សហគមន៍​ខេត្ត​ព្រះវិហារ​ស្នើសុំ​អាជ្ញាធរ​ការពារ​ព្រៃ​សហគមន៍​ដែល​នៅ​សល់​តិចតួច

កម្មករ​កំពុង​ដាំ​កូន​កៅស៊ូ​នៅ​ចម្ការ​កៅស៊ូ​ក្រុមហ៊ុន​ ទ្រី ភាព (TRY PHEAP CO., LDT) នៅ​ទន្លេ​បឹង​ម្រេច ក្នុង​ស្រុក​រវៀង ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី១០ ខែ​មិថុនា ឆ្នាំ២០១៩។
កម្មករ​កំពុង​ដាំ​កូន​កៅស៊ូ​នៅ​ចម្ការ​កៅស៊ូ​ក្រុមហ៊ុន​ ទ្រី ភាព (TRY PHEAP CO., LDT) នៅ​ទន្លេ​បឹង​ម្រេច ក្នុង​ស្រុក​រវៀង ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី១០ ខែ​មិថុនា ឆ្នាំ២០១៩។ (រូប៖ ហ្វេសប៊ុក​ TRY PHEAP GOUP CO., LTD)

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឈើ​ខេត្ត​ព្រះវិហារ ស្តាយ​ដី​ព្រៃ​សហគមន៍​បឹង​ទន្លេ​ម្រេច​មាន​ទំហំ​ជាង ២ពាន់​ហិកតារ (២.៣៥១) បាន​បាត់បង់​ស្ទើរ​ស្រុង​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​មាន​វត្តមាន​ក្រុមហ៊ុន ទ្រី ភាព (TRY PHEAP CO., LDT) វិនិយោគ​ទីនោះ។ អ្នក​ភូមិ​ថា ដី​ព្រៃ​សហគមន៍ ដែល​នៅ​សល់​តិចតួច​ចុង​ក្រោយ កំពុង​ប្រឈម​បាត់បង់​ដែរ ប្រសិន​បើ​អាជ្ញាធរ​មិន​ជួយ​ទប់​ស្កាត់​តាម​ការ​ស្នើសុំ​របស់​សហគមន៍​ទេ​នោះ។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​រស់នៅ​ភូមិ​អូរ​ពោធិ៍​ឃុំ​រមណីយ ស្រុក​រវៀង ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី១៨ មករា អំពាវនាវ​ឱ្យ​អាជ្ញាធរ​ខេត្ត​នេះ ជួយការ​ពារ​ដីធ្លី ក្នុង​តំបន់​អភិរក្ស ដែល​នៅ​សល់​តិចតួច ដើម្បី​ជា​ប្រយោជន៍​រួម​របស់​ពលរដ្ឋ។ ប្រជា​សហគមន៍​ថា ព្រៃ​សហគមន៍​បឹង​ទន្លេ​ម្រេច​ផ្នែក​ខ្លះ នៅ​សល់ ៦ហិកតារ ដែល​អ្នក​ភូមិ​ចង់​អភិ​រក្ស​ជា​ដី​បម្រុង​ទុក តែ​ត្រូវ​បាន​អាជ្ញាធរ​ខិលខូច​មួយ​ចំនួន​ឈូស​ឆាយ និង​បោះ​បង្គោល​ព្រំ​ដី​រំលោភ​យក​មួយ​ផ្នែក​ធំ​នៅ​រយៈ​ពេល ៣សប្តាហ៍​ចុង​ក្រោយ​នេះ។

