យុវជន​មួយ​ក្រុម​រៀបចំ​យុទ្ធនាការ​សុំ​ឱ្យ​រដ្ឋាភិបាល​ដាក់​កោះកុង​ក្រៅ​ជា​តំបន់​ការពារ​ធម្មជាតិ

ទេសភាព​កោះកុង​មើល​ពី​លើ​អាកាស។ រូបថត​កាល​ពីឆ្នាំ២០១៩។
ទេសភាព​កោះកុង​មើល​ពី​លើ​អាកាស។ រូបថត​កាល​ពីឆ្នាំ២០១៩។ (Photo courtesy of Mother Nature)

ក្រុម​យុវជន​មាតា​ធម្មជាតិ​នឹង​ធ្វើ​យុទ្ធនាការ​មួយ​នៅ​ដើមខែ​មិថុនា​ខាងមុខ ដើម្បី​ស្នើ​សុំឱ្យ​រដ្ឋាភិបាល​ដាក់​បញ្ចូល​កោះធំ​ជាង​គេ​នៅ​កម្ពុជា គឺ​កោះកុង ឬ​ដែល​អ្នកខ្លះ​និយម​ហៅថា កោះកុង​ក្រៅ ទៅជា​តំបន់​ការពារ​ធម្មជាតិ​។ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន​អះអាង​ថា ក្រសួង​កំពុង​គិតគូរ​រឿង​នេះ​ហើយ។

យុទ្ធនាការ​ថ្មី​របស់​ក្រុម​យុវជន​នេះ មាន​ឈ្មោះថា “​យុទ្ធនាការ​ជិះ​កង់​ដាក់​ញត្តិ​សង្គ្រោះ​កោះកុង​ក្រៅ​” ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៥ ខែ​មិថុនា ខាងមុខ។

សកម្មជន​មាតា​ធម្មជាតិ និង​ជា​អ្នកដឹកនាំ​យុទ្ធនាការ​នេះ គឺ​កញ្ញា រ៉ី រក្សា ប្រាប់​អាស៊ីសេរី​ថា ក្រុម​យុវជន​ដែល​មាន​គ្នា ១៥​នាក់ នឹង​ជិះ​រថយន្ត​ទៅ​ទី​រួម​ខេត្ត​កោះកុង​នៅ​ថ្ងៃ​ទី​០១ មិថុនា រួច​ចាប់ផ្ដើម​ជិះ​កង់​ពី​ទីនោះ​មកកាន់​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០២ មិថុនា​។ កញ្ញា​ឱ្យ​ដឹង​ថា ពេល​មក​ដល់​ភ្នំពេញ ក្រុម​យុវជន​នឹង​យក​ញត្តិ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​០៥ មិថុនា ដែល​ជា​ថ្ងៃ​ទិវា​បរិស្ថាន​ពិភពលោក​។ កញ្ញា​បញ្ជាក់​ថា ខ្លឹមសារ​នៃ​ញត្តិ​នោះ គឺ​ស្នើ​សុំ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​ដាក់​កោះកុង​ក្រៅ ជា​តំបន់​ការពារ​ធម្មជាតិ៖ «ការ​ពិត​កោះកុង​ក្រៅ វា​អត់​ទាន់​បាន​ដល់​ជា​ដំណាក់កាល​រងគ្រោះ​ទេ ប៉ុន្តែ​កោះ​មួយ​នេះ​វា​ស្រស់​ស្អាត​ប្រៀប​ដូចជា​ឋានសួគ៌ ហើយ​កោះ​មួយ​នេះ​ផង​ដែរ ពោរពេញ​ទៅ​ដោយ​សក្ដានុពល មាន​ទាំង​ឆ្នេរ​​សមុទ្រ មាន​ទាំង​ទឹកធ្លាក់ មាន​ទាំង​កូនភ្នំ​នៅ​លើ​ហ្នឹង ហើយ​ព្រៃឈើ ហើយ​នៅ​មាន​សត្វព្រៃ​។ អ៊ីចឹង​ជាហេតុ​ផល​ដែល​ធ្វើ​ឱ្យ​ពួក​យើង​រៀបចំ​យុទ្ធនាការ​ដើម្បី​កុំ​ឱ្យ​កោះ​មួយ​នេះ​ត្រូវ​បាន​អភិវឌ្ឍ ឬ​ត្រូវ​បាន​រង​ការ​បំផ្លិចបំផ្លាញ​ដូច​តំបន់​មួយ​ចំនួន​នៅ​កម្ពុជា»។

