GDP ស្នើសុំ​រដ្ឋសភា​​ឱ្យ​កោះហៅ​របប​​ភ្នំពេញ​​បញ្ជាក់​​ពី​​គម្រោង​​លុប​​បឹង​​តា​មោក ឬ​​ទំនប់​​កប់​​ស្រូវ

អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក ឡឹក សុធារ។
អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក ឡឹក សុធារ។ (រូប​ពី​ហ្វេសប៊ុក លោក ឡឹក សុធារ)

0:00 / 0:00

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដាក់​លិខិត​ស្នើសុំ​រដ្ឋសភា​ឯក​បក្ស កោះហៅ​របប​ក្រុងភ្នំពេញ មក​ពន្យល់​ពី​គម្រោង​លុប​បឹង​តាមោក ឬ​បឹង​ទំនប់​កប់​ស្រូវ នៅ​ខណ្ឌ​ព្រែកព្នៅ ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​បំបាត់​មន្ទិល​សង្ស័យ ព្រោះ​បារម្ភ​ថា បឹង​ធម្មជាតិ​ចុងក្រោយ​នៅ​ភ្នំពេញ​មួយ​នេះ អាច​ត្រូវ​លុបចោល​ទាំងស្រុង ដូច​បឹងកក់។ សកម្មជន​បរិស្ថាន​គ្មាន​ជំនឿ​ថា រដ្ឋសភា​ឯក​បក្ស​ហ៊ាន​ប្រឆាំង​មហិច្ឆតា​របប​ក្រុងភ្នំពេញ​ឡើយ បើ​ទោះ​របប​ក្រុងភ្នំពេញ ចង់​លុប​បឹង ឬ​ទន្លេ​ក៏ដោយ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក ឡឹក សុធារ ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ​ថា រដ្ឋបាល​របស់​រដ្ឋសភា​បាន​ទទួលយក​ញត្តិ​ហើយ ដោយ​សន្យា​ថា នឹង​ដាក់​ជូន​ប្រធានរដ្ឋសភា ឱ្យ​ពិនិត្យ ប៉ុន្តែ​មិន​បញ្ជាក់​កាលបរិច្ឆេទ​ពេលណា​ទេ​។ លោក​ថា ញត្តិ​នោះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ចង់​ឱ្យ​រដ្ឋសភា​កោះហៅ​រដ្ឋាភិបាល​មក​បំភ្លឺ​ប្រាប់​សាធារណជន​ឱ្យ​ច្បាស់​ពី​គម្រោង​លុប​បឹង​តាមោក ឬ​បឹង​ទំនប់​កប់ស្រូវ ព្រោះ​មក​ដល់​ពេល​នេះ ពលរដ្ឋ​ទទួល​បាន​ព័ត៌មាន​ពី​ការ​លុប​ផ្ទៃ​បឹង​ទំហំ ២០​ហិកតារ តាមតែ​សេចក្ដីជូនដំណឹង​មួយ​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ហើយ​មិន​ច្បាស់​ថា ទីតាំង​ណា នៃ​បឹង​ឱ្យ​ពិតប្រាកដ​ទេ។