ប្រធាន​សហគមន៍​ការពារ​ព្រៃ​ឈើ​បឹង​ទន្លេ​ម្រេច លោក ឈួន ឌឿន ប្រាប់​អាស៊ី​សេរី​ថា បច្ចុប្បន្ន​ព្រៃ​សហគមន៍​នេះ នៅ​សល់​ដី​ព្រៃ​រេចរឹល​តិចតួច​ប៉ុណ្ណោះ ដាច់​ជា​កង់ៗ ហើយ​មួយ​ផ្នែក​ធំ ត្រូវ​បាន​ក្រុមហ៊ុន ទ្រី ភាព ហ៊ុមព័ទ្ធ​រំលោភ​យក​ស្ទើរ​ទាំង​ស្រុង ដើម្បី​ដាំ​ដើម​ចន្ទី និង​កៅស៊ូ។ លោក​ថា ដី​ព្រៃ​សហគមន៍​ផ្នែក​ខ្លះ​នៅ​សល់ ៦ហិកតារ ដែល​អ្នក​ភូមិ​សង់​រោង​មួយ ដើម្បី​បណ្ដុះ​កូន​ឈើ ក៏​ប៉ុន្តែ​មន្ត្រី​បរិស្ថាន​បាន​ចុះ​ទៅ​រុះរើ​ចេញ កាល​ពី​ថ្ងៃ​ទី១៧ មករា៖ «ដី​ព្រៃ​សហគមន៍ ៦ហិកតារ​ហ្នឹង​គេ​ទន្ទ្រាន​យក ហើយ​មិន​ដឹង​ថា បាន​ទៅ​លើ​បុគ្គល ឬ​ក្រុមហ៊ុន​ណា​ទេ ? បាទ ខ្ញុំ​ការពារ​អស់​ឈ្នះ​ទេ។ ព្រៃ​ស្រោង​ឈើ​ធំៗ មុខ​សុទ្ធតែ ១ម៉ែត្រ​ទៅ ២ម៉ែត្រ តំបន់​ហ្នឹង​ព្រៃ​ស្រោង​ហើយ​តើ តែ​ដល់​ពេល​ក្រុមហ៊ុន​មក​រលាយ​រលត់ »។ប្រធាន​សហគមន៍​រូប​នេះ​អស់​សង្ឃឹម និង​ចោទ​មន្ត្រី​បរិស្ថាន​ខេត្ត​ព្រះវិហារ​ថា អសមត្ថភាព​ការពារ​ព្រៃ​ឈើ ក្នុង​តំបន់​អភិ​រក្ស​មួយ​នេះ។ លោក​ថា មុន​ពេល​មិន​ទាន់​មាន​ក្រុមហ៊ុន ទ្រី ភាព វិនិយោគ​ទី​នោះ ព្រៃ​សហគមន៍​បឹង​ទន្លេ​ម្រេច​សំបូរ​ដើមឈើ​ធំៗ ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​សហគមន៍ ក៏​ប៉ុន្តែ​បច្ចុប្បន្ន​ព្រៃ​សហគមន៍​នេះ បាន​ក្លាយ​ជា​វាល​រហោឋាន​មួយ​ផ្នែក​ធំ និង​មួយ​ផ្នែក​ទៀត​បាន​ក្លាយ​ជា​ចម្ការ​កៅស៊ូ​របស់​ក្រុមហ៊ុន​ឯកជន។

