ក្រុម​យុវជន និង​ពលរដ្ឋ​ធ្វើ​យុទ្ធនាការ​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​សកម្មជន​បរិស្ថាន

(ពីឆ្វេងទៅស្ដាំ) សកម្មជន​ចលនា​មាតា​ធម្មជាតិ ៥រូប គឺ​លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា លោក យីម លាងហ៊ី ​លោក លី ចាន់ដារ៉ាវុត និង​កញ្ញា ភួន កែវរស្មី ដែល​នឹង​ត្រូវ​ចូលរួម​សវនាការ នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១១ ខែមិថុនា ឆ្នាំ២០២៤។
(ពីឆ្វេងទៅស្ដាំ) សកម្មជន​ចលនា​មាតា​ធម្មជាតិ ៥រូប គឺ​លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា លោក យីម លាងហ៊ី ​លោក លី ចាន់ដារ៉ាវុត និង​កញ្ញា ភួន កែវរស្មី ដែល​នឹង​ត្រូវ​ចូលរួម​សវនាការ នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១១ ខែមិថុនា ឆ្នាំ២០២៤។ (រូបពីពលរដ្ឋ)

ក្រុម​យុវជន និង​ពលរដ្ឋ​រស់នៅ​ក្រៅ​ប្រទេស​ធ្វើ​យុទ្ធនាការ​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​សកម្មជន​បរិស្ថាន​ចំនួន ៥នាក់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។ ពួកគាត់​អះអាង​ថា កិច្ច​ការពារ​បរិស្ថាន​មិនមែន​ជា​អំពើ​ខុសច្បាប់ ហើយ​ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​ដាក់​ពន្ធនាគារ​គឺ​មិន​បាន​ផ្ដល់​ចំណេញ​អ្វី​ដល់​រដ្ឋាភិបាល​ឡើយ។

ក្រុម​យុវជន​ដែល​ស្រឡាញ់​ធនធាន​ធម្មជាតិ នាំគ្នា​បង្ហោះ​សារ​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​សកម្មជន​បរិស្ថាន​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ជា​បន្ទាន់ ពីព្រោះ​ការ​ចាប់​សកម្មជន​បរិស្ថាន​ដាក់​ពន្ធនាគារ​គឺជា​អំពើ​អ​មនុស្សធម៌ និង​មិន​អាច​ទទួល​យក​បាន។

សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក ផៃ ផាន់យ៉ា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅថ្ងៃទី១២ ខែ​កក្កដា ថា ការ​ធ្វើ​យុទ្ធនាការ​ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​បរិស្ថាន​នេះ គឺ​ដោយសារ​លោក​មិន​អាច​ទទួល​បាន​ចំពោះ​ការ​កាត់​ក្ដី​របស់​តុលាការ។ លោក​បន្ត​ថា មិន​ត្រឹម​តែ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទទួល​យក​មិន​បាន​នោះ​ទេ សូម្បី​តែ​ពលរដ្ឋ និង​សហគមន៍​អន្តរជាតិ​ក៏​ចេញ​សារ​ថ្កោលទោស​បន្តបន្ទាប់​ចំពោះ​ចំណាត់​ការ​របស់​តុលាការ​នេះ​ដែរ។

លោក ផៃ ផាន់យ៉ា៖«សម្រាប់​ខ្ញុំ​ទទួល​យក​រឿង​ហ្នឹង​មិន​បាន​ទេ​ពីព្រោះ​យើង​ជា​យុវជន យើង​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ខ្លួន​ឯង យើង​គ្រាន់តែ​លើក​យក​បញ្ហា​ពី​ស្រុក​ទេស​ខ្លួន​ឯង។ យើង​មិន​បាន​ទៅ​ប្រឆាំង​អត់​មាន​ធ្វើ​សកម្មភាព​អី​ដែល​មិន​ស្រប​ច្បាប់​រដ្ឋាភិបាល​គួរតែ​បង្ហាញ​ពី​ទំនួលខុសត្រូវ​របស់​ខ្លួនឯង​ចំពោះ​ច្បាប់​នេះ​មិនមែន​ជា​ទង្វើ​ខុសច្បាប់​ទេ​គាត់​គួរ​ណា​តែ លើក​ទឹកចិត្ត​ឱ្យ​យុវជន​ចូលរួម​ក្នុង​ការ​ការពារ​បរិស្ថាន​ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស ហើយ​និង​លើក​យក​បញ្ហា​របស់​ប្រទេស​ជាតិ​មក​ដោះស្រាយ»។

ស្រដៀង​គ្នា​នេះ សកម្មជន​សង្គម​នៅ​ខេត្ត​បាត់ដំបង កញ្ញា ញាម មុន្នីរស្មី ថ្លែង​ថា កញ្ញា​បាន​ចូលរួម​ធ្វើ​យុទ្ធនាការ​នៅ​លើ​បណ្ដាញ​សង្គម​ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​សកម្មជន​បរិស្ថាន​ទាំង​៥នាក់​ដោយ​ឥត​លក្ខខណ្ឌ។ កញ្ញា​មើល​ឃើញ​ថា សកម្មភាព​របស់​សកម្មជន​បរិស្ថាន គឺ​ធ្វើ​ឡើង​ដើម្បី​បង្ហាញ​ពី​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ទាមទារ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ចូលរួម​ដោះស្រាយ។

