ស្ត្រីជនជាតិដើមភាគតិចកួយម្នាក់នៅខេត្តព្រះវិហារប្ដេជ្ញាមិនចុះចាញ់ ការពារធនធានធម្មជាតិកេរមរតកដូនតា ដែលកំពុងប្រឈមការបាត់បង់ជាបន្តបន្ទាប់ ក្នុងដែនជម្រកសត្វព្រៃព្រះរកា។
ស្ត្រីរូបនេះបានតស៊ូប្តូរជីវិតដេកក្នុងព្រៃ ដើម្បីការពារព្រៃព្រះរកាជាង ១០ឆ្នាំមកហើយ បើទោះបីជាប្រឈមការគំរាមកំហែងពីសំណាក់មន្ត្រីបរិស្ថានយ៉ាងណាក្តី ក៏គាត់មិនរាថយឡើយ។
តើស្ត្រីជនជាតិដើមកួយរូបនេះមានប្រវត្តិតស៊ូបែបណា?
រាល់ពេលមានតម្រុយអារឈើ ឮសំឡេងរណាយន្តចេញពីដែនជម្រកសត្វព្រៃព្រះរការម្តងៗស្ត្រីជនជាតិដើមភាគតិចកួយ គឺលោកស្រី ជួន ឃឹម មិននៅស្ងៀមឡើយ ដោយគាត់តែងតែដឹកនាំអ្នកភូមិ ចុះទប់ស្កាត់បទល្មើសព្រៃឈើភ្លាមៗ។
ក្នុងពេលចុះឃាត់បទល្មើសអារឈើម្តងៗ ពួកគាត់ត្រូវធ្វើដំណើរជាច្រើនគីឡូម៉ែត្រ ក្នុងព្រៃដោយខ្លះជិះគោយន្ត ខ្លះដើរថ្មើរជើង និងខ្លះទៀតជិះម៉ូតូ ហុយដីទ្រលោម វេចបាយកញ្ចប់ និងសម្ភារ:ដើរព្រៃ ដើម្បីស្វែងរកជនល្មើសកាប់បំផ្លាញព្រៃព្រះរកា។
ប្រធានបណ្ដាញសហគមន៍ការពារព្រៃព្រះរកាឃុំម្លូព្រៃមួយ គឺលោកស្រី ជួន ឃឹម វ័យ ៥៣ ឆ្នាំ បានដឹកនាំប្រជាសហគមន៍ ៣ភូមិ ក្នុងឃុំម្លូព្រៃមួយ ដោយមានពលរដ្ឋជាង ១៥០ គ្រួសារជាសមាជិកបណ្ដាញ តែងតែចុះល្បាតព្រៃព្រះរកា ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ។
លោកស្រី ជួន ឃឹម ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១០ មករា ថា មានឧបសគ្គខ្លះៗពួកគាត់ជួបការលំបាកជាង ៥ឆ្នាំមកហើយ ដោយសារមន្ត្រីបរិស្ថានបន្ត រឹតត្បិត និងរារាំង ពួកគាត់មិនឱ្យល្បាត៖
លោកស្រី ជួន ឃឹម៖ «បើអស់ព្រៃទៅជនជាតិដើមភាគតិចខ្ញីអត់ដឹងរកស៊ីអីទេ បាត់បង់ព្រៃដូចបាត់បង់អាយុជីវិត បើនៅមានព្រៃហាក់មានជីវិតស្រស់ថ្លា ទាំងជម្រកមនុស្សនិងសត្វ មានបន្លែម្ហូបអាហារក្នុងព្រៃច្រើន»។
ស្ត្រីមេម៉ាយរូបនេះ មានកូន ៥នាក់ រស់នៅក្នុងភូមិម្លូព្រៃ ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។ គាត់តែងតែកៀរគរឱ្យអ្នកភូមិសាមគ្គីគ្នារឹងមាំ ចុះល្បាតព្រៃឈើ ហើយនៅគ្រាដែល ប្រទះឃើញបទល្មើសព្រៃឈើម្តងៗ ប្រជាសហគមន៍ តែងតែអប់រំណែនាំ ដល់ជនជនល្មើស ខ្លះចុះកិច្ចសន្យា និងខ្លះទៀតដកហូតវត្ថុតាង បញ្ជូនទៅមន្ត្រីជំនាញ ដើម្បីអនុវត្តច្បាប់។

ជារៀងរាល់សប្តាហ៍ ប្រជាសហគមន៍តែងតែចុះល្បាតព្រៃ មានគ្នាចន្លោះពី៥នាក់ ដល់ជាង ១០នាក់ ធ្វើដំណើរដោយម៉ូតូ និងគោយន្ត។ រីឯថវិកាចំណាយពេលល្បាត ពួកគាត់បានរៃអង្គាសលុយគ្នា ខ្លះលក់មាន់ទា ត្រីសាច់ បន្លែឈើព្រៃ និងជ័រច្បោះជាដើម សម្រាប់ផ្គត់ផ្គង់ម្ហូបអាហារ និងប្រេងសាំង ជាដើម។
ឃុំម្លូព្រៃមួយ មាន ៣ភូមិ គឺភូមិតុល ភូមិពោធិទាប និងភូមិម្លូព្រៃ នៅជាប់នឹងដែនជម្រកសត្វព្រៃព្រះរការ។ កាលពីឆ្នាំ ២០១៦ ជនជាតិដើមភាគតិចកួយ ជាង ១៥០គ្រួសារ បានសហការគ្នាចងក្រងបណ្ដាញសហគមន៍ការពារព្រៃព្រះរកា ដោយក្នុងនោះមានស្ត្រីជាង ៣០នាក់ ជាសមាជិកបណ្ដាញដោយមានលោកស្រី ជួន ឃឹម ជាប្រធាន។
