ដីព្រៃរាប់រយហិកតារនៅដែនជម្រកសត្វព្រៃព្រៃឡង់រងការកាប់ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិយ៉ាងអនាធិបតេយ្យដោយមិនទាន់ឃើញអាជ្ញាធរមានវិធានការ បង្ក្រាបនៅឡើយ។ អ្នកការពារព្រៃឈើថា គ្មានជំនឿទៅលើអាជ្ញាធរថ្នាក់ជាតិអាចបង្ក្រាបបទល្មើសនៅក្នុងតំបន់ព្រៃឡង់ឲ្យមានប្រសិទ្ធភាពឡើយ។
ដែនជម្រកសត្វព្រៃព្រៃឡង់ ខេត្តព្រះវិហារ រាប់រយហិកតារ រងការកាប់ទន្ទ្រាន យ៉ាងអនាធិបតេយ្យ។ សហគមន៍ថា ពួកគេបានស្នើទៅអាជ្ញាធរពាក់ព័ន្ធជាច្រើនសារ ដើម្បីឲ្យចុះជួយទប់ស្កាត់ និងមានវិធានការឲ្យបានតឹងរ៉ឹងទៅលើក្រុមជនល្មើស ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់ឃើញមានចំណាត់ការនៅឡើយទេ។
សមាជិកក្រុមស្នូល បណ្ដាញសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ លោក ខេម សុឃី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៩ ខែមេសាថា ដែនជម្រកសត្វព្រៃព្រៃឡង់កំពុងកើតមានបទល្មើសព្រៃឈើយ៉ាងអនាធិបតេយ្យ ហើយមិនទាន់ឃើញអាជ្ញាធរថ្នាក់ជាតិ ចុះបង្ក្រាបឬទប់ស្កាត់នោះទេ។ លោកបន្ថែមថា អាជ្ញាធរថ្នាក់ជាតិត្រូវតែចុះសិក្សាស្រាវជ្រាវ ស្វែងរកជនល្មើស និងអ្នកដែលជាប់ពាក់ព័ន្ធ យកមកផ្ដន្ទាទោសទៅតាមច្បាប់ ជាពិសេសមន្ត្រីបរិស្ថាននៅតំបន់នោះដែលបណ្ដែតបណ្ដោយឲ្យមានបទល្មើសកើតឡើង។
លោក ខេម សុឃី៖ «អនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង ហើយអ្នកដែលមានកាតព្វកិច្ច ថែរក្សានូវធនធានធម្មជាតិ ឲ្យចេះស្រឡាញ់នូវធនធានធម្មជាតិរបស់យើង ហើយឈប់ប្រព្រឹត្តិអំពើពុករលួយទាំងឡាយណា ដែលនាំឲ្យមានផលប៉ះពាល់ដល់សម្បត្តិជាតិរបស់យើង»។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារ លោក សុង ច័ន្ទសុជាតិ បានទេនៅថ្ងៃទី២៩ ខែមេសា។ ចំណែក អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ក៏វិទ្យុអាស៊ីសេរីមិនអាចទាក់ទងបានដែរ នៅថ្ងៃដដែល។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន យល់ឃើញថា អាជ្ញាធរថ្នាក់ជាតិត្រូវតែចុះបង្ក្រាបបទល្មើសទូទាំងប្រទេស និងស្វែងរកចាប់ខ្លួនជនល្មើសនិងអ្នកជាប់ពាក់ព័ន្ធយកមកផ្ដន្ទាទោសឲ្យខានតែបាន បើពុំដូច្នោះទេ អាជ្ញាធរមិនមានឆន្ទៈពិតប្រាកដក្នុងការទប់ស្កាត់បទល្មើស និងស្ដារព្រៃឈើឡើងវិញនោះទេ ។ លើសពីនោះលោកថា តំបន់ព្រៃឡង់គឺជាតំបន់ការពារដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា ហើយបើអាជ្ញាធរបណ្ដែតបណ្ដោយតទៅទៀត តំបន់ព្រៃការពារមួយនេះ និងវិនាសហិនហោចជាក់ជាមិនខាន។
លោក អូត ឡាទីន៖ «ខ្ញុំស្នើសុំឲ្យរដ្ឋាភិបាលថ្មីសុំឲ្យផ្ដល់បរិយាកាសសមរម្យ បើចំហសិទ្ធិសេរីភាពដល់សហគមន៍មូលដ្ឋាន ដល់ដៃគូរអភិវឌ្ឍន៍ពាក់ព័ន្ធ រួមទាំងសកម្មជនអាចចូលរួមកិច្ចការងារការពារព្រៃឡង់ដោយសេរីឡើងវិញ ដូច្នេះមានតែធ្វើកិច្ចការងាររួមគ្នា ហើយទទួលយកនូវការពិតយើងដោះស្រាយជាមួយគ្នា ទើបធ្វើឲ្យព្រៃឈើធនធានធម្មជាតិក្នុងប្រទេសរបស់យើងអាចការពារបាន អាចដោះស្រាយបាន»។
ដែនជម្រកសត្វព្រៃព្រៃឡង់មានផ្ទៃដីជិត៥សែន (៤៨៩.៦៦៣) ហិកតារ គ្របដណ្ដប់ក្នុងភូមិសាស្ត្រខេត្តចំនួន៤ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំ ត្រូវបានរដ្ឋាភិបាល បង្កើតជាតំបន់ដែនជម្រកសត្វព្រៃនៅក្នុងឆ្នាំ២០១៦ ។ ប៉ុន្តែរយៈពេលជាង៧ឆ្នាំមកនេះ អង្គការជាតិនិងអន្តរជាតិ បានចេញរបាយការណ៍ជាបន្តបន្ទាប់ថា ដែនជម្រកសត្វព្រៃព្រៃឡង់តែងតែរងការកាប់ឈើធ្វើអាជីវកម្ម និងការកាប់ទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិពីសំណាក់ក្រុមឈ្មួញ និងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចនៅជុំវិញតំបន់នោះយ៉ាងអនាធិបតេយ្យ។
ដោយឡែក អត្ថបទស៊ើបអង្កេតរបស់ស្ថាប័នព័ត៌មានអន្តរជាតិម៉ុងហ្គាបេ (Mongabay)ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក (The United States) រកឃើញថា ព្រៃឈើនៅកម្ពុជា បន្តបាត់បង់ ១សែន ២ម៉ឺនហិកតារនៅក្នុងឆ្នាំ២០២៣ដោយសារប្រព្រឹត្តអំពើពុករលួយ ស្មើទីក្រុងឡូសអែនជ័រលេស (Los Angeles) ក្នុងនោះតំបន់ព្រៃឡង់កាប់បំផ្លាញច្រើនជាងគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។