កសិករខ្លះនៅខេត្តពោធិ៍សាត់ ស្នើឱ្យក្រសួងកសិកម្មជួយរកទីផ្សារលក់ស្រូវ និងផលដំណាំផ្សេងៗ ឱ្យបានតម្លៃខ្ពស់សមរម្យ ពីព្រោះបច្ចុប្បន្ននេះ ផលិតផលកសិកម្មជាច្រើនប្រភេទ កំពុងត្រូវបានពួកឈ្មួញបញ្ចុះតម្លៃតាមតែអំពើចិត្ត។
ការទាមទារនេះ ស្របពេលដែលមន្ត្រីក្រសួងកសិកម្មបានយកចិត្តទុកដាក់ទៅលើការរៀបចំចងក្រងកសិករឱ្យទៅជាសហគមន៍ ដោយសារតែមើលឃើញថា ទំហំផ្ទៃដីធ្វើស្រែនៅខេត្តពោធិ៍សាត់បានកើនឡើង។
កសិករមួយចំនួន នៅខេត្តពោធិសាត់បានរិះគន់មន្ត្រីក្រសួងកសិកម្មថា មានចេតនាគាបសង្កត់ពួកគាត់មិនឱ្យធ្វើស្រូវប្រាំង និងចម្ការនៅតំបន់ ដែលអាចខ្វះទឹក តាមរយៈការរៀបចំចងក្រងឱ្យទៅជាសហគមន៍។
ការរិះគន់នេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរខេត្តពោធិ៍សាត់ បានជូនដំណឹងឱ្យកសិករផ្អាកការដាំស្រូវប្រាំងលើកទី២ ជាបណ្ដោះអាសន្ន ដោយសារតែចំនួននៃការធ្វើស្រែប្រាំងមានដល់ទៅជិត ៦ម៉ឺន (៥៨.៧៧០) ហិកតារ។ អាជ្ញាធរបានចាត់ទុកការធ្វើស្រែប្រាំងដ៏ច្រើននេះ គឺលើសផែនការកំណត់ នៃការប្រើប្រាស់ទឹក ដែលបានគ្រោងទុក។
កាលពីថ្ងៃទី៦ខែមករា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម លោក ឃឹម ហ្វីណង់ ដែលបានទៅដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ ក៏បានជំរុញឱ្យមន្ទីរកសិកម្មខេត្តពោធិសាត់ ព្យាយាមចងក្រងកសិករ ដែលធ្វើស្រូវប្រាំងនៅតាមតំបន់ ដែលអាចខ្វះទឹក ឱ្យទៅជាសហគមន៍កសិកម្មទំនើប ដើម្បីងាយស្រួលគ្រប់គ្រង និងអន្តរាគមន៍ក្នុងករណីចាំបាច់។
ជុំវិញបញ្ហានេះកសិករនៅខេត្តពោធិ៍សាត់ខ្លះ បានលើកឡើងថា ក្រសួងកសិកម្មគួរតែជួយរកទីផ្សារលក់ស្រូវ និងផលដំណាំផ្សេងៗ ឱ្យបានតម្លៃខ្ពស់ប្រសើរជាងការព្យាយាមគាបសង្កត់កសិករមិនឱ្យធ្វើស្រូវ និងដំណាំ នៅតំបន់ខ្វះទឹក តាមរយៈការរៀបចំចងក្រងកសិករឱ្យទៅជាសហគមន៍នោះ។
កសិករម្នាក់នៅស្រុកវាលវែង ដែលសុំមិនបញ្ចេញឈ្មោះ ដោយសារភ័យខ្លាចសុវត្ថិភាពផ្ទាល់ខ្លួន បាននិយាយថា បច្ចុប្បន្ននេះរូបគាត់ និងកសិករជាច្រើនទៀត កំពុងប្រឈមនឹងការពិបាករកទីផ្សារលក់ផលិតផលកសិកម្មឱ្យបានថ្លៃសមរម្យ។ លោកថា ក្នុងឆ្នាំនេះ កសិករដាំពោតបាន តែពោតលក់បានតម្លៃថោក ដាំដំឡូងមីបាន តែដំឡូងមី ក៏លក់បានថោក រហូតដល់កសិករខ្លះ មិនទៅដកដំឡូងនៅក្នុងចម្ការយកមកលក់ផង។
