សហជីព​ស្នើ​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​ប្រាក់​គ្រោះ​ថ្នាក់​ការងារ និង​ចូល​និវត្តន៍​ដល់​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ

រដ្ឋាភិបាល​កម្ពុជា ​កំពុង​លើក​ទឹក​ចិត្ត​ឱ្យ​ក្រុម​អ្នក​រកស៊ី ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​ស្ម័គ្រ​ចិត្ត​ចុះ​ឈ្មោះ ​ទៅ​ក្នុង​បញ្ជី​ការងារ​របស់​រដ្ឋ ​ដោយ​មិន​គិត​ថ្លៃ​ដើម្បី​ទទួល​​បាន​ការ​ថែទាំ​សុខភាព​ពី​បេឡា​ជាតិ​សន្តិសុខ​សង្គម (បសស) របស់​រដ្ឋ​ព្រម​ទាំង​ការ​បណ្ដុះ​បណ្ដាល​លើ​ជំនាញ​ផ្សេងៗ។

ក៏​ប៉ុន្តែ​សហជីព​កម្មករ ​យល់​ថា ការ​ជំរុញ​ឱ្យ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ចុះ​ឈ្មោះ​ ក្នុង​បញ្ជី​ការងារ​របស់​រដ្ឋ​នេះ​ នៅ​មិន​បាន​ផ្ដល់​ប្រយោជន៍​ឱ្យ​ដូច​គ្នា និង​បុគ្គលិក​ដែល​ធ្វើ​ការ​នៅ​តាម​ក្រុមហ៊ុន​ឯកជន​និង​បុគ្គលិក​រដ្ឋ​ ដែល​មាន​ប្រាក់​ធានា​រ៉ាប់រង​នៅ​ពេល​គ្រោះថ្នាក់​ការងារ ​និង​ប្រាក់​សម្រាប់​ចូល​និវត្តន៍​នៅ​ឡើយ​ទេ។

សហជីព​កម្មករ​ខ្លះ ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​នេះ​ គួរ​តែ​មាន​គោល​នយោបាយ​ផ្ដល់​ប្រាក់​ធានា​រ៉ាប់រង​លើ​គ្រោះថ្នាក់​ក្នុង​ពេល​បំពេញ​ការងារ​និង​ប្រាក់​នៅ​ពេល​ចូល​និវត្តន៍ ​ទៅ​ឱ្យ​ក្រុម​អ្នក​រកស៊ី​ផ្នែក​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទាំង​អស់​ ដើម្បី​ជំរុញ​ឱ្យ​ការ​ចុះ​បញ្ជី​ការងារ​របស់​រដ្ឋ​មាន​ប្រសិទ្ធភាព​ខ្ពស់។

អនុ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ ដែល​ហៅ​កាត់ (CCAWDU)​លោក អាត់ ធន់ យល់​ថា ​ការ​ចុះ​ឈ្មោះ​អ្នក​រកស៊ី​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​គឺ​ជា​រឿង​សំខាន់ ​ដែល​អាច​ឱ្យ​ពួក​គេ​ទទួល​បាន​ថ្លៃ​សេវា​ថែទាំ​សុខភាព​ ពី​បេឡា​ជាតិ​សន្តិសុខ​សង្គម​របស់​រដ្ឋ ​នៅ​ពេល​មាន​ជំងឺ​ ដែល​ពួក​គេ​មិន​ធ្លាប់​ទទួល​បាន​ពី​មុន​មក​សោះ។ លោក​ថា ការ​ចុះ​ឈ្មោះ​ អ្នក​រកស៊ី​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទាំង​នោះ ​មិន​ទាន់​ផ្ដល់​ផល​ប្រយោជន៍ ​ឱ្យ​ដូច​គ្នា​និង​បុគ្គលិក​ដែល​បំរើ​ការ​នៅ​តាម​ក្រុមហ៊ុន​ឯកជន ​ព្រម​ទាំង​បុគ្គលិក​រដ្ឋ​នៅ​ឡើយ​ទេ។

លោក អាត់ ធន់ ជំរុញ​ឱ្យ​រដ្ឋាភិបាល​ គួរ​តែ​មាន​គោល​នយោបាយ​ផ្ដល់​ប្រយោជន៍​ថែម​ទៀត​ដល់​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ដើម្បី​ឱ្យ​ដូច​គ្នា​និង​បុគ្គលិក​នៅ​តាម​ក្រុមហ៊ុន​ឯកជន​នានា​ដែរ។

