អស់រយៈពេលជិត ១ឆ្នាំហើយ ដែលការធ្វើអាជីវកម្មខ្សាច់ទ្រង់ទ្រាយធំនៅខេត្តកោះកុង ត្រូវបានបញ្ឈប់តាមរយៈការប្រកាសរបស់ក្រសួងរ៉ែ និងថាមពល។ ប្រជាពលរដ្ឋនៅខេត្តកោះកុង ដែលរងគ្រោះដោយសារតែការបូមខ្សាច់ ពេញចិត្តពេញថ្លើមនឹងចំណាត់ការបែបនេះរបស់ក្រសួងរ៉ែ និងថាមពល ព្រោះពួកគាត់យល់ថា អាជីវកម្មខ្សាច់នេះមិនបានផ្ដល់ផលចំណេញអ្វីឡើយ គឺមានតែធ្វើឱ្យជីវភាពរបស់ពួកគាត់ធ្លាក់ចុះដុនដាបទៅវិញ។ សម្រាប់សហគមន៍កោះស្រឡៅ ការបញ្ឈប់មិនឱ្យមានការបូមខ្សាច់នេះ បានកែប្រែជីវភាពរស់នៅរបស់ពលរដ្ឋឱ្យប្រសើរឡើងវិញ ក្រោយរងគ្រោះអស់រយៈពេលជិត ១០ឆ្នាំ។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិកោះស្រឡៅ នៃឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង មានក្តីសង្ឃឹមក្នុងជីវិតឡើងវិញ បន្ទាប់ពីពួកគាត់កាក់កបនឹងរបរនេសាទនៅឆ្នាំនេះ។
តំណាងស្ត្រីសហគមន៍កោះស្រឡៅ លោកស្រី ម៉ូត សុផា អះអាងថា បន្ទាប់ពីការធ្វើអាជីវកម្មខ្សាច់ និងការបូមខ្សាច់ទ្រង់ទ្រាយធំ ត្រូវបានបញ្ឈប់ជាផ្លូវការនៅពាក់កណ្ដាលឆ្នាំ២០១៧ នោះ លោកស្រីកត់សម្គាល់ថា បរិមាណក្ដាម ត្រី មឹក និងបង្គា ក្នុងស្តុកធម្មជាតិមានការកើនឡើងវិញ ធ្វើឱ្យអ្នកនេសាទគ្រប់គ្នា នៅភូមិកោះស្រឡៅ នេសាទបានផលច្រើនជាងឆ្នាំមុនៗ៖ «ពេលដែលកប៉ាល់ឈប់បូមខ្សាច់ហ្នឹង កន្លែងដែលបូមរាល់ដងនោះ ទើបតែមានក្ដាមមានត្រីចូលទៅរស់នៅបន្តបន្ទាប់គ្នា ហើយធ្វើឱ្យយើងរកបាន។ ពីដើមខែមួយ ( មករា ) មកដល់បច្ចុប្បន្ននេះ យើងអាចរកបានក្នុងមួយថ្ងៃយ៉ាងតិច ក៏ជាងដប់ម៉ឺនរៀល ( ១០០ , ០០០ ) ដែរ គ្រប់ក្រុមគ្រួសារតែម្ដងនៅក្នុងឃុំកោះស្រឡៅនេះ»។
លោកស្រីបញ្ជាក់ថា ការនេសាទរបស់អ្នកភូមិនៅឆ្នាំនេះ ក៏មានសុវត្ថិភាពល្អជាងពេលមុនដែរ ព្រោះលែងមានសាឡង់ដឹកខ្សាច់ និងកប៉ាល់បូមខ្សាច់បើកទៅមក ដែលអាចបង្កគ្រោះថ្នាក់ ឬធ្វើឱ្យខូចខាតឧបករណ៍នេសាទរបស់អ្នកភូមិ ដូចកាលពីពេលមុនទៀតហើយ។ អ្នកភូមិក៏អាចចេញទៅនេសាទបានគ្រប់ពេលវេលាមិនថា ពេលថ្ងៃ ឬពេលយប់នោះទេ ហើយចំណូលក៏បានច្រើនគួរសម ធ្វើឱ្យពួកគាត់មានទឹកចិត្តត្រេកអរ បន្តមុខរបរនេសាទតទៅទៀត៖ «ខុសគ្នាឆ្ងាយកាលពីមុន ពេលដែលសកម្មភាពសាឡង់បូមខ្សាច់នៅមាន ទូកកន្ទុយវែងតូចៗរបស់ពួកយើង អត់ហ៊ានឆ្លងកាត់ផ្ដេសផ្ដាសទេព្រោះខ្លាចសាឡង់បុក ប៉ុន្តែពេលនេះ យើងអាចធ្វើដំណើរទៅមកបានពេញ ២៤ ម៉ោង អត់មានខ្លាចគ្រោះថ្នាក់កប៉ាល់បុក ឬខ្លាចបាត់ឧបករណ៍នេសាទ ដោយសារសាឡង់បូមយកទៅទៀតទេ ដូច្នេះវាខុសគ្នាឆ្ងាយ»។