ជា​មួយ​គ្នា​នេះ សមាជិក​សហគមន៍ លោក ហួត គាណូ កត់​សម្គាល់​ថា ក្រុមហ៊ុន ទ្រី ភាព បាន​ប្រើ​ប្រព័ន្ធ​តុលាការ​ប្តឹង​ពលរដ្ឋ​ណា​ដែល​ហ៊ាន​ចេញមុខ​ការពារ​ព្រៃ​ឈើ ហើយ​មកទល់​ពេល​នេះ មាន​ពលរដ្ឋ​ជាង ១០នាក់​ហើយ កំពុង​ជាប់​បណ្ដឹង​ក្នុង​តុលាការ​ខេត្ត​ព្រះវិហារ​នៅ​ឡើយ។ លើស​ពី​នេះ​ទៀត ដី​ព្រៃ​បម្រុង​ទុក ១៥ហិកតារ​នៅ​តំបន់​ផ្សេង​ទៀត ដែល​អាជ្ញាធរ និង​តំណាង​ក្រុមហ៊ុន ទ្រី ភាព សន្យា​រក្សាទុក​ឱ្យ​ពលរដ្ឋ​សង់​វត្តអារាម និង​សាលារៀន តែ​បែរ​ជា​ក្រុមហ៊ុន​ធ្វើ​របង​ហ៊ុម​ព័ទ្ធ ដើម្បី​សាងសង់​រោងចក្រ​ទៅ​វិញ៖ «តែ​ចំពោះ​ក្រុមហ៊ុន គាត់​អត់​មាន​ឃាត់​ឃាំង​ទេ គាត់​ឱ្យ​គេ (មន្ត្រី​បរិស្ថាន ) ធ្វើ​តាម​ចិត្ត។ គាត់​ឱ្យ​គេ​កាយ​តាម​ចិត្ត​អត់​មាន​ឃាត់​ឃាំង​ទេ តែ​បើ​ពលរដ្ឋ​ធ្វើ​គាត់​មើល​ឃើញ គាត់​យក​ច្បាប់​មក​និយាយ។ តែ​បើ​ចំពោះ​ក្រុមហ៊ុន​គាត់​អត់​យក​ច្បាប់​មក​និយាយ​ទេ នៅ​លើ​ដី​សហគមន៍​ហ្នឹង​ទាំង​មូល »។

ព្រៃ​សហគមន៍​ការពារ​ធម្មជាតិ​បឹង​ទន្លេ​ម្រេច​មាន​ផ្ទៃ​ដី​ជាង ២ពាន់​ហិកតារ (២.៣៥១) ឋិត​នៅ​ផ្នែក​មួយ​នៃ​ដែន​ជម្រក​សត្វព្រៃ​បឹង​ពែរ ដែល​បាន​ចុះ​បញ្ជី​ជា​ព្រៃ​អភិ​រក្ស​ពី​ក្រសួង​បរិស្ថាន កាល​ពី​ឆ្នាំ២០១០ ឋិត​នៅ​ឃុំ​រមណីយ ស្រុក​រវៀង ខេត្ត​ព្រះវិហារ។ កាល​ពី​មិន​ទាន់​មាន​វត្តមាន​ក្រុមហ៊ុន ទី្រ ភាព នៅ​ទី​នោះ ព្រៃ​នេះ​សំបូរ​ដោយ​ដើម​ឈើ​មូល​ធំៗ ស្រស់​បំព្រង អម​ដោយ​បឹង​ធម្មជាតិ​ធំធេង​សំបូរ​ត្រី និង​សត្វ​ស្លាប​ជាច្រើន​ប្រភេទ។
អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប ពី​ប្រធាន​រដ្ឋបាល​ក្រុមហ៊ុន ទ្រី ភាព លោក ហេង សារុំ ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បាន​ថា យ៉ាង​ណា​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៨ មករា។

