សហគមន៍​ស្នើ​ឱ្យ​លោក ហ៊ុន ម៉ាណែត ទប់​ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​ឧទ្យានជាតិ​ជួរ​ភ្នំក្រវាញ​កណ្ដាល​ ក្រោយ​លោក​ចុះ​ទៅ​តំបន់​នោះ

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ខេត្ត​កំពង់ស្ពឺ​ស្នើ​ឱ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ជួយ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ​កណ្ដាល នៅ​ចំណុច​ខ្នង​ផ្សារ និង​ខ្នង​ក្រពើ​ ដែល​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បោះតង់​កម្សាន្ត និង​ថត​រូប​គយគន់​ទេសភាព។

សំណើ​នេះ​ធ្វើ​ឡើង ក្រោយ​ពី​នាយករដ្ឋមន្ត្រី​រូប​នេះ ​ចុះ​ទៅ​តំបន់​នោះ​ដើម្បី​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ធម្មជាតិ។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​រស់​នៅ​ឃុំ​តាសាល ស្រុក​ឱរ៉ាល់ សាទរ​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដឹកនាំ​រដ្ឋ​មន្ត្រី​ចុះ​ទៅ​តំបន់​ឧទ្យានជាតិ​ជួរ​ភ្នំ​ក្រវាញ​កណ្តាល​ចំណុច​ខ្នង​ផ្សារ ដើម្បី​រៀបចំ​សហគមន៍​អភិវឌ្ឍន៍​នៅ​ហ្នឹង​កន្លែង ​មិន​អនុញ្ញាត​ឱ្យ​មាន​ក្រុមហ៊ុន​វិនិយោគ​ក្នុង​តំបន់​នោះទេ។ ប៉ុន្តែ​ពួកគេ​បារម្ភ​ថា ចំណាត់​ការ​នេះ​នឹង​មិន​រលូន​ឡើយ ដរាប​ណា​បទល្មើស​ព្រៃឈើ​នៅតែ​កើត​មាន​ច្រើន។

​ស្ទើរ​ជា​រៀងរាល់​ថ្ងៃ​មាន​រណារ​យន្ត​អារ​ឈើ​ធំៗ​ទ្រហឹង​ពេញ​ព្រៃ

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ខ្នងវាល លោក លី រ៉ាន់ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី១១ មីនា ថា ​ស្ទើរ​ជា​រៀងរាល់​ថ្ងៃ​មាន​រណារ​យន្ត​អារ​ឈើ​ធំៗ​ទ្រហឹង​ពេញ​ព្រៃ ​ក្នុង​តំបន់​ឧទ្យានជាតិ​ភ្នំ​ក្រវាញ​កណ្តាល នៅ​ចំណុច​ខាង​មុខ​ខ្នង​ផ្សារ​ និង​នៅ​តាម​ជម្រាល​ភ្នំ​ឆ្លង​ចូល​ទឹកដី​ខេត្ត​កោះកុង។

លោក​ថា ក្នុង​ពេល​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះ​ទៅ​តំបន់​នោះ សកម្មភាព​កាប់​ឈើ​ធំៗ​ស្ងាត់​មួយ​រយៈ​ខ្លី តែ​ក្រោយ​ពេល​នាយក​រដ្ឋ​មន្ត្រី​ត្រឡប់​ទៅ​វិញ សកម្មភាព​អារឈើ​កម្រើក​ឡើង​វិញ​ដដែល។

លោក លី រ៉ាន់៖«ពេល​មុន​លោក​នាយករដ្ឋមន្ត្រី​ចុះ​មក​កាប់​ដល់​ពេល​​ចុះ​មក​ផ្អាក​ទៅ ហើយ​ដល់​ពេល​គាត់​ទៅ​បាត់​ទៀត​ក៏​កាប់​ទៀត។ បង្កើត​តំបន់​ទេសចរណ៍​ធម្មជាតិ​មែន​ ប៉ុន្តែ​ខាង​មុខ​នោះ​សុទ្ធ​តែ​ចាប់​ឈើ​ម្រេញ ឈើ​រាជកុល​ធំៗ កាប់​ពេញ​តែ​ហ្នឹង។ កុំអី​ភ្ញៀវ​មក​ដើរ​ភាគ​ច្រើន​គឺ​វង្វេង​តែ​ម្ដុំ​កាប់​ឈើ​ហ្នឹង»។