តំបន់កោះស្រឡៅ នៃឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង គឺជាទីកន្លែងដែលមានការបូមខ្សាច់ខ្នាតធំ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ការធ្វើអាជីវកម្មខ្សាច់តាមប្រព័ន្ធស្ទឹង ផ្នែកខាងលើ និងក្បែរតំបន់កោះស្រឡៅ បានកើតឡើងពេញបន្ទុកចាប់ពីឆ្នាំ២០០៦ ដល់ចុងឆ្នាំ ២០១៦។
អ្នកភូមិអះអាងថា នៅក្នុងអំឡុងពេលនោះ គ្រឿងចក្រ និងសាឡង់ដឹកខ្សាច់ជាច្រើនគ្រឿងបានបញ្ចេញជាតិប្រេង និងជាតិថ្នាំលាងខ្សាច់ចូលក្នុងទឹក ព្រមទាំងមានសំឡេងលឺខ្លាំង ដែលបានបំពុល និងបង្កការរំខានដល់ពពួកសត្វសមុទ្រ។ ម្យ៉ាងវិញទៀត ការបូមខ្សាច់ធ្វើឱ្យទឹកកាន់តែជ្រៅ និងល្អក់ មិនអំណោយផលដល់ការរស់នៅរបស់ពពួកសត្វសមុទ្រឡើយ ជាពិសេស វាបានធ្វើឱ្យបាត់បង់ព្រៃកោងកាងដែលជាទីជម្រករបស់សត្វទាំងនោះទៀងផង។ បញ្ហានេះបានធ្វើឱ្យបរិមាណក្ដាម ត្រី មឹក និងបង្គា ថយចុះជាគំហុក ដែលបានបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់ជាខ្លាំង។
ទោះជាយ៉ាងណា សុបិនអាក្រក់របស់អ្នកស្រុកកោះស្រឡៅនេះ បានកន្លងផុតទៅហើយ។ នៅរដូវនេសាទឆ្នាំនេះ ពពួកសត្វសមុទ្រ ដូចជា ក្ដាម ត្រី និងបង្គា ជាដើមនោះ បានកកើតឡើងវិញ ហើយអ្នកភូមិបានស្គាល់នូវភាពរីករាយតាមរយៈមុខរបរនេសាទរបស់ពួកគាត់។
អ្នកនេសាទម្នាក់នៅភូមិកោះស្រឡៅ គឺលោក ហាក់ ពិទូ អះអាងថា ចាប់តាំងពីខែធ្នូចុងឆ្នាំ ២០១៧ រហូតមក លោករកចំណូលបានយ៉ាងទៀងទាត់ គឺយ៉ាងហោចណាស់ក៏ជាង ១០ ម៉ឺនរៀលដែរ នៅក្នុងមួយថ្ងៃ។ លោកបន្តថា ចំណូលទៀងទាត់ ហើយគ្រាន់បើបែបនេះ គឺជាកម្លាំងចិត្តដែលធ្វើឱ្យលោកចេញទៅនេសាទជារៀងរាល់ថ្ងៃ ដោយមិនខ្លាចនឿយហត់។ លោកក៏មានអារម្មណ៍ថា មានសុវត្ថិភាពដែរនៅពេលចេញទៅនេសាទម្ដងៗ ខុសគ្នានឹងកាលពីមុនដែលលោកចេញទៅនេសាទមានអារម្មណ៍ខ្លាចសាឡង់ដឹកខ្សាច់បុក ឬធ្វើឱ្យខូចខាតឧបករណ៍នេសាទរបស់លោក៖ «មានអារម្មណ៍ថាត្រេកអរ ត្រង់ថាយើងអត់មានក្រុមហ៊ុនចូលមករញ៉េរញ៉ៃ កកូរកកាយកន្លែងឆ្នាំងបាយរបស់ពួកយើងទៀតទេ ម្នាក់ៗត្រេកអរតែម្តង ព្រោះយើងចង់រកស៊ី ចង់ដាក់ក្ដាមដាក់អីហ្នឹង គឺវាងាយស្រួលតែម្ដង។ ឥឡូវនេះ មួយថ្ងៃរកបាន ដប់ម៉ឺនជាង ដប់ប្រាំម៉ឺន ឬក៏ម្ភៃម៉ឺនរៀលដែរ។ បើគេខ្នាតធំ គេរកបានច្រើនជាងនេះទៅទៀត»។
