ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បញ្ជាក់ជំហរជាថ្មី ថា សហរដ្ឋអាមេរិកព្រួយបារម្ភជាខ្លាំង ចំពោះការបន្តកាប់ព្រៃឈើនៅតំបន់ហាមឃាត់។ ស្ថានទូតសង្ឃឹមថា បណ្ដាញសហគមន៍ការពារព្រៃឡង់ ក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធនឹងបន្តធ្វើការរួមគ្នា ដើម្បីសម្រេចគោលដៅរួមក្នុងការការពារតំបន់អភិរក្សព្រៃឡង់។
ស្ថានទូតសហរដ្ឋអាមេរិក អះអាងថា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ USAID បានចូលរួមជាមួយសហគមន៍ការពារព្រៃឈើ ដើម្បីពិភាក្សាអំពីអាទិភាពរួមគ្នា ក្នុងកិច្ចការពារតំបន់ព្រៃឡង់។ សហរដ្ឋអាមេរិកសង្ឃឹមថា បណ្ដាញសហគមន៍ការពារព្រៃឡង់ ក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធនឹងបន្តធ្វើការរួមគ្នា ដើម្បីសម្រេចគោលដៅការពារតំបន់ព្រៃឡង់ ហើយ USAID ត្រៀមខ្លួនជាស្រេច ដើម្បីសម្របសម្រួលកិច្ចពិភាក្សាគ្នា ទៅថ្ងៃអនាគត។
ស្ថានទូតសហរដ្ឋអាមេរិក បញ្ជាក់ប្រាប់អាស៊ីសេរី តាមសារអេឡិចត្រូនិក (ឬ អ៊ីម៉េល) កាលពីថ្ងៃទី២៤ ខែមីនាថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក នាយកទីភ្នាក់ងារ USAID និងគម្រោងព្រៃឡង់បៃតង (GPL) បានជួបពិភាក្សាគ្នាជាច្រើនដង ជាមួយសមាជិកសហគមន៍និងបន្តស្វាគមន៍ ចំពោះកិច្ចពិភាក្សាប្រកបដោយផ្លែផ្កាទៅថ្ងៃអនាគត។ ស្ថានទូតក៏បានអះអាងផងដែរថា គោលដៅសំខាន់នៃគម្រោងព្រៃឡង់បៃតងនេះ គឺរាប់បញ្ចូលទាំងការចូលរួមរបស់សហគមន៍ការពារព្រៃឈើ ដើម្បីផ្តល់ការគាំទ្រ ដល់ការយាមល្បាតរួមគ្នា ដើម្បីការពារតំបន់ព្រៃឡង់។
ការបញ្ជាក់ជំហរនេះ ធ្វើឡើងក្រោយដែលបណ្ដាញសហគមន៍ព្រៃឡង់ទាំង៤ ខេត្ត បានចេញលិខិតចំហមួយច្បាប់ កាលពីថ្ងៃទី២២ ខែមីនា ផ្ញើទៅកាន់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ USAID បញ្ជាក់ពីបញ្ហាប្រឈមរបស់ពួកគេ ដោយសារក្រសួងបរិស្ថានបន្តធ្វើទុក្ខបុកម្នេញពួកគេមិនឲ្យល្បាតព្រៃដោយសេរី។ ពួកគេក៏បានលើកឡើងពីការខកចិត្តជាមួយនឹងដៃគូអភិវឌ្ឍន៍អន្តរជាតិមួយនេះដែរ ដោយពួកគេអះអាងថា USAID មិនបានធ្វើការផ្ទាល់ជាមួយពួកគេនោះទេ។
អ្នកសម្របសម្រួលបណ្តាញសហគមន៍ព្រៃឡង់ ខេត្តកំពង់ធំ លោក ហឿន សុភាព អះអាងថា បណ្ដាញសហគមន៍ព្រៃឡង់ ពុំបានទទួលជំនួយគាំទ្រ ពី USAID ដើម្បីចុះល្បាតរួមគ្នាជាមួយឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាននោះទេ។ លោកថា សហគមន៍ព្រៃឡង់ មិនត្រឹមតែគ្មានជំនួយហិរញ្ញវត្ថុ ក្នុងបេសកកម្មទប់ស្កាត់បទល្មើសព្រៃឈើប៉ុណ្ណោះទេ ថែមទាំងមាការរំខាន យាយី និងគំរាមកំហែង លើសេរីភាពចុះល្បាតព្រៃឡង់ ពីសំណាក់អាជ្ញាធរ៖ «ខ្ញុំទទូចស្នើសុំហើយ ស្នើសុំទៀត អត់មានឱ្យនិយាយរឿងច្រឡូកច្រឡំថា បានជួយដល់បណ្ដាញសហគមន៍ព្រៃឡង់ទេ គឺសូមបដិសេធទាំងស្រុង ហើយប្រសិនជាជំនួយនោះ បានដល់ដៃទៅលើបុគ្គលណា សូមជួយប្រាប់ផង។ បណ្ដាញព្រៃឡង់ទាំង ៤ខែ បដិសេធទាំងស្រុង ដោយសារ USAID សូម្បី ១រៀលលុយខ្មែរ ក៏យើងពុំបានទទួលយកដែរ»។