កោះកុង​ជា​កោះ​ដ៏​ធំ​ស្ថិតនៅ​ក្នុង​លំហ​សមុទ្រ​កម្ពុជា មាន​ទីតាំង​ក្នុង​ឃុំ​ជ្រោយ​ប្រស់ ស្រុក​កោះកុង ខេត្ត​កោះកុង និង​មាន​ចម្ងាយ​ប្រមាណ​៣០ គីឡូម៉ែត្រ​ពី​ក្រុង​ខេមរភូមិន្ទ​។ យោង​តាម​វីដេអូ​ដែល​ក្រុម​យុវជន​មាតា​ធម្មជាតិ​ធ្លាប់​បាន​បង្ហោះ​កាល​ពី​ពេល​កន្លង​ទៅ កោះកុង​គ្រប​ដណ្ដប់​ដោយ​ព្រៃឈើ​ក្រាស់ឃ្មឹក អម​ដោយ​ទឹកជ្រោះ​ជាច្រើន​កន្លែង ជាពិសេស​កោះ​នេះ មាន​ឆ្នេរ​ខ្សាច់​សក្បុស និង​ទឹកសមុទ្រ​ពណ៌​ខៀវស្រងាត់​។ ក្រុម​យុវជន​ដែល​ធ្លាប់​បាន​ទៅដល់​ទីនោះ បញ្ជាក់​ថា មូល​ហេតុ​ដែល​កោះកុង​អាច​រក្សា​លក្ខណៈ​ធម្មជាតិ របស់​ខ្លួន​បាន គឺ​ដោយសារតែ​មិន​មាន​មនុស្ស​រស់នៅ និង​មិន​មាន​ការ​អភិវឌ្ឍ​ពី​ក្រុមហ៊ុន​ឯកជន​។​

សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ កញ្ញា ឡុង គន្ធា អះអាង​ថា កោះកុង​មាន​ទេសភាព និង​ធនធានធម្មជាតិ​ដ៏​សម្បូរ​បែប លើស​កោះរ៉ុង និង​កោះរ៉ុង​សន្លឹម​នៅ​ខេត្ត​ព្រះសីហនុ​ទៅ​ទៀត​។ កញ្ញា​រៀបរាប់​ថា នៅ​ក្នុង​ទឹក មាន​ពពួក​សត្វ​សមុទ្រ​កម្រ ដូចជា​ផ្សោត​សមុទ្រ ហើយ​នៅ​ក្នុង​ព្រៃ​លើ​កោះ​វិញ ក៏​មាន​ពពួក​សត្វ​ព្រៃ​រស់​នៅ​ដែរ​។ កញ្ញា​បារម្ភ​ថា បើ​កោះ​នេះ​មិន​ត្រូវ​បាន​ដាក់​ជា​តំបន់​ការពារ​ទេ ថ្ងៃ​ណាមួយ​អាច​នឹង​មាន​ការ​ចូល​ទៅ​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​នៅ​លើ​កោះ​នោះ៖ «យើង​បារម្ភ​ថា កោះ​មួយ​ហ្នឹង​មាន​វាសនា​ទៅជា​កោះ​ឯកជន ឬក៏​ត្រូវ​បាន​បំផ្លាញ​ដោយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ ឬក៏​ការ​ចាប់​សត្វ​ជាដើម ព្រោះ​កោះ​មួយ​នេះ​វា​ពោរពេញ​ដោយ​សក្ដានុពល។ ព្រៃឈើ​ក៏​នៅ​ស្ទើរតែ​ទាំងស្រុង ឆ្នេរ​ក៏​នៅ​ស្អាត ហើយ​មួយទៀត​សត្វព្រៃ​ក៏​នៅ​មាន​។ និយាយ​រួម កោះ​មួយ​ហ្នឹង​គឺ​វា​ល្អ​មែនទែន ហើយ​ខ្ញុំ​ស្រឡាញ់​កោះ​ហ្នឹង​ខ្លាំង អ៊ីចឹង​ខ្ញុំ​ចង់​ចូលរួម​ការពារ​កោះ​មួយ​ហ្នឹង»។

ជុំវិញ​រឿង​នេះ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា មាន​ប្រសាសន៍ថា ការ​ធ្វើ​យុទ្ធនាការ​នេះ គឺជា​សិទ្ធិ​របស់​ក្រុម​យុវជន ប៉ុន្តែ​លោក​ថា ក្រសួង​ក៏បាន​ដឹង​ច្បាស់​ពី​សក្ដានុពល​ធនធានធម្មជាតិ និង​ជីវៈ​ចម្រុះ​នៅ​តំបន់​កោះកុង​ក្រៅ​នេះ​ដែរ​។ លោក​បញ្ជាក់​ថា ក្រសួង​បរិស្ថាន​បាន​សិក្សា​ស្រាវជ្រាវ ព្រមទាំង​រៀបចំ​ឯកសារ និង​ទិន្នន័យ​ទាក់ទង​នឹង​តំបន់​នេះ ៣​ឆ្នាំ​មក​ហើយ ដើម្បី​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ៖ «ក្រសួងបរិស្ថាន​បាន​រក​ឃើញ​ថា នៅ​តំបន់​កោះកុង​ក្រៅ​នេះ គឺជា​ជម្រក​សត្វ​សមុទ្រ​ប្រភេទ​ជិត​ផុត​ពូជ​មួយ​ចំនួន ដូចជា​សត្វ​ផ្សោត​សមុទ្រ ហើយ​តំបន់​នេះ គឺ​ក្រសួងបរិស្ថាន​នឹង​រៀបចំ​ជា​របៀង​អភិរក្ស​ជីវៈ​ចម្រុះ​សមុទ្រ ដែល​ត​ភ្ជាប់​តំបន់​ដែន​ជម្រក​សត្វព្រៃ​ពាម​ក្រសោប ដែន​ជម្រក​សត្វព្រៃ​តាតៃ និង​ភ្ជាប់​ទៅ​ក្នុង​តំបន់​អភិរក្ស​ផ្សេងទៀត​នៅ​ក្នុង​ឈូង​សមុទ្រ​ថៃ»។