លោកស្រី ជួន ឃឹម មានដើមឈើផលិត ជ័រទឹកជាង៣០០ដើម អាចដុតយកជ័រទឹកលក់ ដោយក្នុងមួយខែរកប្រាក់ចំណូលបានចន្លោះពី ១៥ម៉ឺនរៀល (១៥០.០០០) ដល់ ៤០ ម៉ឺនរៀល (៤០០.០០០)។
លោកស្រីថា កន្លងទៅ អ្នកភូមិរាប់រយគ្រួសារមានដើមច្បោះជ័រទឹក អាស្រ័យផលចិញ្ចឹមជីវិតតាមផ្ទះរៀងៗខ្លួន ក៏ប៉ុន្តែបច្ចុប្បន្នថយចុះច្រើននៅត្រឹមតែជាង ១០០គ្រួសារប៉ុណ្ណោះ ក្នុងឃុំម្លូព្រៃមួយ។
លោកស្រី ជួន ឃឹម៖ «បើយើងលែងដៃទៅវាត្រូវបាត់បង់ហើយ អានេះយើងប្រឹងប្រែងប៉ុណ្ណេះហើយនៅតែមិនសល់ តែយ៉ាងណាក៏សង្ឃឹមថានៅសល់ព្រៃដល់កូនចៅជំនាន់ក្រោយ ពិសេសសព្វថ្ងៃដើមច្បោះនៅសល់មួយៗ សល់ដោយតំបន់ ដូច្នេះទើបខាងស្ត្រីយើងពឹងគាត់»។
ស្ត្រីរូបនេះ ចាត់ទុកដែនជម្រកសត្វព្រៃព្រះរការ ជាឃ្លាំងអាហារធម្មជាតិ និងជាអាយុជីវិតជនជាតិដើមភាគតិចកួយ អាស្រ័យផលច្រើនជំនាន់មកហើយ កំពុងប្រឈមការបាត់បង់ដើមឈើធំ ដែលជាជម្រកសត្វព្រៃ។ លើសពីនេះ ដែនអភិរក្សនេះ ក៏ជាជម្រកសត្វព្រៃកម្រ កំពុងរស់នៅរួមមាន សត្វដំរី ជ្រូកព្រៃ ឈ្លូស ប្រើស និង ខ្ទីង ជាដើម។

វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង សុំការបំភ្លឺរឿងនេះ ពីប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សុង ច័ន្ទសុជាតិ និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បាននៅឡើយទេ នៅថ្ងៃទី១០ មករា។
ជុំវិញរឿងនេះ មេធាវីការពារសិទ្ធិជនជាតិដើមភាគតិចកួយ ខេត្តព្រះវិហារ លោក លួត សាំង ពន្យល់ថា ពលរដ្ឋដែលចូលរួមការពារធនធានធម្មជាតិ ជារឿងត្រឹមត្រូវតាមច្បាប់ តែផ្ទុយទៅវិញ មន្ត្រីបរិស្ថានដែលរឹតត្បិតសហគមន៍មិនឱ្យល្បាតព្រៃ ជាទង្វើបំពានច្បាប់។
លោកថា ស្ត្រីជនជាតិដើមភាគតិចរូបនេះបានលះបង់កម្លាំងកាយចិត្ត ការពារព្រៃរួមចំណែកការពារប្រយោជន៍ជាតិ អាជ្ញាធរគួរតែមានការលើកទឹកចិត្ត និងផ្តល់តម្លៃ។
លោក លួត សាំង៖ «បើតាមច្បាប់ចែងអត់មានការហាមឃាត់ប្រជាពលរដ្ឋទេ មានតែលើកទឹកចិត្តប្រជាពលរដ្ឋណាដែលចូលរួមចំណែកការពារធនធានធម្មជាតិគឺជាអ្នករួមចំណែកមួយក្នុងសង្គម ក៏ប៉ុន្តែមន្ត្រីបរិស្ថានមិនគួរគំរាមកំហែង អនុវត្តលើសពីដែនច្បាប់ដែលរដ្ឋបានកំណត់បានឡើយ»។
ដែនជម្រកសត្វព្រៃព្រះរកា ត្រូវក្រសួងបរិស្ថានដាក់បញ្ចូលជាព្រៃអភិរក្សមានទំហំ ៩ម៉ឺន ៦ពាន់ហិកតារ (៩៦.០០០) ឋិតក្នុងស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែបខេត្តព្រះវិហារ។ ប្រជាសហគមន៍ចាត់ទុកព្រៃអភិរក្សនេះ ជាជង្រុកធម្មជាតិយ៉ាងសំខាន់ ទ្រទ្រង់ជីវភាពជនជាតិដើមភាគតិចកួយក្នុងស្រុកចំនួន៣ ក្នុងខេត្តព្រះវិហារ គ្រួសារចិញ្ចឹមជីវិត និងអាស្រ័យផលព្រៃឈើបែបប្រពៃណី បានទទួលរងការកាប់ឈើធំៗមានតម្លៃជាង ១០ ឆ្នាំមកហើយ។
លោកស្រី ជួន ឃឹម ទទូចឱ្យរដ្ឋាភិបាល បើកចិត្តទូលាយ ផ្តល់សិទ្ធិឱ្យពលរដ្ឋ ការពារធនធានធម្មជាតិ ដោយគ្មានការរឹតត្បិត គំរាមកំហែង និងចាប់ដាក់គុក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