លោក អាត់ ធន់៖ «ក្នុង​នាម​តំណាង​សហជីព​យើង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ បើក​ឱ្យ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាន​ទទួល​របប​យ៉ាង​ហោច​ណាស់​ក៏​​បាន​ប្រាក់​ថ្លៃ​សេវា​ថែទាំ​សុខភាព​មួយ និង​បាន​ប្រាក់​ខែ​នៅ​ពេល​ដែល​ពួក​គាត់​ចូល​និវត្តន៍​​ដែរ។ ចំណែក​ឯ​ចំនួន​​ទឹក​ប្រាក់​ដែល​ត្រូវ​បង់​ឱ្យ(ប​សស)​ប្រចាំ​ខែ​វិញ​នោះ ​ដោយសារ​តែ​ពលរដ្ឋ​នៅ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មិន​សូវ​មាន​លុយ ​ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​គួរ​តែ​ជួយ​ចេញ​៥០​ភាគ​រយ​​ទៅ​លើ​​របប​ដែល​ត្រូវ​បង់​ទុក​សម្រាប់​ពេល​ចូល​និវត្តន៍​ដូច​ជា​កម្មករ​ដទៃ​ទៀត​ដែរ ​ហើយ​ចំពោះ​ការ​បង់​ប្រាក់​ថ្លៃ​ថែទាំ​សុខភាព​ប្រសិន​បើ​រដ្ឋ​អាច​ជួយ​ចេញ​៥០​ភាគ​រយ​បាន ​គឺ​វា​ល្អ ​ពីព្រោះ​កន្លង​មក​ អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​គាត់​ទទួល​ខុស​ត្រូវ​លើ​ការ​បង់​ដោយ​ខ្លួន​ឯង​ គឺ​ចំនួន​ច្រើន​ណាស់​។ ប៉ុន្តែ​បើ​ឱ្យ​គាត់​បង់​លុយ​លើ​របប​ផ្សេង​ទៀត​ គឺ​នឹង​ធ្វើ​ឱ្យ​គាត់​ចេញ​លុយ​ផ្ទាល់​ខ្លួន​កាន់​តែ​ច្រើន​ថែម​ទៀត»។

ការ​លើក​ឡើង​របស់​សហជីព​កម្មករ​ដូច​នេះ ​ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​ បាន​​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ថ្នាល​ឌីជីថល កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ​សម្រាប់​ចុះ​ឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ តាម​អនឡាញ។ ​រដ្ឋាភិបាល​ក៏​កំពុង​លើក​ទឹក​ចិត្ត​ឱ្យ​ពលរដ្ឋ​ខ្មែរ​ ដែល​ជា​អ្នក​រក​កម្រៃ​តាម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​ស្ម័គ្រ​ចិត្ត​ចុះ​ឈ្មោះ​ ឱ្យ​បាន​ច្រើន​ថែម​ទៀត​ផង​ដែរ។

វិទ្យុ​អាស៊ីសេរី ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​ផល​ប្រយោជន៍​នៃ​ការ​ចុះ​ឈ្មោះ អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​ទៅ​ក្នុង​បញ្ជី​ការងារ​របស់​រដ្ឋ​នេះ​ ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​លោក ​កត្តា អ៊ន​ បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​១៨ ខែ​​ធ្នូ។

ក៏​ប៉ុន្តែ​យោង​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល ​ដែល​បាន​ចេញ​កាល​ពី​ថ្ងៃ​ទី​​១៤ ខែ​ធ្នូ ក្នុង​មាត្រា​១៦​ចែង​ថា រូបវន្តបុគ្គល ​ដែល​បាន​ចុះឈ្មោះ​ជា​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នឹង​ទទួល​បាន​របប​បេឡា​ជាតិ​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ​ស្រប​តាម​លិខិត​បទដ្ឋាន​គតិ​យុត្តិ។

បើ​ទោះបីជា​យ៉ាង​នេះ​ក្តី​ ក៏​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ខ្លះ​ នៅ​មិន​ទាន់​ពេញ​ចិត្ត​ចំពោះ​សេវា ​ដែល​រដ្ឋ​បាន​ផ្ដល់​ឱ្យ​ពួក​គេ ​តាម​រយៈ​ការ​ចុះ​ឈ្មោះ​ទៅ​ក្នុង​បញ្ជី​ការងារ​របស់​រដ្ឋ​នោះ​នៅ​ឡើយ​ទេ។

អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​ដឹក​ភ្ញៀវ​ទេសចរ ​ទស្សនា​តំបន់​អង្គរ​ ក្នុង​ខេត្តសៀមរាប​ម្នាក់ ​លោក​ ប្រាក់ សារ៉ាន់ ​មាន​ប្រសាសន៍​ថា កន្លង​មក​ក្រុម​របស់​លោក​ ក៏​ធ្លាប់​ទៅ​ចុះ​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ការងារ​របស់​រដ្ឋ​ដែរ ​នៅ​ពេល​ដែល​រដ្ឋ​ប្រកាស​ចុះ​ឈ្មោះ​សាក​ល្បង។ លោក​ថា​ ក្នុង​ការ​ចុះ​ឈ្មោះ​សាក​ល្បង ​ថ្វីត្បិត​តែ​អ្នក​រក​កម្រៃ​ពី​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាន​ទទួល​ប្រយោជន៍​ផ្នែក​សេវា​ថែទាំ​សុខភាព​ពី​បេឡា​ជាតិ​សន្តិសុខ​សង្គម​របស់​រដ្ឋ​ក្តី ក៏​ពួក​គាត់​នៅ​តែ​មាន​បញ្ហា​ជា​ច្រើន​ទៀត​ ដូច​ជា​រដ្ឋ​មិន​បាន​ផ្ដល់​គោល​នយោបាយ​លើ​ប្រាក់​ធានា​រ៉ាប់រង​លើ​គ្រោះថ្នាក់​ក្នុង​ពេល​ធ្វើ​ការងារ និង​ប្រាក់​ខែ​នៅ​ពេល​ចូល​និវត្តន៍​ ឱ្យ​ដូច​បុគ្គលិក​ធ្វើការ​នៅ​តាម​ក្រុមហ៊ុន​និង​បុគ្គលិក​របស់​រដ្ឋ​នៅ​ឡើយ។

លោក ​ប្រាក់ ​សារ៉ាន់៖ «ពួក​ខ្ញុំ​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​គឺ​រដ្ឋ​អត់​មាន​ជួយ​លើ​សេវា​ធានា​រ៉ាប់រង​ពេល​គ្រោះថ្នាក់​ការងារ​​ទេ។ ពួក​ខ្ញុំ​កំពុង​ដាក់​សំណើ​ទៅ​រដ្ឋាភិបាល​ថា​បន្ទាប់​ពី​ពួក​យើង​បាន​ប្រើ​សេវា​ថែទាំ​សុខភាព​របស់​ប.ស.ស ហើយ​គឺ​យើង​នឹង​ទាម​ទារ​ឱ្យ​មាន​លក្ខខណ្ឌ​មួយ​សមរម្យ ​ដូច​ជា​ពេល​ចាស់​ទៅ សូម​ឱ្យ​ទទួល​បាន​ប្រាក់​ខែ​សម្រាប់​និវត្តន៍​ជន​ ឱ្យ​សមរម្យ​ដូច​គេ​ដទៃ​ដែរ»។

អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ម្នាក់​ បន្ទាប់​ពី​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​ការងារ​របស់​រដ្ឋ​រួច​ហើយ​ គឺ​តម្រូវ​ឱ្យ​បង់​ប្រាក់​ចំនួន​ជាង ១​ម៉ឺន ៥​ពាន់ (១៥.៦០០)រៀល ទៅ​ឱ្យ​ផ្នែក​បេឡា​ជាតិ​សន្តិសុខ​សង្គម​របស់​រដ្ឋ​ក្នុង​១​ខែៗ។

ទាក់ទង​និង​បញ្ហា​នេះ​ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​( IDEA) លោក វន់ ពៅ យល់​ថា ពលរដ្ឋ​មួយ​ចំនួន​អាច​ពិបាក​ក្នុង​ការ​រក​ប្រាក់​ទៅ​បង់​ឱ្យ​បេឡា​ជាតិ​សន្តិសុខ​សង្គម​ជា​ប្រចាំ​ខែ ​ដើម្បី​ទទួល​បាន​ការ​ធានា​លើ​សេវា​ថែទាំ​សុខភាព​ពី​រដ្ឋ។ លោក​ថា បញ្ហា​នេះ​ក៏​អាច​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ប្រឈម​​និង​ការ​ពិបាក ​នៅ​ពេល​ដែល​ពួក​គេ​រក​ប្រាក់​ចំណូល​បាន​មិន​ទៀង​ទាត់។