លោក នេត្រ ភក្ត្រា ថ្លែង​ទៀត​ថា ក្រសួង​កំពុង​សិក្សា​ពី​ទំហំ​កោះកុង​ក្រៅ ដែល​ត្រូវ​ដាក់បញ្ចូល​ជា​ឧទ្យាន​ជាតិ​សមុទ្រ ក៏ប៉ុន្តែ​ពេលវេលា​ជាក់លាក់​ដែល​ត្រូវ​ប្រកាស​ដាក់បញ្ចូល​តំបន់​នេះ​ជា​ឧទ្យាន​ជាតិ​នោះ លោក​មិនទាន់​អាច​បញ្ជាក់​បាន​ឡើយ។

អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កោះកុង លោក ហ៊ួរ អ៊ីន គាំទ្រ​ចំពោះ​ការ​ដាក់​បញ្ចូល​កោះកុង​ជា​តំបន់​ការពារ​ធម្មជាតិ ព្រោះ​លោក​ថា តំបន់​នោះ​សម្បូរ​ដោយ​ធនធានធម្មជាតិ និង​មាន​ទេសភាព​ស្រស់​ស្អាត​។ ទន្ទឹម​នឹង​នេះ លោក​ក៏​កោតសរសើរ​ដល់​ក្រុម​យុវជន​ដែល​មាន​គំនិត បង្កើត​យុទ្ធនាការ​ការពារ​តំបន់​នោះ​ផង​ដែរ៖ «ខ្ញុំ​គាំទ្រ​ចំពោះ​គំនិត​របស់​យុវជន​ដែល​មាន​បំណង​នៅ​ក្នុង​ការ​ស្នើសុំ​កោះកុង​ក្រៅ​ហ្នឹង ដាក់​ទៅជា​តំបន់​អភិរក្ស ព្រោះ​យើង​បាន​ឃើញ​កន្លង​មក​ហើយ កោះ​ដែល​ស្អាត​ត្រូវ​បាន​អភិវឌ្ឍ​ទៅ ក៏​មាន​ការ​ខូច​ទ្រង់ទ្រាយ​នៃ​លក្ខណៈ​ធម្មជាតិ»។

អ្នកដឹកនាំ​យុទ្ធនាការ កញ្ញា រ៉ី រក្សា ឱ្យ​ដឹង​ថា នៅ​ពេល​ជិះ​កង់​ពី​ខេត្ត​កោះកុង​មក​ភ្នំពេញ ក្រុម​យុវជន​នឹង​ពាក់អាវ​ដូចគ្នា​ដែល​មាន​រូប​កោះកុង​អម​ដោយ​ពាក្យ​ថា សង្គ្រោះ​កោះកុង​ក្រៅ ហើយ​ដោត​ទង់ជាតិ​ខ្មែរ​នៅ​លើ​កង់​នីមួយៗ​។ ក្រៅ​ពី​នេះ ក្រុម​យុវជន​នឹង​ផ្សាយ​ផ្ទាល់​យុទ្ធនាការ​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​មាតា​ធម្មជាតិ​ទៀត​ផង​។ កញ្ញា​បញ្ជាក់​ថា ក្រុម​យុវជន​ក៏​ព្រួយបារម្ភ​ខ្លាច​អាជ្ញាធរ​រារាំង​យុទ្ធនាការ​នេះ​ដែរ ប៉ុន្តែ​ពួកគេ​បាន​ត្រៀមខ្លួន​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​រួចហើយ ព្រោះ​យុទ្ធនាការ​នេះ​មិនមែន​ជា​រឿង​ខុសច្បាប់​នោះ​ទេ ផ្ទុយទៅវិញ​គឺជា​ការ​រួមចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​ការពារ​បរិស្ថាន៕

ទឹក​សមុទ្រ​ថ្លា​ដូច​កញ្ចក់​នៅ​កោះកុង។ រូបថត​ដោយ​ចលនាមាតាធម្មជាតិ កាល​ពីឆ្នាំ២០១៩
ទឹក​សមុទ្រ​ថ្លា​ដូច​កញ្ចក់​នៅ​កោះកុង។ រូបថត​ដោយ​ចលនាមាតាធម្មជាតិ កាល​ពីឆ្នាំ២០១៩ (Photo courtesy of Mother Nature)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។