ពលរដ្ឋ​ចំនួន​៨​ឃុំ នឹង​រង​ផល​ប៉ះពាល់​ដោយ​គម្រោង​វារីអគ្គិសនី​ស្រែពក​ក្រោម​៣ របស់​លោក គិត ម៉េង

0:00 / 0:00

គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ស្រែ​ពក​ក្រោម​៣ របស់​ប្រធាន​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) និង​ជា​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​លោក គិត ម៉េង ក្នុង​ខេត្ត​រតនគិរី នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ចំនួន​៨​ឃុំ មក​ពី​ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី រង​ផល​ប៉ះពាល់ និង​ប្រឈម​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ទាំង​បង្ខំ ។ ពលរដ្ឋ​រស់​នៅ​តំបន់​នោះ ប្ដេជ្ញា​ចិត្ត​មិន​ចាកចេញ​ពី​ភូមិ​កំណើត របស់​ពួកគាត់​ឡើយ។

អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី បាន​ប្រាប់​ប្រជាពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ​ស្រែពក​ថា មាន​ពលរដ្ឋ​ចំនួន​៨​ឃុំ រួម​មាន ឃុំ​សេដា ឃុំ​កាឡែង ឃុំ​ជ័យឧត្ដម ស្ថិត​នៅ​​ស្រុក​លំផាត់ និង​ឃុំ​បរខាំ ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី និង ឃុំ​ណងឃីលិក ឃុំ​រយ៉ និង​ឃុំ​ស្រែហ៊ុយ ស្ថិត​ក្នុង​ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី នឹង​រង​ផល​ប៉ះពាល់​ពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ស្រែ​ពក​ក្រោម​៣ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ស្រុក​លំផាត់ ខេត្ត​រតនគិរី។

អាជ្ញាធរ​លើក​ឡើង​ថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់​លោក គិត ម៉េង នឹង​ផ្ដល់​សំណង​ឲ្យ​ពលរដ្ឋ​ផ្ទះ​ធ្វើ​ពី​ឈើ​ចំនួន​១​ខ្នង ដែល​មាន​ទំហំ ទទឹង​៨​ម៉ែត្រ បណ្ដោយ​១០​ម៉ែត្រ ដី​លំនៅឋាន​ទទឹង​២៥​ម៉ែត្រ បណ្ដោយ​៥០​ម៉ែត្រ និង​ដី​ស្រែ​ចម្ការ​ចំនួន​៥​ហិកតារ ស្ថិត​នៅ​តំបន់​៩៥ ក្នុង​ឃុំ​ស្រែហ៊ុយ ស្រុក​កោះញែក សម្រាប់​បង្កបង្កើន​ផល​ចិញ្ចឹម​ជីវភាព​គ្រួសារ។ ចំណែក​ពលរដ្ឋ​ដែល​រុះរើ​ផ្ទះ​សម្បែង​តាម​ផែនការ​របស់​ក្រុមហ៊ុន និង​គោលការណ៍​របស់​អាជ្ញាធរ នឹង​ទទួល​បាន​ប្រាក់​២​ពាន់ (២.០០០) ដុល្លារ និង​ប្រាក់​ថ្លៃ​ដឹក​ជញ្ជូន​សម្ភារៈ​ចំនួន​២​ពាន់​ដុល្លារ​ថែម​ទៀត។ នេះ​បើ​តាម​លិខិត ស្ដី​អំពី​ដំណោះស្រាយ​ផល​ប៉ះពាល់​មួយ​ច្បាប់ ដែល​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ប្រជាពលរដ្ឋ នៅ​ឃុំ​ណងឃីលិក ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី​២០ ធ្នូ។

ទោះ​ជា​យ៉ាង​ណា តំណាង​ពលរដ្ឋ​រស់​នៅ​ឃុំ​ណងឃីលិក លោក ដែង ថក់ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ​ថា អាជ្ញាធរ​បាន​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ណងឃីលិក ទាំង​អស់​ត្រូវ​ទទួល​យក​សំណង ហើយ​ត្រូវ​រុះរើ​ផ្ទះ​សម្បែង​ទៅ​រស់នៅ​ទីតាំង​ថ្មី​ដែល​អាជ្ញាធរ និង​ក្រុមហ៊ុន​បាន​រៀបចំ ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​បដិសេធ​មិន​ទទួល​យក​សំណង និង​មិន​យល់​ព្រម​ទៅ​រស់នៅ​ទីតាំង​ថ្មី​នេះ​នោះ​ទេ ដោយសារ​សំណង​ដែល​ក្រុមហ៊ុន​ផ្ដល់​ឲ្យ​មិន​អាច​បង្កបង្កើន​ផល​ចិញ្ចឹម​ជីវភាព​គ្រួសារ​បាន​ឡើយ។

លោក ដែង ថក់៖ «ប្រជាពលរដ្ឋ​ស្នាក់​នៅ​មូលដ្ឋាន​សហគមន៍​របស់​យើង​គឺ​មិន​ឯកភាព​ទេ ទី​១​សំណង​នឹង គឺ​គេ​ឲ្យ​យើង​តែ​៥​ហិកតារ​ទេ​ក្នុង​មួយ​គ្រួសារ ហើយ​យើង​មាន​ដី​មក​ពី​ណា​ចែក​ឲ្យ​កូន​ចៅ​យើង​ទៀត រដ្ឋាភិបាល​បើ​គាត់​នៅ​តែ​មិន​មើល​ប្រជាពលរដ្ឋ អ៊ីចឹង​ប្រជាពលរដ្ឋ​ចេះ​តែ​តវ៉ា ឬ​ក៏​តាម​ខ្សែ​បណ្ដាញ​នានា»។

