ុណ្ណោះ។
លោកស្រី គីម សុខលៀង៖«ព័ត៌មានស្រុកខ្មែរគឺភាគច្រើនអត់ការពិតទេបានតែអួតតែប៉ុណ្ណោះ!រដ្ឋាភិបាលគួរតែចុះមកជួបពួកយើង ជឿពួកយើងផងថាគួរធ្វើយ៉ាងម៉េច?ចាំខ្ញុំនឹងប្រាប់ពីការអភិវឌ្ឍប្រទេសរួមគ្នា។ និយាយនេះខ្ញុំមិនមែនចង់បានអ្វីទេ ខ្ញុំគ្រាន់តែចង់ឃើញប្រជាជនខ្មែររស់នៅក្ដីសុខស្មើគ្នាប៉ុណ្ណោះ ព្រោះលំបាកណាស់រាល់ថ្ងៃមិនមែនលំបាកធម្មតាទេ»។
លោកស្រី គីម សុខលៀង ស្នើឱ្យអាជ្ញាធរគួរតែបញ្ឈប់ ផ្សព្វផ្សាយរបាយការណ៍បំប៉ោងតួលេខ បំផ្លើសការពិតពីចំនួនភ្ញៀវទេសចរ ដើម្បីចៀសវាងឱ្យមហាជនយល់ច្រឡំ ព្រមទាំងធ្វើឱ្យពលរដ្ឋរស់នៅតំបន់អង្គរមិនសប្បាយចិត្ត។
លោកស្រីបន្ថែមថា ប្រសិនបើពួកលោកស្រី បានជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លោកស្រីនឹងបង្ហាញពីបញ្ហាប្រឈមមួយចំនួន ជំរុញឱ្យប្រមុខរដ្ឋាភិបាលកែលម្អចំណុចខ្វះខាត ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការអធិប្បាយជុំវិញរឿងនេះ ពីអ្នកនាំពាក្យនាយករដ្ឋមន្ត្រីលោក មាស សុភ័ណ្ឌ បាននៅឡើយទេ នៅថ្ងៃទី១៤ មករា។ រីឯអ្នកនាំពាក្យក្រសួងទេសចរណ៍លោក តុប សុភ័គ ក៏មិនទាន់អាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
ថ្មីៗនេះ ក្រសួងព័ត៌មាននិងក្រសួងទេសចរណ៍បានជូនដំណឹងស្តីពីការរៀបចំ«ពិធីផ្សព្វផ្សាយលើកកម្ពស់វិស័យទេសចរណ៍និងប្រឆាំងព័ត៌មានក្លែងក្លាយ» ។ ពិធីនេះមានការចូលរួម ពីរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត្រ ភក្ត្រា និង រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ហួត ហាក់ ដែលធ្វើឡើងនៅថ្ងៃទី ១៥ ខែមករាឆ្នាំ២០២៥ខាងមុខនេះ នៅរាជធានីភ្នំពេញ ក្នុងគោលបំណងផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ និងផែនការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ ប្រកបដោយភាពទាក់ទាញ សម្បូរបែប ព្រមទាំងប្រឆាំងព័ត៌មានក្លែងក្លាយ ប៉ះពាល់លើវិស័យទេសចរណ៍។
ជុំវិញរឿងនេះ ប្រធានមគ្គុទ្ទេសក៍ទេសចរណ៍ខេត្តសៀមរាប លោក ខៀវ ធី គាំទ្រសំណើរបស់ក្រុមស្ត្រី ដែលចង់ជួបពិភាក្សាជាមួយប្រមុខរដ្ឋាភិបាល ដើម្បីឱ្យថ្នាក់ដឹកនាំរដ្ឋាភិបាលរូបនេះ ទទួលយកទុក្ខកង្វល់របស់ពួកគាត់ ដោះស្រាយឱ្យចំគោលដៅ។
លោក ខឿវ ធី៖៖គំនិតពួកគាត់គឺល្អ ព្រោះក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ក៏ចង់ឱ្យមានការប្រជុំរួមមួយដើម្បីលើកឡើងពីវិស័យទេសចរណ៍នេះ ព្រោះវាមានប្រយោជន៍ទាំងពួកគាត់ ទាំងក្រុមបើកបរតុកៗ អ្នកលក់ដូរ ផ្ដល់សេវាកម្មទេសចរណ៍ សណ្ឋាគារ និងផ្ទះសំណាក់ផ្សេងៗ ដើម្បីឱ្យពួកគាត់មានឱកាសលើកឡើងពីបញ្ហាប្រឈមដោះស្រាយរួមគ្នា»។
របាយការណ៍របស់ក្រសួងទេសចរណ៍ឱ្យដឹងថា ក្នុងរយៈពេល១១ខែឆ្នាំ២០២៤ កម្ពុជាបានទទួលភ្ញៀវទេសចរបរទេសចំនួន ៦លាននាក់។ ចំនួននេះកើនឡើង ២២ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣។
ក្រុមស្ត្រីរត់ម៉ូតូកង់បីរំពឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងបើកចិត្តទូលាយជួបពួកគាត់ដោយផ្ទាល់នៅពេលឆាប់ៗនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
