ពលរដ្ឋ​នៅ​ខេត្ត​កំពត​បន្ត​ប្រកប​របរ​ធ្វើ​ស្រែ​អំបិល​តាម​បែប​ប្រពៃណី

0:00 / 0:00

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត បន្ត​ប្រកប​របរ​ធ្វើ​អំបិល​ចេញ​ពី​ទឹក​សមុទ្រ​ធម្មជាតិ ដើម្បី​រក​កម្រៃ​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ។ ទោះបី​អំបិល​ផលិត​បាន​មិន​សូវ​មាន​ទីផ្សារ និង​លក់​បាន​តម្លៃ​ទាប ពលរដ្ឋ​ថា ពួកគាត់​បន្ត​ប្រកប​របរ​នេះ​ដើម្បី​ផ្គត់ផ្គង់​អំបិល​ធម្មជាតិ​ដល់​ទីផ្សារ​ក្នុង​ស្រុក និង​ដើម្បី​រក្សា​អត្តសញ្ញាណ​មុខរបរ​ក្នុង​តំបន់​ជាប់​សមុទ្រ​មួយ​នេះ​ឱ្យ​នៅ​ស្ថិតស្ថេរ។

ដីស្រែ​រាប់​សិប​ហិកតារ​លាតសន្ធឹង​តាម​បណ្ដោយ​ដង​ព្រែក​ក្នុង​ទឹកដី​ស្រុក​ទឹកឈូ ខេត្ត​កំពត កំពុង​គ្រប់​ដណ្ដប់​ដោយ​ពណ៌​សក្បុស​បន្តិច​ម្ដងៗ​នៅ​រដូវ​រំហើយ​ក្នុង​ខែ​មិគសិរ ជា​សញ្ញា​បង្ហាញ​ឱ្យ​ដឹង​ថា រដូវ​ធ្វើ​ស្រែ​អំបិល​បាន​ឈាន​ចូល​មក​ដល់​ហើយ ក្រោយ​សម្រាក​មួយ​រយៈ​ធំ​ក្នុង​រដូវ​វស្សា។

ស្រមោល​កសិករ​ស្រី​ប្រុស​ព្រោងព្រាត​ចាប់ផ្ដើម​ចាំង​ជះ​លើ​ផ្ទៃ​ស្រែ ដែល​ពោរពេញ​ដោយ​ទឹក​សមុទ្រ​ថ្លាយង់ បង្ហាញ​ពី​ទិដ្ឋភាព​មមាញឹក​ក្នុង​ការ​កោស​យក​គ្រាប់​អំបិល​តូចៗ​ដែល​ទើប​ដុះឡើង​ក្រោម​កម្ដៅ​ថ្ងៃ​នា​ពេល​រសៀល។

កសិករ​ស្រែ​អំបិល លោក ប្រាជ្ញ ជ័យ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ឱ្យ​ដឹង​ថា រដូវ​រំហើយ​ចាប់ពី​ខែ​វិច្ឆិកា ដល់​ខែ​ធ្នូ គឺជា​ពេល​អំណោយផល​ដល់​ការ​បើក​រដូវ​ធ្វើ​ស្រែ​អំបិល ដោយ​កសិករ​ខ្លះ​ចាប់ផ្ដើម​រៀបចំ​ប្រឡាយ និង​ផ្ទៃ​ដី​ស្រែ ឯ​កសិករ​ខ្លះ​កំពុង​ប្រមូល​ផល​បណ្ដើរៗ។ លោក​បន្ត​ថា ទោះបី​ស្រែ​អំបិល​មិន​ប្រើ​ជី ឬ​ថ្នាំ​កសិកម្ម​ដូច​ស្រែ​ដាំ​ស្រូវ​ធម្មតា របរ​នេះ​ត្រូវការ​ចំណាយ​ដើម​ទុន​ធំ​ក្នុង​ការ​រៀបចំ​ដីស្រែ និង​ជួល​កម្លាំង​ពលកម្ម​បន្ថែម ហើយ​អាច​ប្រឈម​ការ​ខាតបង់​ទាំងស្រុង ប្រសិនបើ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​អំឡុង​ពេល​ហាល​ទឹក​សមុទ្រ​ទុក​បណ្ដុះ​អំបិល។