ប្រជាពលរដ្ឋ​ស្នើ​ឲ្យ​រដ្ឋាភិបាល​គិត​ពិចារណា​លុប​ចោល​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ស្រែ​ពក​ក្រោម​៣ ពីព្រោះ​ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ នឹង​រង​ផល​ប៉ះពាល់​ពី​គម្រោង​វារីអគ្គិសនី​មួយ​នេះ។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក អ៊ឹង ឌីប៉ូឡា និង​អភិបាល​ខេត្ត​មណ្ឌលគីរី លោក ថង សាវុន ដើម្បី​សុំ​ការ​អធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ។ ចំណែក​ខាង​តំណាង​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប លោក គិត ម៉េង ក៏​វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​មណ្ឌលគីរី លោក ប៊ី វ៉ាន់នី យល់​ឃើញ​ថា អាជ្ញាធរ និង​ក្រុមហ៊ុន ត្រូវ​តែ​យក​គោលការណ៍​ច្បាប់​របស់​រដ្ឋាភិបាល ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ និង​ផ្ដល់​សំណង​សមរម្យ និង​តម្លាភាព ដល់​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់។ លោក​បន្ថែម​ថា អាជ្ញាធរ​ត្រូវ​តែ​រៀបចំ​ហេដ្ឋារចនាសម្ពន្ធ​ឲ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​យក​ការ​បារម្ភ​របស់​ពលរដ្ឋ​ទៅ​ដោះស្រាយ ទើប​ការ​អភិវឌ្ឍន៍​នេះ​ដំណើរ​ការ​បាន​ជោគជ័យ មិន​មាន​ការ​រំលោភ​សិទ្ធិមនុស្ស និង​រង​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​នានា។

លោក ប៊ី វ៉ាន់នី៖ «ការ​អភិវឌ្ឍន៍​ទាំង​អស់​គឺ​ជា​ការ​រីកចម្រើន​ប្រទេស​ជាតិ ដូចជា​ប្រជាពលរដ្ឋ ហើយ​បើ​ការ​អភិវឌ្ឍន៍​មួយ​ទៅ​បំផ្លាញ​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​ខ្លួន​ឯង ក៏​វា​មិនមែន​ជា​ការ​អភិវឌ្ឍន៍​មួយ​រីកចម្រើន​ដែរ អ៊ីចឹង​ហើយ​យើង​សង្ឃឹម​ថា ការ​អភិវឌ្ឍ​ប្រជាពលរដ្ឋ​មូលដ្ឋាន​ទទួល​បាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​រីកចម្រើន​ពិតប្រាកដ ឈរ​លើ​គោលការណ៍​គោរព​សិទ្ធិមនុស្ស និង​ការ​ផ្ដល់​សំណង​តម្លាភាព​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ»។

គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ស្រែ​ពក​ក្រោម​៣​នេះ អាច​ផលិត​ថាមពល​បាន​ជាង​៣០០​មេហ្កាវ៉ាត់ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជាប់​ព្រំប្រទល់​ខេត្ត​ចំនួន​២ នៅ​ស្រុក​លំផាត់ ខេត្ត​រតនគីរី និង​ស្រុក​កោះញែក ខេត្ត​មណ្ឌលគីរី ដែល​សាងសង់​ដោយ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប(Roya Group) របស់ លោក​ឧកញ៉ា គិត ម៉េង និង​សហការ​ជាមួយ​ក្រុមហ៊ុន ខ្មែរ ហ្វោនដេសិន អឹព្រេហ្សល(Khmer Foundatoin Appraisal )។ គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​មួយ​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ និង​ដី​ស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​ហិកតារ នៅ​ជុំវិញ​តំបន់​នោះ។

បច្ចុប្បន្ន​ទំនប់​វារីអគ្គិសនី​មាន​ជាង ១០​កន្លែង​ទូទាំង​ប្រទេស ក្នុង​នោះ​មាន ទំនប់​វារីអគ្គិសនី​ដែល​សាងសង់​រួច​ជិត​១០​កន្លែង ស្ថិត​នៅ​ខេត្ត​កោះកុង ពោធិ៍សាត់ កំពត កំពង់ស្ពឺ និង​ខេត្ត​ស្ទឹងត្រែង ហើយ​កំពុង​សាងសង់​ចំនួន​៣​កន្លែង​ផ្សេង​ទៀត ក្នុង​ខេត្ត​កោះកុង និង​ពោធិ៍សាត់។ ចំណែក​គម្រោង​ទំនប់​វារីអគ្គិសនី​ចំនួន​២ទៀត នៅ​តាម​ដង​ទន្លេ​សេសាន និង​ទន្លេ​ស្រែ​ពក ក្នុង​ខេត្ត​រតនគីរី កំពុង​សិក្សា និង​គ្រោង​សាងសង់​នៅ​ពេល​ខាង​មុខ។ ការ​សាងសង់​ទំនប់​វារីអគ្គិសនី កន្លង​ទៅ​តែងតែ​ធ្វើ​ឲ្យ​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​ទឹក​លិច​លំនៅឋា ដី​ស្រែ​ចម្ការ និង​ផល​ដំណាំ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ទាំង​នោះ​បង្ខំ​ចិត្ត​ផ្លាស់​ប្ដូរ​ទីលំនៅ ហើយ​ទទួល​យក​សំណង​មិន​សមរម្យ​ពី​ក្រុមហ៊ុន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។