ជនជាតិដើមភាគតិចមកពីគ្រប់ស្រុក ក្នុងខេត្តរតនគិរី បាននាំគ្នាលើកបដាពាក្យស្លោក និងដើរហែក្បូនស្រែកជយឃោសលើកស្ទួយសិទ្ធិជនជាតិដើមភាគតិចដើម្បីរំលឹកខួបលើកទី២២ ទិវាជនជាតិដើមពិភពលោក។ ការហែក្បូននេះធ្វើឡើងនៅក្រុងបានលុង ខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៥ ខែសីហា។
ជនជាតិដើមភាគតិចចម្រុះជាតិពន្ធុមានគ្នាជាង ២០០នាក់ ខ្លះស្លៀកសម្លៀកបំពាក់ប្រពៃណី ខ្លះពាក់អាវយឺតពណ៌ស មានអក្សរមានអត្ថន័យអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី២២ ស្តីពីជនជាតិដើមភាគតិច និងការអប់រំ និងខ្លះទៀតលើកបដាពាក្យស្លោកហែក្បួនលើកដំបូងដើម្បីលើកតម្កើងសិទ្ធិជនជាតិដើមភាគតិច។
ក្បួនចេញដំណើរពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ដោយមានការប្រគំតន្ត្រីគង របស់ជនជាតិដើមភាគតិចនាំមុខ និងសម្រែកជយឃោសឆ្ពោះទៅសាលមហោស្រពមន្ទីរវប្បធម៌ខេត្តដើម្បីជួបជុំគ្នាសំដែងមតិនៅទីនោះ។
តំណាងសហគមន៍ជនជាតិដើមភាគតិចខេត្តរតនគិរី លោក សាលា ត្រាវ ថ្លែងថា សិទ្ធិជនជាតិដើមភាគតិចត្រូវបានលើកស្ទួយដោយច្បាប់ជាតិអន្តរជាតិ ហេតុនេះជនជាតិដើមភាគតិចត្រូវយកចិត្តទុកដាក់អភិរក្សប្រពៃណីវប្បធម៌របស់ខ្លួនឲ្យបាននៅគង់វង្សដើម្បីអភិវឌ្ឍន៍សិទ្ធិរស់នៅ និងការអភិរក្សធនធានធម្មជាតិបានកាន់តែល្អប្រសើរ៖ «អាជ្ញាធរគ្រប់លំដាប់ថ្នាក់នឹងចូលរួមដោះស្រាយជាបន្ទាន់រាល់ទុក្ខកង្វល់របស់ជនជាតិដើមភាគតិច រួមមានការប្រឈមដូចជា វិបត្តិដីធ្លី ធនធានធម្មជាតិ និងការគំរាមកំហែងផ្សេងៗ»។
នៅប្រទេសកម្ពុជា ចាប់ផ្តើមប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកតាំងពីឆ្នាំ២០០៥ រហូតបច្ចុប្បន្ន មានចំនួន ១២លើក។ ដោយឡែកនៅខេត្តរតនគិរី មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី រួមជាមួយអង្គការក្រៅរដ្ឋាភិបាលជាតិ-អន្តរជាតិ ចំនួន៧ បានដឹកនាំប្រារព្ធទិវានេះលើកទីបីនៅខេត្តរតនគិរី នៅថ្ងៃទី២៥ ខែសីហា នេះ។

តំណាងអង្គការសង្គ្រោះសត្វព្រៃកម្ពុជា (Save Cambodia's Wildlife) លោក ឌី ប៉ូលុច កត់សំគាល់ថា កន្លងទៅនេះអង្គការសង្គមស៊ីវិលបានចូលរួមសហការការពារធនធានធម្មជាតិដែលជាមធ្យោបាយចិញ្ចឹមជីវិតដ៏សំខាន់របស់ជនជាតិដើមភាគតិច។ លោកថ្លែងថា ការអប់រំ និងការផ្ដល់ជម្រើសក្នុងការគ្រប់គ្រងចាត់ចែងធនធានធម្មជាតិដោយសហគមន៍ផ្ទាល់ គឺជាកត្តាសំខាន់ដែលកាត់បន្ថយសម្ពាធទៅលើសិទ្ធិជនជាតិដើម និងធនធានធម្មជាតិ បរិស្ថាននៅពេលបច្ចុប្បន្ន៖ «មានថ្ងៃនេះសម្រាប់ការបង្ហាញនូវទំនៀមទម្លាប់ប្រពៃណីដ៏ផូរផង់ ជាឱកាសដ៏ប្រសើរបង្ហាញឲ្យឃើញកាន់តែច្បាស់ថា បងប្អូនជនជាតិដើមភាគតិចកំពុងលើកស្ទួយ និងប្រាសចាករាល់ទម្រង់នៃការរើសអើង»។
ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោក អៀម អឿន ថ្លែងដែរថា គោលបំណងសំខាន់របស់រដ្ឋាភិបាលគឺទទួលស្គាល់ជាសាធារណៈដើម្បីលើកកម្ពស់ការយល់ដឹងដល់ប្រជាជនទូទៅអំពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសក្ដានុពលជនជាតិដើមភាគតិចនៅកម្ពុជា។ ការទទួលស្គាល់សិទ្ធិជនជាតិដើមភាគតិចនេះជួយលើកកម្ពស់ជីវភាពជនជាតិដើមភាគតិចបានកាន់តែប្រសើរ និងផ្ដល់លទ្ធភាពឲ្យសហគមន៍យល់ដឹងពីសារប្រយោជន៍នៃវប្បធម៌ ប្រពៃណី សិល្បៈ ភាសារបស់ខ្លួនកាន់តែច្បាស់៖ «រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងលើកកម្ពស់សិទ្ធិជនជាតិដើមភាគតិចដោយផ្ដល់ឱកាស និងទទួលស្គាល់សិទ្ធិពេញលេញក្នុងការបញ្ចេញមតិក្នុងគោលបំណងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ប្រទេស»។
ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី លោក មួង ប៉យ ថ្លែងកត់សំគាល់ដែរថា រាជរដ្ឋាភិបាលតាំងពីសម័យសង្គមរាស្ត្រនិយមបានទទួលស្គាល់ និងលើកស្ទួយសិទ្ធិជនជាតិដើមភាគតិច ហើយរហូតបច្ចុប្បន្នសិទ្ធិរបស់ជនជាតិដើមក៏ត្រូវបានលើកស្ទួយបន្ត។ លោកថា ជនជាតិដើមភាគតិចត្រូវបង្កើនការអប់រំចំណេះដឹងទូទៅបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស និងអភិរក្សអត្តសញ្ញាណរបស់ខ្លួនបានត្រឹមត្រូវ ជាពិសេសត្រូវជំរុញកូនចៅចូលសាលារៀនស្របតាមពាក្យស្លោកជនជាតិដើមភាគតិច និងការអប់រំ៕
[ ទស្សនាវីដេអូដែលទាក់ទងOpens in new window ]
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
