បក្ស​ប្រឆាំង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ទៅ​លើ​បញ្ហា​អង្ករ​កម្ពុជា​ដែល​នាំចេញ​ក្រៅ​ប្រទេស​​មាន​សំណល់​ថ្នាំ​កសិកម្ម​លើស​កម្រិត

អ្នក​ជំនាញ​បារម្ភ​ចំពោះ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​កសិករ​ខ្មែរ​មួយ​ចំនួន​ដោយសារតែ​បច្ចុប្បន្ន​ ខ្វះ​ទីផ្សារ​លក់​ផលិតផល​ឱ្យ​បាន​ទូលំ​ទូលាយ។

ការ​បារម្ភ​នេះ​ កើត​ឡើង​ស្រប​ពេល​ដែល​កសិករ​កំពុង​តែ​ប្រឈម​និង​បញ្ហា​ជា​ច្រើន​ដូច​ជា​នៅ​ខេត្ត​ខ្លះ​កសិករ​តវ៉ា​ជុំវិញ​ការ​លក់​ស្រូវ​បាន​តម្លៃ​ថោក​​និង​ខេត្ត​ខ្លះ​ទៀត​ខ្វះ​ទឹក​ធ្វើ​ស្រែ​ប្រាំង។ ​បន្ថែម​លើ​នេះ​កាល​ពី​ពេល​ថ្មីៗ​ សហភាព​អឺរ៉ុប មិន​ទទួល​ទិញ​អង្ករ​ខ្មែរ​ដោយសារ​តែ​រក​ឃើញ​ថា មាន​ផ្ទុក​សំណល់​ថ្នាំ​កសិកម្ម​លើស​កម្រិត។

អ្នក​អត្ថាធិប្បាយ​នយោបាយ​លោក គឹម សុខ ព្រួយ​បារម្ភ​ខ្លាំង​ហើយ​លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​និង​ក្រសួង​កសិកម្ម​ត្រូវ​តែ​ស៊ើប​អង្កេត និង​លាង​សំអាត​ឱ្យ​ច្បាស់​លាស់​ដើម្បី​កុំ​ឱ្យ​ខូច​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​នៅ​ក្នុង​ទីផ្សារ​នាំចេញ។ លោក​ថា ប្រសិន​បើ​​វិបត្តិ​សំណល់​ថ្នាំ​កសិកម្ម​នៅ​ក្នុង​អង្ករ​ខ្មែរ​នៅ​តែ​អូស​បន្លាយ​រយៈ​ពេល ២ឬ ៣​ឆ្នាំ​ទៅ​មុខ​ទៀត គឺ​នឹង​ធ្វើ​ឱ្យ​កសិករ​ខ្មែរ​ប្រឈម​និង​បញ្ហា​គ្មាន​ទីផ្សារ​លក់​អង្ករ ​ហើយ​ស្រូវ​ក៏​លក់​បាន​តម្លៃ​ថោក។

លោក គឹម សុខ៖ «បើ​អង្ករ​ខ្មែរ​មាន​វិបត្តិ​​ជាតិ​គីមី​នាំ​ទៅ​អឺរ៉ុប ​ហើយ​សហភាព​អឺរ៉ុប​​មិន​ទទួល​និង​បញ្ជូន​ត្រឡប់​វិញ​ ​ក្នុង​រយៈ​ពេល​តែ​២-៣​ឆ្នាំ​ទៅ​មុខ​ទៀត​គឺ​នឹង​ធ្វើ​ឱ្យ​ប្រជា​​កសិករ​ខ្មែរ​រត់​ចោល​ស្រែ​ស្ទើរ​តែ​ទាំង​អស់។​ បញ្ហា​នេះ​ទីបំផុត​នឹង​ធ្វើ​ឱ្យ​ដី​កសិកម្ម​របស់​ខ្មែរ​​នឹង​​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ឈ្មួញ​វៀតណាម​និង​ឈ្មួញ​ចិន​មក​ធ្វើ​ស្រែ​ជំនួស​រួច​ហើយ​ដឹក​អង្ករ​យក​ទៅ​ស្រុក​របស់​ពួក​គេ​ ដោយ​ធ្វើ​ជំនួញ​កសិកម្ម​​លើ​ខ្នង​ពលរដ្ឋ​ខ្មែរ​និង​ប្រទេស​កម្ពុជា។ មានន័យ​ថា​ដី​ស្រែ​កសិកម្ម​របស់​ខ្មែរ​ក្លាយ​ទៅ​ជា​ដី​កសិកម្ម​របស់​ចិន​និង​វៀតណាម​ហើយ»។