លោក វន់ ពៅ៖ «ទន្ទឹម​នឹង​ការ​ចុះ​បញ្ជី​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ ​រដ្ឋាភិបាល​គួរ​តែ​មាន​គោល​នយោបាយ​ច្បាស់​លាស់​ថា តើ​រដ្ឋ​ត្រូវ​បំពេញ​កាតព្វកិច្ច​បែប​ណា?​ ក្នុង​នាម​ជា​អាជ្ញាធរ​របស់​រដ្ឋ​ ដើម្បី​ជួយ​ឱ្យ​ពលរដ្ឋ​ដែល​ជា​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទាំង​នោះ​រស់​នៅ​មាន​ជីវភាព​សមរម្យ​ មាន​មុខរបរ​ដែល​រក​ទទួល​ទាន​បាន​ មាន​ភ្ញៀវ​ទេសចរ​​ឡើង​វិញ ​ដែល​ធ្វើ​​ឱ្យ​ប្រជាពលរដ្ឋ​រក​កម្រៃ​បាន​និង​មាន​លទ្ធភាព​យក​ប្រាក់​ទៅ​បង់​ឱ្យ(​បសស)។ រដ្ឋ​ត្រូវ​តែ​ធ្វើ​ឱ្យ​ប្រសើរ​នូវ​ចំណុច​ទាំង​ឡាយ​នេះ ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មាន​ប្រាក់​យក​ទៅ​បង់​(បសស)​ហើយ (បសស) ក៏​មាន​លុយ​កាន់​តែ​ច្រើន ​ហើយ​ក៏​បង្កើន​សេវា​សម្រាប់​សមាជិក​ ឱ្យ​កាន់​តែ​ច្រើន​ថែម​ទៀត។ ​នេះ​ជា​ចំណុច​សំខាន់​ណាស់»។

អង្គការ​អន្តរជាតិ​ខាង​ការងារ ( ILO) បាន​កំណត់​និយមន័យ​ថា អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​គឺ​ជា​អង្គភាព​តូចៗ​ដែល​ផលិត​និង​ចែកចាយ​ទំនិញ​និង​អ្នក​បំរើ​សេវា​កម្ម​ផ្សេងៗ​ដូច​ជា​ផ្នែក​រត់​តុ ​ជាង​កាត់សក់ ​កសិករ​ អ្នក​ធាក់​ស៊ីក្លូ និង​អ្នក​រត់​ម៉ូតូ​ឌុប​ជា​​ដើម។​

តាម​សារព័ត៌មាន​ក្នុង​ស្រុក កម្ពុជា​ថ្មី ដែល​ដក​ស្រង់​របាយការណ៍​របស់​រដ្ឋាភិបាល​មក​ផ្សាយ​ថា​បច្ចុប្បន្ន​នេះ កម្ពុជា​មាន​កម្លាំង​ពលកម្ម​សរុប​ ប្រមាណ​ជិត ៨​(៧,៩)​លាន​នាក់។

ក្នុង​ចំណោម​នោះ​ កម្លាំង​ពលកម្ម​ដែល​បំរើ​ការ​នៅ​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​មាន​ចំនួន​ជិត ២ (១,៧)​លាន​នាក់ និង​អ្នក​ធ្វើការ​ជាមួយ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ចំនួន​ជាង ៦​(៦,២)​លាន​នាក់។

ចំណែក​របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) កាល​ពី​ឆ្នាំ​២០២២​​បង្ហាញ​ថា ​ការងារ​នៅ​កម្ពុជា​ជាង​ ៩០​ភាគ​រយ​ជា​ការងារ​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ខណៈ​អ្នក​ទាំង​នេះ​ ពុំ​មាន​ប្រាក់​ចំណូល​ស្ថិតស្ថេរ​ ពុំ​មាន​លក្ខខណ្ឌ​ការងារ​សមរម្យ ​ពុំ​ទទួល​បាន​កិច្ច​គាំពារ​សង្គម ​និង​គ្មាន​តំណាង​សហជីព​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។