កញ្ញា ញាម មុន្នីរស្មី៖«អ៊ីចឹង​វា​ជា​ការ​គំរាម​ធ្ងន់​ណាស់ ប្រសិនបើ​អ្នក​ការពារ​បរិស្ថាន​ត្រូវ​ជាប់​ទោស​បែរជា​ត្រូវ​តុលាការ​ចេញ​សាលក្រម​បែប​ហ្នឹង​ចុះ​យុវជន និង​ប្រជាពលរដ្ឋ​ផ្សេង​ទៀត។ តើ​ឱ្យ​ពួកគាត់​ចូលរួម​ការពារ​បរិស្ថាន​ហ្នឹង​យ៉ាងម៉េច​អ្នក​ការពារ​បរិស្ថាន​ត្រូវ​បាន​ជាប់​ទោស​បែប​ហ្នឹង។ អ៊ីចឹង​ចង់​សួរ​ទៅ​តុលាការ​តើ​តុលាការ​ចង់​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​បំផ្លាញ​បរិស្ថាន​មែន ប្រសិនបើ​យើង​ការពារ​បរិស្ថាន​ហើយ​ត្រូវ​បាន​ជាប់​ទោស​ទៅ​វិញ»។

ក្រៅពី​នេះ​នៅ​មាន​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល និង​សមាគម មួយ​ចំនួន​ទៀត​បាន​បង្ហោះ​សារ​សម្ដែង​ការ​ហួស​ចិត្ត និង​ចាត់​ទុក​ការ​ចាប់ខ្លួន​សកម្មជន​បរិស្ថាន​គឺជា​រឿង​ដ៏​អាម៉ាស់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ហើយ​អ្នក​ខ្លះ រិះគន់​ថា តុលាការ​មាន​ចេតនា​ផ្ដាច់​ឬ​គល់​សំឡេង​អ្នក​រិះគន់​ជា​ដើម។

មន្ត្រី​កម្មវិធី​ប្រព័ន្ធ​ផ្សព្វផ្សាយ នៃ​អង្គការ​ដៃគូ​ដើម្បី​បរិស្ថាន (PED) និង​ការ​អភិវឌ្ឍ លោក ម៉ា ចិត្រា បាន​បង្ហោះ​សារ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក ដោយ​លើក​ឡើង​ថា ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​ដាក់​ពន្ធនាគារ គឺជា​រឿង​អយុត្តិធម៌ និង​មិន​ផ្ដល់​ផល​ចំណេញ​អ្វី​ដល់​រដ្ឋាភិបាល​ឡើយ។ លោក​បន្ត​ថា ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​ដាក់​ពន្ធនាគារ​នេះ​នឹង​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​អស់​ជំនឿ​លើ​រដ្ឋាភិបាល ហើយ​កម្ពុជា​បន្ត​ជាប់​ឈ្មោះ​ជា​ប្រទេស​រំលោភ​សិទ្ធិ​មនុស្ស​នៅ​លើ​ឆាក​អន្តរជាតិ។

លោក ម៉ា ចិត្រា៖«អ៊ីចឹង​ប្រសិនបើ​រដ្ឋាភិបាល​ចង់​ដោះស្រាយ​បញ្ហា​ទាំងអស់​នេះ​រដ្ឋាភិបាល​ត្រូវតែ​ដោះលែង​សកម្មជន​បរិស្ថាន​មក​វិញ​ហើយ​ត្រូវ​ដោះស្រាយ​បញ្ហា​អ្វី​ដែល​សកម្មជន​បរិស្ថាន​បាន​រក​ឃើញ។ ប្រសិនបើ​រដ្ឋាភិបាល​អា​ហ្នឹង​គឺ​ចំណេញ​មែនទែន ចំណេញ​ទី១ចំណេញ​ទៅ​ដល់​ពលរដ្ឋ​ខ្មែរ​គេ​នឹង​គាំទ្រ​រដ្ឋាភិបាល​កាន់តែ​ច្រើន​គេ​នឹង ថា​រដ្ឋាភិបាល យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​ដែល​កើត​មាន»។