កសិករស្រុកវាលវែង៖«ដំឡូងមីឆ្នាំនេះធ្លាក់ថ្លៃច្រើនមែនទែន ១គីឡូក្រាមលក់បានថ្លៃតែ ២០០ ទៅជាង ២០០រៀល។ បើកាលពីឆ្នាំទៅគ្រាន់លក់បាន ១គីឡូថ្លៃជាង៣០០រៀល។ បើស្រូវវិញ នៅកន្លែងខ្លះលក់បានតែជាង ៦០០រៀលទេ ក្នុង ១គីឡូក្រាម។ តម្លៃរបៀបនេះ បើទូទាត់ជាមួយកម្លាំងពលកម្ម ដែលខំប្រឹងធ្វើ គឺទៅមិនរួចទេ បើគិតទៅលើថ្លៃទិញជី និងថ្នាំបាញ់សម្លាប់សត្វល្អិតផង។ កសិករម្នាក់ៗ ទាំងគេ ទាំងខ្ញុំចង់ធ្វើស្រែណាស់ ដូច្នេះ សូមឱ្យក្រសួងកសិកម្មជួយលើកតម្លៃស្រូវ ធ្វើយ៉ាងណាបើថ្លៃជាង១ពាន់រៀល ក្នុង១គីឡូក្រាមគឺសុំឱ្យនៅថេរជារៀងរហូតទៅ»។
អ្នកសិក្សាការអភិវឌ្ឍន៍សង្គម បានយល់ស្រប និងការលើកឡើងរបស់កសិករនេះ ដោយថា មន្ត្រីក្រសួងកសិកម្មគួរតែយកចិត្តទុកដាក់ទៅលើការរកទីផ្សារលក់ផលិតផលរបស់កសិករឱ្យបានតម្លៃសមរម្យ ទើបជាមធ្យោបាយចាំបាច់។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការសិក្សាស្រាវជ្រាវ លោក សេក សុជាតិ យល់ថា រដ្ឋាភិបាល និងក្រសួងកសិកម្ម គួរតែមានគោលនយោបាយ និងការប្ដេជ្ញាចិត្ត ក្នុងការដាក់ចេញនូវតម្លៃទីផ្សារលក់កសិផលមួយឱ្យច្បាស់លាស់ ទើបធ្វើឱ្យកសិករ និងឈ្មួញទទួលបានកម្រៃប្រកបដោយតម្លាភាព។
លោក សេក សុជាតិ៖«កាលណាតម្លៃទីផ្សារលក់ផលិតផលកសិកម្មឱ្យឈ្មួញជាអ្នកកំណត់តម្លៃស្រេចតែចិត្ត គឺវាជាគ្រោះថ្នាក់ហើយ សម្រាប់សង្គម សម្រាប់ប្រទេសមួយ និងសម្រាប់កសិករ ដែលនៅក្នុងប្រទេសមួយនេះ»។
បើទោះជាយ៉ាងណាក្ដី វិទ្យុអាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយជុំវិញការលើកឡើងរបស់កសិករនេះ ពីប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ លោក ហៃ ធូរ៉ា និងពីអ្នកនាំពាក្យក្រសួងកសិកម្ម លោក ឃឹម ហ្វីណង់ បាននៅឡើយ នៅថ្ងៃទី១១ខែមករា។
រដ្ឋបាលខេត្តពោធិ៍សាត់កាលពីថ្ងៃទី២៤ ខែធ្នូឆ្នាំ២០២៤ បានជូនដំណឹងឱ្យកសិករទាំងអស់ ផ្អាកការដាំស្រូវប្រាំងលើកទី២ ជាបណ្ដោះអាសន្ន ចាប់ពីខែមករានេះ ដោយសារតែបញ្ហាខ្វះទឹកសម្រាប់ផ្គត់ផ្គង់។
អាជ្ញាធរបញ្ជាក់ថា តាមផែនការផ្គត់ផ្គង់ទឹកជូនប្រជាកសិករ ក្នុងឆ្នាំ២០២៥ គឺបានត្រឹមតែ ២ម៉ឺនហិកតារ។ ប៉ុន្តែជាក់ស្ដែង កសិករបានធ្វើស្រែប្រាំងដល់ទៅជិត ៦ម៉ឺន (៥៨.៧៧០) ហិកតារ។ ការធ្វើស្រែប្រាំងដ៏ច្រើននេះ គឺលើសផែនការ ដែលបានកំណត់នៃការប្រើប្រាស់ទឹក។
អាជ្ញាធរព្រមានថា ប្រសិនបើពលរដ្ឋណា នៅតែបន្តធ្វើស្រូវប្រាំងលើកទី២ ហើយខូចខាត គឺអាជ្ញាធរពុំទទួលខុសត្រូវឡើយ៕