ចំណែកអ្នកសម្របសម្រួលបណ្ដាញសហគមន៍ព្រៃឡង់ ខេត្តក្រចេះ លោក ឯក វណ្ណា រំឭកថា កន្លងទៅបណ្តេញសហគមន៍ព្រៃឡង់បានស្នើឱ្យ USAID ជួយសម្របសម្រួលជាមួយ ក្រសួងបរិស្ថាន ធ្វើយ៉ាងណាឱ្យពួកគេ ចូលល្បាតព្រៃវិញ ប៉ុន្តែគ្មានលទ្ធផលទេ។ លោកបន្តថា បណ្ដាញសហគមន៍ព្រៃឡង់ ក៏ធ្លាប់ស្នើសុំជំនួយថវិកា ពី USAID ដើម្បីចំណាយក្នុងការចូលល្បាតព្រៃរួមគ្នាដែរ តែក៏គ្មានដំណោះស្រាយដែរ៖ «និយាយរួមផ្ទុយពីការពិតហ្មង វាអត់មានការពិតទាល់តែសោះ ដោយសារតែបណ្ដាញសហគមន៍ព្រៃឡង់ អត់ឃើញ ព្រៃឡង់បៃតង ឬក៏ USAID មកទំនាក់ទំនង ដើម្បីធ្វើការល្បាត ឱ្យលុយល្បាត គឺយើងអត់ទាន់ទទួលបានអីសោះ។ អ៊ីចឹងទៅ យើងឃើញ សេចក្តីថ្លែងការណ៍នោះមក ពួកយើងស្រឡាំងកាំងដោយសារតែ ពួកគាត់អត់មានបានជួយអីសោះ»។
កន្លងទៅ ស្ថានទូតអាមេរិក ធ្លាប់ប្រកាសថា តាមរយៈគម្រោងព្រៃឡង់បៃតង (GPL) របស់ទីភ្នាក់ងារ USAID ស្ថានទូត ជួយសមាជិកបណ្ដាញសហគមន៍ព្រៃឡង់ (PLCN) ក្នុងការងារចុះល្បាតរួមគ្នាជាមួយក្រសួងបរិស្ថាន។ លើសពីនេះ USAID នឹងបន្តធ្វើការដោយផ្ទាល់ ជាមួយសហគមន៍ព្រៃឡង់ និងក្រសួងបរិស្ថាន ដើម្បីគាំទ្រកិច្ចពិភាក្សាក្នុងគោលដៅរួមការពារព្រៃឡង់។
បណ្ដាញសហគមន៍ព្រៃឡង់បន្ថែមថា ពួកគេនឿយហត់ និងខ្វល់ខ្វាយជាខ្លាំង ជុំវិញការគំរាមកំហែងដោយហិង្សា ការចាប់ខ្លួនពីអ្នកកាប់ឈើខុសច្បាប់ និងការចាប់ខ្លួនពីសំណាក់អាជ្ញាធរ។ ពួកគេបានឆ្លងកាត់គ្រោះថ្នាក់ ការវាយប្រហារ និងការបាត់បង់ជីវិតជាដើម។ លើសពីនេះ ក្រសួងបរិស្ថាន (MoE) ថែមទាំងបានគំរាមចាប់ខ្លួន សមាជិកបណ្ដាញសហគមន៍ព្រៃឡង់ ប្រសិនបើពួកគេនៅបន្តប្រើរូបភាពផ្កាយរណប ដើម្បីតាមដានការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់។
ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ធ្លាប់ប្រាប់អាស៊ីសេរីថា មូលហេតុដែលមិនអនុញ្ញាតឱ្យបណ្ដាញសហគមន៍ព្រៃឡង់ចុះល្បាត ដោយសារបណ្ដាញនេះ ពុំទាន់ចុះបញ្ជីទទួលស្គាល់តាមច្បាប់នៅឡើយទេ។ លោកអះអាងថា ក្រសួងបរិស្ថាន ធ្វើកំណែទម្រង់កិច្ចការពារ និងអភិរក្ស ដោយបង្កើនសមត្ថភាពមន្ត្រី បំពាក់ឧបករណ៍ចុះល្បាត និងបង្កើតលិខិតបទដ្ឋានគតិយុត្តិ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់។ ប៉ុន្តែ ក្រុមអ្នកការពារព្រៃឈើ និងអង្គការឃ្លាំមើលព្រៃឈើកម្ពុជា នៅតែលើកឡើងថា ព្រៃឈើកម្ពុជាកំពុងតែត្រូវបានកាប់បំផ្លាញខ្លាំងឡើងៗ។
មកទល់ពេលនេះ ក្រសួងបរិស្ថានហាមឃាត់ បណ្ដាញសហគមន៍ព្រៃឡង់ (PLCN) រយៈពេល២ឆ្នាំហើយ មិនឱ្យចុះល្បាតការពារព្រៃឡង់។ ប៉ុន្តែអ្នកកាប់បំផ្លាញព្រៃឈើខុសច្បាប់ បែរជាអាចចូលព្រៃ និងដឹកជញ្ជូនឈើចេញពីព្រៃឡង់បានដោយងាយ។ បណ្ដាញសហគមន៍ព្រៃឡង់ អះអាងថា ក្នុងពេលដែលក្រសួងបរិស្ថានបិទសិទ្ធិពលរដ្ឋមិនល្បាតព្រៃឡង់ ព្រៃអភិរក្សមួយនេះ បានក្លាយជាទីផ្សារកាប់ឈើខុសច្បាប់ទ្រង់ទ្រាយធំជាច្រើនខែមកហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។