លោក ប្រាជ្ញ ជ័យ៖«រឿង​ពិបាក​វា​ពិបាក​ហើយ យើង​ពិបាក​រឿង​មេឃ។ ដូច​ថា​ដំបូង​យើង​រៀប​ដី​ស្រែ បួន​ដប់​ម្ភៃ​លាន​រៀល ហ្នឹង​ដី​តូច​ប៉ុណ្ណឹង ដី​ជាង​ដប់​ហិកតារ​ផង បើ​ដី​គេ​ធំៗ​គេ​ចំណាយ​ហា​សិប​លាន​រៀល​អី​ផង​នោះ។ ហ្នឹង​យក​គ្រវាត់​ចោល​ទទេ អា​រយៈពេល​មួយ​ខែ​ដំបូង​យក​លុយ​គ្រវាត់​ចោល​ហ្មង។ ចុះ​បើ​យើង​ជីក​ប្រឡាយ​រំដោះ​ទឹក​ចេញ កោស​ស្លែ ហាល​ទឹក ដេញ​វា(ទឹក)ចេញ ហាល(ដី)ឱ្យ​ស្ងួត ហើយ​បុក​វា​ឱ្យ​ហាប់ បាន​យើង​ចូល​បណ្ដុះ(អំបិល)អា​ហ្នឹង​ចំណាយ​ចោល​ហ្មង ហើយ​បើ​វា​កក់​ខែ(ភ្លៀង)មក​ទៀត គ្រវាត់​ចោល​ហើយ​ហា​ហុកសិប​លាន​ហ្នឹង»។

ការ​ធ្វើ​ស្រែ​អំបិល បាន​ក្លាយ​ជា​មុខរបរ​ប្រចាំ​គ្រួសារ​របស់​លោក ប្រាជ្ញ ជ័យ និង​ពលរដ្ឋ​ផ្សេង​ទៀត នៅ​តំបន់​សមុទ្រ​នេះ អស់​រយៈពេល​រាប់​សិប​ឆ្នាំ​មក​ហើយ ដោយ​ដីស្រែ​ពួកគាត់​មាន​ទំហំ​ធំៗ​លើស​ពី​១០ហិកតារ។ កសិកម្ម​ប្រពៃណី​មួយ​នេះ ក៏​បាន​រួមចំណែក​ផ្ដល់​មុខរបរ​ដល់​ពលរដ្ឋ​ផ្សេង​ទៀត​ដែល​គ្មាន​ដីស្រែ ដោយ​ពួកគេ​អាច​ស៊ីឈ្នួល​កោស​អំបិល ឬ​រែក​អំបិល​ចូល​ឃ្លាំង​ផង​ដែរ។

មុន​ចាប់ផ្ដើម​ធ្វើ​ស្រែ​ទាញ​យក​អំបិល​ពី​ទឹក​សមុទ្រ កសិករ​ត្រូវ​សម្អាត​ស្លែ​នៅ​ក្នុង​ស្រែ និង​បង្ហាប់​ដី​ឱ្យ​រាប​ស្មើ។ ក្រោយពី​រៀបចំ​ស្រែ​ស្អាត​រួចរាល់​ហើយ កសិករ​ត្រូវ​បង្ហូរ​ទឹកប្រៃ​ពី​ដៃ​សមុទ្រ​ចូល​ក្នុង​ទំនប់​ធំ​មួយ​ហៅថា ស្រែ​ហាល រួច​ទុក​ឱ្យ​ទឹក​ក្នុង​ស្រែ​ហាល​នោះ​ «ដេក»មួយ​យប់​សិន ក្នុង​ជម្រៅ​ពីរ​ថ្នាំង​ដៃ។ ថ្ងៃ​បន្ទាប់មក កសិករ​ត្រូវ​បង្ហូរ​ទឹក​នោះ ចូល​ស្រែ​មួយ​គន្លាក់​មក​ទៀត រហូត​ដល់​ស្រែ​នៅ​ចុង​គេ ដែល​ហៅថា «ស្រែ​ចម្អិន»។ ក្នុង​ដំណាក់កាល​នេះ អំបិល​ចាប់ផ្ដើម «ដុះ» នៅ​ខាង​ក្រោម ឯ​ផ្នែក​ខាង​លើ​ផ្ទៃ​ទឹក​ដែល​ប៉ះ​ជាមួយ​ខ្យល់​ក៏​កក​រឹង​ស្ដើងៗ ដែល​គេ​ហៅ​ថា «ផ្កា​អំបិល»។ កម្រិត​ប្រៃ​នៃ​អំបិល​ត្រូវ​បាន​គេ​គិត​ជា​លេខ ដែល​វាស់​ដោយ​ឧបករណ៍​ម្យ៉ាង​ឈ្មោះ«សូលីណូម៉ែត្រទ័រ»(Salinometer) ដោយ​កម្រិត​ប្រៃ​ដែល​អំបិល​ដុះ​គឺ​នៅ​កម្រិត ២៥។

