អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ថា ការ​ចាប់ខ្លួន​យុវជន​បរិស្ថាន​គឺ​ជា​រឿង​នយោបាយ ជា​ជាង​ការអនុវត្ត​ច្បាប់

(ពីស្ដាំ) សកម្មជនចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី លោក លី ចាន់ដារ៉ាវុត និង​កញ្ញា ឡុង គន្ធា ពេលធ្វើ​ដំណើរទៅតុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី២ កក្កដា ២០២៤។
(ពីស្ដាំ) សកម្មជនចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី លោក លី ចាន់ដារ៉ាវុត និង​កញ្ញា ឡុង គន្ធា ពេលធ្វើ​ដំណើរទៅតុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី២ កក្កដា ២០២៤។ (រូប៖ ពលរដ្ឋផ្ដល់ឱ្យ)

ចំណែក​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​នាំគ្នា​បង្ហោះ​សារ និង​ចែករំលែក​សារ និង​វីដេអូ​ព្រោងព្រាត​នៅ​លើ​បណ្ដាញ​សង្គម ដោយ​បង្ហាញ​ការ​សោកស្ដាយ ខកចិត្ត និង​រិះគន់​ចំពោះ​សាលក្រម​កាត់ក្ដី​សកម្មជន​បរិស្ថាន​ឲ្យ​មានទោស​ជាប់ពន្ធនាគារ​ពី​៦ ទៅ ៨​ឆ្នាំ កាលពី​ថ្ងៃ​ទី២ កក្កដា។

ពួកគាត់​ចាត់ទុក​ខែ​កក្កដា គឺជា​ខែ​ដែល​បំផ្លាញ​ធនធាន​មនុស្ស​កម្ពុជា និង​ចាត់ទុកថា ការ​ចាប់ខ្លួន​សកម្មជន​បរិស្ថាន​ទាំង ៥ នាក់​នោះ ថា ជា​ការ​បាត់បង់ សេរីភាព នៅ​ថ្ងៃ​២ កក្កដា ២០២៤ នេះ តែ​មិន​បាត់បង់​ឧត្តមគតិ នៅ​ថ្ងៃ​ខាងមុខ​នោះ​ឡើយ។

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ភាគច្រើន​មើល​ឃើញ​ថា ការ​ចាប់ខ្លួន​សកម្មជន​បរិស្ថាន​៥​នាក់ រួមមាន លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុធ កញ្ញា ភួន កែវ រស្មី កញ្ញា ឡុង គន្ធា នោះ គឺជា​រឿង​សងសឹក​ផ្នែក​នយោបាយ។

ពួកគេ​ថា ផ្ទុយទៅវិញ រដ្ឋាភិបាល​គួរតែ​លើកទឹកចិត្ត​ការពារ​យុវជន ដែល​ខ្វល់ខ្វាយ​លើ​កិច្ចការ​សង្គម និង​ការពារ​ធនធាន​ធម្មជាតិ ដែល​ជា​ទ្រព្យសម្បត្តិ​ដ៏​សំខាន់​របស់​ជាតិ។

ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ ដែល​ដាក់​ឈ្មោះថា ប៉ុល កន្តំ បាន​បញ្ចេញមតិ និង​ងឿងឆ្ងល់ ដោយ​ប្រើ​ពាក្យ​មិនសូវ​ពីរោះ​ថា ៖ «តុលាការ​...​ម៉ាក់​វា(...​ម៉ែ​វា​...)គ្រាន់តែ​ការពារ​ព្រៃឈើ ការពារ​បរិស្ថាន​មានទោស​ម្នាក់ៗ​ជិត ១០​ឆ្នាំ ចំណែក​អា​អ្នក​សម្លាប់​មនុស្ស​ម្តង​២/៣ នាក់​ជាប់ទោស​១០/១៥​ឆ្នាំ​..»?