ចំណែក​ប្រធាន​ដែន​ជម្រក​សត្វ​សត្វ​ព្រៃ​បឹង​ពែរ លោក តូច សុភី វិញ បក​ស្រាយ​ថា ដី​ទំហំ ៦ហិកតារ មិន​ឋិត​ក្នុង​ព្រៃ​សហគមន៍​បឹង​ទន្លេ​ម្រេច​ទេ ហើយ​ការ​សង់​រោង​នៅ​ទី​នោះ គឺ​ជា​ការ​រំលោភ​ដី​ព្រៃ​អភិរក្ស​ពី​សំណាក់​មនុស្ស​មួយ​ក្តាប់​តូច។ លោក​ថា ព្រៃ​សហគមន៍​បាត់​បង់ ដោយសារ​តែ​សមាជិក​សហគមន៍​ខ្លះ​បាន​ទៅ​កាប់​ទន្ទ្រាន​លក់​ដូរ បែប​អនាធិបតេយ្យ ហើយ​បច្ចុប្បន្ន​ព្រៃ​សហគមន៍​នេះ នៅ​សល់​ផ្ទៃដី​ជាង ៥០ហិកតារ​បូករួម​ទាំង​បឹង​ទន្លេ​ម្រេច​ផង៖ «អ្វី​ដែល​គាត់​សង់​ហ្នឹង ខ្ញុំ​មិន​ហាម​គាត់​ទេ ឱ្យ​គាត់​មាន​ការ​ស្នើសុំ​ទៅ​ដល់​មន្ទីរ និង​ក្រសួង​បរិស្ថាន​ទៅ ព្រោះ​ក្នុង​ផ្ទៃដី​ដែល​ប្រគល់​ឱ្យ​គាត់​ជាង ២ពាន់​ហិកតារ គាត់​ការពារ​បាន​ប៉ុន្មាន​ហិកតារ​នៅ​សល់​ប៉ុន្មាន ? គឺ​គាត់​ដឹង​ច្បាស់​ជាង​ខ្ញុំ​ណា។ នៅ​កន្លែង​នោះ ម្តេច​គាត់​មិន​ប្រឹង​ការពារ ? ពេល​គាត់​មក​ចួប​ខ្ញុំ​គាត់​ថា ក្រុមហ៊ុន​រំលោភ​ដី​គាត់ ខ្ញុំ​ឱ្យ​គាត់​កសាង​ឯកសារ​គាត់​មិន​ធ្វើ​ទេ។ នៅ​ពេល​ក្រុមហ៊ុន​ហៅ​គាត់​ទៅ​ចួប គឺ​គាត់​បិទ​ព័ត៌មាន​ចប់ »។

មេឃុំ​រមណីយ លោក ឃុត រី ថ្លែង​ថា ការ​បាត់​បង់​ព្រៃ​ឈើ ដោយសារ​សមាជិក​សហគមន៍ និង​អ្នក​ភូមិ​ខ្លួន​ឯង ទៅ​កាប់​ទន្ទ្រាន​ដី​ព្រៃ​អភិ​រក្ស ធ្វើ​កម្មសិទ្ធិ​ឯកជន។ លោក​ថា ក្រុមហ៊ុន ទ្រី ភាព​មាន​ផែនទី និង​ព្រំប្រទល់​ច្បាស់លាស់ វិនិយោគ​ដាំ​កៅស៊ូ និង​ដើម​ចន្ទី​នៅ​ទី​នោះ៖ «បញ្ហា​ការ​កាប់​រុករាន​ដី​ព្រៃ​ហ្នឹង គឺ​អស់​ខ្លួន​ឯង​សមាជិក​ខ្លួន​ឯង​ទេ ដែល​រុករាន​អស់។ ក្រុមហ៊ុន​គេ​មាន​ផែនទី និង​ដី​ចំនួន​គេ មាន​ព្រំប្រទល់​អី​ស្រេច​ហើយ »។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ មាន​ប្រសាសន៍​ថា ព្រៃ​អភិរក្ស​មួយ​នេះ បាន​បាត់បង់​ដើមឈើ​ធំៗ ទាំង​ស្រុង​ដោយសារ​មាន​វត្តមាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​ឈើ​នៅ​ទី​នោះ។ លោក​ពិនិត្យ​ឃើញ​ថា មន្ត្រី​បរិស្ថាន មិន​បាន​ទប់​ស្កាត់​ការ​ឈូស​ឆាយ​បំផ្លាញ​ព្រៃ​សហគមន៍​នោះ​ទេ បែរជា​ទប់​ស្កាត់​ប្រជា​សហគមន៍​សង់​រោង ដើម្បី​ការពារ​ព្រៃ​ទៅ​វិញ៖ «គេ​រំលោភ​បណ្ដើរៗ អត់​មាន​មើល​សោះ ចេះតែ​អា​ហ្នឹង​ស្រប​ច្បាប់​ហើយ តែ​បើ​សិន​ជា​ក្រុមហ៊ុន​រួម​ជាមួយ​អ្នក​មាន​អំណាច ទៅ​ធ្វើ​លើ​ដី​សហគមន៍​ស្រប​ច្បាប់​ទាំង​អស់ មិន​ដែល​មាន​វិធានការ ហើយ​ដី​ទាំង​អស់ ២ពាន់​ហិកតារ​ជាង មើល​ទៅ​ខៀវ​ស្រស់​បំព្រង។ តែ​ឥឡូវ​មាន​អី​ណា​នាំ​គ្នា​ស៊ី​ម្ដង​បន្តិចៗ ព្រៃ​ផង​ដី​ផង ស៊ី​អស់​ខ្ទេចខ្ទី​អស់​ហើយ »។