លោក លី រ៉ាន់ បន្ថែម​ថា កន្លង​ទៅ​ឧទ្យាន​ជួរ​ភ្នំ​ក្រវាញ​កណ្តាល​ចំណុច​ខ្នង​វាល​ដែល​ពួកលោក​អភិរក្ស ក៏​មាន​សកម្មភាព​កាប់​បំផ្លាញ​ឈើ​ធំៗ​ដែរ ក៏ប៉ុន្តែ​បច្ចុប្បន្ន​បទល្មើស​ព្រៃឈើ​ថយ​ចុះ​ច្រើន​ ដោយសារ​សហគមន៍​ជិត ១០០គ្រួសារ បាន ​សាមគ្គី​គ្នា​ចង​ក្រង​បណ្ដាញ ដាក់​វេនគ្នា​ចុះ​ល្បាត​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅ​ហ្នឹង​កន្លែង។

ប្រជា​សហគមន៍​ថា ប្រភេទ​ឈើ​ដែល​ក្រុម​ជនល្មើស​កាប់​រំលំ នៅ​តំបន់​ខ្នង​ផ្សារ​រួមមាន​ដើម​ម្រេញ ឬ​រាជកុល ឈើទាល គគីរ និង ផ្ចឹក​ជាដើម មុខកាត់ ៣តឹក​ឡើង​ទៅ ដុះ​តាម​ជ្រលង​ភ្នំ​ខ្ពង់រាប ខ្នងភ្នំ ចង្កេះភ្នំ និង ឈើ​ខ្លះ​ទៀត ដុះ​តាម​ជម្រាល​ភ្នំ។

នាយករដ្ឋមន្ត្រី​ចុះ​ដល់ឧទ្យានជាតិ​ជួរ​ភ្នំ​ក្រវាញ​កណ្តាល​​ផ្ទាល់

កាល​ពី​ថ្ងៃ​ទី៨ មីនា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដឹកនាំ​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ លោក ហួត ហាត់ និង​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត បាន​ចុះ​ទៅ​ឧទ្យានជាតិ​ជួរ​ភ្នំ​ក្រវាញ​កណ្តាល​ចំណុច​ខ្នង​ផ្សារ ដើម្បី​ស្វែង​យល់​ពី​​ជីវភាព​របស់​សហគមន៍។

លោក ហ៊ុន ម៉ាណែត បាន​បញ្ជា​ឱ្យ​រដ្ឋ​មន្ត្រី​ទាំង​ពីរ​នេះ ព្រម​ទាំង​អភិបាល​ខេត្ត​កំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ្ឌ សហការ​អភិរក្ស តំបន់​ទេសចរណ៍​ខ្នង​ផ្សារ ខ្នង​សំពៅ នៃ​ឧទ្យានជាតិ​ភ្នំ​ក្រវាញ​កណ្តាល​ឱ្យ​ល្អ។

បន្ថែម​ពី​នេះ​ត្រូវ​រៀបចំ​ហេដ្ឋា​រចនាសម្ព័ន្ធ​ចូល​ទៅ​តំបន់​នោះ ហើយ​ត្រូវ​សិក្សា​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​លើ​ភ្នំ​ខ្នង​ផ្សារ​ ជាពិសេស​ត្រូវ​បង្កើន​សមត្ថភាព​របស់​សហគមន៍​ផ្ដល់​សេវា​កម្ម​ទេសចរណ៍​ឱ្យ​ល្អ ដើម្បី​លើក​កម្ពស់​ជីវភាព​ពួកគាត់។

លោក ហ៊ុន ម៉ាណែត៖«ឥឡូវ​ប្រាប់​សហគមន៍​ទៅ​ នាយករដ្ឋ​មន្ត្រី​លោក​ឱ្យ​កន្លែង​នេះ​ទុក​សម្រាប់​ឱ្យ​ធ្វើ​ដំណើរ​រាល់​ថ្ងៃ​ទៅ​ណា​ទៅ​ណី​ទៅ។ សហគមន៍​ត្រូវ​ទទួល​ខុស​ត្រូវ ថែទាំ​ ផ្ដល់​សេវា​កុំ​ឱ្យ​មាន​ភាព​រញ៉េរញ៉ៃ​ពេល​ភ្ញៀវ​មក​ឱ្យ​គាត់​សប្បាយចិត្ត ហើយ​យើង​កំណត់​តម្លៃ​កុំ​កៀរគរ​ពេល​ហ្នឹង»។

ទោះ​ជា​យ៉ាង​ណា លោក លី រ៉ាន់ បន្ថែម​ថា ប្រជា​សហគមន៍​មួយ​ចំនួន​រស់​នៅ​តំបន់​ខ្នងផ្សារ​មិន​​សូវ​ចាប់​អារម្មណ៍​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​ដោះ​អន្ទាក់​ចាប់​សត្វ​ព្រៃ​នោះ​ទេ។ លោក​ថា សកម្មភាព​កាប់​ឈើ​មិន​ត្រឹម​តែ​ប៉ះពាល់​វិស័យ​ទេសចរណ៍​ធម្មជាតិ​ប៉ុណ្ណោះទេ តែ​វា​ក៏​បំផ្លាញ​សម្រស់​ធម្មជាតិ​ផ្តល់​ជម្រក​ដល់​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​ដែរ។