នៅ​ពេល​អំបិល​ដុះ កសិករ​ត្រូវ​ប្រញាប់ «កោស» យក​អំបិល​នោះ​ទៅ​ដាក់​ឃ្លាំង បើ​ពុំ​ដូច្នោះ​អំបិល​នឹង​រឹង​កក​ខ្លាំង​ដូច​ថ្ម ដោយ​កសិករ​អាច​កោស​យក​អំបិល​ក្នុង​រយៈពេល​១ ទៅ២ថ្ងៃ​ម្ដង។ ការងារ​ក្នុង​ដំណាក់កាល​នេះ គឺ​ធ្វើ​បាន​តែ​នៅ​ពេល​ព្រឹក​ព្រលឹម និង​ពេល​ល្ងាច​ត្រជាក់​ប៉ុណ្ណោះ ព្រោះ​ទឹក​ក្នុង​ស្រែ​ក្ដៅ​ខ្លាំង អាច​ឡើង​ដល់ ៤៥អង្សាសេ ដែល​ធ្វើ​ឱ្យ​អំបិល​ដុះ ឬ​កក។

ផ្ទុយពី​កសិករ​ធ្វើ​ស្រែ​ចម្ការ​ដោយ​រំពឹង​លើ​ទឹក​ភ្លៀង កសិករ​ស្រែ​អំបិល​ទាញ​យក​ផល​ដោយ​អាស្រ័យ​លើ​កម្ដៅ​ព្រះអាទិត្យ។ យ៉ាងណាមិញ ប្រសិនបើ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង នឹង​ធ្វើ​ឱ្យ​ស្រែ​អំបិល​ដុះ​ស្លែ បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​គុណភាព និង​ពណ៌​អំបិល ឬ​អាច​ធ្វើ​ឱ្យ​ដី​ហើម រហូត​ដល់​ខូច​អំបិល​នៅ​ក្នុង​ស្រែ​ទាំង​ស្រុង​ថែម​ទៀត​ក៏​មាន។

ក្នុង​ដី​ស្រែ​ទំហំ​មួយ​ហិកតារ កសិករ​អាច​ផលិត​អំបិល​ជា​មធ្យម​បាន ២០តោន​ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ​កសិករ​ត្អូញត្អែរ​ថា របរ​នេះ​មិន​អាច​ធ្វើ​ឱ្យ​ពួកគាត់​មាន​ជីវភាព​សមរម្យ​បាន​ឡើយ ព្រោះ​តម្លៃ​អំបិល​ធ្លាក់​ចុះ ជួនកាល​សេសសល់​ពេញ​ឃ្លាំង​ទៀត​ផង។

ម្ចាស់​ឃ្លាំង​អំបិល លោក ប៉ង់ ហាក់សាំង ឱ្យ​ដឹង​ថា អំបិល​ឡើង​ថ្លៃ​តែ​បន្តិច​បន្តួច​ក្នុង​ខែ​វស្សា ហើយ​ក៏​ធ្លាក់​មក​តម្លៃ​ទាប​វិញ​នៅ​រដូវ​ប្រាំង។ លោក​បន្ត​ថា ទោះបី​អំបិល​កម្ពុជា មាន​គុណភាព​ល្អ ប៉ុន្តែ​នៅ​មិន​អាច​ប្រជែង​ជាមួយ​តម្លៃ និង​រូប​សម្រស់​អំបិល​នាំ​ចូល​ដែល​មាន​ពណ៌​សក្បុស​នោះ​បាន​ឡើយ ជា​ហេតុ​ធ្វើ​ឱ្យ​លោក​លក់​មិន​ចេញ សល់​ពេញ​ឃ្លាំង រហូត​កើត​ច្រេះ​ស៊ី​ដែកគោល​ក្នុង​ឃ្លាំង​អស់​គ្មាន​សល់។