ពលរដ្ឋនៃសហគមន៍កោះស្រឡៅនៅតែប្រកាន់ជំហរដាច់ខាតមិនឱ្យមានការបូមខ្សាច់នៅក្បែរតំបន់របស់ពួកគាត់សាជាថ្មីទៀតឡើយ ព្រោះទម្រាំតែបានត្រឡប់មកស្ថានភាពជីវភាពដូចពីដើមនោះ ពួកគាត់បានរងគ្រោះអស់រយៈពេលជិត ១០ឆ្នាំ ដោយសារតែការបូមខ្សាច់។ ម្យ៉ាងវិញទៀត ស្ថានភាពប្រសើរឡើងនាពេលបច្ចុប្បន្ននេះ បានមកដោយត្រូវបង់ខាតកម្លាំងកាយចិត្ត និងពេលវេលាជាច្រើនក្នុងការតស៊ូមតិទាមទារឱ្យមានការបញ្ឈប់ការបូមខ្សាច់នេះស្ថាពរ។
អតីតអ្នកសម្របសម្រួលបណ្ដាញស្ត្រីនៃអង្គការមាតាធម្មជាតិ អ្នកនាង លឹម គីមស័រ ដែលធ្លាប់បានចុះទៅជួយអប់រំផ្លូវច្បាប់ដល់អ្នកស្រុកកោះស្រឡៅនោះ អះអាងថា ស្ថានភាពរស់នៅរបស់ពលរដ្ឋនៅទីនោះ មានភាពប្រសើរឡើងជាងពេលមុន ពោលគឺពួកគាត់រកនេសាទបានច្រើន និងមិនបារម្ភពីសុវត្ថិភាពពេលចេញទៅនេសាទដូចពេលមុនទៀតឡើយ៖ «និយាយទៅ គឺវាមានការខុសប្លែកគ្នា ដោយសារតែពីមុនគេបូមខ្សាច់ ដូច្នេះយើងឃើញទឹកអត់មានថ្លាទេ វាល្អក់ មានកករ និងកម្ទេចកំទីដែលនៅបាតទឹក វាផុលឡើងមកលើវិញ។ ហើយស្មៅវ៉ាក់វ៉ែនដែលជាជម្រកសត្វនោះ វាអត់មាន ប៉ុន្តែឥឡូវនេះវាចាប់ផ្ដើមដុះឡើងវិញហើយ។ យើងឃើញថាទឹកក៏អត់សូវជាកខ្វក់អីដែរ វាស្អាតជាងមុន ហើយសម្រាប់ព្រៃកោងកាងវិញ គឺដូចជានៅដដែលទេ។ កន្លែងដែលគេបូមបាក់នោះវាបាក់ទៅហើយ ចំណែកកន្លែងផ្សេងទៀត វាអត់បញ្ហាទេដោយសារតែគេអត់បូមទៀត ដូច្នេះមើលទៅប្រជាជន គាត់ដូចជាសប្បាយរីករាយនៅពេលដែលគាត់អាចទៅនេសាទបានច្រើនជាងមុន។ តែទោះជាយ៉ាងម៉េចក៏ដោយ ក៏ពួកគាត់នៅតែបារម្ភខ្លាចគេនឹងបូមខ្សាច់ដដែល ពីព្រោះថានៅកន្លែងកោះស្មាច់ដែលយើងឃើញថា គេធ្វើការដ្ឋានលាងខ្សាច់នោះ គឺអត់ទាន់រុះរើទេ»។
អ្នកនាង លឹម គីមស័រ អះអាងថា បើទោះបីជាអង្គការរបស់នាង គឺអង្គការមាតាធម្មជាតិត្រូវបានក្រសួងមហាផ្ទៃលុបឈ្មោះចេញពីបញ្ជីអង្គការមិនមែនរដ្ឋាភិបាលរួចទៅហើយក្តី នាងនៅតែបន្តសកម្មភាពឃ្លាំមើលការធ្វើអាជីវកម្មខ្សាច់នៅខេត្តកោះកុងនេះជាបន្តទៀត។ ចំណុចសំខាន់ដែលនាង និងសកម្មជនបរិស្ថានដទៃទៀត រួមទាំងអង្គការសង្គមស៊ីវិលផង នៅតែទាមទារចង់បាននោះ គឺការបង្ហាញពីតម្លាភាពនៃការនាំចេញខ្សាច់ពីកម្ពុជាទៅក្រៅប្រទេសក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ ដែលមានគម្លាតគ្នាប្រមាណ ៧៥លានតោន ស្ថិតក្នុងរង្វង់ទឹកប្រាក់ជិត ៨០០លានដុល្លារអាមេរិក ហើយដែលត្រូវបានរកឃើញថា កម្ពុជាគឺជាអ្នកខាតបង់ពីអាជីវកម្មមួយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។