អណ្ដើកហ្លួងមេ ៥ក្បាលពងកូនជាលើកដំបូងបាន៧១គ្រាប់ បន្ទាប់ពីចិញ្ចឹមរយៈប្រមាណ ១៥ឆ្នាំ

អណ្ដើក​ហ្លួង​មេ​ដែល​ជា​ពូជ​អណ្ដើក​កម្រ​និង​ជិត​ផុត​ពូជ​ចំនួន​ ៥ក្បាល បាន​ពង​កូន​ជា​លើក​ទី​មួយ​បាន​ចំនួន​ ៧១គ្រាប់​នៅ​លើ​ខ្សាច់​សិប្បនិម្មិត​ ក្នុង​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូន​ខេត្តកោះកុង។ក្រុម​អ្នក​អភិរក្ស​អះអាង​ថា​នេះ​ជា​ជោគជ័យ​ក្នុង​ការងារ​អភិរក្ស​បន្ទាប់​ពី​បាន​ចិញ្ចឹម​និង​ថែទាំ​អណ្ដើក​មេ​ទាំង​នេះអស់​រយៈ​ពេល​ប្រមាណ ១៥​ឆ្នាំ។

ប្រធាន​គម្រោង​អភិរក្ស​ប្រចាំ​តំបន់​កោះកុង​និង​មេគង្គ​របស់​សមាគម​អភិរក្ស​សត្វ​ព្រៃ​កម្ពុជា (WCS) លោក សោម ស៊ីថា​ឱ្យ​អាស៊ី​សេរី​ដឹង​ថា​ក្នុង​ចំណោម​មេ​អណ្ដើក​ហ្លួង​ទាំង​៥​ក្បាល​នេះ​គឺ​មាន​ចំនួន​៤​ គឺ​ក្រុម​អ្នក​អភិរក្ស​ចិញ្ចឹម​តាំង​ពី​ភ្ញាស់​ចេញ​មក តាំងពីឆ្នាំ២០០៦ប៉ុន្តែ​មួយ​ក្បាល​ទៀត​គឺ​បាន​មក​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ចិញ្ចឹម​ និង​​យក​​មក​​ប្រគល់​​អោយ​ក្រុមអ្នកអភិរក្ស។

លោក សោម​ ស៊ីថាបន្ថែម​ថា​ពង​កូន​ដែល​ទទួល​បាន​ពី​មេ​អណ្ដើក​ទាំង​៥​នេះ​ជា​រឿង​ល្អនិង​ជា​រឿង​ដែល​ហួស​ពី​ការ​រំពឹង​ទុក។

“កន្លង​មក​យើង​គិត​ថា​មេ​អណ្ដើក​អាច​ពង​កូន​នៅ​អាយុ​ម្ភៃ​ឆ្នាំ​ឯណោះ​ដោយ​សារ​តាម​ការ​ស្រាវជ្រាវ​របស់​ដុកទ័រ​មួយ​នៅ​ខាង​ប្រទេស​ម៉ាឡេស៊ី​គាត់​បាន​សិក្សា​ថា​ប្រហែល​ខ្ទង់​ម្ភៃ​ឆ្នាំ​ដល់​ឥឡូវ​មេ​អាច​ពង​ត្រឹម​អាយុ ១៤ឆ្នាំ​ អីចឹង​យើង​សប្បាយ​ចិត្ត​មែន​ទែន​។យើង​សង្ឃឹម​ថា​នឹង​ជា​ចំណុច​ចាប់​ផ្ដើម​មួយ​នៃ​ការងារ​អភិរក្ស​យើង​ប្រសិន​បើ​យើង​អាច​បង្កាត់​បាន​ក្នុង​មជ្ឈមណ្ឌល​មាន​ន័យ​ថា​យើង​មាន​សង្ឃឹម​ខ្លាំង​ក្នុង​ការ​ស្រោចស្រង់​ប្រភេទ​នឹង​កុំ​អោយ​ដាច់​ពូជ​នៅ​ក្នុង​ធម្មជាតិ។ប្រសិន​បើ​យើង​អាច​អភិរក្ស​ក្នុង​ធម្មជាតិ​ផងយើង​បាន​កូន​បាន​សម្បុក​នៅ​ក្នុង​មជ្ឈមណ្ឌល​ផង​យើង​អាច​លែង​ទៅ​ក្នុង​ធម្មជាតិ​បាន​ច្រើន។”