ប្រជា​សហគមន៍​បាន​លើក​ឡើង​ថា ក្រុមហ៊ុន ទ្រី ភាព ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​ផ្ទៃដី​ជាង ៩ពាន់​ហិកតារ កាល​ពី​ឆ្នាំ២០១១ ស្ថិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​បឹង​ពែរ ដែល​ជា​តំបន់​ព្រៃ​រេចរឹល។ សហគមន៍​ថា ផ្ទៃដី​ដែល​រដ្ឋាភិបាល​ផ្តល់​ឱ្យ​ក្រុមហ៊ុន​វិនិយោគ មិន​មែន​ព្រៃ​រេចរឹល​នោះ​ទេ គឺជា​ព្រៃ​ស្រោង​សំបូរ​ដោយ​ដើម​ឈើ​ផលិត​ជ័រ​ទឹក​របស់​ពលរដ្ឋ ហើយ​ក្រុមហ៊ុន​បាន​បើក​ទីតាំង​កាប់​រំលំ​ឈើ​ធ្វើ​អាជីវកម្ម និង​ឈូស​ឆាយ​ហ៊ុមព័ទ្ធ​ទន្ទ្រាន​ព្រៃ​ខុស​ច្បាប់ ដើម្បី​ដាំ​កៅស៊ូ​អស់​ជាង ១ពាន់​ហិកតារ ហើយ​កម្មករ​ក្រុមហ៊ុន​រាប់​រយ​នាក់​បាន​ពង្រាយ​គ្រប់​តំបន់ ដើម្បី​កាប់​ឈើ​ធ្វើអាជីវកម្ម និង​ទន្ទ្រាន​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​អស់​ជា​ច្រើន​ហិកតារ​ទៀត៕

Try_Pheap_rubber_plantation_group.jpg
ខ្លោងទ្វារ​ចូល​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ ទ្រី ភាព នៅ​ក្នុង​ស្រុក​រវៀង ខេត្ត​ព្រះវិហារ។ រូប៖ ហ្វេសប៊ុក​ក្រុមហ៊ុន ទ្រី ភាព
Try_Pheap_rubber_plantation_group_1.jpg
រូបភាព​បង្ហាញ​អំពី​ផ្ទៃដី​ធំល្វឹងល្វើយដាច់​កន្ទុយ​ភ្នែក នៃ​​ចម្ការ​កៅស៊ូ​ របស់​ក្រុមហ៊ុន​ ទ្រី ភាព (TRY PHEAP CO., LDT) នៅ​ទន្លេ​បឹង​ម្រេច ក្នុង​ស្រុក​រវៀង ខេត្ត​ព្រះវិហារ។ រូប៖ ហ្វេសប៊ុក​ TRY PHEAP CO., LDT កាល​ពី​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា ឆ្នាំ២០១៨
Try_Pheap_rubber_plantation_group_FB_061019.jpg
ចម្ការ​កៅស៊ូ​ក្រុមហ៊ុន​ ទ្រី ភាព (TRY PHEAP CO., LDT) នៅ​ទន្លេ​បឹង​ម្រេច ក្នុង​ស្រុក​រវៀង ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី១០ ខែ​មិថុនា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក TRY PHEAP CO., LDT

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។