ចំណែក ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ​ផ្សេងទៀត ដែល​មាន​ឈ្មោះថា នុត ទីប៊ី (Nuth TiBee) បាន​បញ្ចេញ​ទស្សនៈ​ដែរ​ថា « អ្នក​កាប់​បំផ្លាញ​ព្រៃឈើ​ឡើង​ឧកញ៉ា អ្នកការពារ បែរ​ជា​ជាប់គុក​ទាំង​អយុត្តិធម៌​ ...»។

ស្រដៀង​គ្នា​នេះ​ដែរ ម្ចាស់ គណនី​ហ្វេសប៊ុក​ផ្សេង​ទៀត មាន​ឈ្មោះថា ថៃ​លៀប អ អិន (Taileap RN) ឧកញ៉ា​សម្លាប់​មនុស្ស​២​នាក់ មិន​ហ៊ាន​សូម្បីតែ​ចាប់ដៃ​គេ​ឡើង​ឡាន ឯ​អ្នក​ស្រលាញ់​ជាតិ ត្រូវ​គេ​ចាប់​យ៉ាង​ឃោរឃៅ​ដូច​សត្វ​ធាតុ។

ទាក់ទង​នឹង​ករណី​ចាប់ខ្លួន​ដោយ​ហិង្សា​លើ​សកម្មជន​បរិស្ថាន​នេះ​ដែរ ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ សាយ ពេជ្រពន្លឺ (Say Pechpunleu) បញ្ចេញ​ទស្សនៈ​ដោយ​ចោទ​សួរ​ថា៖ លោក​បងៗ សមត្ថកិច្ច មាន​ដែល​ខ្មាស​ក្មេង​ទាំងអស់​នោះ​ទេ​? ដែល​ពួកគេ​លះបង់​គ្រប់យ៉ាង​ដើម្បី​ធនធានធម្មជាតិ !! តើ​ទ្រព្យសម្បត្តិ​ធម្មជាតិ​ទាំងនោះ ជា​របស់​ក្រុម​ពួកគេ​ឬ​? ពួកគេ​ខំ​ដើម្បី​ទាំងអស់គ្នា តែ​អស់លោក​វិញ​ដើម្បី​តែ​បុណ្យ​ស័ក្ដិ​បន្តិចបន្តួច និង អាហារ ៣​ពេល ក្បត់​កូនចៅ​ជំនាន់​ក្រោយ​ខ្លួនឯង​!! តើ​បុណ្យស័ក្តិ​ទាំងអស់​នេះ គង់វង្ស​ដល់​២-៣​ជំនាន់​ដែរ​ឬទេ​? អ្វី​ដែល​អស់លោក​ធ្វើ​គ្រាន់តែ​បំរើ​ថ្នាក់លើ​សម្រេច​មហិច្ឆតា​របស់​ពួកគេ​តែប៉ុណ្ណោះ ហើយ​ទី​បញ្ចប់​កូន​របស់​ពួកគេ ក្លាយជា​មហាសេដ្ឋី​គ្រប់​ជំនាន់ តែ​កូនចៅ​របស់​អស់លោក​ត្រូវ​រស់​យ៉ាង​វេទនា លើ​ប្រទេស​១​ដែល​សល់​តែ​សំបក​១​នេះ​ទៅវិញ​? ណ្ហើយ !​និយាយ​ច្រើន​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដែរ បើ​អស់លោក​គ្មាន​ជាតិនិយម​ផង​នោះ ពិតជា​គួរ​ឱ្យ​អៀន​ខ្មាស​ដល់​ដូនតា​ខ្មែរ​ណាស់ ដែល​មាន​កូនចៅ​អកតញ្ញូ​របៀប​នេះ​...។

ដោយឡែក​ម្ចាស់​គណនី​ហ្វេសប៊ុក មាន​ឈ្មោះថា សុភាព មាន​ទស្សនៈ​ដែរ​ថា​៖ «ខែ​កក្កដា ជា​ខែ​ដែល​បំផ្លាញ​ធនធាន​មនុស្ស​កម្ពុជា។ ពួកគាត់​ទាំង ៥​នាក់ បាត់បង់ សេរីភាព នៅ​ថ្ងៃ​ទី២ កក្កដា ២០២៤ នេះ​ហើយ តែ​មិន​បាត់បង់​ឧត្តមគតិ នៅ​ថ្ងៃមុខ​ឡើយ» ។​