លោក ប៉ង់ ហាក់សាំង៖«តម្លៃ​វា​ឡើង​ចុះ​(តាម)ទីផ្សារ​គេ។ បើ​គេ​នាំ​ចូល​ពី​ប្រទេស​គេ​មក អំបិល​យើង​រាង​ធ្លាក់​បន្តិច​ទៅ។ បើ​យើង​ក្នុង​ខែ​ដែល​ផលិត​អញ្ចេះ​អំបិល​អត់​សូវ​បាន​ថ្លៃ​ប៉ុន្មាន​ទេ មួយ​បាវ​ប្រាំពីរ ទៅ​ប្រាំបី​ពាន់​រៀល​អ៊ីចឹង​ទៅ»។

បច្ចុប្បន្ន​អំបិល​មួយ​បាវ​ទម្ងន់ ៥០គីឡូក្រាម​មាន​តម្លៃ ៦ពាន់​រៀល ខណៈ​កាល​ពី​រដូវ​វស្សា​កសិករ​លក់​បាន​តម្លៃ ៩ពាន់​រៀល​ក្នុង​មួយ​បាវ។ ទោះជា​យ៉ាងណា កសិករ​អះអាង​ថា តម្លៃ​នេះ​មិន​ចំណេញ​នោះ​ឡើយ ដោយ​ពួកគាត់​ប្រាប់​ថា ទាល់តែ​លក់​បាន​តម្លៃ ១ម៉ឺន​រៀល​ក្នុង​មួយ​បាវ ទើប​រក​ចំណេញ​ឃើញ។

យ៉ាងណា​ក៏ដោយ​ចុះ សម្រាប់​ពលរដ្ឋ​អ្នក​ធ្វើ​ស្រែ​អំបិល ហាក់​នឿយណាយ​នឹង​មុខរបរ​នេះ​ទៅ​ហើយ ប៉ុន្តែ​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស របរ​ប្រពៃណី​មួយ​នេះ បាន​ក្លាយ​ជា​ទស្សនីយភាព​ប្លែក​ភ្នែក និង​ទាក់ទាញ ដោយ​ចូល​ទៅ​ទស្សនា​ពី​របៀប​នៃ​ការ​ធ្វើ​អំបិល រហូត​ធ្វើ​ឱ្យ​តំបន់​ស្រែ​អំបិល​ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍​បែប​ប្រពៃណី​មួយ។

ទោះជា​បែបនេះ​ក្ដី អ្នក​ដឹក​ភ្ញៀវ​ទេសចរ លោក មុំ សារីគីន សង្កេត​ឃើញ​ថា របរ​ធ្វើស្រែ​អំបិល​កាន់តែ​ខ្សត់​អ្នក​ធ្វើ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដោយ​លោក​បារម្ភ​ពី​ការ​បាត់បង់​មុខរបរ​ប្រពៃណី​មួយ​នេះ​នៅ​ថ្ងៃ​ណា​មួយ។ លោក​ស្នើ​ឱ្យ​អាជ្ញាធរ​រៀបចំ​តំបន់​ស្រែអំបិល ក្លាយ​ជា​កន្លែង​ទេសចរណ៍​ពេញលេញ និង​ផលិត​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ ផ្សា​ភ្ជាប់​នឹង​របរ​នេះ ដើម្បី​ជួយ​បង្កើត​មុខរបរ​បន្ថែម​ដល់​ពលរដ្ឋ និង​ផ្សព្វផ្សាយ​អំបិល​កំពត​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត។

លោក មុំ សារីគីន៖«សម្រាប់​ខ្ញុំ គឺ​ខ្ញុំ​ចង់​ឱ្យ​យើង​រក្សា​ជា​ប្រពៃណី នេះ​ជា​អត្តសញ្ញាណ​ខេត្ត​កំពត​យើង​មួយ​ដែរ សម្រាប់​ភ្ញៀវ​ទេសចរ ហើយ​ក៏​ដូច​ថា​យើង​រក្សា​វប្បធម៌​របស់​យើង​ដែរ។ នេះ​ជា​អត្តសញ្ញាណ​របស់​យើង​មួយ​ដែរ សម្រាប់​ភ្ញៀវ​ទេសចរ ក៏ដូចជា​ប្រជាជន​នៅ​តំបន់​យើង»។

បច្ចុប្បន្ន កសិករ​ធ្វើ​អំបិល​នៅ​ខេត្ត​កំពត និង​ខេត្ត​កែប មាន​ចំនួន​ប្រមាណ ១៣០​គ្រួសារ។ នៅ​ក្នុង​ឆ្នាំ២០២៤ នេះ ខេត្ត​កែប​ផលិត​អំបិល​បាន ៣ម៉ឺន​តោន រីឯ​ខេត្ត​កំពត​ផលិត​បាន ១០ម៉ឺន​តោន ខណៈ​តម្រូវការ​ប្រើប្រាស់​អំបិល​នៅ​កម្ពុជា ប្រមាណ ៧ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ។