ស្រដៀង​គ្នា​នេះ​ដែរ ​អតីត​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ​លោក អ៊ុំ សំអាន យល់​ថា វា​ជា​ការ​គួរ​ឱ្យ​ព្រួយ​បារម្ភ​​នៅ​ពេល​ដែល​កសិករ​ខ្មែរ​ នៅ​តាម​បណ្ដា​ខេត្ត​ខ្លះ​កំពុង​តែ​មាន​បញ្ហា​រឿង​តម្លៃ​ស្រូវ​ចុះ​ថោក ​ថែម​ទាំង​មាន​សម្ពាធ​មួយ​ទៀត ​គឺ​អង្ករ​ខ្មែរ​ដែល​នាំចេញ​ទៅ​សហភាព​អឺរ៉ុប​ មាន​ផ្ទុក​សំណល់​ថ្នាំ​កសិកម្ម​លើស​កម្រិត​នោះ។ ​លោក​ថា​បញ្ហា​នេះ​កាន់​តែ​ធ្វើ​ឱ្យ​កសិករ​ខ្មែរ​ពិបាក​រក​ទីផ្សារ​លក់​ស្រូវ​ ព្រម​ទាំង​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ធ្ងន់ធ្ងរ។

លោក អ៊ុំ សំអាន ជំរុញ​ឱ្យ​រដ្ឋាភិបាល​និង​ក្រសួង​កសិកម្ម​ត្រូវ​តែ​រក​ឱ្យ​ឃើញ​ពិត​ប្រាកដ​ថា តើ​អង្ករ​ដែល​មាន​សារធាតុ​គីមី​លើស​កម្រិត​នោះ​ ជា​របស់​កសិករ​ខ្មែរ​ឬ​ក៏​ជា​របស់​ក្រុមហ៊ុន​បរទេស​ណា​មួយ​ដែល​បន្លំ​យក​យីហោ​ខ្មែរ​ដើម្បី​នាំចេញ?។

លោក អ៊ុំ សំអាន៖ «រដ្ឋាភិបាល​គួរ​តែ​បើក​ការ​ស៊ើប​អង្កេត​បញ្ហា​នេះ ​ឱ្យ​បាន​ច្បាស់​លាស់ ​ដើម្បី​រក​ប្រភព​អង្ករ​ដែល​​មាន​សំណល់​ថ្នាំ​កសិកម្ម​លើស​កម្រិត​នោះ​ថា តើ​ជា​របស់​វៀតណាម ​ដែល​បន្លំ​ធ្វើ​ជា​របស់​កម្ពុជា​ឬ​ក៏​វា​ជា​របស់​កម្ពុជា​មែន?រដ្ឋាភិបាល​ក៏​ត្រូវ​ស៊ើប​អង្កេត​ផង​ដែរ​ថា តើ​មូលហេតុ​អ្វី​បាន​ជា​មាន​អង្ករ​មាន​សំណល់​ថ្នាំ​កសិកម្ម​​លើស​កម្រិត​ទៅ​វិញ?តើ​វា​បណ្ដាល​មក​ពី​ពលរដ្ឋ​កម្ពុជា​បាន​ប្រើ​សារធាតុ​គីមី​នៅ​​ក្នុង​ថ្នាំ​កសិកម្ម​ដោយ​មិន​មាន​ការ​យល់​ដឹង និង​គ្មាន​ការ​ណែនាំ​ពី​ក្រសួង​កសិកម្ម​​ឬ​ក៏​យ៉ាង​ណា?។ ដូច្នេះ​រដ្ឋាភិបាល​គួរ​តែ​មាន​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់​លាស់​ជុំវិញ​រឿង​នេះ»។

