លោកនាយករដ្ឋមន្ត្រីបាន ហ៊ុន សែន បានសម្រេចកាត់ដីបឹងតាមោក ២០ហិកតារបន្ថែមទៅឲ្យប្អូនស្រីបង្កើតរបស់លោក បណ្ដាលឲ្យផ្ទៃបឹងនេះកាន់តែរួមតូចថែមទៀត។ អ្នកធ្វើការងារទាក់ទងបរិស្ថាន បារម្ភពីការលុបបឹងនេះ អាចធ្វើឲ្យមានការបណ្ដេញពលរដ្ឋក្រីក្រចេញពីលំនៅឋាន ដែលរស់អាស្រ័យផលលើបឹងនេះ និងបង្កឲ្យការប៉ះពាល់ដល់បរិស្ថានជាដើម។
បឹងតាមោក ឬបឹងទំនប់កប់ស្រូវដែលជាបឹងចុងក្រោយរបស់រាជធានី កំពុងត្រូវបានលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន កាត់ចិញ្ច្រាំយកទៅឱ្យសាច់ញាតិ មន្ត្រីជំនិត និងក្រុមឈ្មួញ ដែលស្និទ្ធនឹងលោក។ ក្រុមអង្គការសង្គមស៊ីវិល និងអ្នកការពារបរិស្ថានរិះគន់ថា ការសម្រេចនេះធ្វើឡើងដោយខ្វះតម្លាភាព និងអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងពលរដ្ឋដែលរស់នៅតំបន់នោះ។
ប្រធានគម្រោងសិទ្ធិលំនៅឋាន និងស្រាវជ្រាវនៃអង្គការសមាគមធាងត្នោត លោក ស៊ាង មួយឡៃ បារម្ភ ចំពោះការបន្តលុបបឹងនេះ។ លោកឲ្យដឹងទៀតថា ប្លង់គោលរបស់សាលារាជធានី ភ្នំពេញ ចុះកាលឆ្នាំ២០១៤ សម្រេចរក្សាទុកផ្ទៃបឹងតាមោកជាង ២.០០០ហិកតារ ប៉ុន្តែពេលនេះ រដ្ឋាភិបាល បានកាត់ផ្ទៃបឹងលើសពីប្លង់គោលនេះហើយ។ លោកឲ្យដឹងទៀតថា ការកាត់ផ្ទៃបឹងនេះរដ្ឋាភិបាលមិនបានផ្សព្វផ្សាយ ឲ្យបានទូលំទូលាយនោះទេ។ លោកបន្តថា ការកាត់ផ្ទៃបឹងឲ្យសាច់ញាតិលោក ហ៊ុន សែន នឹងធ្វើឲ្យសាធារណជនមានសង្ស័យថា អាចគ្មានតម្លាភាព។ មន្ត្រីសង្គមស៊ីវិល ដែលធ្វើការងារទាក់ទងបញ្ហាលុបបឹងនេះឲ្យដឹងទៀតថា ពលរដ្ឋក្រីក្រ ដែលអាស្រ័យផល និងរស់នៅលើបឹងនេះជាង ២០០គ្រួសារកំពុងប្រឈមការបណ្ដេញចេញដោយរងការប្រកាន់ថា រស់នៅលើដីសាធារណៈរបស់រដ្ឋ៖ «
ស្រដៀងគ្នានេះដែរ សកម្មជនបរិស្ថាន កញ្ញា ឡុង គន្ធា ដែលធ្លាប់ជាប់ពន្ធនាគារ ព្រោះឈឺឆ្អាលនឹង ការលុបបឹងធម្មជាតិមួយនេះ សង្កេតឃើញថា អ្នកដែលទទួលបានដីបឹងភាគច្រើនជាអ្នកមានលុយមានអំណាច។ សកម្មជនបរិស្ថានរូបនេះជំរុញទៅរដ្ឋាភិបាលពិចារណាឡើងវិញ ដើម្បីបញ្ឈប់ការអភិវឌ្ឍដោយលុបបឹង ឬលុបទន្លេ និងសមុទ្រ ព្រោះការអភិវឌ្ឍបែបនេះ ជះផលប៉ះពាល់ដល់ពលរដ្ឋទូទៅ និងប៉ះពាល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ៖ «
ប្រតិកម្មបែបនេះ ពីអ្នកធ្វើការងារបរិស្ថានក្រោយពេលរដ្ឋាភិបាលបង្ហាញឯកសារថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តចុះហត្ថលេខាកាត់ដីបឹងតាមោកទៅមន្ត្រីស្និទ្ធនឹងលោក និងនៅរយៈពេលចុងក្រោយនេះគឺលោក ហ៊ុន សែន បានកាត់ដីបឹងនេះឲ្យប្អូនស្រីរបស់លោកតែម្ដង។
សៀវភៅរាជកិច្ចដែលទើបបោះពុម្ពផ្សាយកាលសប្ដាហ៍មុន បង្ហាញដីបឹងតាមោកជាង ២៥ហិកតាបន្ថែម ទៀត ត្រូវបានលោក ហ៊ុន សែន កាត់ឱ្យប្អូនស្រីបង្កើតរបស់លោក គឺអ្នកស្រី ហ៊ុន សេងនី ចំនួន២០ហិកតារ និងកាត់ឲ្យម្នាក់បុគ្គលម្នាក់ទៀតឈ្មោះ រស់ ព្រីប៊ូ ចំនួន៥ហិកតារផងដែរ។
ទាក់ទងបញ្ហានេះវិទ្យុអាស៊ីសេរីមិនអាចសុំបំភ្លឺពី អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ នៅថ្ងៃទី៧ ខែមេសា។ ទោះយ៉ាងណា កន្លងទៅលោកថ្លែងការពារចំណាត់ការរបស់រដ្ឋាភិបាលថា មុន សម្រេចកាត់ដីបឹងតាមោកទៅឱ្យអ្នកណាម្នាក់ រដ្ឋាភិបាលបានសិក្សាពីផលប៉ះពាល់ច្បាស់លាស់។
វិទ្យុអាស៊ីសេរីក៏មិនអាចសុំការបញ្ជាក់រឿងនេះពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដែរ នៅថ្ងៃដដែលនេះដោយលោកប្រាប់ថា ជាប់ប្រជុំ។
បឹងតាមោកដែលជាបឹងធំចុងក្រោយនៅភ្នំពេញមានផ្ទៃក្រឡា ៣.២០០ (បីពាន់ពីររយ) ហិកតារស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
របាយការណ៍អង្គការធាងត្នោតឲ្យដឹងថា រដ្ឋាភិបាលបានកាត់ដីបឹងតាមោកជិតពីរពាន់ហិកតារ ឬជិត ៦៥ភាគរយនៃផ្ទៃទៅឲ្យក្រសួងមហាផ្ទៃ សាលារាជធានីភ្នំពេញ អគ្គស្នងការនគរបាលជាតិ ក្រសួងយុត្តិធម៌ ក្រុមឧកញ៉ា មេយោធា សាច់ញាតិ និងក្រុមមនុស្សដែលមានទំនាក់ទំនងជាមួយលោក ហ៊ុន សែន ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។