លោក សោម ស៊ីថា ឱ្យដឹងបន្ថែមថា ក្រុមលោកបាន​រៀបចំភ្ញាស់កូនទាំង ៧១គ្រាប់​នោះ​រួច​រាល់​ហើយ​និង​មាន​ពង​កូន​មួយ​ចំនួន​ក៏​បាន​ បង្ក​ទៅ​ជា​កូនប៉ុន្តែ​មាន​មួយ​ចំនួន​ទៀត​មិន​អាច​បង្ក​ទៅ​ជា​កូន​បានទេ​។ លោក សោម ស៊ីថា សង្ឃឹម​ថា​ពង​កូន​ទាំង​នេះ​នឹង​មាន​បង្ក​ទៅ​ជា​កូន​បាន​ចន្លោះ​ពី ៤០ ទៅ​៥០​ភាគរយ។

“ដោយ​សារ​តែ​នេះ​ជា​ពង​ឆ្នាំ​ទី​មួយ​ដូច្នេះ​យើ​ង​មិន​សង្ឃឹម​ថា​ពង​ហ្នឹង​វា​នឹង​ញាស់​ច្រើន​ទេប៉ុន្តែ​ក៏​ជា​ចំណុច​ចាប់​ផ្ដើម​មួយ​ដែល​បង្ហាញ​ពី​ភាព​ជោគ​ជ័យ​របស់​យើង​ក្នុង​ការ​ចិញ្ចឹម​រយៈ​ពេល​១៤​ឆ្នាំ​កន្លង​មក​យើង​ប្រើ​ធនធាន​ច្រើន​ប្រើ​ថវិកា​ច្រើន​យើង​មាន​បុគ្គលិក​យើង​ច្រើន​ធ្វើការ​ច្រើន​ទាក់ទង​នឹង​ការងារ​ថែរក្សា​តាំងពី​តូច​រហូត​ដល់​ប៉ុណ្ណឹង​”

ក្រុម​អ្នក​អភិរក្ស​នឹង ​លែង​អណ្ដើក​ទាំង​នេះ​ទៅ​ក្នុង​ទីជម្រក​ធម្មជាតិ​វិញ​នៅ​ពេល​ណា​ដែល​អណ្ដើក​ទាំង​នេះ​ធំធាត់​។

កាលពី​ថ្ងៃ​ទី ២៨ ខែ​មករា អ្នក​អភិរក្ស​សត្វ​នៃ ​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ​ប្រចាំ​នៅ​កម្ពុជា ឬ​ហៅ​ថា​WCS និង​រដ្ឋបាល​ជលផល​ បាន​ លែង​សត្វ​អណ្ដើក​ហ្លួង​ចំនួន​ដប់​ក្បាល (១០) ចូល​ទៅ​ក្នុង​ទីជម្រក​ធម្មជាតិ​វិញ ក្នុង​ប្រព័ន្ធ​ព្រែក​ស្រែ​អំបិល ស្ថិត​ក្នុង​ឃុំ​ចំការ​ហ្លួង ខេត្ត​ព្រះសីហនុ។

បច្ចុប្បន្ន​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូន​ខេត្ត​កោះកុង​នៅ​សល់​អណ្ដើក​ហ្លួង​ចំនួន​១៩២​ក្បាល​ទៀត។ក្រុម​អ្នក​អភិរក្ស​គ្រោង​លែង​អណ្ដើក​ចំនួន​៥០​ក្បាល​បន្ថែម​ទៀត​ទៅ​ក្នុង​ធម្មជាតិ​នៅ​ចុង​ឆ្នាំ​២០២១​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។