លោក លី រ៉ាន់៖«ព្រៃឈើ​ដែល​បាត់បង់​គ្រោះ​ធម្មជាតិ​ក៏​ក្ដៅ​ហួតហែង​ សត្វ​ពាហនៈ​ក៏​គ្មាន​ទឹក​គ្មាន​អី​ផឹក​ដែរ។ ដល់​ពេល​អស់​ព្រៃឈើ​វា​នឹង​អត់​កើត ហើយ​ណា​មួយ​វា​ក្ដៅ​អត់​អាច​នៅ​បាន​ ហើយ​បង្ក​បង្កើន​ផល​ក៏​មិន​ដូច​ពី​មុន​ដែរ។ ធ្វើ​ស្រែ​ធ្វើ​ចម្ការ​បើ​យើង​អត់​ពី​ព្រៃ​ឈើ​ទាំង​អស់​នេះ​ ក៏​មិន​ដឹង​ធ្វើ​អី​កើត​ដែរ»។

ជុំវិញ​រឿង​នេះ​មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុកលោក ប៉ែន ប៊ុណ្ណារ៍ យល់​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវ​ចាត់​វិធាន​ការ​លើ​ក្រុម​ជនល្មើស​ដែល​បំផ្លាញ​ធនធាន​ធម្មជាតិ និង​មន្ត្រី​ពាក់ព័ន្ធ​ដែលប្រព្រឹត្ត​អំពើ​ពុករលួយ​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ​ទើប​ការ​បង្កើត​សហគមន៍​ធម្មជាតិ​ទទួល​បាន​លទ្ធផល​ល្អ រួមចំណែក​ទាក់ទាញ​ភ្ញៀវ​ទេសចរ។

លោក ប៉ែន ប៊ុណ្ណារ៍៖«បើ​សិន​ជា​ធ្វើ​ឱ្យ រុញ​ឱ្យ​នគរបាល​យុត្តិធម៌​ និង​តុលាការ​លោក​ឋិត​នៅ​ក្នុង​ភាព​ស្អាតស្អំ។ អ៊ីចឹង​ការ​ផ្តល់​ឱកាស​របស់​អ្នក​ដឹកនាំ​ប្រាកដ​ជា​ទទួល​បាន​ជោគជ័យ​ ហើយ​សហគមន៍​ក៏​ទទួល​បាន​ជីវភាព​ធូរធារ​ដែរ»។

អត្ថបទ​ដែលទាក់ទង៖

សកម្មជន​ទាមទារ​ឲ្យ​លុប​ចោល​គម្រោង​អាង​ស្តុក​ទឹក​នៅ​ឧទ្យានជាតិ​ជួរ​ភ្នំ​ក្រវាញ​ខេត្ត​ពោធិ៍សាត់Opens in new window ]

ពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ​ជាង ៨០​គ្រួសារ​ប្ដេជ្ញា​ការពារ​ព្រៃ​នៅ​ជួរ​ភ្នំ​ក្រវាញ​កណ្តាល ដើម្បី​ទាក់ទាញ​​ទេសចរOpens in new window ]

ឈើ​ធំៗ​ បម្រើ​វិស័យ​ទេសចរ​នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ​កណ្តាល​កំពុង​ប្រឈម​ការ​កាប់​ផ្តួលOpens in new window ]

ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្ដាល ដែល​មាន​ទំហំ​ជាង ៤​សែន​ហិកតារ (៤០២.៣៥២) លាត​សន្ធឹង​ក្នុង​ខេត្ត​ចំនួន​៣ គឺ​ខេត្ត​កំពង់ស្ពឺ កោះកុង និង​ខេត្ត​ពោធិ៍សាត់ និង​ជា​ព្រៃ​ទឹក​ភ្លៀង​ដ៏​ធំ​បំផុត​មួយ​នៅ​កម្ពុជា បាន​ទទួល​រង​ការ​កាប់​បំផ្លាញ​ជាង​២​ទសវត្សរ៍​មក​ហើយ។

ប្រជា​សហគមន៍​បន្ថែម​ថា នៅ​ពេល​ព្រៃឈើ​បាត់បង់​ប្រភព​ទឹក​សំខាន់ៗ​សម្រាប់​សត្វ​ព្រៃ​ចិញ្ចឹម​ជីវិត ​ក្នុង​តំបន់​នោះ​ក៏​ថយ​ចុះ​ដែរ ប៉ះពាល់​ដល់​ជីវិត​សត្វ​ព្រៃ​កម្រ​ជា​ច្រើន​ប្រភេទ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។