រីឯ​ម្ចាស់​គណនី​ហ្វេសប៊ុក​មួយចំនួន​ផ្សេងៗ​ទៀត ក៏បាន​ចូលរួម​បញ្ចេញមតិ​យ៉ាង​ផុលផុស​ដែរ​ដោយ​សំដែង​ការ​សោកស្តាយ និង​ថ្កោលទោស​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដែល​ធ្វើ​ទង្វើ​បែបនេះ​ទៅលើ​ក្រុម​យុវជន​ដែល​ជួយ​កិច្ចការ​សង្គម និង​បរិស្ថាន។

ម្ចាស់​គណនី​ហ្វេសប៊ុក ដែល​មាន​ឈ្មោះថា វណ្ណារ៉េត ហ (Vannareth Hor)៖ «មើល​ឃើញ​ទង្វើ​របស់​រដ្ឋាភិបាល​សព្វ​ថ្ងៃ​នេះ​ថា៖ម្ង៉ៃ​គិតតែ​រក​វិធី​ធ្វើ​បាប​តែ​ខ្មែរ​គ្នាឯង គ្មាន​ចេះ​រក​មធ្យោបាយ​ជួយ​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​ទេ​...!!»។

ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ​ទៀត ដែល​មាន​ឈ្មោះថា ភិក្ខុ កណ្តាល (Bhikkhu Kandaal) ៖ បាន​ផុស​អត្ថបទ​ជា​ពាក្យកាព្យ ទាក់ទង​នឹង​ស្ថានភាព​សង្គម​បច្ចុប្បន្ន​នេះ​ថា​៖ «​ចោរ​ឡើង​ឧកញ៉ា អាចារ្យ​ចេញ​លួច បណ្ឌិត​លាក់​ខ្នួច​ក្របួច​ទ្រព្យ​ជាតិ រាស្ត្រ​ទឹកភ្នែក រែក​បំណុល​ព្រាត មេ​ធំ​ចោលម្សៀត ឆ្លៀត​តែ​រឿង​អួត​ ...»។

ចំណែក​ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ ឡៃ ដានីតា (Lay Danita) វិញ ក៏​បាន​សរសេរ សារ​បញ្ចេញមតិ​ដឺ​ដង​ជុំវិញ​រឿង​នេះ​ដែរ​ថា​៖ «បរទេស​គេ​គួរ​ឱ្យ​ពាន ប្រទេស​ឯង​ឱ្យ​គុក​ច្រវាក់?សូម​ផ្ដល់​សេរីភាព​ជូន​ពួកគាត់​វិញ ពួកគាត់​ជា​ជន​ស្នេហា​ជាតិ មិនមែន​ជា​ជន​ក្បត់ជាតិ​ទេ»។

រីឯ​ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ វណ្ណៈ ហៃ (Vannak Hay) មាន​ទស្សនៈ ថា វា​ល្មម​ដល់​ពេល​ដែល​ខ្មែរ​គ្រប់រូប ត្រូវតែ​រើ​បម្រាស់​ចេញពី​របប​ផ្ដាច់ការ​សព្វថ្ងៃ​នេះ​ហើយ បើ​យើង​ម្នាក់ៗ​នៅតែ​សម្ងំ​យក​សុខ​នោះ បញ្ហា​ទាំងនេះ នឹង​ធ្លាក់​មក​លើ​យើង​នៅ​ថ្ងៃ​ណាមួយ​មិន​ខាន។

ចំណែក​ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ តឿប ទេវរេវ បាន​ផ្ញើ​សារ​គោរព​ឲ្យ​តម្លៃ​ដល់​សេចក្តី​ក្លាហាន និង​ការ​ស៊ូ​លះបង់​គ្រប់បែបយ៉ាង​របស់​សកម្ម​ជន​បរិស្ថាន​ទាំង​៥​រូប​នោះ ដើម្បី​សង្គម​ជាតិ។

គាត់​សរសេរ​ថា​៖ វីរភាព​របស់​បងៗ​ពិតជា​មានតម្លៃ​ខ្លាំង​ណាស់​សម្រាប់​សង្គម​មួយ​នេះ​។ ការ​លះបង់​របស់​បង មាន​មនុស្ស​ជាច្រើន​បាន​ចងចាំ និង​បន្ត​ធ្វើ​វា។

ខ្ញុំ​ជឿ​ថា ដរាប​ណា​មាន​ការ​តស៊ូ រួបរួមសាមគ្គី​គ្នា យុត្តិធម៌​នឹង​អាច​កើត​មាន​។ ដោយ​ក្ដី​គោរព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។