លោក ឡឹក សុធារ បន្ត​ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន សម្រេច​យក​យន្តការ​សភា បើ​ទោះ​ដឹង​ថា ​ជា​រដ្ឋសភា​​ឯក​​បក្ស​ក៏​ដោយ ហើយ​គណបក្ស​នេះ នឹង​ខំ​ប្រឹងប្រែង​គ្រប់​វិធី​ដើម្បី​ទាមទារ​ឱ្យ​មានការ​បំភ្លឺ​ឱ្យ​ច្បាស់ ជៀសវាង​ការ​លុប​បឹង ទាំង​ដែល​ពលរដ្ឋ​មិនបាន​ដឹង​លឺ​អ្វី​សោះ៖ «រឿង​ស្រដៀង​គ្នា​បាន​កើតឡើង​រួច​មក​ហើយ​ចំពោះ​បឹងកក់ ដែល​បឹងកក់ អាជ្ញាធរ​ធ្លាប់​អះអាង​ថា ទុក​មួយ​ភាគ​ដប់ ( / ១០ ) នៃ​ផ្ទៃ​បឹង ប៉ុន្តែ​ទីបំផុត​លុប​ទាំងអស់ ហើយ​បារម្ភ​ថា បឹង​តាមោក នឹង​អាច​ជួប​វាសនា​ដូចគ្នា​ដែរ។ ចំណុច​នេះ​ហើយ ដែល​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ស្នើសុំ​ឱ្យ​សភា​ជួយ​អន្តរាគមន៍​ចំពោះ​រឿង​នេះ​ដើម្បី​ឱ្យ​រដ្ឋាភិបាល​បំភ្លឺ​ឱ្យ​បាន​ច្បាស់ អំពើ​ផែនការមេ ឬ​គម្រោង​អភិវឌ្ឍន៍​នានា​លើ​បឹង​តា​មោក​នេះ​។ បាទ​ ! យើង​នឹង​ខំ​ធ្វើការ​ឱ្យ​អស់ពី​ចិត្ត​ពី​ថ្លើម ហើយ​រឿង​ថា សភា​ទុកចិត្ត​បាន ឬ​មិនបាន ខ្ញុំ​គិត​ថា យើង​នឹង​ជជែក​គ្នា។ ប៉ុន្តែ​យន្តការ​សភា​នេះ ជា​យន្តការ​តែមួយគត់​សម្រាប់​គណបក្ស​នយោបាយ​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាមួយ​ប្រជាជន»។

អ្នកនាំពាក្យ​រដ្ឋសភា​ឯក​បក្ស លោក ឡេង ប៉េងឡុង ប្រាប់​អាស៊ីសេរី​ថា ញត្តិ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ត្រូវ​បាន​បញ្ជូន​ទៅ​គណៈកម្មការ​ទី​១ គឺ​គណៈកម្មការ​ទទួល​ពាក្យបណ្ដឹង​រួចរាល់​ហើយ​។ តែ​ការសម្រេច​បែប​ណា​នោះ កោះហៅ ឬ​មិន​កោះហៅ លោក​មិនទាន់​ដឹង​ទេ៖ «បាន​ទទួល​ហើយ បាទ​។ បាន​ទទួល​ហើយ​។ ទទួល​ហើយ​បាន​បញ្ជូន​ទៅ​គណៈកម្មការ​សិទ្ធិមនុស្ស និង​ទទួល​ពាក្យបណ្ដឹង​នៃ​រដ្ឋសភា គឺ​គណៈកម្មការ​ទី​១​។ បើកាលណា​គណៈកម្មការ​ទី​១ ទទួល​បាន គេ​នឹង​ចាត់ចែង​ធ្វើ​។ គាត់​ហ្នឹង​ធ្វើការ​ហ្នឹង​។ ខ្ញុំ​អត់​ទាន់​ដឹង ថា​គាត់​ធ្វើ​ម្ដេច​ទេ​។ អាហ្នឹង​ស្រេច​តែ​គាត់​ធ្វើ​ម្ដេច​។ ប្រជុំ​គ្នា​ធ្វើ​ម្ដេច​ខ្ញុំ​ក៏​មិនទាន់​ដឹង​ដែរ»។

មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ធ្លាប់​សន្យា ជាមួយ​ក្រុម​អ្នក​ស្រលាញ់​បរិស្ថាន ក្នុង​វេទិកា​ថ្នាក់​ជាតិ​លើក​ទី​២ ស្ដីពី​ការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ កាលពី​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៧ ថា ផ្ទៃ​បឹង​តាមោក ត្រូវ​អនុញ្ញាត​ឱ្យ​លុប​កន្លែង​ណា ដែល​បង្ក​ឱ្យ​មាន​មូស​ខ្លា ហើយ​ផ្ទៃ​បឹង​ទាំងមូល នឹង​ត្រូវ​អភិរក្ស ជីក​ឱ្យ​ជ្រៅ ដើម្បី​ឱ្យ​ធារទឹក (​ដំណើរ​ហូរ​ចុះ​) កាន់តែ​ជ្រៅ​ថែមទៀត​៖ «តាមោក (​ ផ្ទៃ​បឹង​ ) មិន​ត្រូវ​ឱ្យ​បាត់​ទេ ព្រោះ​តា​មោក​ជា​ធារទឹក​មួយ គឺ​មានតែ​ធ្វើ​ឱ្យ​ជ្រៅ​ថែម​។ អ៊ីចឹង​ទេ ជីក​ឱ្យ​ជ្រៅ​ថែម កុំ​ឱ្យ​បាត់បង់​បឹង​តា​មោក​។ អាហ្នឹង​វា​ជា​ចំណុច​ដែល​យើង (​ របប​ក្រុងភ្នំពេញ​ ) បាន​ខិតខំ​។ ឯ​កន្លែង​ខ្លះ វា​គ្រាន់តែ​ជា​កន្លែង កន្លែង​ខ្លះ វា​មិនមែន​ជា​កន្លែង​តម្កល់​ធារទឹក​ទេ​។ វា​ក្លាយទៅជា​តំបន់​ដែល​បញ្ចេញ​មូស​ខ្លា​។ អ៊ីចឹង​ទេ អា​តំបន់​ហ្នឹង លុប​វា​ចោល​ទៅ លុប​វា​ចោល​ទៅ»។

ប៉ុន្តែ ១​ឆ្នាំ​ក្រោយ​មក នៅ​ខែ​សីហា ឆ្នាំ​២០១៨ ទីស្ដីការគណៈរដ្ឋមន្ត្រី​នៃ​របប​ឯក​បក្ស បាន​ចេញ ស​.​ជ​.​ណ ឬ សេចក្ដីជូនដំណឹង យល់ព្រម​ឱ្យ​លុប​ផ្ទៃ​បឹង​ទំហំ ២០​ហិកតារ នៅ​បឹង​តាមោក ដើម្បី​សាងសង់​ផ្សារ​ផ្គត់ផ្គង់ បន្លែ ផ្លែឈើ និង​ចំណតរថយន្ត​។ របប​ក្រុងភ្នំពេញ ក៏​អះអាង​ថា នឹង​ឱ្យ​រើ​ផ្សារ​បន្លែ ពី​ផ្សារ​ដើម​គ ទៅ​ដាក់​ទីតាំង​ផ្សារ​ដែល​នឹង​សាងសង់​ថ្មី លើ​ផ្ទៃ​បឹង​តា​មោក ទំហំ​២០​ហិកតារ។ ស.ជ.ណ នោះ ត្រូវ​បាន​របប​ក្រុងភ្នំពេញ ចេញផ្សាយ​នៅ​ដើមខែ​មករា ឆ្នាំ​២០១៩។

ក្រោយ​ដំណឹង​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម និង​ក្រុម​អ្នក​ស្រលាញ់​បរិស្ថាន ប្រតិកម្ម​ដោយ​សម្ដែង​ការ​ព្រួយបារម្ភ​ថា ផ្ទៃ​បឹង​ស្ដុក​ទឹក​ចុងក្រោយ​បង្អស់ នៅ​រាជធានី​ភ្នំពេញ​មួយ​នេះ អាច​នឹង​មាន​វាសនា​មិន​ខុស​ពី​ផ្ទៃ​បឹងកក់ បឹងត្របែក បឹងទំពុន ឬ បឹង​ជើងឯក ដែល​រង​ការ​លុប​ក្រោម​ហេតុផល​អភិវឌ្ឍន៍ ប៉ុន្តែ​ការពិត​នៅ​ពីក្រោយ​ការ​លុប​បឹង​ទាំងនោះ គឺ​ដើម្បី​ផ្ដល់​ឱ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ ឯ​ពលរដ្ឋ​ធ្លាប់​អាស្រ័យ​ផល មិន​ទទួល​បាន​ប្រយោជន៍​អ្វី​ទេ​។ បន្ថែម​ពី​នេះ រាជធានី​ភ្នំពេញ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​រាល់​ឆ្នាំ ក្រោយពេល​លុប​ផ្ទៃ​បឹង​ទាំង​នោះ​មក។

សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ លោក ថុន រដ្ឋា អះអាង​ថា តាំងពី​កាន់​អំណាច​មក បើ​គណបក្ស​ប្រជាជន​កម្ពុជា ចង់​លុប​បឹង​ទៅ​ហើយ គ្មាន​នរណា​អាច​ហាមឃាត់​បានទេ​។ កុំថាឡើយ​ត្រឹម បឹង​ទំពន់ បឹងកក់ បឹង​ជើងឯក សូម្បីតែ​បឹង​ព្រែក​ទប់ ជា​បឹង​ផ្គត់ផ្គង់​ទឹកសាប​តែមួយគត់ សម្រាប់​ពលរដ្ឋ​ទូទាំង​ខេត្ត​ព្រះសីហនុ ក៏​រង​ការ​លុបចោល ក្រោម​ហេតុផល​អភិវឌ្ឍន៍​ដែរ។

សកម្មជន​បរិស្ថាន​រូប​នេះ គ្មាន​ជំនឿ​ថា រដ្ឋសភា​ឯក​បក្ស​ហ៊ាន​កោះហៅ​របប​ក្រុងភ្នំពេញ​មក​បញ្ជាក់​ទេ ហើយ​បើ​ទោះ​ហ៊ាន​កោះហៅ​មក ក៏​គ្រាន់​ជា​ការ​សម្ដែង​ល្ខោន​ឱ្យ​មហាជន​មើល​តែប៉ុណ្ណោះ​។ លោក ថុន រដ្ឋា យល់​ថា គ្មាន​នរណា អាច​ហាមឃាត់​រដ្ឋាភិបាល​បានទេ ដូច្នេះ​មានតែ​ពលរដ្ឋ​គ្រប់គ្នា ហ៊ាន​នាំគ្នា​និយាយ​ការពិត ដើម្បី​ឱ្យ​រដ្ឋាភិបាល មាន​ការ​ខ្មាសអៀន និង​ផ្លាស់ប្ដូរ​ឥរិយាបថ៖ «ទោះបី​ជា​មាន ឬ គ្មាន​ការ​អំណះអំណាង​យ៉ាងណាក៏ដោយ ក៏​យើង​គ្មាន​ជំនឿ​លើ​ការដឹកនាំ​របស់​លោក ហ៊ុន សែន សព្វថ្ងៃ​ដែរ ហើយ​យើង​មានតែ​អំពាវនាវ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ត្រូវតែ​ហ៊ាន​និយាយ​ការពិត ត្រូវតែ​ហ៊ាន​ក្រោក​ឡើង​ប្រឆាំង​នឹង​ភាព​អយុត្តិធម៌ ភាព​អសមត្ថភាព​ណាមួយ​របស់​រដ្ឋាភិបាល ដើម្បី​ឱ្យ​រដ្ឋាភិបាល​ហ្នឹង​អាច​ចាប់ផ្ដើម ឬ​មន្ត្រី​របស់​លោក ហ៊ុន សែន ចាប់ផ្ដើម​ធ្វើការ​ឱ្យ​យើង​ទទួល​យក​បាន»។

ទោះយ៉ាងណា អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក ឡឹក សុធារ បញ្ជាក់​ថា នឹង​បន្ត​តាមដាន​ញត្តិ​ទៀត ប្រសិនបើ​រដ្ឋសភា​មិន​កោះហៅ​រដ្ឋាភិបាល​មក​ពន្យល់​ទេ។ លោក​មិនទាន់​ប្រាកដ​ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នឹង​កៀរគរ​អ្នកគាំទ្រ តាមដាន​ញត្តិ​ឬទេ តែ​លោក អំពាវនាវ​ឱ្យ​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ចូលរួម​ឃ្លាំមើល​ញត្តិ ឬ​ថែរក្សា​ធនធានធម្មជាតិ​របស់​ប្រទេស​កម្ពុជា ដែល​ជា​របស់​យើង​ទាំងអស់​គ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។