ប្រធាន​សមាគម​អ្នក​ផលិត​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​អំបិល​កំពត-កែប លោក ប៊ុន ណារិន លើកឡើង​ថា អំបិល​ធម្មជាតិ​ដែល​កសិករ​ផលិត​បាន គឺ​គ្រប់គ្រាន់​ក្នុង​ការ​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​ស្រុក ដោយ​មិន​ចាំបាច់​មាន​ការ​នាំ​ចូល​បន្ថែម​ឡើយ។ លោក​ជំរុញ​ឱ្យ​ពលរដ្ឋ​កម្ពុជា​មាន​ស្មារតី​ជាតិនិយម គាំទ្រ​ការ​ប្រើប្រាស់​ផលិតផល​ក្នុង​ស្រុក ខណៈ​អំបិល​សមុទ្រ​នេះ​មាន​សារធាតុ​ចិញ្ចឹម និង​រ៉ែ​សំខាន់ៗ​ទ្រទ្រង់​សារពាង្គកាយ ល្អ​ជាង​អំបិល​នាំចូល​ដែល​កើត​ចេញ​ពី​ការ​សំយោគ​សារធាតុ​គីមី។

លោក ប៊ុន ណារិន៖«ជា​ទូទៅ​អំបិល​កំពត​យើង​មាន​រ៉ែ​ច្រើន​ប្រភេទ​នៅ​ក្នុង​ហ្នឹង ដែល​ជា​រ៉ែ​ជួយ​ទៅ​ដល់​មនុស្ស​យើង ដែល​សារពាង្គកាយ​ត្រូវការ កៅសិប​ប្រភេទ​ជាង​ហ្នឹង​សុទ្ធតែ​ជា​រ៉ែ​សំខាន់ៗ ហើយ​រ៉ែ​ខ្លះ​វា​កម្រ​ទៀត អ៊ីចឹង​នៅ​ក្នុង​អំបិល​យើង​មាន ហើយ​បើ​ធៀប​ជាមួយ​អំបិល​រោងចក្រ​គឺ​គេ​មាន​រ៉ែ​តែ​ពីរ​ទេ គឺ​សូដ្យូម និង​ក្លរ តែ​បើ​គេ​ថែមៗ​តែ​អ៊ីយ៉ូដ និង​ជាតិ​ដែក​អី​ហ្នឹង ក៏​ប៉ុន្តែ​យើង​អត់​មាន​ថែម​មាន​ថយ​អី​ទេ គឺ​មក​ពី​ធម្មជាតិ​ប៉ុន្មាន​គឺ​ប៉ុណ្ណឹង»។

លោក ប៊ុន ណារិន បន្ថែម​ថា អំបិល​កំពត-កែប នៅ​មិន​ទាន់​មាន​ការ​វេច​ខ្ចប់ និង​ក្រុមហ៊ុន​ទទួល​ចែកចាយ​ឱ្យ​ច្បាស់លាស់​នៅ​ឡើយ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ពិបាក​បែងចែក និង​សម្គាល់​ថា​អំបិល​មួយ​ណា​ជា​ផលិតផល​របស់​កម្ពុជា។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម កញ្ញា អ៊ឹម រចនា និង​លោក ឃឹម ហ្វីណង់ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៩ ខែ​ធ្នូ។

កសិករ​ស្រែអំបិល ស្នើ​ដល់​រដ្ឋាភិបាល បង្កើត​គម្រោង​ទ្រទ្រង់ និង​លើក​កម្ពស់​មុខរបរ​មួយ​នេះ តាម​រយៈ​ការ​បង្កើត​រោងចក្រ ឬ​សមាគម ដែល​មាន​ជំនាញ​ក្នុង​ការ​គ្រប់គ្រង រក​ទីផ្សារ និង​ផ្សព្វផ្សាយ​ផលិតផល​អំបិល​កម្ពុជា​ឱ្យ​បាន​ទូលំទូលាយ ដើម្បី​ឈាន​ដល់​ការ​ផ្គត់ផ្គង់​ទូទាំង​ប្រទេស និង​នាំ​ចេញ​ទៅ​កាន់​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។