ប្រតិកម្ម​នេះ ​កើត​ឡើង​បន្ទាប់​ពី​កាល​ពី​ពេល​ថ្មីៗ​ អង្ករ​ខ្មែរ​ប្រមាណ ៤​ពាន់​តោន ​ដែល​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ២​លាន​ដុល្លារ ​ត្រូវ​ប្រទេស​សហភាព​អឺរ៉ុប​មិន​ទទួល​ទិញ​ដោយសារ​តែ​គេ​រក​ឃើញ​ថា អង្ករ​ទាំង​នោះ​មាន​ផ្ទុក​សំណល់​ថ្នាំ​កសិកម្ម​លើស​កម្រិត។​ បន្ថែម​លើ​នេះ​ពេល​បច្ចុប្បន្ន​កសិករ​ខ្មែរ​នៅ​តាម​បណ្ដា​ខេត្ត​ជា​ច្រើន​ដូច​ជា​ខេត្ត​ពោធិ៍សាត់​ បាត់ដំបង និង​បន្ទាយមានជ័យ​កំពុង​មាន​បញ្ហា​ពិបាក​រក​ទីផ្សារ​លក់​ស្រូវ​ឱ្យ​បាន​ថ្លៃ​ដែរ។ រីឯ​កសិករ​នៅ​ស្រុក​បាទី​ខេត្ត​តាកែវ​ ក៏​កំពុង​មាន​បញ្ហា​ខ្វះ​ទឹក​ធ្វើ​ស្រែ​ប្រាំង​ជា​ដើម។

វិទ្យុ​អាស៊ីសេរី​ មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​រឿង​អង្ករ​ខ្មែរ​ដែល​មាន​សំណល់​ថ្នាំ​កសិកម្ម​លើស​កម្រិត​នាំចេញ​ទៅ​សហភាព​អឺរ៉ុប និង​បញ្ហា​ផ្សេងៗ​ទៀត​របស់​កសិករ​ពី​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម ​លោក ឃឹម ហ្វីណង់ បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​២៥ ខែ​មករា។

ប៉ុន្តែ​តាម​សេចក្តី​ជូន​ដំណឹង​របស់​​​ក្រសួង​កសិកម្ម កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា ឱ្យ​ដឹង​ថា អង្ករ​ខ្មែរ​មួយ​ចំនួន​ដែល​នាំចេញ​ទៅ​សហភាព​អឺរ៉ុប​ ហើយ​សហភាព​អឺរ៉ុប មិន​ទទួល​យក​គឺ​ដោយសារ​តែ​មាន​សំណល់​ថ្នាំ​កសិកម្ម​លើស​កម្រិត​បញ្ញត្តិ។ សំណល់​ថ្នាំ​កសិកម្ម​នៅ​ក្នុង​អង្ករ​នោះ ​មាន​ដូច​ជា​សារធាតុ​អាស៊ី​តាមីព្រីដ​​ទ្រីស៊ី​ក្លាសូល (Acetamiprid Tricyclazole) និង​ទីយ៉ាមមេតូហ្សាម​(Thiamethoxam) លើស​កម្រិត​បញ្ញត្តិ​របស់​សហភាព​អឺរ៉ុប ​ដែល​អនុញ្ញាត​ឱ្យ​តែ​ត្រឹម​ចំនួន​ ០,០១​មីលីក្រាម​ក្នុង​អង្ករ ១​គីឡូក្រាម។

អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក លន់ យ៉េង ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២៤ កម្ពុជា​បាន​នាំ​អង្ករ​ចេញ​ទៅ​សហភាព​អឺរ៉ុប​ចំនួន​ប្រមាណ​ជាង ៣០​​ម៉ឺន​តោន មិន​មាន​បញ្ហា​រឿង​សំណល់​ថ្នាំ​កសិកម្ម​នៅ​ក្នុង​អង្ករ​ទេ ទើប​តែ​នៅ​ពេល​ចុង​ក្រោយ​គឺ​អង្ករ​ស្រែ​ប្រាំង​ប្រមាណ​តែ ២ ទៅ ៣​កុងទីន័រ​ប៉ុណ្ណោះ ដែល​មាន​បញ្ហា​នេះ។ លោក​ថា ជា​ច្រើន​ឆ្នាំ​មក​ហើយ​ស្រូវ​រដូវ​វស្សា​របស់​កម្ពុជា​គឺ​មិន​ដែល​មាន​បញ្ហា​រឿង​សំណល់​​ថ្នាំ​កសិកម្ម​លើស​​កម្រិត​ឡើយ។ លោក លន់ យ៉េង បញ្ជាក់​ទៀត​ថា បើទោះបីជា​សហភាព​អឺរ៉ុប​មិន​ទទួល​យក​អង្ករ​ទាំង​នោះ​ក៏​ដោយ​​ក៏​អង្ករ​ដែល​មាន​បញ្ហា​បាន​លក់​ទៅ​ឱ្យ​ប្រទេស​ផ្សេង​អស់​ទៅ​ហើយ។ ​យ៉ាង​នេះ​ក្តី​លោក​ លន់ យ៉េង ចង់​ឱ្យ​កសិករ​ខ្មែរ​ឈប់​ប្រើ​ប្រាស់​ថ្នាំ​កសិកម្ម​ទៅ​លើ​ស្រូវ​ច្រើន​លើស​កម្រិត​ នៅ​ពេល​ខាង​មុខ​ត​ទៅ​ទៀត។

លោក ​លន់ យ៉េង៖ «ឆ្លៀត​​ឱកាស​នេះ​ខ្ញុំ​សូម​អំពាវនាវ​ដល់​បង​ប្អូន​កសិករ​ថា​ប្រភេទ​ថ្នាំ​កសិកម្ម​មួយ​ចំ​នួន​សូម​ប្រើ​ប្រាស់​ឱ្យ​ត្រូវ​តាម​បច្ចេកទេស​ពីព្រោះ​នៅ​តាម​សំបក​ថ្នាំ​ក៏​មាន​សរសេរ​ណែនាំ​ឱ្យ​ប្រើ​នៅ​ពេល​ណា​? ​សូម​កុំ​ប្រើ​តាម​នឹក​ឃើញ។ ដូច្នេះ​សូម​ឱ្យ​កសិករ​ទាំង​អស់​ស្វែង​យល់ ​នៅ​ពេល​ស្រូវ​មាន​ជម្ងឺ ​មាន​ផ្សិត​ស្លឹក​ឬ​ក៏​មាន​សត្វ​ល្អិត​ស៊ី​ សូម​ជៀស​វាង​កុំ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​(Acetamiprid )ឬ​ក៏Tricyclazoleហើយ​ងាក​ទៅ​ប្រើ​ថ្នាំ​ដែល​អ្នក​ជំនាញ​អនុញ្ញាត​គឺ​ជា​ការ​ប្រសើរ»។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២៤ កម្ពុជា បាន​នាំចេញ​អង្ករ​ចំនួន​ប្រមាណ​៦៥​ម៉ឺន​តោន ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ ក្នុង​ទំហំ​ទឹក​ប្រាក់​ចំនួន​ជាង ៤​រយ (៤៩១) លាន​ដុល្លារ​អាមេរិក។សហភាព​អឺរ៉ុប​គឺ​ជា​ទីផ្សារ​នាំមុខ​គេ​របស់​កម្ពុជា​ដែល​បាន​ទិញ​អង្ករ​ខ្មែរ​ចំនួន​ជាង ៣២​ម៉ឺន​តោន ​គិត​ជា​ទឹក​ប្រាក់​មាន​ចំនួន​ជាង​២​រយ (២៥៣) លាន​ដុល្លារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។