ការ​ធ្វើ​យុទ្ធនាការ​របស់​ក្រុម​យុវជន​ទាំង​នេះ គឺ​ក្រោយ​ពេល​ដែល​តុលាការ​ក្រោម​ដែល​នៅ​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​កាន់​អំណាច កាល​ពីថ្ងៃទី០២ ខែ​កក្កដា បាន​កាត់​ទោស​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ចំនួន​៥នាក់​ឱ្យ​ជាប់​ពន្ធនាគារ​ចន្លោះពី៦ឆ្នាំ ដល់ ៨ឆ្នាំ ពាក់ព័ន្ធ​នឹង​ការពារ​បរិស្ថាន​ក្រោម​បទ​ចោទ«រួម​គំនិត​ក្បត់»និង«ប្រមាថ​ព្រះ​មហាក្សត្រ»។ ជាង​នេះ​ទៅ​ទៀត​សកម្មជន​ចលនា​មាតា​ធម្មជាតិ​៥នាក់ រួមមាន គឺ​លោក ថុន រដ្ឋា លោក យីម លាងហ៊ី លោក លី ចាន់ដារ៉ាវុត កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវរស្មី ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំ​ឃាំង​នៅ​ពន្ធនាគារ​តាម​ខេត្ត​ផ្សេងៗ​គ្នា។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ី រិន្ទ និង​អ្នកនាំ​ពាក្យ​នាយករដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃទី១២ ខែកក្កដា។

នៅ​ក្នុង​ការ​ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​បរិស្ថាន​នេះ ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ បាន​ជួប​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​ប្រចាំ​រដ្ឋ រ៉ូដ អាយលែន (Rhode Island) លោក ហ្សូឌិន វ៉ៃហៅ (Sheldon Whitehouse) ដើម្បី​រាយការណ៍​អំពី​ការ​ចាប់​សកម្មជន​បរិស្ថាន និង​ស្នើ​សមាជិក​ព្រឹទ្ធ​សភា​រូប​នេះ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ដោះលែង​សកម្មជន​បរិស្ថាន​ដោយ​គ្មាន​លក្ខខណ្ឌ។ រីឯ​ពលរដ្ឋ​នៅ​ប្រទេស​ជប៉ុន (Japan) និង​កូរ៉េ​ខាងត្បូង (South Korea) ពួកគេ​បាន​ស្នើ​យ៉ាង​ទទូច​ឱ្យ​តុលាការ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​សកម្មជន និង​ថ្កោលទោស​រដ្ឋាភិបាល​ដឹក​នាំ​ដោយ លោក ហ៊ុន ម៉ាណែត ថា​ដឹកនាំ​ប្រទេស​ឆ្ពោះ​ទៅ​រក​របប​ផ្ដាច់​ការ។

ទាក់ទិន​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក នី សុខា មាន​ប្រសាសន៍​ថា តុលាការ​គួរតែ​ពិចារណា​ដោះលែង​សកម្មជន​បរិស្ថាន និង​សកម្មជន​សង្គម​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ ដើម្បី​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ។ លោក​បារម្ភ​ថា បើ​រដ្ឋាភិបាល​មិន​ដោះស្រាយ​បញ្ហា​នេះ​ទេ នោះ​នឹង​បង្ក​ឱ្យ​កម្ពុជា​រង​ទណ្ឌកម្ម​សេដ្ឋកិច្ច​បន្ថែម​ទៀត​ពី​អន្តរជាតិ។

លោក នី សុខា៖«ខ្ញុំ​យល់​ថា រដ្ឋាភិបាល​ជាពិសេស​គឺ​តុលាការ គួរតែ​ធ្វើ​ការ​ពិចារណា​ធ្វើ​ការ​ដោះស្រាយ ឬក៏​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ក្រុម​យុវជន​មាតា​ធម្មជាតិ​ទាំងអស់​ហ្នឹង​ឱ្យ​មាន​សេរីភាព ហើយ​រួម​ទាំង​សកម្មជន​ផ្សេងៗ​ត្រូវ​ជាប់​ដែល​គេ​យល់​ឃើញ ថា​គ្រាន់តែ​បញ្ចេញមតិ ឬ​ទស្សន​ផ្សេងៗ​អ៊ីចឹង​ត្រូវតែ​ដោះលែង​ឱ្យ​មាន​សេរីភាព​ទាំងអស់ ហើយ​រដ្ឋាភិបាល​ត្រូវតែ​បង្ក​ឱ្យ​មាន​បរិយាកាស​សេរីភាព​មួយ​ដែល​គេ​ហៅថា​លំហ​បរិយាកាស​សេរីភាព»។

រដ្ឋាភិបាល​កម្ពុជា​រង​ការ​ថ្កោល​ទោស​ជា​បន្តបន្ទាប់​ពី​ប្រជាពលរដ្ឋ និង​សហគមន៍​អន្តរជាតិ​ពាក់​ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន​សកម្មជន​មាតា​ធម្មជាតិ​ចំនួន៥នាក់​ដាក់​ពន្ធនាគារ។ លើស​នេះ សហភាព​អឺរ៉ុប​ព្រមាន​ពី​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBB​បន្ថែម​ទៀត​ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​សកម្មជន​សិទ្ធិមនុស្ស សកម្មជន​គណបក្ស​ប្រឆាំង និង​សកម្មជន​សង្គម​ស៊ីវិល​មួយ​ចំនួន ហើយ​រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ដោះលែង​អ្នកទោស​មនសិការ​ទាំង​អស់​មាន​សេរីភាព ដើម្បី​ឱ្យ​ពួកគេ​អនុវត្ត​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​របស់​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។